ទំនៀមទម្លាប់ធ្វើសក្ការៈបូជាអ្នកតាចង្ក្រានភ្កើងរបស់ជនជាតិ Tay

Chia sẻ

(VOVWORLD) - ដូចជនជាតិជាច្រើនទៀតដែរ ចង្ក្រានភ្លើងមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ Tay។ ចង្រ្កានភ្លើងជាកន្លែងសម្រាប់ចម្អិនអាហារ កន្លែងទុកដាក់ស្បៀង ព្រមទាំងជាទីសក្ការៈបូជាអ្នកតាចង្រ្កានភ្លើង ដើម្បីបណ្ដេញខ្មោចព្រាយបិសាច ការពារសត្វព្រៃគ្រោះថ្នាក់ ហើយបួងសួងសុំលាភសំណាង និងភាពសម្បូរធូធារផងដែរ។ ដូច្នេះហើយ បងប្អូនជនជាតិ Tay ជានិច្ចកាលចាត់ទុកចង្ក្រានភ្លើងដូចពិភពអាថ៌កំបាំងមួយនៅក្នុងផ្ទះពីជំនាន់មួយទៅជំនាន់មួយទៀត។

ទំនៀមទម្លាប់ធ្វើសក្ការៈបូជាអ្នកតាចង្ក្រានភ្កើងរបស់ជនជាតិ Tay - ảnh 1អណ្ដាតភ្លើងត្រូវរក្សាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ (រូបថត៖ VOV)

ជនជាតិ Tay ចាត់ទុកចង្ក្រានភ្លើងជាលំហពិសិដ្ឋ ជាទីលំនៅរបស់អ្នកតាចង្ក្រានភ្លើង។ លោកស្រី Hoang Thi Nhuan អ្នកស្រាវជ្រាវវប្បធម៌ម្នាក់នៅខេត្ត Cao Bang បានឲ្យដឹងថា៖ អ្នកតាចង្ក្រានភ្លើងរបស់ជនជាតិ Tay ត្រូវបានគេហៅថា Pỏ Fầy (បិតាភ្លើង) ហើយព្រះអង្គនេះនាំមកនូវសំណាងល្អ និងសុភមង្គលដល់គ្រួសារទាំងមូល។ នារាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ផ្ទះណាក៏មានអង្កត់អុសធំៗ ដើម្បីរក្សាភ្លើងឆេះ ដែលជានិមិត្តរូបនៃដងថ្លឹងមួយ ចុងម្ខាងជាឆ្នាំចាស់ និងចុងម្ខាងមួយទៀតជាឆ្នាំថ្មី។

“នារាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ពេលអញ្ជើញជីដូនជីតា លោកតាលោកយាយមកអំណរបុណ្យតេត ផ្ទះត្រូវតែមានអណ្ដាតភ្លើងដ៏កក់ក្ដៅ។ បុណ្យតេតតែងតែត្រជាក់ ដូច្នេះមានសុភាសិតថា “ក្តៅដូចភ្លើង ល្អដូចចាស់”។ ភាពសម្បូរធូធារនៃឆ្នាំចាស់នឹងបន្តចូលឆ្នាំថ្មី ហើយរក្សាជារៀងរហូត ប្រសិនបើមានភ្លើងទើបមានជីវិត។ នាគ្រាចូលឆ្នាំថ្មី មនុស្សវ័យចំណាស់ក្នុងគ្រួសារនឹងអុជភ្លើង ដាំទឹក ថ្វាយជូនជីដូនជីតា មុនពេលអុជធូបលើអាសនៈ នឹងបន់ស្រន់យ៉ាងដូច្នេះថា៖ ឆ្នាំថ្មីបានមកដល់ហើយ អ្នកតាចង្ក្រាននៅឯណា សុំបញ្ចាំងពន្លឺ បញ្តេញនិងដុតសំណាងអាក្រក់ទៅឆ្ងាយៗ ទទួលសំណាងល្អមកផ្ទះ។ ចាប់ពីពេលនេះតទៅ នឹងកក់ក្តៅដូចភ្លើង ដូចឆ្នាំចាស់ប្រកបដោយសេចក្ដីសុខសាន្ត ឆ្នាំនេះក៏នឹងល្អ រកស៊ីមានបាន មានសុខភាពល្អបរិបូរណ៍”។

