សាធារណជនសាកគូរដោយក្រមួនឃ្មុំនៅលើក្រណាត់។ (រូបថត៖ VOV) |
យោងតាមបងប្អូនជនជាតិ Dao Tien បច្ចេកទេសគូរដោយក្រមួនឃ្មុំនៅលើសំលៀកបំពាក់មានអាយុកាលដ៏យូរលង់ ហើយជនជាតិ Dao Tien តែងតែថែរក្សាទំនៀមទំលាប់នេះដើម្បីបង្កើតឡើងសំលៀកបំពាក់ប្រចាំថ្ងៃ។ ជាពិសេស វត្ថុធាតុដើមដ៏សំខាន់ដើម្បីបង្កើតឡើងក្បូរក្បាច់រចនាវិសេសវិសាល លើសម្លៀកបំពាក់របស់ជនជាតិ Dao Tien ក៏ត្រូវបានថែរក្សានិងការពារតាំងពីច្រើនជំនាន់មុនផងដែរ។ សិប្បការិនី Ban Thi Lien ឃុំ Hoai Khao ស្រុក Nguyen Binh ខេត្ត Cao Bang បានឲ្យដឹងថា៖
“ភូមិខ្ញុំមានរូងភ្នំឃ្មុំមួយកន្លែង សំបុកឃ្មុំនៅទីនោះ តែងតែត្រូវបានថែរក្សាតាំងពីមុនមកដើម្បីយកក្រមួន បង្កើតឡើងសំលៀកបំពាក់សម្រាប់ស្ត្រីជនជាតិ Dao Tien។ យើងត្រៀមរៀបចំក្រណាត់ បន្ទាប់មកដាំឲ្យក្រមួនឃ្មុំរលាយ ដើម្បីបោះពុម្ពលើក្រណាត់”។
សិប្បការិនី Sung Y Thanh និងកូនស្រីហាត់គូរដោយក្រមួនឃ្មុំនៅលើក្រណាត់។ (រូបថត៖ VOV) |
សម្រាប់បងប្អូនជនជាតិ Mong ក្រៅពីការត្បាញក្រណាត់ ជ្រលក់ពណ៌ និងប៉ាក់ក្បូរក្បាច់រចនាដោយអំបោះនោះ ការគូរក្បូក្បាច់រចនាដោយក្រមួនឃ្មុំ ក៏មានភាពស្មុគស្មាញហើយទាមទារឲ្យមានថ្វីដៃស្ទាត់ជំនាញផងដែរ។ សិប្បការិនី Sung Y Thanh ឃុំ Pa Co ស្រុក Mai Chau ខេត្ត Hoa Binh បានឲ្យដឹងថា៖
“ជនជាតិ Mong ប្រើប្រាស់ប៊ិចស្ពាន់មាស ទើបរក្សាបាននូវកំដៅនៃក្រមួនឃ្មុំ ដើម្បីគូរលើក្រណាត់។ គូរលម្អិតមួយទៅលម្អិតមួយទៀត យើងអាចគូរតាមគែមផ្ទាំងក្រណាត់។ នៅពេលដឹងពីកំដៅនៃក្រមួនឃ្មុំនិងកំដៅប៊ិច គឺអាចគូរបាន”។
ចូលរួមក្នុងព្រឹត្តិការណ៍ "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ" រៀបចំដោយសារមន្ទីរនារីវៀតណាមនៅដើមខែវិច្ឆិកាកន្លងទៅ សាធារណជនមិនត្រឹមតែទស្សនាដោយផ្ទាល់បណ្ដាសិប្បករជនជាតិ Mong និង Dao Tien បង្ហាញការគូរដោយក្រមួនឃ្មុំប្រពៃណីប៉ុណ្ណោះទេ ថែមទាំងចូលរួមសិក្សានិងបង្កើតផលិតផលដោយខ្លួនឯងទៀតផង។ ចូលរួមក្នុងកម្មវិធី យុវជនមួយចំនួនបានចែករំលែកថា៖
“ខ្ញុំស្រឡាញ់វប្បធម៌របស់បណ្ដាជនជាតិវៀតណាមណាស់ មិនត្រឹមតែវប្បធម៌ជនជាតិ Mong ប៉ុណ្ណោះទេ ថែមទាំងប្រពៃណីរបស់ជនជាតិទាំងអស់ទៀតផង។ ខ្ញុំសង្ឃឹមថា ទាំងនៅបច្ចុប្បន្ននិងអនាគត មនុស្សគ្រប់រូបនឹងអភិរក្ស កុំធ្វើឲ្យអត្តសញ្ញាណសាបរលាបទៅ”។
“ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះនេះគឺជាការតាំងពិព័រណ៍របស់បងប្អូនជនជាតិ Mong និង Dao។ នៅពេលដែលខ្ញុំឃើញគាត់គូរដោយក្រមួនឃ្មុំនៅលើអាវ ខ្ញុំមានអារម្មណ៍ថានេះជាការងារមួយដែលទាមទារឲ្យមានភាពល្អិតល្អន់ ត្រូវតែធ្វើបន្តិចម្ដងៗធ្វើបណ្ដើរ ស្រមើស្រមៃបណ្ដើរ។ ការគូរដោយក្រមួនឃ្មុំនៅលើក្រណាត់គឺជាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់បងប្អូនជនជាតិភាគតិច”។
ផលិតផលដែលមានក្បូរក្បាច់រចនាត្រូវបានគូរដោយក្រមួនឃ្មុំ។ (រូបថត៖ VOV) |
បច្ចុប្បន្ននេះ ក្រៅពីការថែរក្សាសិល្បៈគូរដោយក្រមួនឃ្មុំ បងប្អូនជនជាតិ Mong និង Dao Tien បានបង្កើតក្រុមសហការនិងភូមិសិប្បកម្មដើម្បីបង្កើតឡើងផលិតផលដែល អាចប្រើបានខ្ពស់ បង្កើនតម្លៃសម្រាប់ផលិតផលសិប្បកម្មប្រពៃណី។ ទន្ទឹមនឹងនេះ បង្កើនការតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម ដើម្បីបង្កើតធាតុចេញដោយស្ថេរភាពសម្រាប់ផលិតផល។ លោក Cao Tuan Ninh ប្រធានសហគមន៍ជនជាតិវៀតណាមទាំង ៥៤ និងសិប្បការិនី Sam Thi Thin បានចែករំលែកថា៖
“យើងខ្ញុំមានការតភ្ជាប់និងចែករំលែកគ្នានៅក្នុងសហគមន៍។ បច្ចុប្បន្ននេះ មានសហគមន៍ផ្សេងៗគ្នាជាច្រើននៅក្នុងប្រទេសវៀតណាមដូចជាសហគមន៍ជនជាតិ Dao ជនជាតិ Thai ជនជាតិ Mong ដែលមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយក៏មានការតភ្ជាប់គ្នាផងដែរ។ យើងខ្ញុំតភ្ជាប់គ្នាទៅវិញទៅមក ហើយចង់រៀបចំនិងបង្កើតសហគមន៍ជនជាតិវៀតណាម តាមរយៈនោះជួយឧបត្ថម្ភមនុស្សដែលមានស្ថានភាពលំបាក ធ្វើពាណិជ្ជកម្ម កែលម្អច្រករបៀងផ្លូវច្បាប់ និងវិញ្ញាបនបត្រ ដើម្បីអាចលក់ផលិតផលក្នុងតម្លៃខ្ពស់ជាងនិងមនុស្សបានស្គាល់ដល់កាន់តែច្រើនជាង”។
“រូបខ្ញុំផ្ទាល់ក៏ជាជនជាតិភាគតិចផងដែរ ដូច្នេះខ្ញុំយោគយល់ ហើយមានបំណងថាអាជ្ញាធរនិងអង្គការគ្រប់ជាន់ថ្នាក់ មានគោលនយោបាយជួយឧបត្ថម្ភបងប្អូនជនជាតិភាគតិចដើម្បីអាចរក្សានិងអភិវឌ្ឍន៍វប្បធម៌ លក្ខណៈពិសេសរបស់បងប្អូនជនជាតិភាគតិចនៅទូទាំងប្រទេស”។
ដើម្បីថែរក្សាភាពស្រស់ស្អាតប្រពៃណីនេះ រួមជាមួយនឹងការអភិរក្សនិងបង្រៀនបច្ចេកទេសគូរដោយក្រមួនឃ្មុំនោះ អាជ្ញាធរមូលដ្ឋាន រួមជាមួយបងប្អូនជនជាតិ Mong Dao Tien បាននិងកំពុងរួមគ្នាអភិវឌ្ឍន៍ បង្កើតធាតុចេញដោយស្ថេរភាពសម្រាប់ផលិតផល។ ជាពិសេស អាជីវកម្មជាច្រើនបានតភ្ជាប់ជាមួយនឹងក្រុមសហប្រតិបត្តិការនិងភូមិសិប្បកម្មរបស់ប្រជាជន ដើម្បីកសាងផែនទីបង្ហាញផ្លូវសម្រាប់នាំចេញផលិតផលនៃភូមិសិប្បកម្មទៅកាន់បរទេស៕