រដូវកាលនៃទំនៀមទម្លាប់ទៅ R’dao របស់ជនរួមជាតិ ជនជាតិ Co Tu

Chia sẻ

(VOVWORLD) -  ជនរួមជាតិជាជនជាតិ Co Tu រស់នៅតំបន់ព្រៃភ្នំ នៃបណ្តា ខេត្ត Quang Nam, ខេត្ត Thua Thien - Hue និងខាងលិចនៃទីក្រុង Da Nang។ នៅពេលទំនេរពីការងារស្រែចំការ ហើយធុញ្ញជាតិ ពោតស្រូវ ត្រូវបានប្រមូល ផលនិងរក្សាទុកនៅក្នុងឃ្លាំងរួចជាស្រេចមក មនុស្សម្នាក្នុងភូមិស្រុក បាននាំគ្នាចាកចេញពីខនៅក្នុងព្រៃឆ្ងាយពីភូមិ ដើម្បីត្រឡប់ចូលមកភូមិវិញសម្រាប់ត្រៀមអំណរបុណ្យ តេត។ ក្នុងឱកាសនេះ ប្រជាជនបានអនុវត្តន៍ទំនៀមទម្លាប់ ទៅ R’dao ពោលគឺ ទៅលេងកូនស្រីនិងគ្រួសារដន្លងផងដែរ។

រដូវកាលនៃទំនៀមទម្លាប់ទៅ R’dao របស់ជនរួមជាតិ ជនជាតិ Co Tu - ảnh 1អ្នកភូមិគេកំពុងវេចនំដើម្បីនាំទៅ R'dáo 

R’dáo គឺជាទម្លាប់ទៅសួរសុខទុក្ខរគ្នា រវាងឪពុកម្តាយឬបងប្អូនប្រុសជាមួយកូនស្រីរឺប្អូនស្រីដែលរៀបការហើយ។ ជាពិសេសកូនស្រីដែលរៀបការនៅឆ្ងាយ។ ប្រជាជន ជន ជាតិ Co Tu ច្រើនតែរៀបចំការទៅ R’dáo ក្នុងអំឡុងពេលបុណ្យតេត។ ហេតុដូច្នេះ នៅពេលដែលអ្វីៗគ្រប់យ៉ាងបានត្រៀមរួចជាស្រេច ឪពុកម្តាយឬបងប្អូនប្រុសបាននាំគ្នាទៅផ្ទះរបស់កូនស្រីឬបងប្អូនស្រី។ បើផ្លូវជិតជាងគេនឹងធ្វើដំណើរពេលរសៀល ខណៈពេលនៅឆ្ងាយ គេនឹងចេញដំណើរតាំងពីពេលព្រឹកព្រលឹមមកម្លេះ។

លោក Cơlâu Bhlao មកពីភូមិ Voong ឃុំព្រំដែន Tr’hy ស្រុក Tay Giang ខេត្ត Quang Nam បាននិយាយថា កូនស្រីរបស់លោកបានរៀបការជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នា ហេតុដូច្នេះលោកនឹងទៅ R’dáo នាពេលរសៀល៖ “ខ្ញុំមានកូនស្រី ២ នាក់ដែលពួកគេសុទ្ធតែរៀបការនៅជិតៗ បានជាខ្ញុំស្រួលណាស់។ តាមទំនៀមទម្លាប់ ហើយឆ្នាំណាក៏ត្រូវអនុវត្តន៍ការទៅ R’dáo ដែរ ព្រោះនេះជាទម្លាប់បន្សល់ទុកពីជីដូនជីតាដើម្បីបង្ហាញការស្រឡាញ់ ការយកចិត្តទុកដាក់និងការភ្ជាប់ទំនាក់ទំនងរវាងដន្លងទាំងពីរ។ ទោះបីឆ្នាំនេះ រកស៊ីមិនសូវបានក៏ដោយ ក៏នៅតែត្រូវទៅមិនខកខានឡើយ សូម្បីតែ យកតាមខ្លូននំក្រឡាន ពងមាន់ ទា  ឬក្រណាត់ចារបាប់តិចតួចក៏បានដែរ។ ហើយឆ្នាំណាសម្បូរធូធារជាង នឹងយករបស់របរតាមខ្លួនច្រើនជាង”។

