ពិធីមង្គលការដ៏វិសេសវិសាលរបស់ជនជាតិ San Chi

Chia sẻ

(VOVWORLD) - និទាឃរដូវមកដល់ហើយ នាំមកនូវភាពកក់ក្តៅនៃមេឃដី ហើយក៏ជារដូវសម្រាប់អ្វីៗគ្រប់បែបយ៉ាងរីកលូតលាស់ ... នៅពេលនោះ នៅតំបន់ព្រំដែន Binh Lieu (ខេត្ត Quang Ninh) ជនរួមជាតិជនជាតិ San Chi ត្រៀមរៀបចំការរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍។ ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ San Chi នៅទីនេះមានលក្ខណៈពិសេស ខុសប្លែកជាច្រើនពីជនជាតិដទៃទៀត។

ពិធីមង្គលការដ៏វិសេសវិសាលរបស់ជនជាតិ San Chi - ảnh 1ពិធីមង្គលការរបស់ជនជាតិ San Chi ប្រព្រឹត្តទៅក្នុងអំឡុងពេល ៣ ថ្ងៃ ហើយជាថ្ងៃបុណ្យរួមនៃភូមិទាំងមូល។ (រូបថត៖ VOV)

ការច្រៀងចម្រៀង Soong Co ឬដែលបានហៅថា ការច្រៀងឆ្លើយឆ្លងគ្នាគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅពេលធ្វើពិធី "សុំកូនក្រមុំ" ។ គ្រួសារកូនកំលោះត្រូវជ្រើសរើសមនុស្សដែលមានកិត្យានុភាព ពូកែខាងវោហោ ហើយចេះច្រៀងឆ្លើយឆ្លងគ្នាយ៉ាងរលូន។ ខ្លឹមសារនៃបទចម្រៀងគឺការសួរសុខទុក្ខ បង្ហាញអំពីរបៀបសុំកូនក្រមុំ និងការទារបណ្ណាការ ប៉ុន្តែត្រូវបានតំណាងភាគីទាំងពីរសម្រួលទៅជាបទចម្រៀង។ លោក Tran Hoc Cam (អាយុ ៦៨ ឆ្នាំ) ជាមេអណ្ដើតសម្រាប់គូស្នេហ៍ជាច្រើន នៅភូមិ Ngan Phat ឃុំ Luc Hon ស្រុក Binh Lieu បានឲ្យដឹងថា៖

“ទំនៀមទម្លាប់នេះមិនធ្លាប់ត្រូវបោះបង់ចោលតាំងពីយូរលង់ណាស់មកឡើយ។ យើងច្រៀងក្នុងអំឡុងពេលធ្វើដំណើរ ដើម្បីឲ្យពិធីមង្គលការមានភាពសប្បាយរីករាយ ហើយទាំងភូមិនិងជនជាតិយើងក៏សប្បាយរីករាយផងដែរ”។

ពិធីមង្គលការដ៏វិសេសវិសាលរបស់ជនជាតិ San Chi - ảnh 2សម្លៀកបំពាក់របស់ស្ត្រីជនជាតិ San Chi ក្នុងពិធីមង្គលការ។ (រូបថត៖ VOV)

មិនមានពណ៌ឆើតឆាយ និងក្បូរក្បាច់រចនាច្រើន ដូចជនជាតិដទៃទៀតនោះទេ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ប្រពៃណីរបស់ជនជាតិ San Chi គឺមានពណ៌ស្រទុំ។ ស្ត្រីស្លៀកពាក់អាវពណ៌ខៀវដែលជាលក្ខណៈពិសេសរបស់ជនជាតិ San Chi ។ ចំណុចលេចធ្លោលើសម្លៀកបំពាក់របស់កូនក្រមុំគឺខ្សែក្រវាត់ ដែលមានប៉ាក់ក្បូរក្បាច់ពណ៌ខៀវ និងក្រហមឆ្លុះជាច្រើន ហើយដៃឆ្វេងកាន់កន្សែងថ្មីជារហូត។ កូនក្រមុំ Chu Thi Hanh បាននិយាយថា៖ នេះគឺជាវត្ថុដែលមិនអាចខ្វះបាន ដោយបង្កប់នូវបំណងប្រាថ្នាដ៏ស្រស់ស្អាតអំពីជីវភាពថ្មី៖

“ពេលទៅផ្ទះខាងប្តី ឪពុកម្ដាយនិងលោកតាលោកយាយ បានប្រគល់ឆ័ត្រនិងកន្សែងមួយជូនកូនក្រមុំ។ ឆ័ត្រត្រូវបានប្រើសម្រាប់បាំងពន្លឺព្រះអាទិត្យនិងភ្លៀង។ កន្សែងត្រូវបានប្រើសម្រាប់បាំងមុខ បង្ហាញភាពអៀនខ្មាស់ ពេលកូនក្រមុំទើបចូលផ្ទះប្តី ប៉ុន្តែពេលនេះមានភាពទំនើបជាងមុន គឺកូនក្រមុំកាន់កន្សែងលើដៃ មិនត្រូវបាំងមុខទៀតទេ”។

