ជនជាតិ Tay នៅ Bao Lam (Cao Bang) ថែរក្សាការច្រៀងបទចម្រៀង Luon Coi

Chia sẻ

(VOVWORLD) - Bao Lam ជាស្រុកខ្ពង់រាបព្រំដែនភាគនិរតីនៃខេត្ត Cao Bang។ បងប្អូនជនជាតិ Tay នៅទីនេះបានរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ខ្លួន ជាពិសេសគឺបទចម្រៀង "Lượn cọi"។ បទចម្រៀង Lượn cọi ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ប្រៀបប្រដូចសារនៃក្តីស្រឡាញ់ កំពុងត្រូវបានប្រជាជនផ្សព្វផ្សាយ ក្នុងបំណងចង់បង្កើតសញ្ញាសម្គាល់ពិសេសដោយឡែកសម្រាប់ទេសចរណ៍នៅមូលដ្ឋាន។

ជនជាតិ Tay នៅ Bao Lam (Cao Bang) ថែរក្សាការច្រៀងបទចម្រៀង Luon Coi - ảnh 1ក្លឹបច្រៀង Luon Coi នៅភូមិ Tong Ngoang ហាត់បទចម្រៀងដែលពួកគេបានរៀន។

ជារៀងរាល់សប្តាហ៍ សមាជិកនៃក្លឹបច្រៀង Luon Coi នៅភូមិ Tổng Ngoảng ឃុំ Quang Lam ស្រុក Bao Lam តែងតែមានវត្តមានដើម្បីហាត់បទចម្រៀងដែលពួកគេបានរៀន និងផ្លាស់ប្តូរគ្នានូវលទ្ធផលនៃការប្រមូលបទចម្រៀងបុរាណនានា។ ក្លឹបច្រៀង Lượn Cọi ភូមិ Tổng Ngoảng ត្រូវបានបង្កើតឡើងកាលពី ២ ឆ្នាំមុន ដែលមានសមាជិកចំនួន ២៥ នាក់ក្នុងវ័យអាយុផ្សេងៗគ្នា។ លោក  Duong Van Khuyen សមាជិកក្លឹបបានឲ្យដឹងថា៖ ដោយសារតែសមាជិកជាប់រវល់ការងារធ្វើស្រែចម្ការ សកម្មភាពរបស់ក្លឹបតែងតែធ្វើឡើងនៅពេលល្ងាច ពេលខ្លះនៅផ្ទះវប្បធម៌ ពេលខ្លះនៅផ្ទះរបស់សមាជិកម្នាក់។

“យើងច្រៀង Lượn Cọi ក្នុងឱកាសពិធីរៀបមង្គលការ ហើយពេលចូលផ្ទះថ្មី បងប្អូនច្រៀងឆ្លើយឆ្លងគ្នាដើម្បីប្រាស្រ័យសាសងគ្នា។ ក្នុងថ្ងៃមហាសាមគ្គី ឬមហាសន្និបាតបក្ស ក្លឹបយើងក៏ចូលរួមដែរ”។

បទចម្រៀង Luon Coi ច្រើនតែមានខ្លឹមសារសរសើរពីស្រុកកំណើត មាតុភូមិ ភូមិឃុំ និងរដូវអំណោយផល។ ក្នុងទំនាក់ទំនងគ្រួសារ ជនជាតិ Tay ច្រៀង Luon Coi ដើម្បីបង្ហាញពីមនោ
សញ្ចេតនាដ៏ស្និទ្ធស្នាល សេចក្តីស្រឡាញ់ និងការប្រៀនប្រដៅកូនៗ ឲ្យក្លាយជាមនុស្សមានប្រយោជន៍ រស់នៅប្រកបដោយការទទួលខុសត្រូវជាមួយក្រុមគ្រួសារ និងសហគមន៍។ ការច្រៀង Luon Coi ក៏ដើម្បីជូនពរសុភមង្គលដល់គូស្នេហ៍ អបអរសាទរគ្រួសារកូនកំលោះ ទទួលបានកូនក្រមុំល្អ ជូនពរគ្រួសារទទួលសមាជិកថ្មី... ទំនុកច្រៀង Luon Coi ពោរពេញដោយក្តីស្នេហ៍ចំពោះមាតុភូមិ ដែលត្រូវបានរក្សាទុកពីជំនាន់មួយទៅ ជំនាន់មួយទៀត។ អ្នកស្រី Ngo Thi Chuyen រស់នៅឃុំ Quang Lam ស្រុក Bao Lam បានឲ្យដឹងថា៖

