ម្ចាស់ផ្ទះគោរពថ្វាយបង្គំទេវតាអំពីការធ្វើពិធីសែន។ (រូបថត៖ VOV) |
ដើម្បីត្រៀមរៀបចំឲ្យពិធីសែនព្រេន ដំបូងឡើយ ម្ចាស់ផ្ទះត្រូវត្រៀមរៀបចំដើមត្រែង៣ដើម កញ្ច្រែងមួយសម្រាប់ទុកដាក់របស់របរ និងអុសកំពុងឆេះមួយកំណាត់ សត្វឆ្កែ ឬជ្រូកមួយក្បាលដោយមានទម្ងន់ប្រហែល ១០-១២គីឡូក្រាម (សត្វញី) ហើយជីករណ្តៅប្រហែល១ម៉ែត្រ នៅខាងឆ្វេងក្ខោងទ្វារផ្ទះ (ខាងក្នុងផ្ទះ) ដើម្បីដាក់គ្រឿងសំណែន។ ពេលរៀបចំគ្រឿងសំណែនរួចរាល់ ហើយនៅចំម៉ោង ៧ យប់ អ្នកប្រារព្ធពិធីឈរនៅក្លោងទ្វារ គ្រឿងដង្វាយទេវតារួមមានឆ្កែ ឬជ្រូក ដាក់នៅក្បែរដើម្បីម្ចាស់ពិធីថ្វាយជូនទេវតា និងអារក្សភូមិតាមការបន់ស្រន់។ លោក Vu Sua Ly នៅភូមិ Pha Khoang ឃុំ Co Ma ស្រុក Thuan Chau ខេត្ត Son La ជាគ្រូសែននិងជាអ្នកយល់ដឹងអំពីទំនៀមទម្លាប់របស់ជនជាតិ Mong ម្នាក់បាននិយាយថា៖
“ខ្លឹមសារនៃបទបន់ស្រន់គឺការគោរពថ្វាយបង្គំទេវតាថា ខ្ញុំមិនមានសត្វមួយពាន់ក្បាលឬមួយរយក្បាលសម្រាប់ថ្វាយទេវតាឡើយ។ ខ្ញុំត្រឹមតែមានសត្វមួយក្បាលនេះដែលអញ្ជើញទេវតាសោយភោជនាហារដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះស្ម័គ្ររបស់គ្រួសារខ្ញុំ សូមទេវតាប្រសិទ្ធិពរជ័យដល់គ្រួសារខ្ញុំឲ្យមានសុខភាពល្អជានិច្ច ចិញ្ចឹមសត្វ ដាំដំណាំបានល្អ ហើយមានទ្រព្យសម្បត្តិកាន់តែសម្បូរហូរហៀរ”។
ពេលសែនព្រេនរួច សត្វដែលប្រើសម្រាប់ថ្វាយទេវតានោះនឹងប្រគល់ឲ្យយុវជននៅក្នុងផ្ទះដើម្បីយកទៅកាប់យកសាច់ទុកហូប។ បន្ទាប់ពីកាប់រួច គ្រឿងក្នុងសត្វនីមួយៗនឹងត្រូវកាត់ចោលមួយចំណែកដូចជា ថ្លើម លំពែង សួត បេះដូង ក្រលៀន ក្រពះ… ហើយដោតជាប់គ្នាដើម្បីយកទៅស្ងោរ។ ដើមត្រែង៣ដើមនិងកញ្ច្រែងនឹងត្រូវម្ចាស់ផ្ទះ យកទៅដាក់នៅក្នុងបន្ទប់គេងរបស់ខ្លួន។ បន្ទាប់មក រៀបចំចានគោមចំនួន៥ និងចានតូចចំនួន៥ទៀតសម្រាប់ដាក់ផ្នែកនានារបស់សត្វ ដើម្បីបន្តធ្វើពិធីលើកទី២។ លោក Thao No Cho ភូមិ Na Ngan ឃុំ Chieng Ngan ខេត្ត Son La បានឲ្យដឹងថា៖