ជំនូន បណ្ណាការ ឬចំនួនអ្នកទទួលនិងជូនកូនក្រមុំ របស់ជនជាតិ San Chi សុទ្ធតែជាលេខគូ ដែលតំណាងឱ្យភាពគ្រប់គ្រាន់ ភាពសុខដុម និងសុភមង្គល។ ក្រុមជូនកូនក្រមុំពីផ្ទះនាង រួមមាន ស្រីកំដរ ២ នាក់ មិត្តភក្តិរបស់កូនក្រមុំ ២ នាក់ និងសាច់ញាតិ ៤ នាក់ទៀត។ លោក Ninh Van Thiet តំណាងគ្រួសារកូនក្រមុំបានឲ្យដឹងថា៖

“គ្រួសារកូនក្រមុំ ត្រូវទិញក្របី ១ ក្បាល ភួយ កន្ទេល និងហឹប។ ចំណែកគ្រួសារកូនកំលោះ ទិញជំនូនដូចតម្រូវការពីគ្រួសារកូនក្រមុំដូចជា៖ សាច់១២០គីឡូក្រាម ស្រា៨០លីត្រ អង្ករ ជាដើម។ ប្រសិនបើគ្រួសារកូនកំលោះមិនមានលទ្ធភាពនោះទេ គ្រួសារកូនក្រមុំនឹងថយចុះបន្តិច”។

លក្ខណៈវប្បធម៌ពិសេសដែលត្រូវបានជនជាតិ San Chi ថែរក្សាក្នុងពិធីមង្គលការ គឺការទទួលឪពុកម្តាយធម៌បន្ថែមទៀតសម្រាប់កូនកំលោះនិងកូនក្រមុំ។ ជនជាតិ San Chi មានទស្សនៈទានថា ប្រសិនបើមានឪពុកម្តាយធម៌ ដែលមានវ័យអាយុសមគ្នា នឹងផ្ដល់កម្លាំងនិងធនធានបន្ថែមទៀតសម្រាប់គូប្ដីប្រពន្ធវ័យក្មេងក្នុងជីវភាពថ្មី។ មុននោះ គ្រួសារកូនកំលោះត្រូវត្រៀមរៀបចំបណ្ណាការ រួមមាន នំ day ២៤ ដុំ សាច់ជ្រូក ២០ គីឡូក្រាម ដើម្បីធ្វើជាអំណោយជូនឪពុកម្ដាយធម៌ ហើយផ្ទុយទៅវិញ កូនក្រមុំនឹងទទួលបានសម្លៀកបំពាក់ ភួយ វាំងនន ពីឪពុកម្ដាយធម៌។ លោក Tran Van Don ដែលទើបតែក្លាយជា "ឪពុកធម៌" បានចែករំលែកថា៖

“មកផ្ទះកូនកំលោះ បាន ២ ថ្ងៃ កូនក្រមុំនិងកូនកំលោះនឹងទៅទទួលឪពុកម្តាយធម៌។ តាមទំនៀមទម្លាប់ មានឪពុកម្តាយគ្រប់៦នាក់ នឹងជួយប្រកបរបររកស៊ីបានងាយស្រួល។ ក្រោយពីទទួលរួចរាល់ហើយ ក្នុងអំឡុងបុណ្យតេតជារៀងរាល់ឆ្នាំ ត្រូវយកមាន់ នំទៅជូនឪពុកម្តាយធម៌។ 

និទាឃរដូវមកដល់ នៅពេលដែលផ្កាម៉ាកខៃ រីកពាសពេញតាមដងផ្លូវព្រំដែន Binh Lieu ក៏ជាពេលវេលាដែលស្ត្រីជនជាតិ San Chi ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ដើម្បីទៅចូលរួមពិធីមង្គលការ ជូនពរគូប្ដីប្រពន្ធវ័យក្មេង ច្រៀងចម្រៀង Soong Co ស្វែងរកស្នេហា... បទចម្រៀង Song Co ពូនជ្រុំសេចក្ដីស្រឡាញ់របស់គូស្នេហ៍ជាច្រើន ហើយក៏បានជួយឱ្យជំនាន់វ័យក្មេងនៃជនជាតិ San Chi ចេះគោរពលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតដែលជីដូនជីតាបានបន្សល់ទុកមកផងដែរ៕

ប្រតិកម្មទៅវិញ