“តាំងពីខ្ញុំនៅក្មេង ពេលឃើញអ្នកភូមិច្រៀង Luon Coi ខ្ញុំក៏ច្រៀងតាម។ ខ្ញុំចេះច្រៀងតាំងពីអាយុជាង ១០ឆ្នាំ។ ទោះបីជាឥឡូវនេះមានអាយុជាង ៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែចូលចិត្តច្រៀង។ ខ្ញុំតែងតែច្រៀង Luon Coi ពេលចូលរួមការសម្ដែងសិល្បៈតាមភូមិឃុំ”។

ជនជាតិ Tay នៅ Bao Lam (Cao Bang) ថែរក្សាការច្រៀងបទចម្រៀង Luon Coi - ảnh 2សិប្បការិនីបង្រៀនការច្រៀង Luon Coi ដល់ជំនាន់វ័យក្មេង។ (រូបថត៖ VOV)

បច្ចុប្បន្ននេះ បទចម្រៀង Luon Coi មានវត្តមានតិចតួច ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែភាគច្រើនត្រូវបានសម្ដែងក្នុងពិធីការរបស់ជនជាតិ Tay និងក្នុងការសម្ដែងសិល្បៈប៉ុណ្ណោះ។ អ្នកចេះច្រៀង Luon Coi ភាគច្រើនជាមនុស្សវ័យកណ្តាល និងវ័យចំណាស់។ លោក Nong Van Luong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Bao Lam ខេត្ត Cao Bang បានអះអាងថា៖ ដើម្បីថែរក្សាចម្រៀងប្រពៃណី ស្រុក Bao Lam បានអនុវត្តន៍ដំណោះស្រាយជាច្រើនដូចជា៖ ជួយឧបត្ថម្ភការបង្កើតក្លឹប Luon Coi; លើកទឹកចិត្តសិប្បករ ជនចាស់ជរា ចូលរួមសម្ដែងក្នុងកម្មវិធី ព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ និងចូលរួមថ្នាក់បង្រៀនជូនយុវជនជំនាន់ក្រោយ... ដោយមានគោលដៅ ប្រើអត្តសញ្ញាណវប្បធម៌ ដើម្បីបង្កើតម៉ាកយីហោ និងសញ្ញាសម្គាល់ពិសេសដោយឡែកសម្រាប់ទេសចរណ៍នៅមូលដ្ឋាន៖

“នាពេលខាងមុខ ស្រុក Bao Lam នឹងផ្តោតសំខាន់លើការអនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយជាច្រើន ដើម្បីឃោសនា គាំទ្រ និងលើកទឹកចិត្តសិប្បករ ក៏ដូចជាប្រជាជនឲ្យលើកកំពស់ទំនួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌នៅក្នុងសហគមន៍។ ការងារនេះក៏បំពេញតម្រូវការរីករាយនឹងវប្បធម៌ខាងស្មារតីរបស់ប្រជាជនផងដែរ។ លើសពីនេះ ស្រុកនឹងបន្តជំរុញខ្លាំងការផ្សព្វផ្សាយ ធ្វើអាជីវកម្ម និងតភ្ជាប់បេតិកភណ្ឌវប្បធម៌ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមក្នុងមូលដ្ឋានប្រកបដោយនិរន្តរភាព”។

កាលពីឆ្នាំមុន ចម្រៀង Luon Coi របស់ជនជាតិ Tay នៅឃុំ Yen Tho, Nam Quang, Quang Lam ស្រុក Bao Lam ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នោះគឺជាក្ដីសប្បាយរីករាយ និងមោទនភាពរបស់ប្រជាជន Cao Bang និយាយរួម និងបងប្អូនជនជាតិ Tay ស្រុក Bao Lam និយាយដោយឡែក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជំនាន់ដូនតា៕

ប្រតិកម្មទៅវិញ