ទំនៀមទម្លាប់ទៅ R’dáo  របស់ជនជាតិ Co Tu មានតាំងពីយូរយារណាស់មកហើយ ដែលបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ប្រជាជនចំពោះសាច់ញាតិរបស់ខ្លួន។ ទំនៀមទម្លាប់នេះ តែងតែភ្ជាប់មកជាមួយស្ថានភាពសេដ្ឋកិច្ចនៃគ្រួសារនីមួយៗ។ ប្រសិនបើស្ថានភាពគ្រួសារធូធារជាងនឹងទៅ R’dáo ពីរដងក្នុងមួយឆ្នាំ ហើយគ្រួសារក្រនឹងទៅតែម្តងក៏មិនអីដែរ។ រាល់ពេលដែលចេញទៅ R’dáo គ្រួសារកូនស្រីត្រូវរៀប ចំគ្រឿងតង្វាយទំនងដូចជាពិធីមង្គលការមួយរបស់ជនជាតិ Co Tu អញ្ជឹង ប៉ុន្តែមិនសូវធំនិងមិនសំញែងដូចពីធីមង្គលការនោះទេ។ មុនពេលចាកចេញ ក្រុមគ្រួសារកូនស្រី ត្រូវរៀបចំបាយដំណើប នំក្រឡាន សាច់មាន់ ទា បក្សី ត្រី កង្កែប ជាដើម ពោលគឺ សត្វគ្មានជើងនិងជើង ២។

រដូវកាលនៃទំនៀមទម្លាប់ទៅ R’dao របស់ជនរួមជាតិ ជនជាតិ Co Tu - ảnh 2 គ្រឿងតង្វាយសម្រាប់នាំទៅ R'dáo ដូចទៅនឹងពិធីមង្គលការអញ្ជឹង

ក្រៅពីនោះ នៅមានសំពត់ សំលៀកបំពាក់ធ្វើពីក្រណាត់ចារបាប់ សម្រាប់កូនស្រី ឬ បង ប្អូនស្រីផងដែរ។ ត្រូវបានឪពុកម្តាយ បងប្អូនប្រុសទៅលេង R’dáo នោះ បងស្រី Cơlâu Hoa កូនស្រីរបស់លោក Cơlâu Bhlao បានសំណេះសំណាលដោយក្តីរំភើបថា៖ “ខ្ញុំបានរៀបការអស់រយៈពេលជាង ១០ ឆ្នាំ ហើយក្នុងអំឡុងពេល ១០ឆ្នាំនោះ ឪពុកម្តាយនិងប្អូនបុរសរបស់ខ្ញុំ តែងតែទៅលេងខ្ញុំពុំខាន។ ឧទាហរណ៍ថា មួយឆ្នាំដោយមិនបានអនុវត្តន៍ទម្លាប់នេះ កូនស្រីខ្លួនឯងដែលរៀបការរួច មានអារម្មណ៍អាសូរខ្លួនឯងណាស់ ដូចជាត្រូវគេបោះបង់ចោលអញ្ចឹង។ ថ្ងៃនេះដូចជារៀងរាល់ឆ្នាំ ឪពុក ម្តាយនិងប្អូនបុរសរបស់ខ្ញុំបានទៅ R’dáo ដោយយកនូវបាយដំណើប នំក្រឡាន សាច់មាន់ សាច់ទា មកលេងខ្ញុំនិងគ្រួសារប្តីខ្ញុំ។ នោះគឺជាការយកចិត្តទុកដាក់និងការថែទាំរបស់ក្រុមគ្រួសារសម្រាប់រូបខ្ញុំផ្ទាល់និងគ្រួសារប្តីខ្ញុំ ក្នុងឆ្នាំថ្មី ហើយទំនាក់ទំនងរវាងដន្លងទាំងពីរនឹងកាន់តែរឹងមាំជានិច្ច”។

