ចង្វាក់ចម្រៀង pao dung របស់ជនជាតិ Dao នៅខេត្ត Yen Bai

Chia sẻ

(VOVWORLD) - Pao dung គឺជាបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Dao ប្រទេសវៀតណាម។ ដើម្បីថែរក្សានិងពង្រីកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន ជនរួមជាតិជនជាតិ Dao នៅស្រុក Van Yen ខេត្ត Yen Bai ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក បានសម្រាំង ថែរក្សា និងបង្រៀនបទចម្រៀងនេះដល់ក្មេងៗជំនាន់ក្រោយ ដោយមានបំណងប្រាថ្នាចង់ឲ្យចង្វាក់ Pao dung លាន់លឺរន្ទឺជារៀង រហូត។

ចង្វាក់ចម្រៀង pao dung របស់ជនជាតិ Dao នៅខេត្ត Yen Bai  - ảnh 1សិប្បករឆ្នើម លោក Dang Nho Vuong ផ្លុំខ្លុយដោយច្រមុះយ៉ាងស្ទាត់ជំនាញ។ (រូបថត៖ baodantoc.vn)

ទំនុកច្រៀងនិងចង្វាក់ភ្លេងប្រជាប្រិយដ៏វិសេសវិសាលរបស់ជនរួមជាតិជនជាតិ Dao សាមញ្ញស្លូតបូតបានក្លាយជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាពរបស់គេ។ នោះគឺជាសំឡេង
បេះដូងរបស់ជនជាតិ Dao ដែលតាមរយៈនេះគេបង្ហាញពីជំនឿ និងសេចក្តីប្រាថ្នាអំពីជីវភាពមួយកាន់តែប្រសើរឡើង។ សិប្បករឆ្នើម លោក Dang Nho Vuong នៅឃុំ Dai Son ស្រុក Van Yen ខេត្ត Yen Bai បានឲ្យដឹងថា៖

“ជនជាតិ Dao មានបទចម្រៀង Pao dung មួយចំនួន ដែលជាចម្រៀងបំពេ ចម្រៀងអញ្ជើញ និងចម្រៀងឆ្លើយឆ្លងគ្នា។ រដូវផ្ការីក រដូវក្តៅ សរទរដូវរដូវរងា រដូវណាក៏អាចច្រៀងបាន។ ឧទាហរណ៍ថា បើយើងទៅធ្វើស្រែចម្ការ ហើយនៅស្រែម្ខាងនោះ មានមនុស្សមួយក្រុមក៏កំពុងធ្វើការ យើងអាចច្រៀងបានដែរ ... ទោះបីជាឃ្លាតពីគ្នាដោយទីទួល ជ្រោះ ក៏ដោយប៉ុន្តែសំឡេងនឹងលាន់លឺកងរំពងដល់ខាងនោះ គេអាចស្ដាប់បាន ហើយនឹងច្រៀងតបតវិញ”។

ការច្រៀងចម្រៀង Pao dung មានប្រវត្តិយូរលង់ណាស់មកហើយ ដោយមានប្រភេទជាច្រើន ដែលបង្កើតឡើងភាពសម្បូរបែបមិនចេះចប់នៃប្រភេទចម្រៀងនេះ ដូចជា៖ ចម្រៀងស្នេហា ចម្រៀងបំពេ ចម្រៀងប្រជាប្រិយ ជាដើម។ ទំនុកច្រៀងសាមញ្ញ ងាយយល់ងាយចងចាំ។ ថ្វីត្បិតតែមាន
បទភ្លេងនិងចង្វាក់ខុសគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែមានតម្លៃវប្បធម៌ដ៏ធំធេង ឆ្ពោះទៅការអប់រំមនុស្សឱ្យយល់ដឹងអំពីប្រភពដើម ស្រុកកំណើត ចេះថែរក្សា និងពង្រីកប្រពៃណីល្អប្រសើររបស់ជនជាតិ លើកតម្កើងស្មារតីពលកម្ម ការច្នៃប្រឌិត របៀបរស់នៅ និងប្រព្រឹត្តិកម្មរបស់មនុស្សចំពោះធម្មជាតិ។

ដោយមានការជ្រួបជ្រាបនិងស្រឡាញ់ចំពោះតម្លៃនៃចម្រៀង Pao dung ចាប់ពីច្រើនឆ្នាំមកនេះ លោក Dang Nho Vuong នៅឃុំ Dai Son ស្រុក Van Yen ខេត្ត Yen Bai បានរៀបចំថ្នាក់រៀនជាច្រើន ក្នុងគោលបំណងចង់បង្រៀនក្មេងៗអំពីបទចម្រៀង pao dung បង្រៀនការផ្លុំខ្លុយច្រមុះ ហើយលេងឧបករណ៍ភ្លេងរបស់ជនជាតិ Dao។ សិប្បករឆ្នើម លោក Dang Nho Vuong បានចែករំលែកថា៖

