ពិធីបុណ្យបណ្ដេញគ្រោះឧបទ្រពចង្រៃបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន (Kieng lang) របស់ជនជាតិ Brau នៅខេត្ត Kon Tum

Chia sẻ
(VOVWORLD) - នៅពេលប្រឈមមុខនឹងបម្រែបម្រួលដែលប៉ះពាល់ដល់អ្នកភូមិនោះ ជនជាតិ Brau នឹងអនុវត្តន៍ពិធីថ្វាយសែនទេវតា (Giang)  ព្រោះថាអ្នកភូមិមានទស្សនៈថា ប្រការដែលមិននាំមកនូវលាភសំណាងបានកើតមានឡើង ដោយ សារមនុស្សបានធ្វើឲ្យទេវតា (Giang)    ខឹងសម្បា ហើយទម្លាក់គ្រោះអាសន្នមក។ 
ពិធីបុណ្យបណ្ដេញគ្រោះឧបទ្រពចង្រៃបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន (Kieng lang) របស់ជនជាតិ Brau នៅខេត្ត Kon Tum - ảnh 1 ពិធីបុណ្យបណ្ដេញគ្រោះឧបទ្រពចង្រៃបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន (Kieng lang) របស់ជនជាតិ Brau នៅខេត្ត Kon Tum (រូបថត៖ danviet.vn)

ដើម្បីជំនះពុះពារលើគ្រោះអាសន្នទាំងនេះ ក្រុមប្រឹក្សាភូមិនឹងជូបជុំគ្នា ដូច្នេះ ដើម្បីធ្វើការឯកភាពគ្នាជ្រើសរើសថ្ងៃរៀបចំពីបុណ្យបណ្ដេញឧបទ្រពចង្រៃចេញ ហើយនាំគ្នា បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនចំពោះសហគមន៍ (Kieng lang) ដែលភាសា Brau ហៅថា Bon Xo Ruk ។

យោងតាមទស្សនៈទានរបស់ជនជាតិ Brau ថា ពីធីបុណ្យបណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនគឺជាពិធីបុណ្យដ៏សំខាន់ពិសេស ដែលត្រូវបានរៀបចំឡើង ខណៈដែលសហគមន៍មានព្រឹត្តិការណ៍ ឬបម្រែបម្រួលធំៗ ដែលប៉ះពាល់ដល់ស្ថិរភាពរបស់សហគមន៍ ដូចជា៖ ភ្លើងឆេះផ្ទះ ជំងឺរាតត្បាត ភ្នំបាក់ ទឹកជន់លិច ឬរដូវកាលមិនអំណោយផល។ នៅពេលនេះ ជនជាតិ Brau នឹងរៀបចំពិធីបុណ្យ បណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើន (Bon Xo Ruk)។ ដើម្បីរៀបចំពិធីបុណ្យនេះ អ្នកភូមិត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនថ្ងៃ។ លោកបណ្ឌិត Bui Ngoc Quang មកពីបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖ “ប្រព័ន្ធពិធីបុណ្យរបស់ជនជាតិ Brau គឺសម្បូរបែប ពិពិធកម្ម និងចម្រុះណាស់។ ជាពិសេសគឺពិធីបុណ្យ បណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនសម្រាប់អ្នកភូមិ (Bon Xo Ruk)។ ពិធីបុណ្យនេះ ត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៣ ថ្ងៃ យ៉ាងហ្មត់ចត់តាមរបៀបរាបរយ។ ជាពិសេស អ្នកភូមិមានស្មារតីទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យនេះណាស់”

ដើម្បីពិធីបុណ្យបណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនដល់អ្នកភូមិប្រព្រឹត្តិទៅប្រកប ដោយជោគជ័យនោះ ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិបានបែងចែកការងារយ៉ាងហ្មត់ចត់តាមសមត្ថភាពរបស់អ្នកភូមិ។ ជាក់ស្ដែង ខាងស្ត្រីបានត្រៀមរៀបចំស្បៀងអាហារ អុស និងពាងដាក់ទឹក។ ចំណែកបុរសវិញ គឺ ធ្វើដំណើរចូលព្រៃ កាប់ដើមឫស្សី ដើម្បីធ្វើដើម Neu និងធ្វើផ្ទះសក្ការបូជា។ នៅពេល ពិធីរៀបចំត្រូវបានសម្រេចជាស្ថាពរនោះ អ្នកភូមិទាំងអស់គ្នានឹងយកឫស្សី ដើម្បីធ្វើរបងជំវិញភូមិយ៉ាងរឹងមាំ ហើយក្លោងទ្វារភូមិត្រូវបានបិទជិត។ នៅពេលនេះ សកម្មភាពទាំងអស់របស់សហគមន៍អ្នកភូមិត្រូវតែអនុវត្តតាមច្បាប់ទំនៀមទម្លាប់ដ៏តឹងរឹង ពោលគឺ "គ្មាននរណាម្នាក់អាចចេញចូលក្នុងភូមិ" បានឡើយ។ លោក Anh Thao Loi អ្នកភូមិមួយរូប នៅឃុំ Bo Y ស្រុក Ngoc Hoa  ខេត្ត Kon Tum បានឲ្យដឹងថា៖ “មុនពេលរៀបចំពិធីបុណ្យ គឺទាំងប្រុស និងស្ត្រីបានត្រៀមរៀបចំអុស ទឹក អង្ករ និងស្រា។ ក្នុងពិធីបុណ្យនេះ ព្រឹទ្ធាចារ្យភូមិបានចងសត្វក្របីជាប់ទៅបង្គោលមួយដើម បន្ទាប់មក កាប់កូនជ្រូកមួយក្បាលយកឈាមជ្រូកប្រោះទៅលើដើម Neu ហើយយកឈាមជ្រួកលាយជាមួយស្រា ដើម្បីស្រោចជុំវិញ ដើម Neu ព្រមទាំងបន់ស្រន់បណ្តេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើន និងអញ្ជើញទេវតាមកធ្វើជាសក្ខីភាពផងដែរ”

