ជនជាតិ E De ផ្អាប់ស្រា - ដាស់ឲ្យរសជាតិនិទាឃរដូវភ្ញាក់ឡើង

Chia sẻ

(VOVWORLD) -  ស្រាពាងគឺជាភេសជ្ជៈដែលមិនអាចខ្វះបានក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី របស់បណ្តាក្រុមជន ជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen។ សម្រាប់ជនជាតិ  E Deការនិយមផឹកស្រានៅក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីក៏ជាទំនៀមទម្លាប់មួយផងដែរ។ ដើម្បីទទួលបាននូវពាងស្រាឈ្ងុយឆ្ងាញ់សម្រាប់ក្រុមគ្រួសារ មិត្តភក្តិនិងសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំកុរ ឯក ស័កនេះ ក្រុមគ្រួសារ E De ជាច្រើននៅភូមិ Ea Tieu ឃុំ Ea Tieu ស្រុក Cu Kuin ខេត្ត Dak Lak បានចាប់ផ្តើមការផ្អាប់ស្រាផងដែរ។

ជនជាតិ E De ផ្អាប់ស្រា - ដាស់ឲ្យរសជាតិនិទាឃរដូវភ្ញាក់ឡើង - ảnh 1ភ្ញៀវទេសចរទស្សនាជនជាតិ E De ផ្អាប់ស្រានៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម (រូបថតៈ VOV) 

នៅផ្ទះរបស់អ្នកស្រី H Nuong Byă នៅភូមិ  Ea Tieu ឃុំ Ea Tieu ស្រុក Cu Kuin ខេត្ត Dak Lak ការប្រមូលផលកាហ្វេទើបតែបានបញ្ចប់ ហើយក្រុមគ្រួសារទាំងមូលកំពុងត្រៀមរៀបចំគ្រឿងផ្សំសម្រាប់ការផ្អាប់ស្រា។ សមាជិកផ្សេងៗទៀតក្នុងក្រុមគ្រួសារ បានលាងសម្អាត ពាងធំ ពាងតូច ដើម្បីដាក់ស្រា ថែមទាំងពិនិត្យឡើងវិញ មេដំបែស្រា អង្កាម និងស្លឹកចេក ជាដើម។ នៅឆ្នាំនេះ ក្រុមគ្រួសាររបស់អ្នកស្រី Huong បានធ្វើស្រាពាងទាំងធំ ទាំងតូច ចំនួន៨ពាង សម្រាប់ សាច់ញាតិជិតឆ្ងាយ មកពិសារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ អ្នកស្រីបានរៀបរាប់ថា៖  ដើម្បីមានស្រាឆ្ងាញ់ៗ គឺត្រូវរៀបចំគ្រឿងផ្សំ រហូតដល់រូបមន្តធ្វើ រួមទាំងគិតគូរពីពេលវេលាយ៉ាងម៉េចឲ្យសមស្របទៀតផង ដើម្បីស្រាមានគុណភាពខ្ពស់។ ក្រុមគ្រួសារនីមួយៗមានរូបមន្តផ្សេងៗគ្នា ដើម្បីបង្កើតនូវរសជាតិស្រាដោយឡែករបស់ខ្លួន។

គ្រឿងផ្សំសំខាន់ៗគឺត្រូវចម្អិនអង្ករ ទុកឲ្យជាក់ឬអ៊ុនៗ (អាស្រ័យលើអាកាសធាតុ) ហើយលាយជាមួយមេដំបែស្អាតនិងអង្កាមស្អាត បន្ទាប់មកដាក់ចូលពាង យកស្លឹក ចេកបិទឲ្យជិត ហើយដាក់នៅកន្លែងមានខ្យល់ត្រជាក់។  រូបមន្តដែលធ្វើឲ្យស្រាមានរសជាតិវិសេសវិសាលគឺស្ថិតនៅប្រភេទមេដំបែ។  ជាធម្មតា គ្រួសាររបស់អ្នកស្រី H Nuong និងប្រជាជន E De តែងតែប្រើប្រាស់ប្រភេទមេដំបែប្រពៃណី ដែលធ្វើពី ឫសឈើនៅក្នុងព្រៃ។ ដំណើរការនៃការធ្វើមេដំបែត្រូវបានរក្សាទុកជាអាថ៌កំបាំង ដែលមិនត្រូវបង្ហើបឲ្យគេដឹងទេ លើកលែងតែកូនចៅនៅក្នុងក្រុមគ្រួសារប៉ុណ្ណោះ។ អ្នកស្រី H Nuong បានឲ្យដឹងថា៖ “មេដំបែធ្វើផ្ទាល់ដៃមានលក្ខណៈប្រពៃណីគឺមានសុវត្ថិភាពណាស់ ដោយសារគុណភាពដែលធ្វើពីស្លឹក សំបក់ឈើយកមកពីព្រៃ។ ទីពីរគឺបច្ចេកទេសផ្សំមេដំបែរបស់ស្ត្រីក្នុងភូមិ ហើយស្រាដែលដាក់ក្នុងពាង ក៏នាំមកនូវរសជាតិឈ្ងុយឆ្ងាញ់ពិសេសផងដែរ”។

