ជណ្តើរ ៩ កាំ - ស្ពានវប្បធម៌របស់ជនជាតិ Tay និង Nung

Chia sẻ

(VOVWORLD) - ផ្ទះឈើផុតពីដីនិងជណ្តើរ គឺជាលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ជនជាតិTay និង Nung។ ជណ្តើរនេះបង្កប់នូវវប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ជនជាតិ បងប្អូនជនជាតិទាំងពីរនេះ។

ជណ្តើរ ៩ កាំ - ស្ពានវប្បធម៌របស់ជនជាតិ Tay និង Nung - ảnh 1ជណ្តើរ ៩ កាំ - ស្ពានវប្បធម៌របស់ជនជាតិ Tay និង Nung។

កាលពីបុរាណកាល មានសត្វព្រៃដ៏កាចសាហាវជាច្រើន ដូច្នេះហើយ ជនជាតិ Tay, Nung ត្រូវសង់ផ្ទះឲ្យខ្ពស់ៗ ដើម្បីការពារក្រុមគ្រួសារពីសត្វសាហាវស៊ីសាច់ផង ហើយមានកន្លែងស្នាក់នៅត្រជាក់ស្រួល អនាម័យផង។ ការតភ្ជាប់រវាងផ្ទៃដីនិងផ្ទះ គឺជាជណ្តើរឈើ។ លោក Gia Van Vu រស់នៅស្រុក Cho Don ខេត្ត Bac Kan បាននិយាយថា៖

“ជណ្ដើរឡើងលើផ្ទះឈើផុតពីដីរបស់ជនជាតិ Tay, Nung ត្រូវបានកំណត់តាំងពីបុរាណកាលមកហើយ ផ្ទះឈើណាក៏ត្រូវមានជណ្ដើរ ហើយចំនួនកាំជណ្ដើរត្រូវតែជាលេខសេស ៧ កាំ ៩ កាំ... ចំណែកលេខគូ ត្រូវតម។ បើតាមជីដូនជីតាប្រាប់ថា ចំនួនកាំជណ្ដើរលេខគូជា «ជណ្តើរខ្មោច» ដូច្នេះហើយជនជាតិ Tay, Nung ត្រូវសង់ជណ្តើរលេខសេស”។

ជានិម្មិតរូបនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Tay និង Nung កាំជណ្តើរនីមួយៗហាក់ដូចជាដំណាលរឿងរ៉ាវពីបុរាណកាលរបស់ជនជាតិ Tay និង Nung ក្នុងការយកឈ្នះលើធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងសត្វសាហាវ និងខ្មោចព្រាយបិសាច ដើម្បីថែរក្សាជីវភាព... ជាធម្មតា ជនជាតិ Tay , Nung នឹងជ្រើសរើសធ្វើជណ្ដើរ ៩ កាំ។ តាមទស្សនៈទានរបស់ជនជាតិ Tay និង Nung អ្នកដែលឡើងចុះជណ្តើរច្រើនជាងគេគឺម្តាយនិងប្រពន្ធក្នុងគ្រួសារ។ ហេតុដូច្នេះ បានជាពេលចេញទៅណាឆ្ងាយ ជនជាតិ Tay, Nung តែងតែនឹកដល់ម្ដាយនិងប្រពន្ធ។ អាចនិយាយបានថា ជណ្ដើរ ៩ កាំ ជាសាក្សីពីក្ដីសុភមង្គល ការលំបាកលំបិនរបស់ស្ត្រី។

ជណ្តើរ ៩ កាំ ក៏ជាវត្ថុដែលណែនាំ និងវាស់វែងគ្រប់ជំហានរបស់កុមារ រហូតដល់ពេលធំដឹងក្ដីផងដែរ។ កុមារម្នាក់ឡើងជណ្តើរដោយខ្លួនឯង ដោយវារ កាន់ រួចឈរ ដែលជាដំណើរការមួយនៃការយកឈ្នះលើខ្លួនឯង ដើម្បីក្លាយជាមនុស្សធំដឹងក្ដី... ជណ្តើ ៩ កាំក៏ជាសាក្សីក្នុងពីធីជូនដំណើរកូនក្រមុំទៅផ្ទះប្តីផងដែរ។ អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ លោក Duong Sach បានឲ្យដឹងថា៖

