សិប្បការិនី Lo Thi Son ជាមនុស្សម្នាក់ដែលសកម្មក្នុងការអភិរក្សនិងផ្សព្វផ្សាយសវប្បធម៌របស់ជនជាតិ Lu។ (រូបថត៖ VOV) |
ជាច្រើនឆ្នាំមកនេះ សិប្បការិនី Lo Thi Son អាយុ ៧០ ឆ្នាំ ជនជាតិ Lu នៅភូមិ Na Khum ឃុំ Ban Hon ស្រុក Tam Duong ខេត្ត Lai Chau នៅតែសង្វាតបង្រៀនវប្បធម៌ប្រពៃណីជនជាតិ។ ក្នុងម៉ោងរៀននីមួយៗ របាំបុរាណ ឬចម្រៀងប្រជាប្រិយ លាយឡំជាមួយសំឡេងខ្លុយ និងគងឃ្មោះ លាន់លឺរំពងពាសពេញភូមិស្រុក។ លោកស្រី Lo Thi Son បាននិយាយថា៖
“ក្នុងដំណើរគាស់រានដី ធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត ខ្ញុំនិពន្ធបាន អញ្ចឹងខ្ញុំបង្រៀនកូនចៅឲ្យចេះច្រៀងនិងរាំ។ ឥឡូវនេះកូនចៅបានចេះនិពន្ធ ច្រៀង និងរាំដោយខ្លួនឯងហើយ។ ទោះបីជាខ្ញុំចាស់ជរាទៅហើយក៏ដោយ ប៉ុន្តែនៅតែចូលរួម ចលនា ទៅរាំ ពិតជារីករាយណាស់”។
ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Lu ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើវប្បកម្មកសិកម្ម ការចិញ្ចឹមបសុសត្វ និងបសុបក្សីក្នុងទ្រង់ទ្រាយតូច។ ក្រៅពីការធ្វើផលិតកម្ម នៅពេលទំនេរពីការងារស្រែចំការ ស្ត្រីជនជាតិ Lu តែងតែប្រមូលផ្តុំគ្នាដើម្បីប៉ាក់ និងត្បាញក្រណាត់។ គ្រួសារជនជាតិ Lu ភាគច្រើនមានកីតម្បាញ និងឧបករណ៍សម្រាប់ត្បាញ។ មុននឹងរៀបការ នារីជនជាតិ Lu ត្រូវចេះប៉ាក់និងត្បាញក្រណាត់យ៉ាងស្ទាត់ជំនាញដើម្បីដេរសម្លៀកបំពាក់សម្រាប់មនុស្សគ្រប់រូបក្នុងក្រុមគ្រួសារ។ ផលិតផលតម្បាញកាត់ដេររបស់ជនជាតិ Lu មានច្រើនប្រភេទដូចជា៖ សំលៀកបំពាក់ កន្សែង កាបូប...
ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់ខេត្ត Lai Chau ស្តីពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ជនជាតិ Lu ឃុំ Ban Hon ស្រុក Tam Duong បានចាត់វិធានការអភិរក្សតម្លៃវប្បធម៌ទាំងរូបីយ៍ និងអរូបីយ៍។ អាស្រ័យហេតុនោះ កាលពីឆ្នាំមុន ឃុំ Ban Hon បានទទួលភ្ញៀវទេសចរជាតិនិងបរទេសជាង ៣ ម៉ឺននាក់មកទស្សនា។ លោក Tao Van In លេខារងគណៈកម្មាធិការបក្សឃុំ Ban Hon ស្រុក Tam Duong បានឲ្យដឹងថា៖
“ឃុំបន្តបង្កើនការយល់ដឹងនិងការទទួលខុសត្រូវរបស់កម្មាភិបាលនិងប្រជាពលរដ្ឋក្នុងការអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ យើងខ្ញុំនឹងបង្កើនការងារអភិរក្ស ពង្រីកតម្លៃវប្បធម៌ដើម្បីបង្កើតបរិយាកាសវប្បធម៌សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្សាភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាជន; ពង្រីកតួនាទីរបស់សិប្បករ ព្រឹទ្ធាចារ្យភូមិ មេភូមិ និងអ្នកមានកិត្យានុភាពក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ Lu”។
សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិ Lu។ (រូបថត៖ VOV) |
នៅក្នុងសហគមន៍ជនជាតិចំនួន ២០ ដែលរស់នៅខេត្ត Lai Chau ជនជាតិ Lu មានគ្រួសារចំនួនជាង ១៣០០ ដោយមានប្រជាជនជិត ៧០០០ នាក់ រស់នៅប្រមូលផ្ដុំនៅស្រុក Tam Duong និង Sin Ho ហើយរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរជាច្រើនដូចជា៖ ពិធីបុណ្យទាន ស្ថាបត្យកម្មផ្ទះឈើប្រពៃណី សិប្បកម្មតម្បាញ សំលៀកបំពាក់ ភាសានិយាយ សិល្បៈសម្តែងប្រជាប្រិយ... រួមជាមួយនឹងប្រជាជន អាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភការស្តារឡើងវិញនូវពិធីបុណ្យ ពិធីការប្រពៃណីជាច្រើន ដើម្បីបំពេញបន្ថែមទៅក្នុងរតនសម្បត្តិវប្បធម៌ដ៏វិសេសិវសាល របស់ជនជាតិ Lu។ លោក Tran Manh Hung នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ ពិធីបុណ្យទានរបស់ជនជាតិ Lu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជំនួយហិរញ្ញវត្ថុដើម្បីស្តារឡើងវិញនិងថែរក្សា។ តម្លៃវប្បធម៌មួយចំនួនដូចជាសំលៀកបំពាក់ និងសិប្បកម្មប្រពៃណីមួយចំនួន ភាសានិងអក្សរប្រជាប្រិយត្រូវបានបង្រៀននៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនោះ គឺការគាំទ្រផ្នែកគោលនយោបាយដល់ក្រុមសិល្បៈមហាជន និងក្លឹបវប្បធម៌ប្រជាប្រិយ។ ខេត្តក៏យកចិត្តទុកដាក់ដល់ការកសាងសំណុំឯកសារដើម្បីលើកតម្កើងសិប្បករប្រជាជន សិប្បករឆ្នើម អ្នកដែលចេះអនុវត្តន៍បេតិកភណ្ឌ ដើម្បីបន្តលើកកម្ពស់តួនាទីរបស់គេក្នុងការបង្រៀន និងផ្សព្វផ្សាយតម្លៃវប្បធម៌ ប្រពៃណីសហគមន៍ផងដែរ”។
ការអភិរក្ស ថែរក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Lu នៅភូមិ Hon បានរួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន និងលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ អាស្រ័យហេតុនោះ លើកទឹកចិត្តបងប្អូនជនជាតិភាគតិចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី; លើកកំពស់តួនាទីជាម្ចាស់កម្មវត្ថុវប្បធម៍ បំផុសមោទនភាពចំពោះតម្លៃវប្បធម៌ប្រពៃណី; រីកសាយភាយគំរូអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជាបណ្តើរៗ ដើម្បីឲ្យអត្តសញ្ញាណជនជាតិ Lu លាយឡំជាមួយលំហូរវប្បធម៌ចម្រុះពណ៌របស់ជនជាតិទាំង ៥៤ នៃប្រទេសវៀតណាម៕