ការសាបព្រោះពូជស្រូវដំបូងបន្ទាប់ពីពិធីបួងសួងសុំទឹកភ្លៀង។ (រូបថត៖ VOV) |
តាំងពីព្រឹកព្រលឹម ទីធ្លាមួយនៅមុខផ្ទះសហគមន៍ភូមិ Ky មានមនុស្សមកចូលរួមពិធីបុណ្យយ៉ាងច្រើនកុះករ។ បុរសៗជួយសិប្បកររៀបចំគងឃ្មោះ សម្អាតតុ កៅអី។ ស្ត្រីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរួមគ្នាត្រៀមរៀបចំពិធីសែន... ក្រោមម្លប់ដើមឈើចំណាស់នៅកណ្តាលភូមិ ប្រជាជនបានត្រៀមរៀបចំខ្ទម Puk ចំនួន២ ជាមួយរបស់របរសម្រាប់ប្រារព្ធពិធីបួងសួងសុំទឹកភ្លៀង។ ខ្ទម Puk (Sang Yang) មានពីរជាន់ ជាន់លើ (ជាន់មេឃ) សម្រាប់សក្ការៈបូជាព្រះនិងទេវៈ; ជាន់ក្រោមគឺជាឃ្លាំងស្រូវដែលតំណាងឱ្យភាពសម្បូរធូធារ។ នៅក្បែរនោះ មានគ្រឿងសំណែនថ្វាយព្រះ yang ដូចជា ស្រាពាង មាន់ ឧបករធ្វើពីឬស្សី និងរូបចម្លាក់ឈើតូចៗនៃសត្វព្រៃនានាដូចជា ដំរី កាំប្រមា និងខ្លា។
នៅមុខខ្ទម Puk នៅពេលដែលស្នូរសំឡេងគងលាន់លឺឡើង គ្រូសែនចាប់ផ្ដើមធ្វើពិធីសែន ដោយបួងសួងសុំឲ្យ Yang (មេឃ ដី និងព្រះភ្លៀង) ចាក់ទឹកភ្លៀងចុះឲ្យប្រជាជនមានទឹកដាំដុះដំណាំ ស្រូវរីកលូតលាស់បានល្អ រដូវអំណោយផល ស្រូវពេញឃ្លាំង គ្រប់គ្រួសារក្នុងភូមិសម្បូរធូធារ បណ្តេញសត្វព្រៃគ្រោះថ្នាក់និងភាពអាក្រក់ចេញពីភូមិ។ អ្នកស្រី H'By La Byă នៅភូមិ Ky បានចែករំលែកថា៖
“នេះជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបួងសួងសុំទឹកភ្លៀង ដូច្នេះខ្ញុំមិនដឹងច្រើនទេ ប៉ុន្តែខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដោយមានកិត្តិយសចូលរួមពិធីនេះ។ ពិធីបួងសួងសុំទឹកភ្លៀងនេះមានលក្ខណៈពិសេសជាច្រើនរបស់ជនជាតិ Ede”។
ការផឹកស្រាពាងគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីការនានារបស់ជនជាតិ Ede។ (រូបថត៖ VOV) |
បន្ទាប់នោះ គ្រូសែនយកចានស្រាលាយនឹងឈាមជ្រូក ប្រោះព្រុំលើកន្ត្រកស្រូវ ឧបករណ៍ការងារ ហើយប្រោះព្រុំលើវាលស្រែ ដើម្បីអញ្ជើញព្រះមកពិសាស្រាជាមួយអ្នកភូមិ។ បញ្ចប់ពិធី មនុស្សរាល់គ្នាស្រែកកញ្ច្រៀវ ដោយបង្ហាញពីការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្តឈានចូលរដូវធ្វើស្រែចម្ការថ្មី។ ចូលរួមពិធីបួងសួងសុំទឹកភ្លៀង លោកយាយ H’Luech Hdok អាយុ ៦៥ឆ្នាំ បានចែករំលែកថា៖
“ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំឃើញថា ការរៀបចំពិធីឡើងវិញតាមប្រពៃណីរបស់ជនជាតិ Ede ដែលប្រារព្ធឡើងម្តងជារៀងរាល់ឆ្នាំ មុនពេលបេះពោត ច្រូតស្រូវបែបនេះ មានអត្ថន័យច្រើនណាស់។ រំលឹកពីអតីតកាលកាលពីកុមារភាព ខ្ញុំធ្លាប់បានចូលរួមពិធីនេះហើយ ឥឡូវនេះឃើញថានៅតែមានពិធីដដែល គឺខ្ញុំសប្បាយយ៉ាងក្រៃលែង”។
តាមព្រឹទ្ធាចារ្យភូមិ Y Bang Byă នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការជួយឧបត្ថម្ភពីរដ្ឋ និងផ្នែកវប្បធម៌ ភូមិបានស្ដារឡើងវិញនូវពិធីបុណ្យប្រពៃណី រក្សាបាននូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត ឆ្ពោះទៅរកជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
“តាមពិតទៅ ដើម្បីអភិរក្សទំនៀមទំលាប់របស់បងប្អូនជនរួមជាតិយើង គឺជាបញ្ហាលំបាកសម្រាប់ភូមិ Ky ប៉ុន្តែដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីសង្កាត់ Thanh Nhat ដែលបានផ្ដល់ថវិកាមួយផ្នែក សម្រាប់ភូមិប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនេះ។ ការបួងសួងសុំទឹកភ្លៀង មានន័យថា បួងសួងសុំឲ្យរដូវវស្សាឆ្នាំនេះ អំណោយផល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិក៏ដូចជាភូមិឃុំ Tay Nguyen នានាកាន់តែល្អប្រសើរឡើង”។
ពិធីបួងសួងសុំទឹកភ្លៀង គឺជាពិធីប្រពៃណីមួយ ដើម្បីក្រើនរំលឹកដល់កូនចៅជំនាន់ក្រោយ ឱ្យយល់ដឹងបន្ថែមអំពីវប្បធម៌ និងពិធីដ៏វិសេសវិសាលរបស់ជនជាតិខ្លួន ដែលបង្កប់នូវតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅរបស់ជនរួមជាតិនៅតំបន់ Tay Nguyen៕