“ទី១ គឺដោយសារខ្ញុំស្រឡាញ់បទចម្រៀងប្រជាប្រិយរបស់ជនជាតិខ្ញុំស្រឡាញ់និងមានមោទនភាពខ្លាំងណាស់។ ទី២គឺ ស្ដែងចេញពីសេចក្ដីស្រឡាញ់នោះ ខ្ញុំចង់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao ដូច្នេះខ្ញុំបង្រៀននិងបំផុសគំនិតឱ្យក្មួយៗចូលចិត្តរៀន។ បច្ចុប្បន្ននេះ មានក្មួយជាច្រើនបានសិក្សា សប្បាយចិត្តខ្លាំងណាស់ ហើយជឿថា ចម្រៀង Pao dung នឹងបន្តត្រូវបានមរតក”។

ចង្វាក់ចម្រៀង pao dung របស់ជនជាតិ Dao នៅខេត្ត Yen Bai  - ảnh 2ការសម្តែងមួយរបស់កូនសិស្សក្នុងថ្នាក់រៀនរបស់លោក Dang Nho Vuong។ (រូបថត៖ baoyenbai.com.vn)

នៅមហោស្រពសម្តែងសិល្បៈមហាជនបស់ស្រុក និងខេត្ត និងមហោស្រពវប្បធម៌ កីឡារបស់បណ្ដាជនជាតិភាគពាយ័ព្យ ... ក្រុមសិល្បៈឃុំ Dai Son ទទួលបានស្នាដៃនិងមេដាយមាសជាច្រើនជាមួយនឹងបទភ្លេង Pao dung។ ប្អូន Dang Thi Le Na និងប្អូន Dang Thi Thu - ក្មេង២នាក់ក្នុងចំណោមយុវជនជំទង់ជាច្រើនដែលកំពុងចូលរួមថ្នាក់ច្រៀងរាំរបស់សិប្បករ Dang Nho Vuong បានឲ្យដឹងថា៖

“ខ្ញុំរៀនច្រៀង pao dung តាំងពីខ្ញុំនៅរៀនថ្នាក់មធ្យមសិក្សា បង្រៀនដោយពូ Vuong។ ខ្ញុំពិតជាចូលចិត្តបទចម្រៀង pao dung ណាស់ ព្រោះវាជាផ្នែកមួយរបស់ជនជាតិ Dao។ ពេលដែលខ្ញុំសម្តែងបទចម្រៀង pao dung នៅលើឆាក ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង។ ខ្ញុំច្រៀង pao dung ក្នុងពិធីបុណ្យរបស់ជនជាតិ Dao និងជនជាតិដទៃទៀត”។

“ថ្វីត្បិតតែរៀនច្រៀង pao dung ពិបាកណាស់ក៏ដោយ ប៉ុន្តែខ្ញុំនឹងខិតខំព្យាយាមរហូតដល់រៀនច្រៀងបាន។ ចម្រៀង pao dung ពិតជាពិរោះណាស់ ដូច្នេះខ្ញុំនឹងឆ្លៀតឱកាសទាំងអស់ ដើម្បីផ្សព្វផ្សាយចម្រៀង pao dung របស់ជនជាតិខ្លួន។ ខ្ញុំមានមោទនភាពណាស់នៅពេលដែលមានមនុស្សជាច្រើនស្គាល់ដល់ចម្រៀង pao dung របស់ជនជាតិ Dao”។

មនុស្សចាស់ជរាជនជាតិ Dao នៅឃុំ Dai Son ស្រុក Van Yen ខេត្ត Yen Bai កំពុងខិតខំប្រឹងប្រែងអភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ។ សេចក្តីប្រាថ្នាដ៏ឥតកោះត្រើយរបស់ជនជាតិ Dao នៅទីនេះគឺចង្វាក់ Pao dung នឹងលាន់លឺរន្ទឺជារៀងរហូត ដើម្បីឲ្យជំនឿជាក់ និងសេចក្តីប្រាថ្នាអំពីជីវភាពដ៏ល្អប្រសើរបានគងវង្សជានិច្ចក្នុងជនជាតិ Dao ម្នាក់ៗ៕

ប្រតិកម្មទៅវិញ