ផលិតផលតម្បាញចរបាប់របស់ជនជាតិ Co Tu។ (រូបថត៖ VOV) |
ជនជាតិ Co Tu គឺជាជនជាតិភាគតិចមួយ រស់នៅតាមជួរភ្នំ Truong Son និងតំបន់ខ្ពង់រាបភាគកណ្តាល ដែលនៅតែរក្សាបាននូវរបរដាំកប្បាស និងត្បាញចរបាប់។ ក្រមុំ Co Tu គ្រប់រូបពេលដល់អាយុរៀបការ ត្រូវតែចេះត្បាញក្រណាត់។ នេះត្រូវបានគេចាត់ទុកថាជារង្វាស់នៃតម្លៃខាងស្មារតី ជាស្ដង់ដារដើម្បីវាយតម្លៃពីទេពកោសល្យ និងគុណធម៌របស់ស្ត្រី Co Tu។
ជនជាតិ Co Tu ប្រកបរបរតម្បាញចរបាប់ដោយដៃ ពោលគឺដំណាក់កាលទាំងអស់ត្រូវធ្វើដោយខ្លួនឯង តាំងពីការដាំវត្ថុធាតុដើម ការរវៃសសៃកប្បាស ការជ្រក់ពណ៌និងត្បាញក្រណាត់ ការរចនាលំនាំក្បូរក្បាច់ ដិនគ្រាប់អង្កាំ និងប៉ាក់... រហូតដល់ដំណាក់កាលដេរទៅជាផលិតផល។ អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ លោក Vo Van Hoe បានឲ្យដឹងថា៖
“ជនជាតិ Co Tu មានរបរប្រពៃណីជាច្រើនដូចជា៖ ត្បាញចរបាប់ ត្បាញឬស្សី ឬចម្លាក់... ក្នុងនោះ របរតម្បាញចរបាប់មានលក្ខណៈពិសេស និងមានសារៈសំខាន់សម្រាប់ជនជាតិ Co Tu។ ចំណុចខុសប្លែកដែលងាយមើលឃើញនោះគឺសំលៀកបំពាក់របស់ជនជាតិ Co Tu មិនមានពណ៌ស្រស់
ឆើតឆាយដូចសំលៀកបំពាក់របស់ជនជាតិភាគតិចនៅតំបន់ភាគពាយ័ព្យនោះទេ។ នៅតំបន់ភាគពាយព្យ សំលៀកបំពាក់របស់បងប្អូនជនជាតិភាគតិចមានពណ៌ស្រស់ឆើតឆាយ ហើយមួករបស់ពួកគេដិនអង្កាំជាច្រើន ដែលត្រូវបានតុបតែងយ៉ាងល្អិតល្អន់បំផុត។ ប៉ុន្តែជនជាតិ Co Tu មានលក្ខណៈដោយឡែករបស់គេ។ ពណ៌ស្នូលរបស់ជនជាតិ Co Tu គឺខ្មៅ និងក្រហម លាយជាមួយនឹងពណ៌ខៀវ ស និងលឿង។ យោងតាមជនជាតិ Co Tu ពណ៌ទាំងនោះគឺជាពណ៌នៃព្រៃភ្នំ។ ឧទាហរណ៍ ខ្មៅជាពណ៌ដី ក្រហមជាពណ៌ផ្ទៃមេឃ ខៀវជាពណ៌ព្រៃភ្នំ។
ស្ត្រីជនជាតិ Co Tu ត្បាញក្រណាត់ចរបាប់។ (រូបថត៖ VOV) |
កីតម្បាញរបស់ជនជាតិ Co Tu ត្រូវបានធ្វើយ៉ាងសាមញ្ញបំផុត មានតែឈើឬស្សីប៉ុណ្ណោះ... ថ្វីត្បិតតែមានការរចនាដ៏សាមញ្ញ ហើយលទ្ធភាពត្បាញក្បូរក្បាច់មានកម្រិតក៏ដោយ ប៉ុន្តែកីតម្បាញនេះអាចត្បាញឡើងប្រភេទក្រណាត់ដ៏ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិ Co Tu បាន។ នៅពេលនិយាយដល់របរតម្បាញរបស់ជនជាតិ Co Tu យើងត្រូវនិយាយដល់បច្ចេកទេសត្បាញក្បូរក្បាច់អង្កាំ លំនាំអំបោះ លំនាំរលក