ជនជាតិ Ngai មានឈ្មោះហៅផ្សេងថា Khach Gia He Nga Hac Ca Ngai Lan Man Sin Dan Le។ ប៉ុន្តែបងប្អូនជនជាតិច្រើនហៅឈ្មោះខ្លួនថា San Ngai ពោលគឺជនជាតិព្រៃភ្នំ។ ឈ្មោះហៅនេះមិនត្រឹមតែមានអត្ថន័យអំពីរភូមិសាស្ត្រដែលខ្លួនបានរស់នៅប៉ុណ្ណោះទេ ថែមទាំងអះអាងថា ជនជាតិខ្លួនគឺជាក្រុមមនុស្សមួយ ដែលមានគុណបំណាច់ក្នុងការកាប់ឆ្ការត្រួសត្រាយផ្លូវ កសាងភូមិស្រុកនៅលើតំបន់ព្រៃភ្នំផងដែរ។
ដើម្បីសម្របខ្លួនទៅនឹងជីវភាពរស់នៅនៅតាមតំបន់ព្រៃភ្នំនោះ កាលពីដើមឡើយ ប្រជាជន Ngai បានរិះរកវិធីសាងសង់ផ្ទះធ្វើពីដីឥដ្ឋ ដែលអាចទប់ទល់នឹងអ័ព្ទ និងអាកាសធាតុដ៏ត្រជាក់ក្នុងរដូវរងា ហើយក្ដៅក្នុងរដូវក្តៅ ប៉ុន្តែអាចរាំងស្កាត់មនុស្សខិលខូច និងសត្វសាហាវ។
ដូចទៅនឹងក្រុមជនជាតិដទៃទៀត ដែលជនជាតិ Ngai មាន រូបមន្តខាងបច្ចេកទេសក្នុងការសាងសង់ផ្ទះ ដែលធ្វើពីដីឥដ្ឋ។ ដោយបានរស់នៅប្រមូលផ្ដុំគ្នាក្នុងភូមិស្រុកនៅតាមជួរភ្នំ និងជ្រលងភ្នំ ដែលជាប់នឹងដងទន្លេ ដើម្បីសម្រួលដល់ការធ្វើស្រែចំការនោះ ជាទូទៅ ផ្ទះរបស់ជនជាតិ Ngai មាន ល្វែងចំនួន ៣ និងទីធ្លាចំនួន ២ ។ ផ្ទះនេះបានធ្វើពីដី ឬធ្វើពីដីឥដ្ឋ លាយជាមួយចម្បើង។
ផ្ទះធ្វើពីដីឥដ្ឋលាយជាមួយចម្បើងរបស់ជនជាតិ Ngai (រូបថត៖ baotangdantoc.vn) |
កាលពីមុននេះ អ្នកភូមិទាំងអស់តែងតែជួយគ្នាទៅវិញទៅមក ក្នុងការសាងសង់ផ្ទះពីដីយ៉ាងរឹងមាំ។ ថ្ងៃសាងសង់ផ្ទះក៏ត្រូវបានចាត់ទុកថាជាពិធីបុណ្យក្នុងភូមិអញ្ចឹង។ ដូច្នេះហើយ ក្នុងរយៈពេល ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ គឺអ្នកភូមអាចធ្វើផ្ទះរួចរាល់បានហើយ។ លោក Tham Dich Tho អ្នកភូមិមួយរូបបានឲ្យដឹងថា៖
“ដំបូលផ្ទះរបស់អ្នកមានត្រូវបានប្រក់ដោយស្បូវ បើមិនមានអាចប្រក់ពីជញ្ជ្រាំង ស្លឹកអំពៅក៏មិនអីដែរ។ ជាក់ស្ដែង ប្រសិនបើដំបូលផ្ទះត្រូវបានប្រក់ស្លឹកអំពៅ ឬស្បូវគឺអាចប្រើប្រាស់បានក្នុងរយៈពេល ពី ៣ ទៅ ៤ ឆ្នាំ។ ចំណែកឯដំបូលផ្ទះត្រូវបានប្រក់ជញ្ជ្រាំង ឬស្លឹកអំពៅគឺអាចប្រើប្រាស់បានត្រឹមតែពី ១ ទៅ ១ ឆ្នាំកន្លះតែប៉ុណ្ណោះ“។