ប្រការមួយគួរឲ្យចាប់អារម្មណ៍ក្នុងថ្ងៃដំបូងនៃពិធីបុណ្យនេះ គឺ អ្នកភូមិ ត្រូវពន្លត់ភ្លើងចង្ក្រានរបស់គ្រួសារខ្លួន។ ព្រោះថាតាមទស្សនៈទានរបស់អ្នកភូមិគឺ អណ្ដាតភ្លើងនេះជាភ្លើងពិសិដ្ឋ ដូច្នេះហើយ នៅពេលអ្នកភូមិជួបគ្រោះអាសន្នគឺមានន័យថា អណ្ដាតភ្លើងនេះគឺលេងពិសិដ្ឋទៀត ហើយអ្នកភូមិត្រូវធ្វើពិធីបុណ្យ សុំអណ្ដាតភ្លើងពិសិដ្ឋ។

ថ្ងៃទី ២ នៃពិធីបុណ្យនេះគឺជាថ្ងៃដ៏សំសំខាន់ពិសេស ពោលគឺជាថ្ងៃ ដែលអ្នកភូមិបានធ្វើពីធីសុំអណ្ដាតភ្លើងពិសិដ្ឋថ្មី។ អ្នកភូមិបានរៀបចំគ្រឿងដង្វាយដូចជា សាច់ក្របី ថ្លើមក្របី ឈាមក្របី ឈាមមាន់ សាច់មាន់ និងស្រា។ ក្នុងថ្ងៃទី ២ នៃពិធីបុណ្យនេះ កំលោះ និងក្រមុំមួយគូនឹងនាំយកគល់ឬស្សីឈ្មោល និងគល់ឬស្សីញីចាស់មកផ្ទះ Rong។ ទាំងនេះគឺជាគល់ឬស្សីស្ងួតចំនួនពីរដែលត្រូវបានអ្នកភូមិជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ លោក Bui Ngoc Quang បានឲ្យដឹងថែមទៀតថា៖ “អ្នកភូមិបានជ្រើសយកគល់ ឫស្សីស្ងួតទាំង ២ នេះ ដើម្បីធ្វើជាគ្រឿងដង្វាយសំខាន់ក្នុងពីធីបុណ្យ។ នៅពេលនេះ ព្រឹទ្ធាចារ្យភូមិនឹងជំរាបជូនទេវតា Giang និងអ្នកភូមិ ថា នាថ្ងៃនេះ អ្នកភូមិនឹងធ្វើពិធីបង្កាត់ភ្លើងថ្មី ដោយសង្ឈឹមថា អណ្ដាតភ្លើងនេះនឹងនាំមកនូវសេចក្ដីសុខចម្រុងចម្រើនដល់អ្នកភូមិ”

ប្រសិនបើថ្ងៃដំបូង និងថ្ងៃទី ២ គឺមានលក្ខណៈពិសិដ្ឋក្នុងពិធីបុណ្យនោះ គឺថ្ងៃទី ៣ ជាថ្ងៃនៃការជួបជុំគ្នា។ ជាក់ស្ដែង ស្ត្រីជនជាតិ Brau បាននាំយកភ្លើងដ៏ពិសិដ្ឋចេញពី ផ្ទះ Rong ហើយបុរសបាននាំយកសាច់ ដែលត្រូវបានបែងចែកមកផ្ទះខ្លួនឯង ដើម្បីបង្កាត់ភ្លើងចម្អិនអាហារដំបូងរបស់គ្រួសារដោយអណ្ដាតភ្លើង ពិសិដ្ឋ និងសាច់ដ៏ពិសិដ្ឋ។ បន្ទាប់មក អ្នកភូមិគ្រប់គ្នាបានទៅកាន់ទឹកជ្រោះក្នុងភូមិ ដើម្បីងូតទឹកលាងជម្រះគ្រោះចង្រៃ ការខ្វែងគំនិតគ្នា ក្ដីខឹងសម្បាដែលបានដិតជាប់ក្នុងបុគ្គលម្នាក់ៗ និងសហគមន៍។

ពិធីបុណ្យ បណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនចំពោះសហគមន៍ បានដិតជាប់នូវផ្នត់ជំនឿនៃសាមគ្គីភាពសហគមន៍។ ទោះយ៉ាងណាកដ៏ដោយ នាបច្ចុប្បន្ន ពិធីបុណ្យនេះ មានតែនៅក្នុង គំនិតយល់ដឹងរបស់ជនជាតិ Brau នៅខេត្ត Kon Tum តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