បេតិកភ័ណ្ឌនៃពាក្យសម្ដីចាប់ចុងចួនរបស់ជនជាតិ Ede

Chia sẻ

(VOVWORLD) - ពាក្យសម្ដីចាប់ចុងចួន (ភាសា Ede ហៅថា klei due) របស់ជនជាតិ Ede នៅតំបន់ Tay Nguyen គឺជាការប្រមូលផ្ដុំនៃប្រាជ្ញាប្រជាប្រិយ ហើយត្រូវបានមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ ពាក្យសម្ដីចាប់ចុងចួនមានវត្តមាននៅក្នុងការដំណាលរឿងវិរកថា (khan) របស់បណ្ដាសិប្បករ នៅក្នុងពិធីសែនវដ្តសង្សានៃជីវិត ឬពិធីអំណរស្រូវថ្មី។ ពាក្យសម្ដីចាប់ចុងចួន គឺជាទំនុកច្រៀងប្រកបដោយមនោសញ្ចេតនា ដែលប្រៀនប្រដៅកូនចៅឱ្យចេះស្រឡាញ់ស្រុកកំណើត ភូមិឃុំ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ ឬជាពាក្យប្រៀបប្រដូចក្នុងបទចម្រៀងសាសងគ្នាដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ផងដែរ។

បេតិកភ័ណ្ឌនៃពាក្យសម្ដីចាប់ចុងចួនរបស់ជនជាតិ Ede - ảnh 1សិប្បករជនជាតិ Ede កំពុងដំណាលរឿងវីរកថាដោយប្រើប្រាស់ពាក្យចាប់ចុងចួន។ (រូបថត៖ VOV)

ពាក្យ "Klei" តាមភាសាជនជាតិ Ede មានន័យថា ការនិយាយ ហើយ ពាក្យ "Due" មានន័យថា ការតភ្ជាប់។ Klei due ជាការនិយាយភ្ជាប់គ្នាដោយពាក្យចាប់ចុងចួន។ ពាក្យចាប់ចុងចួនត្រូវបានគេនិយមចូលចិត្តប្រើប្រាស់នៅក្នុងជីវភាព និងសកម្មភាពវប្បធម៌របស់ជនជាតិ Ede។ លោកស្រី Linh Nga Nie Kdam អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Tay Nguyen បានឲ្យដឹងថា៖

“កាលពីមុន មនុស្សប្រើច្បាប់ទំនៀមទម្លាប់ដើម្បីពិចារណាពីទោស អនុលោមតាមមាត្រាក្នុងច្បាប់ទំនៀមទម្លាប់។ ហើយច្បាប់ទំនៀមទម្លាប់នេះមានឃ្លាទាំង ២០០០ ដែលសុទ្ធតែជាពាក្យចាប់ចុងចួនដែរ។ ក្នុងបទចម្រៀងប្រជាប្រិយគឺ ទាំងបទ Kut និងបទ Eirei សុទ្ធតែមានពាក្យចាប់ចុងចួន។ បើយើងនិយាយពាក្យចាប់ចុងចួនមិនបាន ពោលគឺមិនអាច្រៀងចម្រៀងប្រជាប្រិយបាននោះទេ។ ហើយពាក្យចាប់ចុងចួនរបស់ជនជាតិ Ede ពិសេសណាស់ វាអាចបត់បែនបាន”។

អ្នកសម្ដែងពាក្យចាប់ចុងចួន គឺជាមនុស្សដែលមានចំណេះដឹងអំពីវប្បធម៌ ទំនៀមទម្លាប់ ពូកែខាងវោហា ដែលអាចបញ្ចេញយ៉ាងត្រឹមត្រូវនិងខ្លីៗនូវបទពិសោធន៍ដែលបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយទៀត។ វាអាចជាបទពិសោធន៍អំពីធម្មជាតិ ដូចជាការមើលអាកាសធាតុ ដើម្បីដឹងពីពេលវេលាដាំដំណាំ ប្រមូលផល ទស្សន៍ទាយថ្ងៃល្អ ថ្ងៃអាក្រក់។ វាក៏អាចជាបទពិសោធន៍ក្នុងទំនាក់ទំនងសង្គម ប្រព្រឹត្តកម្មក្នុងជីវភាព និងទំនៀមទម្លាប់។ សិប្បករ Y Dhin Niê នៅឃុំ Ea Tul ស្រុក Cu Mgar ខេត្ត Dak Lak បានឲ្យដឹងថា៖

“ពេលខ្ញុំបាស្ដាប់បទចម្រៀងប្រជាប្រិយដោយមានពាក្យចាប់ចុងចួនរបស់លោកតាលោកយាយឬស្ដាប់រឿងនិទាន ខ្ញុំមានការនិយមចូលចិត្តពិសេស។ រូបខ្ញុំផ្ទាល់ត្រូវបានសិប្បករវ័យចំណាស់បង្រៀនមួយផ្នែកប៉ុណ្ណោះ ចង់រៀនច្រើនបន្ថែមទៀត ប៉ុន្តែគ្មានអ្នកណាបង្រៀនខ្ញុំទៀតទេ។ ខ្ញុំក៏មានបំណងចង់ថែរក្សាពាក្យចាប់ចុងចួននេះ ហើយបង្រៀនរឿងនិទានបុរាណនិងរបៀបនិយាយដោយពាក្យចាប់ចុងចួនរបស់ជីដូនជីតាជូនកូនចៅ”។

នៅខេត្ត Dak Lak សព្វថ្ងៃនេះ នៅតែមានសិប្បករជាច្រើនដែលមានការយល់ដឹង ហើយសកម្មក្នុងការរក្សាពាក្យចាប់ចុងចួនរបស់ជនជាតិ Ede ដែលក្នុងនោះនៅឃុំ Ea Tul ស្រុក Cu Mgar ដែលត្រូវបានគេចាត់ទុកថាជា “ស្រុកកំណើត” នៃវប្បធម៌ប្រពៃណី Ede នោះ បច្ចុប្បន្នមានសិល្បករជាង ៣០០ នាក់ដែលចេះសម្ដែងពាក្យចាប់ចុងចួននិងច្រៀងបទចម្រៀងប្រជាប្រិយ។ លោក A Mang អនុប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Cu Mgar ខេត្ត Dak Lak បានឲ្យដឹងថា៖

“ពាក្យសម្ដីចាប់ចុងចួន ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ដូច្នេះហើយ យើងខ្ញុំបានផ្សព្វផ្សាយយ៉ាងសកម្មជូនប្រជាជន ដើម្បីថែរក្សានូវវប្បធម៌ប្រពៃណី បង្រៀនជូនកូនចៅដើម្បីថែរក្សាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនេះរបស់ជនជាតិ”។ 

ពាក្យសម្ដីចាប់ចុងចួន (Klei due) មានវត្តមាននៅក្នុងគ្រប់សកម្មភាពក្នុងជីវភាពរបស់ជនជាតិ Ede ហើយបង្កប់នូវតម្លៃវប្បធម៌ដ៏វិសេសវិសាលមួយរបស់ជនជាតិ Ede៖ នោះគឺជាតម្លៃខាងភាសា អក្សរសាស្ត្រសិល្បៈ។ សម្រាប់ជនជាតិ Ede ពាក្យសម្ដីចាប់ចុងចួនគឺជាអក្សរសាស្ត្រផ្ទាល់មាត់មួយប្រភេទដ៏ពោរពេញទៅដោយមនោសញ្ចេតនា ដែលត្រូវបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយទៀត៕

ប្រតិកម្មទៅវិញ