“នៅថ្ងៃរៀបការ ដល់ពេលកូនក្រមុំចេញពីទ្វារទៅផ្ទះប្តី នាងនឹងកាន់ជណ្តើរចុះពីលើផ្ទះ។ ពេលនោះ លោកតាលោកយាយ ឪពុកម្តាយ ញាតិមិត្តនឹងមកកាន់ជណ្ដើរឲ្យកូនស្រីចុះ ជូនដំណើរកូនស្រីទៅផ្ទះប្ដី។ ដូច្នេះហើយ កាំជណ្ដើរទាំងនោះប្រៀបប្រដូចជាជណ្ដើរនៃសេចក្ដីស្រឡាញ់ ជាសាក្សីនៃដំណើរចាកចេញពីផ្ទះឪពុកម្តាយបង្កើតរបស់កូនក្រមុំជនជាតិ Tay, Nung ដើម្បីទៅផ្ទះប្ដី”។

ជណ្តើរ ៩ កាំ - ស្ពានវប្បធម៌របស់ជនជាតិ Tay និង Nung - ảnh 2តាមទស្សនៈទានរបស់ជនជាតិ Tay និង Nung អ្នកដែលឡើងចុះជណ្តើរច្រើនជាងគេគឺម្តាយនិងប្រពន្ធក្នុងគ្រួសារ។ អាចនិយាយបានថា ជណ្ដើរ ៩ កាំ ជាសាក្សីពីក្ដីសុភមង្គល ការលំបាកលំបិនរបស់ស្ត្រី។

ក្រៅពីបម្រើការធ្វើដំណើរនោះ ក្នុងជីវភាពខាងវិញ្ញាណរបស់ជនជាតិ Tay - Nung ក៏មានទស្សនៈទានថា ជណ្ដើរគឺដើម្បីទទួល “khoăn” ឬដែលបានហៅថា ជណ្ដើរនៃដួងព្រលឹង។ ពួកគេជឿថា មនុស្សមានរាងកាយ និងដួងព្រលឹងដែលហៅថា "khoăn"។ រាងកាយ និង "khoăn" តែងតែភ្ជាប់ជាមួយគ្នា ប៉ុន្តែជួលកាល khoăn មួយផ្នែក ចេញពីរាងកាយទៅខាងក្រៅ បណ្ដាលឲ្យរាងកាយរបស់មនុស្សរូបនេះ បរិភោគអាហារមិនបានល្អ បង្កឱ្យមានជំងឺ។ ប្រសិនបើចង់ហៅ "khoăn" មកវិញ ត្រូវអញ្ជើញគ្រូសែនមកធ្វើពិធី។ ក្រោមទិដ្ឋភាពស្រាវជ្រាវ អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ លោក Duong Sach បានឲ្យដឹងថា ក្នុងជីវភាពខាងវិញ្ញាណរបស់ជនជាតិ Tay - Nung ជណ្តើរ ៧ ឬ ៩ កាំ គឺតំណាងឱ្យចំនួនដួងព្រលឹង ដែលត្រូវបានចាត់ទុកផងដែរថា ជាខ្សែភ្ជាប់ជីវិតនិងសេចក្ដីស្លាប់របស់មនុស្សផងដែរ។

“ការហៅព្រលឹងជាធម្មតា តម្រូវឱ្យអញ្ជើញគ្រូសែនមកធ្វើពិធី។ ពេលធ្វើពិធីហៅព្រលឹង ឬបណ្ដេញឧបទ្រពចង្រៃ គេតែងតែយកស្លឹកចេកធ្វើជាជណ្ដើរនិមិត្តរូប ដែលជាជណ្ដើរសម្រាប់កងទ័ពនិងសេះរបស់គ្រូសែន ឡើងលើមេឃ ដើម្បីទទួលព្រលឹងមនុស្សវិលត្រឡប់មកវិញ។ នៅលើកាំជណ្ដើរនីមួយៗ ត្រូវបានភ្ជាប់ប្រាក់ នៅលើជណ្តើរទាំងសង្ខាង គេដោតរូបអាយ៉ង់ និងទង់ក្រដាសពណ៌ចម្រុះ... វត្ថុទាំងនេះជាប្រាក់សម្រាប់កងទ័ពនៅឋាននរកដើម្បីការពារជណ្ដើរព្រលឹង”។

សព្វថ្ងៃនេះ បងប្អូនជនជាតិ Tay - Nung តែងតែកែលម្អផ្ទះឲ្យបានសមស្របនឹងលក្ខខណ្ឌធម្មជាតិ និងជីវភាពផលិតកម្មកសិកម្ម ប៉ុន្តែនៅតែមិនភ្លេចថែរក្សាលក្ខណៈប្រពៃណីនោះឡើយ។ ប្រការនេះបានបង្កើតឡើងរចនាបថពិសេសមួយរបស់ជនជាតិ Tay - Nung ដែលត្រូវបានបង្ហាញក្នុងសិល្បៈស្ថាបត្យកម្មផ្ទះឈើផុតពីដី ហើយជាពិសេសរូបភាពជណ្តើរ ៩ កាំ៕

ប្រតិកម្មទៅវិញ