បំភ្លឺតំបន់ព្រំដែន Can Ho ពីថ្នាក់អក្ខរកម្ម

Chia sẻ

(VOVWORLD) - អស់រយៈពេលជាច្រើនខែមកនេះ នាយប់ជារៀងរាល់ថ្ងៃ ថ្នាក់អក្ខរកម្មភាសាជាតិ (ភាសាវៀតណាម) នៅឃុំព្រំដែន Can Ho ស្រុក Muong Te ខេត្ត Lai Chau តែងតែដំណើរការយ៉ាងផុសផុល។ សិក្ខាកាមក្នុងវ័យជាលោកយាយ និងអ្នកម្តាយ ទើបតែចាប់ផ្តើមរៀនអក្សរនីមួយៗ ប៉ុន្តែអ្នកទាំងអស់គ្នាសុទ្ធតែខិតខំប្រឹងប្រែងដើម្បីក្ដីសុបិន្តនៅថ្ងៃក្រោយៗនឹងចេះអាន ចេះសរសេរ និងនាំយកចំណេះដឹងដែលសិក្សាបានមកបំភ្លឺភូមិឃុំនៅស្រុកកំណើត។

បំភ្លឺតំបន់ព្រំដែន Can Ho ពីថ្នាក់អក្ខរកម្ម - ảnh 1ទោះបីជាមានអាយុចាស់ក៏ដោយ ប៉ុន្តែសិក្ខាកាមជាច្រើននៅក្នុងថ្នាក់អក្ខរកម្មនៅ Lai Chau នៅតែឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។ (រូបថត៖ VOV)

បន្ទាប់ពីមួយថ្ងៃធ្វើស្រែចំការ ពេលយប់មកដល់ ស្ត្រីដែលជាអ្នកម្ដាយនិងបងប្អូននារីជនជាតិ Ha Nhi នៅតាមភូមិនានានៃឃុំ Can Ho ស្រុក Muong Te ខេត្ត Lai Chau តែងតែបបួលទៅថ្នាក់រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Can Ho ដើម្បីរៀនអក្សរ។ នេះជាថ្នាក់ពិសេសព្រោះសិស្សវ័យក្មេងបំផុតក៏មានអាយុជិត២៥ឆ្នាំដែរ ខណៈដែលអ្នកចាស់បំផុតមានអាយុ៦០ឆ្នាំ។ អ្នកស្រី Po Ha Xo មកពីភូមិ Nam Ha ឃុំ Can Ho អាយុ ៤០ឆ្នាំ ជាសិក្ខាកាមដ៏សកម្មម្នាក់ក្នុងថ្នាក់។ ជារៀងរាល់ថ្ងៃ នាងត្រូវដើរចម្ងាយជិត១០គីឡូម៉ែត្រឆ្លងភ្នំទៅធ្វើស្រែចំការ ប៉ុន្តែនៅពេលយប់ មិនថាអាកាសធាតុយ៉ាងណាក៏ដោយ នាងក៏សកម្មទៅថ្នាក់រៀនដែរ។

“ម៉ោង ៧ ព្រឹក ខ្ញុំទៅធ្វើស្រែចំការ ហើយត្រឡប់មកវិញនៅម៉ោង ៧ យប់ ខ្ញុំចូលរៀន។ នៅទីនេះ អ្នកគ្រូបង្រៀនអក្សរជាមុនសិន បន្ទាប់ពីខ្ញុំចេះហើយ ខ្ញុំនឹងមកផ្ទះបង្រៀនកូនៗ។ ខ្ញុំចេះបន្តិចហើយ។ ឥឡូវនេះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះទៅថ្នាក់រៀនខ្ញុំអាចជួបអ្នកគ្រូ រួមទាំងមិត្តភក្តិ”។

មានបទពិសោធន៍ជិត ២០ ឆ្នាំធ្វើការនៅក្នុងសាលាជាច្រើននៅតំបន់ព្រំដែនស្រុក Muong Te និង Lai Chau អ្នកគ្រូ Nguyen Thi Tham មកពីខេត្ត Vinh Phuc មិនអាចចាំថា នាងបានទទួលបន្ទុកបង្រៀនថ្នាក់អក្ខរកម្មប៉ុន្មានទេ។ ដោយបានរស់នៅជាមួយជនរួមជាតិជនជាតិភាគតិចអស់រយៈពេលច្រើនឆ្នាំមកហើយ ហើយចេះភាសា និងយល់ពីវប្បធម៌របស់ជនជាតិជាច្រើន អ្នកគ្រូតែងតែត្រូវបានគេជឿទុកចិត្តជ្រើសរើសជាគ្រូបង្រៀននៅពេលដែលថ្នាក់អក្ខរកម្មត្រូវបានបើកម្ដងៗ។ អ្នកគ្រូ Tham បានចែករំលែកថា៖

“ដើម្បីរក្សាបាននូវចំនួនសិស្សានុសិស្ស គ្រូបង្រៀន អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមេភូមិ ក៏តែងតែលើកទឹកចិត្ត ចលនាមីងៗបងៗ ចូលថ្នាក់រៀនផងដែរ។ យាយៗ មីងៗ វ័យចំណាស់ហើយ ខ្លាចក្នុងការទាក់ទងប្រាស្រ័យគ្នា ហើយការសរសេរ ក៏ជួបការលំបាកជាច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការបង្រៀនយ៉ាងខ្ជាប់ខ្ជួនអស់រយៈពេលជាយូរមក យាយៗមីងៗក៏ចេះអាន ចេះធ្វើការគណនាសាមញ្ញ ហើយឥឡូវនេះមានទំនុកចិត្តខ្លាំងនៅពេលអាន និងចែករំលែកជាមួយអ្នកគ្រូ”។

