ត្រែស្លឹករបស់ជនជាតិ Dao Khau

Chia sẻ
(VOVWORLD) - ឧបករណ៍តន្ត្រីប្រពៃណីមួយឈុតរបស់ជនជាតិ Dao Khau មានឧបករណ៍ ជាច្រើនដូចជា ត្រែ ស្គរ គងឃ្មោះ ឈិង ដែលក្នុងនោះ ត្រែជាឧបករណ៍តន្ត្រី ស្នូល ព្រមទាំងក៏ជាឧបករណ៍ពិបាករៀនបំផុតផងដែរ។
ត្រែស្លឹករបស់ជនជាតិ Dao Khau - ảnh 1ត្រែស្លឹកត្រូវបានប្រើប្រាស់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Dao Khau។
(រូបថត៖ laichau.gov.vn)
ត្រែ តាមភាសា Dao បានហៅថា phan ty។ នេះជាឧបករណ៍តន្ត្រីមួយប្រភេទ ដែលផ្សាភ្ជាប់នឹងជីវភាពខាងវប្បធម៌ ស្មារតីនិងព្រលឹងវិញ្ញាណរបស់ជនជាតិ Dao Khau។ ជារឿយៗ គេត្រឹមតែប្រើប្រាស់ត្រែក្នុងពិធីរៀបអាពាហ៍ពិពាហ៍និងពិធីទទួលស្គាល់មនុស្សពេញវ័យប៉ុណ្ណោះ តែមិនប្រើប្រាស់ក្នុងពិធីបុណ្យសពឡើយ។ សូរសម្លេងត្រែ លាយឡំ ជាមួយសម្លេងស្គរ គងឃ្មោះ ឈិង បានបង្កើត វង់តន្ត្រីដ៏ពិសេសដោយ ឡែក ដោយមិនអាចច្រឡំជាមួយឧបករណ៍តន្ត្រីផ្សេងៗបានឡើយ។ 
ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ គេផ្លុំត្រែក្នុងពេលវេលាផ្សេងៗគ្នា ហេតុដូច្នេះ សម្លេងត្រែត្រូវសមស្របនឹងស្ថានភាពនីមួយៗ។ ប៉ុន្តែ ពិរោះនិងមានអត្ថន័យ បំផុតនោះ គឺសម្លេងត្រែសម្រាប់ឪពុកម្ដាយរបស់កូនក្រមុំ។ គេផ្លុំត្រែតាមចង្វាក់ យឺតៗ ដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ស្ងប់អារម្មណ៍ ស្រណោះបន្តិច នៅពេល ឪពុកម្ដាយជូនកូនស្រីទៅនៅផ្ទះប្ដី ដូចដែលពាក្យផ្ដែផ្ដាំឲ្យកូនក្រមុំនិងកូនកំលោះ ត្រូវចេះស្រឡាញ់ថែទាំគ្នានៅពេលពួកគេបានក្លាយទៅជាប្ដីប្រពន្ធផងដែរ។ លោក Tan A Senh នៅស្រុក Sin Ho ខេត្ត Lai Chau ដែលជាអ្នកផ្លុំត្រែល្បីឈ្មោះនៅ មូលដ្ឋានបានដំណាល់ថា៖ “ចង់ផ្លុំត្រែបានពិរោះ ត្រូវរៀនសូត្រយូរណាស់ ដោយសារមានចង្វាក់ភ្លេង ជាច្រើន។ ពេលផ្លុំ សម្លេងត្រែត្រូវលាន់លឺកងរំពងដូចការច្រៀងតាមបែបប្រពៃណី របស់ជនជាតិ Dao អញ្ចឹង។ ការផ្លុំត្រែមានរបៀបខ្លះៗ ប៉ុន្តែ សម្លេងត្រែមិនត្រូវឲ្យលឺតិចពេកទេ សម្លេងខ្ញៀវខ្ញារទើបលាន់លឺកងរំពងបាន”។