“នេះជាផ្នែកសំខាន់បំផុតនៃពិធីសែនទេវតា ដែលត្រូវបានអនុវត្តន៍នៅក្នុងបន្ទប់គេងរបស់ម្ចាស់ផ្ទះ។ ចានគោមនឹងត្រូវបានដាក់តាមលំដាប់ពីក្បាលគ្រែរហូតដល់ចុងគ្រែ។ គ្រឿងក្នុងសត្វនឹងត្រូវហាន់ជាបន្ទះតូចៗ (ប្រសិនបើមានចានចំនួន ៥ គឺផ្នែកនីមួយៗអាចហាន់បានតែ៥បន្ទះប៉ុណ្ណោះ)។ បន្ទះហាន់ដំបូងនឹងដាក់ក្នុងចានទី១ តាមលំដាប់ពីក្បាលគ្រែដល់ចុងគ្រែ”។
អ្នកប្រារព្ធពិធីត្រូវរៀបចំវែកមួយដើម្បីដួសទឹកសម្លរស្ងោរសាច់ជាស្រេច។ប្រសិនបើប្រើចានគោមប៉ុន្មានសម្រាប់ដាក់គ្រឿងសំណែននោះ គឺគេត្រូវបន់ស្រន់ប៉ុណ្ណឹងលើក បន្ទាប់ពីការបន់ស្រន់ម្ដងៗ ត្រូវដួសទឹកសម្លរស្ងោរសាច់ចូលក្នុងចានតូចនីមួយៗដាក់នៅក្បែរចានគោម។ ចានទឹកសម្លរទាំងនេះនឹងត្រូវបានប្រគល់ដល់កូនចៅ ជាពិសេសគឺកុមារក្នុងគ្រួសារដើម្បីផឹកដោយគោលបំណងចង់ឲ្យកូនចៅនឹងត្រូវបានទេវតា ម្ចាស់ទឹកម្ចាស់ដី ប្រសិទ្ធិពរជ័យមិនឲ្យត្រូវមានឈឺថ្កាត់ មានសុខភាពល្អ។
ចានគោម៥និងកែវតូច៥សម្រាប់ធ្វើពិធីសែន។ (រូបថត៖ VOV) |
បន្ទាប់ពីសែនទេវតារួចរាល់ ម្ចាសផ្ទះនឹងយកគ្រឿងសំណែនចុះ ដាក់ចូលស្ពក ហើយអញ្ជើញបងប្អូន ញាតិសន្ដាន មកចូលរួមពិធី ទទួលទានអាហារ បួងសួងដល់ជីដូនជីតា និងពពួកទេវតា ប្រសិទ្ធិពរជ័យជូនដល់គ្រួសារម្ចាស់ផ្ទះឲ្យមានសុខភាពល្អ ជៀសផុតពីជំងឺ រកស៊ីមានបាន ចិញ្ចឹមសត្វបានល្អ។ លោក Vu Sua Ly ភូមិ Phong Khoang ឃុំ Co Ma ស្រុក Thuan Chau បានឲ្យដឹងថា៖
“ចំពោះពិធីសែនទេវតាគឺត្រូវតែធ្វើនៅក្នុងផ្ទះ អ្វីៗទាំងអស់អាចយកមកពីខាងក្រៅចូលផ្ទះបានតែប៉ុណ្ណោះ មិនត្រូវយកពីខាងក្នុងផ្ទះចេញទៅក្រៅបានទេ។ ពីព្រោះតាមទស្សនៈទានថា បើយករបស់របរនៅក្នុងផ្ទះទៅខាងក្រៅក្នុងពេលធ្វើពិធី នឹងបណ្តេញប្រការល្អសំណាងទាំងអស់ចេញពីផ្ទះដែរ។ បងប្អូន សាច់ញាតិ ដែលមកចូលរួមពិធី បន្ទាប់ពីហូបបាយរួច ក៏ត្រូវលាងដៃឲ្យស្អាតនៅក្នុងក្លាំទឹកក្បែររណ្ដៅមុននឹងដើរចេញពីផ្ទះ ព្រោះថាធ្វើដូច្នេះទើបប្រសិទ្ធិពរជ័យដល់គ្រួសារម្ចាស់ផ្ទះបាន”។
ពិធីសែនទេវតាមានអត្ថន័យខាងព្រលឹងវិញ្ញាណជាច្រើន ដែលតែងតែត្រូវបានជនជាតិ Mong ធ្វើឡើងនៅប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។ តាមនោះ ដើម្បីឲ្យពួកគេ បានផ្ដាំផ្ញើសេចក្តីប្រាថ្នាអំពីជីវភាពដ៏សម្បូរធូធារ សុភមង្គល សត្វចញ្ចឹមបានធំលូតលាស់បានយ៉ាងល្អ៕