ពិធីដាក់ឈ្មោះកូនរបស់ជនជាតិ Mong នៅតំបន់ភាគពាយ័ព្យ

Chia sẻ
(VOVWORLD) - ចំពោះជនជាតិ Mong នៅភាគពាយ័ព្យ ពិធីដាក់ឈ្មោះទារកគឺបង្ហាញពីទស្សនៈទាន មនោគមន៍ និងវប្បធម៌ប្រពៃណីរបស់ជនជាតិ ព្រមទាំងជាលក្ខណៈវិនិច្ឆ័យដើម្បីបែងចែកមនុស្សម្នាក់ពីមនុស្សម្នាក់ទៀត និងដើម្បីប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពរបស់កុមារនាពេលក្រោយមក។ ដូច្នេះ ពិធីដាក់ឈ្មោះទារកគឺមានអត្ថន័យដ៏សែនសំខាន់។
ពិធីដាក់ឈ្មោះកូនរបស់ជនជាតិ Mong នៅតំបន់ភាគពាយ័ព្យ - ảnh 1ពិធីដាក់ឈ្មោះទារកគឺបង្ហាញពីទស្សនៈទាន មនោគមន៍ និងវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong។

យោងតាមលោក Hung Dai Ky នាយករងមជ្ឈមណ្ឌលវប្បធម៌ខេត្ត Ha Giang ថា បន្ទាប់ពីប្ដីប្រពន្ធមួយគូសម្រាលកូនរួច មិនថាកូនច្បងឬកូនបន្ទាប់នោះទេ សុទ្ធតែត្រូវធ្វើពិធីដាក់ឈ្មោះជូនទារក។ នៅពេលបានជ្រើសរើសថ្ងៃ ម៉ោងល្អរួចរាល់ ហើយអញ្ជើញសមាជិកសាច់សារលោហិតក្នុងក្រុមគ្រួសារ វង្សត្រកូលមកចូលរួមយ៉ាងគ្រប់គ្រាន់ ទើបប្រារព្ធពិធីដាក់ឈ្មោះនៅឯផ្ទះដែលទារកត្រូវបានកើតមក។

ពិធីនោះត្រូវបានធ្វើឡើងដោយលោកតា លោកពូដោយផ្ទាល់ក្នុងវង្សត្រកូល ក្នុងរយៈពេល៣ព្រឹក ត្រៀមរៀបចំស្ពកបាយដែលមានមាន់ ពង ហើយជម្រាបជូនដូនតាដើម្បីធ្វើពិធីដាក់ឈ្មោះកូន។

ជាធម្មតា ពិធីដាក់ឈ្មោះចាប់ផ្ដើមតាំងពីព្រឹកព្រលឹម ដោយការសែនព្រេនជំនាងផ្ទះ។ គ្រឿងសំណែន គឺអាស្រ័យលើលក្ខណៈនៃគ្រួសារនីមួយៗ និងការសម្រាលកូនច្បងឬកូនបន្ទាប់។ ប្រសិនបើជាកូនច្បងហើយគ្រួសារមានលក្ខណៈធូធារ គឺត្រៀមរៀបចំកូនជ្រូកមួយក្បាលប្រហែលពី៣ដល់៤០គីឡូក្រាម និងមាន់ ព្រមទាំងអញ្ជើញគ្រួសារខាងម្ដាយមកចូលរួមផងដែរ។ លោក Giang Seo Ga អតីតនាយកមជ្ឈមណ្ឌលវប្បធម៌ កីឡា និងផ្សព្វផ្សាយទីរួមស្រុក Sapa ខេត្ត Lao Cai បានឲ្យដឹងថា៖

“នៅពេលធ្វើពិធីដាក់ឈ្មោះ ត្រូវរៀបចំកូនជ្រូកមួយក្បាល មាន់ឈ្មោលមាន់ញីមួយគូ ដើម្បីជម្រាបជូនដូនតាមកធ្វើជាសាក្សីក្នុងពិធីដាក់ឈ្មោះទារក។ ពួកគេនឹងយកក្រដាសទៅដុតនៅក្នុងបន្ទប់ដែលទារកបានកើតមក ដើម្បីជូនដំណឹងដល់ព្រលឹងខ្មោចឲ្យស្គាល់ទារកនោះ ហើយជម្រាបជូនដូនតាដើម្បីកត់សម្គាល់វត្តមាននិងឈ្មោះរបស់ទារកនោះ បួងសួងសុំឲ្យទារកត្រូវបានដូនតាទទួលស្គាល់និងប្រទានពរជ័យ”។