យោងតាមស្ថាបត្យកម្មរបស់ជនជាតិ Ngai បានឲ្យដឹងថា ប្រសិនបើធ្វើផ្ទះដែលមានល្វែងចំនួន ៥ គឺត្រូវមានបន្ទប់គេងចំនួន ២។ ចំណែកឯផ្ទះ ដែលមាន ល្វែងចំនួន ៣ គឺមានបន្ទប់គេងតែមួយប៉ុណ្ណោះ។ ក្រៅពីនោះ គឺមានបន្ទប់ទទួលភ្ញៀវ និងបន្ទប់ធ្វើសក្ការបូជាដូនតា។ ស្ថាបត្យកម្មផ្ទះទូទៅរបស់ជនជាតិ Ngai កាលពីអតីតកាលគឺ“ ផ្ទះការពារ” ។ស្ថាបត្យកម្មផ្ទះនេះបានបង្ហាញពីរបៀបរស់នៅដោយឯករាជ្យ និងមិនមានទំនាក់ទំនងពីខាងក្រៅរបស់គ្រួសារជនជាតិ Ngai។ ប្រការនេះ មានន័យថា ផ្ទះធំ ផ្ទះបាយ ទ្រុងសត្វពាហនៈបានតភ្ជាប់គ្នាក្នុងរង្វង់បិទជិត ហើយ ផ្ទះនីមួយៗមានដំបូលដាច់ដោយឡែកពីគ្នា។ ចំណែកកន្លែងចំកណ្តាលវិញ គឺជាទីធ្លារួមសម្រាប់ជួបជុំជីវភាពរស់នៅ។
ជាពិសេស ផ្ទះប្រពៃណីរបស់ជនជាតិ Ngai មានទ្វារធំតែមួយគត់សម្រាប់ ចេញចូល ហើយនៅសង្ខាងមានស៊ុមបង្អួចតូចចំនួនពីរដើម្បីពិនិត្យមើលអ្វីៗដែលកំពុងកើតមានឡើងនៅខាងក្រៅ។
នាបច្ចុប្បន្ន នៅភូមិ Tam Thai (ឃុំ Hoa Thuong ស្រុក Dong Hy ខេត្ត Thai Nguyen ) មានតែគ្រួសាររបស់លោក Tran Thanh Quang ដែលនៅតែរក្សាបានផ្ទះបាយ តាមស្ថាបត្យកម្មធ្វើពីដី។ ទោះយ៉ាងណាក៏ដោយ ដំបូលផ្ទះ និងទីសក្ការបូជាក៏មានការផ្លាស់ប្ដូរឲ្យសមស្របនឹងជីវភាពរស់នៅនាសម័យទំនើបនេះផងដែរ។ ស្លាកស្នាមដែលនៅសល់ គឺជាក្រដាសពណ៌ក្រហមដែលបានបិតជាប់នៅលើអាសនៈដូនតា។
យោងតាមលោក Pham Thanh Son កម្មាភិបាលភូមិវប្បធម៌ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ដោយសារគ្រួសារជនជាតិ Ngai សុទ្ធតែបានរស់នៅក្នុងផ្ទះសង់ ដូចទៅនឹងជនជាតិ Kinh បានជាក្នុងដំណើរការកសាងភូមិ គឺត្រូវផ្ដោតសំខាន់លើការស្ដារភូមិប្រពៃណីរបស់ជនជាតិ។ លោក Pham Thanh Son បានសំណេះសំណាលថា៖
“យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវ រៀបចំគម្រោង និងរចនាប្លង់គំរូតាមរបៀបរស់នៅរបស់ជនជាតិ Ngai ដើម្បីទុកជាកន្លែងស្នាក់នៅ និងអភិរក្សរាល់
តម្លៃវប្បធម៌រូបីយ៍ និងអរូបីយ៍របស់ក្រុមជនជាតិ Ngai“។
ក្រៅពីផ្ទះប្រពៃណីរបស់ក្រុមជនជាតិ Ngai នោះ នៅតាមតំបន់លំនៅដ្ឋាននានា ក្រុមជនជាតិ Ngai ក៏បានផ្លាស់ប្តូរប្លង់ផ្ទះឲ្យសមស្របនឹងប្រជាជននៅមូលដ្ឋាន។
បើទោះបីមានការផ្លាស់ប្តូរគ្រឿងសាងសង់ផ្ទះក៏ដោយ ប៉ុន្តែ ក្រុមជនជាតិ Ngai នៅតែរក្សាផ្ទះប្រពៃណី ដែលរួមមានផ្ទះធំ ផ្ទះបាយ និងទ្រុងសត្វពាហនៈដាច់ដោយឡែកពីគ្នាផងដែរ៕