ចង្ក្រានភ្លើងដំបូងបង្អស់គឺដើម្បីចម្អិនអាហារសម្រាប់គ្រួសារ។ ដោយសារជនជាតិ Tay រស់នៅក្បែរព្រៃភ្នំ ដូច្នេះវត្ថុធាតុដើមសម្រាប់ចម្អិនអាហារគឺអុស។ ជារៀងរាល់យប់រដូវរងាដ៏ត្រជាក់ខ្លាំងក្នុងព្រៃ ចង្ក្រានភ្លើងក៏ដើរតួជាម៉ាស៊ីនកំដៅទៀតផង។ ភ្នក់ភ្លើងត្រូវបានរក្សាពីមួយថ្ងៃទៅមួយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភ្នក់ភ្លើងត្រូវបានរក្សាទុកក្នុងផ្ទះជានិច្ច។ អ្នកស្រាវជ្រាវវប្បធម៌ Hoang Thi Nhuan បានឲ្យដឹងបន្ថែមថា៖

“ភ្លើងត្រូវបានរក្សាក្នុងផ្ទះ ប៉ុន្តែជនជាតិ Tay ក៏យកក្រណាត់រហែកមករុំលើម៉ែកឈើ នាំភ្លើងទៅវាលស្រែ ដើម្បីដុតស្មៅ ឬយកអុសតូចៗ ដូចដើមឈើរឹងនៅលើភ្នំថ្ម ដើម្បីរក្សាភ្នក់ភ្លើងបានយូរ”។

ជីដូនជីតា ឪពុកម្តាយតែងតែរំលឹកកូនចៅកុំឱ្យកាប់អុសនៅក្បែរចង្ក្រានភ្លើង នៅជុំវិញចង្ក្រានត្រូវតែមានលំហដ៏ធំទូលាយសម្រាប់មនុស្សដើរទៅមកនិងអង្គុយជុំវិញ... សិប្បករឆ្នើម Luong Thiem Phu នៅភូមិ Chang Na ឃុំ Tinh Huc ស្រុក Binh Lieu ខេត្ត Quang Ninh បានឲ្យដឹងថា ជនជាតិ Tay នៅទីនេះមានតំណមខ្លះហើយតែងតែប្រៀនប្រដៅកូនចៅថា៖

“តាំងពីបុរាណកាលមក ជីដូនជីតា និងឪពុកម្តាយតែងតែប្រៀនប្រដៅយើងខ្ញុំថា ពេលអង្គុយក្បែរចង្ក្រានភ្លើង មិនត្រូវដាក់ជើងលើជើងទម្រចង្ក្រានតេ ព្រោះតាមទស្សនៈទានថា នេះជាកន្លែងរស់នៅរបស់អ្នកតាចង្ក្រានភ្លើង។ ពេលយកអុសចូលចង្ក្រាន កុំដាក់អុសលើដីខ្លាំងពេក កុំពុះអុសក្នុងចង្ក្រាន; កុំស្ដោះទឹកមាត់នៅជុំវិញ ឬអង្គុយបែរខ្នងដាក់ចង្ក្រាន ព្រោះនេះជាការមិនគោរពដល់អ្នកតាចង្ក្រានភ្លើង”។

សព្វថ្ងៃនេះ ទោះបីជាជីវភាពរបស់ជនជាតិ Tay បានផ្លាស់ប្តូរក៏ដោយ ក៏ភូមិខ្ពង់រាបជាច្រើននៅតែរក្សាបាននូវចង្ក្រានភ្លើងប្រពៃណី និងទំនៀមទម្លាប់ធ្វើសក្ការៈបូជាអ្នកតាចង្ក្រានភ្លើង។ សម្រាប់បងប្អូនជនជាតិ Tay ចង្ក្រានភ្លើងក៏ជានិមិត្តរូបនៃចំណងសាមគ្គីភាព ភាពស្អិតរមួតរវាងឪពុកម្ដាយនិងកូន បងប្អូន និងប្ដីប្រពន្ធ។ ជំនឿនិងការប្រជុំជីវភាពនៅជុំវិញចង្ក្រានភ្លើងបានបង្កើតឡើងលក្ខណៈវប្បធម៌ប្លែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលមកទស្សនាគ្រួសារជនជាតិ Tay ម្ដងៗ៕

ប្រតិកម្មទៅវិញ