បន្ទាប់ពីក្រុមគ្រួសាររបស់កូនស្រីបានមកដល់ផ្ទះរបស់ប្តីនាង ក្រុមគ្រួសារកូនកំលោះបានអញ្ជើញសាច់ញាតិរបស់ពួកគេ មកផ្ទះខ្លួនដើម្បីរីករាយពិសារអាហារ ដែលក្រុមគ្រួសារកូនស្រីបាននាំមក។ នៅពេលទទួលក្រុមគ្រួសារកូនកំលោះ គ្រួសារកូនស្រីមិនដែលយករបស់របរទាំងអស់នោះទេ ពោលគឺ ពួគគេនឹងទុកពាក់កណ្តាល សម្រាប់កូនស្រីឬបងស្រីរបស់នាងចែកជូនឪពុកម្តាយក្មេក។ លោក Alang Bhlaanh តំណាងក្រុមគ្រួសារកូនកំលោះ ត្រូវបានក្រុមគ្រួសារកូនស្រីមកសួរសុខទុក បានចែករំលែក ថា៖ “ជាការឆ្លើយតបនឹងមនោសញ្ចេតនា ការស្រឡាញ់រាប់អានរបស់ខាងកូនស្រីនោះ  តាមទំនៀមទម្លាប់របស់ជនជាតិ Cơ Tu ម្ចាស់ផ្ទះក៏បាននាំសាច់ជ្រូក សាច់គោ ជាទូទៅគឺសត្វជើងបួន មកជប់លៀងជូនគ្រួសារនាងកូនស្រី។ យោងទៅតាមទំនៀមទម្លាប់របស់ជនជាតិ Co Tu ថា មិនត្រឹមតែនៅពេលទៅ R’dáo ប៉ុណ្ណោះទេ សូម្បីតែក្នុងពិធីពិសារអាហារ ខាងកូនប្រុសមិនសូវពិសារម្ហូបដែលខ្លួនត្រៀមជូបលៀងជូនខាងកូនស្រីទេ ហើយខាងកូនស្រីក៏ដូចគ្នាដែរ។ ពីព្រោះអ្នកស្រុកគេមានទស្សនទាន ថា ពេលយើងពិសាររបស់របរដែលយើងជូនទៅ ហាក់ដូចជា យើងកំពុងយករបស់របរនោះមកវិញ ហើយព្រះនឹងធ្វើបាបយើង អោយបាក់រលំផ្ទះយើងជាក់ជាពុំខាន”។

យប់ជ្រៅ ខណៈដែលអាកាសធាតុកាន់តែត្រជាក់ទៅ ក៏ជាពេលវេលាដែលមនុស្សគ្រប់គ្នា ចាកចេញទៅវិញដោយលាគ្នាក្នុងបរិយាកាសកក់ក្តៅ។ សាច់ញាតិដូចជាម្តាយនិងឪពុករបស់កូនប្រសារ គេងនៅផ្ទះរបស់ដន្លង ប៉ុន្តែ បងប្អូនប្រុស ពូ អ៊ុំ អាចគេង ឬ មិនគេងគឺមិនមានបញ្ហាទេ។ ជាធម្មតាក្រុមគ្រួសាររបស់កូនស្រី នឹងស្នាក់នៅមួយ យប់ ហើយនៅពេលព្រឹកព្រលឹម ខាងកូនប្រុសនឹងដាក់សាច់ជ្រូកនៅសល់និងរបស់  របរមួយចំនួនដាក់ក្នុងកាផារបស់នារីដើម្បីយកមកផ្ទះ។ ហេតុដូច្នេះ រដូវទៅ R’dáo  នៃឆ្នាំ ត្រូវបានបញ្ចប់ ហើយមនុស្សគ្រប់គ្នាហាក់ដូចជាស្រស់ស្រាយក្នុងអារម្មណ៍ណាស់ ព្រោះថា មនោសញ្ជេតនារបស់គ្រួសាដន្លងទាំងពីរកាន់តែជិតស្និទ្ធមិនរសាត់បានឡើយ។

R'dáo គឺជាទំនៀមទម្លាប់ដ៏ស្រស់ស្អាតនៃក្រុមជនជាតិ Co Tu។ R'dáo មិនមែនជាលក្ខណៈខ្ជះខ្ជាយឬអបិយជំនឿទេ ទំនៀមទម្លាប់នេះថែមទាំងជាស្ពានតភ្ជាប់មនោសញ្ចេតនារបស់ប្រជាជនជនជាតិ Co Tu ទៀតផង។ ឆ្នាំនេះរដូវ R'dáo  កំពុងមកដល់ហើយ។ រដូវកាល R'dáo ពោរពេញព្រៃភ្នំដាច់ស្រយាល ហើយគ្រប់ទីកន្លែងក៏លឺសំលេងសើចក្អាកក្អាយរបស់អ្នកភូមិ បន្ទាប់ពីបានទៅ R'dáo មកវិញ៕

ប្រតិកម្មទៅវិញ