និងបច្ចេកទេសដេរពិសេសដោយឡែក។ ពួកគេត្បាញអង្កាំចូលក្នុងផលិតផល មិនមែនជាការបិតឬភ្ជាប់នោះឡើយ។ ការប្រើគ្រាប់អង្កាំ ឬបង្កើតក្បូរក្បាច់ដោយអង្កាំ គឺជាបំណិនពិសេសមួយ ដោយទាមទារឲ្យមានភាពល្អិតល្អន់និងភាពប៉ិនប្រសប ដែលបង្កើតឡើងតម្លៃពិសេសនៃក្រណាត់ចរបាប់និងសំលៀកបំពាក់របស់ជនជាតិ Co Tu។ អ្នកស្រី A Bing Thi Ngoc រស់នៅឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖
“យើងចូលចិត្តក្បូរក្បាច់បែបណា យើងនឹងត្បាញតាមបែបនោះ។ ការជ្រើសរើសពណ៌ក៏ផ្អែកលើចំណងចំណូលចិត្តរបស់មនុស្សម្នាក់ៗផងដែរ។ ជាទូទៅប្រសិនបើត្បាញចរបាប់ អ្នកគួរតែជ្រើសរើសពណ៌ខ្មៅ ព្រោះពណ៌ខ្មៅជាពណ៌ស្នូល។ ពណ៌ផ្សេងទៀតដូចជាពណ៌លឿង ក្រហម និងខៀវ យើងអាចប្រើដើម្បីតុបតែងលំអរឲ្យបានស្រស់ស្អាត មានភាពរស់រវើក និងមានក្បូរក្បាច់។ ជាឧទាហរណ៍ ប្រសិនបើយើងឃើញស្លឹកឈើស្អាតៗ យើងអាចត្បាញតាម។ ក្បូរក្បាច់ដែលយើងខ្ញុំប៉ាក់លើអាវត្រូវបានបំផុសគំនិតដោយអ្វីៗនៅជុំវិញ ដូចជាដើមឈើ សត្វបក្សី ផ្ទះឈើផុតពីដី ផ្ទះ Goul ជាដើម ហើយបន្ទាប់មកយើងត្បាញវានៅលើអាវ”
នាបច្ចុប្បន្ន ភូមិតម្បាញចរបាប់ Co Tu កំពុងត្រូវបានស្តារឡើងវិញ និងអភិវឌ្ឍន៍នៅខេត្ត Quang Nam។ ជាពិសេសនៅភូមិ Zara និងភូមិ Congdon ស្រុក Nam Giang; ភូមិ Bhohoong ស្រុក Dong Giang ភូមិ Por'ning ស្រុក Tay Giang។ លោក Bh'ling Phat មេភូមិ Por'ning ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖
“ប្រការល្អគឺថា យើងខ្ញុំនៅតែរក្សាបាននូវរបរតម្បាញចរបាប់ប្រពៃណី។ ការត្បាញចរបាប់សព្វថ្ងៃមានការផ្ទេរពីជំនាន់ចាស់ទៅជំនាន់ក្មេង។ សព្វថ្ងៃនេះ យុវជនជាច្រើនបានចេះត្បាញ។ អ្នកភូមិត្បាញចរបាប់ ភាគច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃ សម្លៀកបំពាក់ ឬការជួញដូរទំនិញ។ ការលំបាកស្ថិតត្រង់ថាកង្វះខាតទីផ្សារ ហើយផលិតផលភាគច្រើនបម្រើតម្រូវការស្លៀកពាក់ និងសម្រាប់ធ្វើជាអំណោយប៉ុណ្ណោះ”។
ផលិតផលចរបាប់របស់ជនរួមជាតិជនជាតិ Co Tu មានភាពវិសេសវិសាល និងមានលក្ខណៈសិល្បៈខ្ពស់។ ក្នុងខែសីហា ឆ្នាំ ២០១៤ របរតម្បាញចរបាប់របស់ជនជាតិ Co Tu ខេត្ត Quang Nam ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