ធ្វើបានត្រែមួយដោយមានសូរសម្លេងជាក់ច្បាស់និងពិរោះ ទាមទារឲ្យមាន ភាពហ្មត់ចត់ចាប់តាំងពីការជ្រើសរើសវត្ថុធាតុដើម។ ត្រែចែកចេញជា៤ចំណែកគឺ៖ មាត់ ត្រែ កត្រែ តួត្រែនិង បំពងសម្លេងត្រែ។ តួត្រែត្រូវបានធ្វើពីឈើព្រៃដ៏ល្អ ខាងលើ តូច ខាងក្រោមធំ មានប្រវែងប្រមាណ៣០សង់ទីម៉ែត្រនិងប្រហោងក្នុង។ នៅ លើតួត្រែត្រូវបានចោះប្រហោងចំនួន៧ ដើម្បីកែសម្រួលកំពស់សម្លេងនៅ ពេល ផ្លុំត្រែ។ សំខាន់និងពិសេសបំផុតគឺ អណ្ដាតត្រែ ដែលនឹងសម្រេចថា តើត្រែមាន សម្លេងខ្ពស់ឬទាប។ លោក Cheo A Si ពលរដ្ឋម្នាក់នៅស្រុក Sin Ho ខេត្ត Lai Chau បានឲ្យដឹងថា៖ “ធ្វើបានត្រែមួយ យើងត្រូវចំណាយពេលវេលាច្រើនណាស់។ តួត្រែត្រូវបានធ្វើពី ឈើល្អដូចជាឈើក្រឡាញ់។ ប៉ុន្តែសំខាន់បំផុត គឺអណ្ដាតត្រែ ដោយបានធ្វើពី សំបុកនៃដង្កូវមួយប្រភេទ ដែលត្រឹមតែមានតាមរដូវកាលប៉ុណ្ណោះ។ ពេលរក បានសំបុកដង្កូវនេះ យើងត្រូវថែរក្សាឲ្យបានល្អ ដើម្បីប្រើប្រាស់សម្រាប់ច្រើនឆ្នាំ ក្រោយទៀត។ ចំណែកបំពងសម្លេងត្រែ ត្រូវធ្វើពីប្រភេទលង្ហិនដ៏ល្អទើបមាន សម្លេងពិរោះនិងលាន់លឺរំពងបាន។ ក្នុងភូមិប្រសិនបើមានពិធីរៀបអាពាហ៍ ពិពាហ៍ គេសុទ្ធតែអញ្ជើញអ្នកផ្លុំត្រែពិរោះបំផុតមក ផ្លុំត្រែជូនពរគូស្នេហ៍”។
ការរៀនផ្លុំត្រែពិបាកមែន ប៉ុន្តែសំខាន់ជាងគេ អ្នករៀនផ្លុំត្រែ ត្រូវយល់ ពីខ្លឹមសារនៃចង្វាក់នីមួយៗ ហើយចង្វាក់នោះត្រូវបានផ្លុំនៅក្នុងស្ថានភាពណា។ ប្រសិនបើផ្លុំមិនត្រូវ គឺអ្នកផ្លុំមិនយល់ពីវប្បធម៌ប្រើប្រាស់ត្រែទាល់តែសោះ។ ប្អូន Cheo A Xoang នៅស្រុក Sin Ho ខេត្ត Lai Chau បានសំណេះសំណាលពី សេចក្ដីស្រឡាញ់របស់ខ្លួនចំពោះត្រែប្រពៃណីរបស់ជនជាតិខ្លួនយ៉ាងដូច្នេះថា៖ “ខ្ញុំជក់ចិត្តនឹងសម្លេងត្រែរបស់ជនជាតិខ្លួន តាំងពីកុមារភាពមកម្លោះ ហេតុ ដូច្នេះ នៅពេលដែលក្នុងភូមិមានពិធីមង្គលការម្ដងៗ ខ្ញុំតែងតែសុំឲ្យលោកគ្រូ បង្រៀន ហើយរហូតមកដល់ពេលនេះ ខ្ញុំរៀនបានចង្វាក់ជាច្រើនហើយ។ ពិបាកបំផុតនៅពេលផ្លុំត្រែ គឺមិនត្រូវឲ្យដាច់ទេ ត្រូវផ្លុំជាបន្តបន្ទាប់ដល់ចុង បញ្ចប់។ នាបច្ចុប្បន្ន អ្នកចេះផ្លុំត្រែមិនសូវមានច្រើនទេ ហេតុដូច្នេះ ខ្ញុំប្ដេជ្ញាចិត្ត រៀនបទផ្លុំត្រែទាំងអស់របស់ជនជាតិខ្លួន ដើម្បីកុំឲ្យវាសាបសូន្យទៅ”។
ពីជំនាន់មួយទៅជំនាន់មួយ ជនជាតិ Dao KHau តែងតែថែរក្សាត្រែដូចនឹង រតនសម្បត្តិរបស់សហគមន៍។ សួរសម្លេងត្រែក៏ឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់ ប្រជាជនជាជនជាតិ Dao Khau អំពីជីវភាពរស់នៅដ៏សុខសាន្តត្រាណ សម្បូរ ហូហៀរ និងក្ដីសុភមង្គលរបស់គូស្នេហ៍នឹងស្ថិតស្ថិរជារៀងរហូត៕

ប្រតិកម្មទៅវិញ