បំភ្លឺតំបន់ព្រំដែន Can Ho ពីថ្នាក់អក្ខរកម្ម - ảnh 2ថ្នាក់អក្ខរកម្មទាក់ទាញសិក្ខាកាមជាច្រើនចូលរួម។ (រូបថត៖ VOV)

ដើម្បីឱ្យថ្នាក់រៀនមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើមូលដ្ឋាននៃកម្មវិធីដែលបានកំណត់ គ្រូបង្រៀនត្រូវស្រាវជ្រាវ និងស្វែងរកវិធីសាស្ត្របង្រៀនដ៏សាមញ្ញ និងងាយយល់បំផុត ដើម្បីឲ្យសិក្ខាកាមអាចក្រេបយកបានយ៉ាងងាយស្រួល។ លោកគ្រូ Dang Quoc An នាយករងសាលាបឋមសិក្សា និងអនុវិទ្យាល័យ Can Ho ស្រុក Muong Te បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលាមានថ្នាក់អក្ខរកម្មចំនួន ៧ ថ្នាក់ ដោយមានសិក្ខាកាមជាង ១៦០ នាក់។ ក្នុងចំណោមនោះ មានមនុស្សជាច្រើនបានសិក្សាដល់ថ្នាក់សកលទី ៣ ឬវគ្គទី ៣ នៃកម្មវិធីអក្ខរកម្ម ប៉ុន្តែកម្រមានពេលប្រើប្រាស់ ដូច្នេះហើយបានក្លាយជាអ្នកមិនចេះអក្សរម្តងទៀត។ នៅក្នុងរយៈពេលដំបូង ការចលនាលោកយាយ និងអ្នកម្ដាយទៅថ្នាក់រៀន ក៏ជួបការលំបាកជាច្រើនដែរ ប៉ុន្តែអាស្រ័យដោយមានការខិតខំប្រឹងប្រែង និងអំណត់ធ្មត់ ថ្នាក់រៀនបានដំណើរការប្រកបដោយរបៀបរៀបរយជាបណ្តើរៗ។

“ដំបូងឡើយ ឃើញថាសិក្ខាកាមភាគច្រើន មានក្ដីសោមនស្សនិងសកម្មក្នុងការចូលរួមថ្នាក់រៀន ដើម្បីលើកកំពស់ការយល់ដឹងរបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី សម្រាប់ប្រជាជននៅទីនេះ ក៏មានអ្នកខ្លះវ័យចំណាស់ពេកហើយ ភ្នែកក៏ព្រិល ដូច្នេះវាពិបាកខ្លាំងណាស់”។

យោងតាមលោក Po Ga Chu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Can Ho អត្រាជនអក្ខរកម្ម និងអនក្ខរកម្មឡើងវិញនៅមូលដ្ឋានគឺខ្ពស់គួរសម។ ឃុំកំពុងកំណត់គោលដៅនៅចុងឆ្នាំនេះ លុបបំបាត់អនក្ខរភាពសម្រាប់ជាង ៩០% នៃចំនួនប្រជាជននៅមូលដ្ឋានដែលមានអាយុចន្លោះពី ១៥ ទៅ ៦០ ឆ្នាំ។

“គោលដៅនៃថ្នាក់អក្ខរកម្មទាំងនេះគឺដើម្បីឱ្យប្រជាជនអាចចេះអក្សរ និងលេខ ហើយដើម្បីឱ្យប្រជាជនចេះអាន និយាយ និងសរសេរបានល្អជាងមុន។ ពីនោះ ប្រជាជនចេះអនុវត្តន៍វានៅក្នុងជីវភាពរស់នៅជាក់ស្ដែង និងប្រតិបត្តិតាមគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋបានល្អជាង។ គោលដៅរបស់ឃុំគឺខិតខំប្រឹងប្រែងសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំនេះ លើកកម្ពស់គុណភាពនិងលក្ខណៈវិនិច្ឆ័យនៃការអប់រំផងដែរ”។ 

ឆ្លងកាត់ដំណាក់កាលដំបូងជាមួយនឹងការលំបាកជាច្រើន ឥឡូវនេះ សិក្ខាកាមភាគច្រើននៅក្នុងថ្នាក់អក្ខរកម្មនៅ Can Ho ចេះប្រកបពាក្យ អានកំណាព្យ និងអាចអានបានកឋាខ័ណ្ណខ្លីៗ ព្រមទាំងធ្វើការគណនាសាមញ្ញផងដែរ។ "ពន្លឺ" បញ្ចាំងពីថ្នាក់អក្ខរកម្មទាំងនេះ កំពុងនាំមកនូវក្តីសង្ឃឹមសម្រាប់មុខមាត់ថ្មី និងស្រស់ស្អាតជាង នៅតំបន់ព្រំដែននៃ
មាតុប្រទេស៕

ប្រតិកម្មទៅវិញ