ពិធីដាក់ឈ្មោះកូនរបស់ជនជាតិ Mong នៅតំបន់ភាគពាយ័ព្យ - ảnh 2ពិធីសែនព្រេនជំនាងផ្ទះ។

ពិធីដាក់ឈ្មោះដូចខាងលើ គឺជារបៀបសាមញ្ញាបំផុតរបស់ជនជាតិ Mong និយាយរួម។ ចំណែកឯពិធីដាក់ឈ្មោះកូនច្បងរបស់ក្រុមជនជាតិ Mong ខ្លះទៀត គឺមានភាពខុសប្លែកគ្នាបន្តិច។ ឧទាហរណ៍ថា ជនជាតិ Mong នៅតំបន់ Van Ho ខេត្ត Son La នៅពេលធ្វើពិធីដាក់ឈ្មោះកូនច្បង ត្រូវតែអញ្ជើញគ្រូសែនមកហៅព្រលឹង។ លោក Trang A Lu នៅភូមិ Hua Tat ស្រុក Van Ho ខេត្ត Son La បានចែករំលែកថា៖

“ចំពោះពិធីដាក់ឈ្មោះកូនច្បង គឺឪពុកម្ដាយជ្រើសរើសឈ្មោះកូនរួច ហើយអញ្ជើញគ្រូសែនមកធ្វើពិធី។ គ្រឿងសំណែនរួមមានមាន់ញីមួយក្បាលដើម្បីជម្រាបជូនដូនតាថា គ្រួសារមានសមាជិកថ្មីម្នាក់។ មាន់ឈ្មោលមាន់ញីមួយគូដាក់នៅមុខទ្វារផ្ទះ ដើម្បីសន្យាជាមួយដូនតា និងអាទិទេពថា អាទិទេពបានប្រទានកូនជូនគ្រួសារហើយ គឺសុំឲ្យព្រះប្រទានទឹកដោះច្រើនដល់អ្នកម្ដាយដើម្បីចិញ្ចឹមកូន។ ពេលនោះមានក្រុមវាយគង ស្គរនៅមុខទ្វារទៀតផង។ ប្រសិនបើគ្រួសារមានលទ្ធភាព អាចធ្វើពិធីជាមួយជ្រូក២០គីឡូក្រាម។ បន្ទាប់មក ធ្វើពិធីខួបកំណើតជារៀងរាល់ឆ្នាំម្ដង”។

បន្ទាប់ពីថ្វាយគ្រឿងសំណែននៅរស់រួចហើយ សត្វត្រូវបានគេកាប់យកទៅចម្អិន ហើយដាក់ថ្វាយលើអាសនៈដូនតាម្ដងទៀត។ លោក Ga បានពន្យល់ថា៖

“នៅពេលអាហារឆ្អិនហើយ ដាក់លើស្ពកដើម្បីសែនដូនតាម្ដងទៀត។ បន្ទាប់នោះអញ្ជើញមនុស្សពីខាងក្រៅមកធ្វើជាសាក្សី ហើយអ្នកដែលបានអញ្ជើញចូលរួមពិធីដាក់ឈ្មោះ ក៏នាំយកតាមសម្លៀកបំពាក់ និងសម្ពាយ កន្ទបជូនទារក។ គេក៏អាចនាំយកតាមអាហារនិងភេសជ្ជៈមកចូលរួមនៅក្នុងពិធីផងដែរ”។

ចំពោះបងប្អូនជនជាតិ Mong ពិធីដាក់ឈ្មោះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់ ដែលគូសសញ្ញានូវអត្ថិភាពនៃជីវិតមនុស្ស។ នេះក៏ជាលក្ខណៈដ៏វិសេសវិសាលមួយក្នុងរតនសម្បត្តិវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ផងដែរ។ លក្ខណណៈវប្បធម៌ប្រពៃណីដ៏ពិសេសនេះ នៅតែត្រូវបានសហគមន៍ជនជាតិ Mong នៅវៀតណាមថែរក្សានិងអភិរក្សជារៀងរហូត៕

ប្រតិកម្មទៅវិញ