ជនជាតិ E De ផ្អាប់ស្រា - ដាស់ឲ្យរសជាតិនិទាឃរដូវភ្ញាក់ឡើង - ảnh 2 អ្នកភូមិកំពុងលាយមេដំបែ 

នៅឯភូមិ Ea Tieu គ្រួសាររបស់លោក Ma Pam  (Y Bong Eban) មានអាយុ ៥៥ឆ្នាំ ដែលលោកមានរូបមន្តធ្វើស្រាឆ្ងាញ់បំផុតក្នុងភូមិ។ តាំងពីនៅក្មេង លោកបានស្គាល់ពីរបៀបផ្អាប់ស្រាពីឪពុករបស់លោក។ ពេលធំដឹងក្តី លោកមិនត្រឹមតែផ្អាប់ស្រាតាមរូបមន្តរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងធ្វើស្រាពាងសម្រាប់លក់ដល់ញាតិសន្តាននៅក្នុងភូមិទៀតផង។  ដោយមានការបារម្ភចំពោះការដែល មានគ្រួសារជាច្រើននៅក្នុងភូមិ លែងធ្វើការតាមរបៀបប្រពៃណី ហើយផ្លាស់ប្តូរទៅជារបៀបផលិតស្រាតាមបែបឧស្សាហកម្មវិញ លោក Ma Pam កាន់តែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការ បណ្តុះបណ្តាលឲ្យជំនាន់វ័យក្មេងក្នុងភូមិ នូវបទពិសោធន៍សម្រាប់ធ្វើស្រាពាង ក្នុងគោលបំណង រក្សាប្រពៃណីរបស់ក្រុមជនជាតិ Ede ។ លោក Ma Pam បានសំណេះសំណាលថា៖ “ក្រុមគ្រួសាររបស់ខ្ញុំបានប្រកបមុខរបរធ្វើស្រាពាង ហើយក្រោយនេះ ខ្ញុំនឹងផ្ទេរប្រគល់នូវរបៀបធ្វើស្រាពាងដល់ក្មេងៗក្នុងភូមិ ដើម្បីរក្សាឲ្យបាននូវទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ E De ដើម្បីកុំឱ្យបាត់បង់នូវប្រពៃណីដ៏វិសេសវិសាលនេះ”។

ជនជាតិ E De និយាយដោយឡែក និងក្រុមជនជាតិនានានៅ Truong Son, Tay Nguyen និយាយរួម តែងតែមានទស្សនទានថា ស្រាពាងជាភេរជ្ជៈរបស់ទេវតា និងនាំមកនូវក្តីសប្បាយ លាភសំណាង ហេតុដូច្នេះ នៅពេលដែលភូមិបានប្រព្រឹត្តទៅពិធីបុណ្យទានគឺមិនអាចខ្វះបាននូវស្រាពាងឡើយ។  ស្រាពាងបានធ្វើឲ្យមនុស្សខិតមកជិតជាមួយគ្នា។ ជាពិសេសពេលផឹកស្រាក៏ត្រូវបង្ហាញពីការផ្សារភ្ជាប់គ្នានិងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្នុងជីវភាពរស់នៅក៏ដូចជាការរាប់អានរវាងគ្រួសារជាមួយគ្នាក្នុងឱកាសនានិទាឃរដូវ៕

ប្រតិកម្មទៅវិញ