ការអភិរក្សនិងអភិវឌ្ឍន៍របរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang

Chia sẻ
(VOVWORLD) - ដោយការអភិរក្ស និងផ្សព្វផ្សាយរបរប៉ាក់ចរបាប់របស់ខ្លួន នារីជនជាតិ Dao Tien នៅភូមិ Na Chan ឃុំ Hoa Tham ស្រុក Nguyen Binh ខេត្ត Cao Bang មាន ប្រាក់ចំណូលបន្ថែម ហើយបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការថែរក្សាអត្ត សញ្ញាណវប្បធម៌ជនជាតិខ្លួននៅមូលដ្ឋាន។
ការអភិរក្សនិងអភិវឌ្ឍន៍របរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang - ảnh 1ក្រុមប៉ាក់ចរបាប់ភូមិ Na Chan ផ្សព្វផ្សាយផលិតផលនៅពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមឆ្នាំ២០២០។ (រូបថត៖ Vi Trần Thùy)
នៅភូមិ Na Chan នារីជនជាតិ Dao ជាច្រើនតាំងពីតូច ត្រូវបានលោកយាយ និងអ្នកម្តាយ បង្រៀនរបរប៉ាក់ប្រពៃណីរបស់ជីដូនជីតា។ ក្រុមប៉ាក់ចរបាប់ប្រពៃណីនៅភូមិ Na Chan ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះមានសមាជិកចំនួន ១៧ នាក់។ ពីផ្ទាំងក្រណាត់ចរបាប់ប្រពៃណី ជាមួយនឹងបាតដៃដ៏ប៉ិន ប្រសប់ និងភាពឧស្សាហ៍ព្យាយាម បងប្អូននារីជនជាតិ Dao នៅទីនេះបានបង្កើត ឡើងផលិតផលចរបាប់ដ៏ពោរពេញទៅដោយអត្តសញ្ញាណដោយឡែករបស់ខ្លួន។ នោះគឺជា សំលៀកបំពាក់ប្រពៃណីរបស់នារី Dao Tien ដែលមានលំនាំស្រស់ស្អាតជាច្រើន ដូចជា៖ ក្បូរក្បាច់ធរណីមាត្រ ផ្កាភ្ញី រុក្ខជាតិ សត្វ ដែលមានអត្ថន័យផ្សេងៗគ្នាជាច្រើន ឬស្រោមខ្នើយ ថង់ កម្រាលតុ វត្ថុអនុស្សាវរីយ៍ដែលត្រូវបានប៉ាក់លំនាំយ៉ាងប្រណិត។ អ្នកស្រី Ban Thi Xuan សមាជិកាក្រុមប៉ាក់បានឲ្យដឹងបន្ថែមទៀតថា៖
“ដើម្បីធ្វើបានផលិតផលល្អ គឺត្រូវតែជ្រើសរើសក្រណាត់ចរបាប់យ៉ាងហ្មត់ចត់ បន្ទាប់នោះយកមកជ្រលក់ពណ៌រួចទើបប៉ាក់ក្បូរក្បាច់។ សម្លៀកបំពាក់ប្រពៃណី និងផលិតផលវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជាកន្សែង កាបូបស្ពាយ ត្រូវតែប៉ាក់យ៉ាងយកចិត្ត ទុកដាក់និងល្អិតល្អន់។ ដោយសារតែធ្វើដោយដៃទាំងស្រុង ដូច្នេះ ផលិតផលរបស់ ក្រុមត្រូវតែមានគុណភាពខ្ពស់ជានិច្ចអញ្ចឹង ទើបធ្វើឲ្យអ្នកប្រើប្រាស់ពេញនិយម ហើយធានាបាននូវកេរ្តិ៍ឈ្មោះយូរអង្វែង”។
អ្នកស្រី Ban Thi Bich ជនជាតិ Dao Tien ដែលបានចូលរួម ក្រុមប៉ាក់ចរបាប់ ប្រពៃណីចាប់តាំងពីពេលបង្កើតមក បានឲ្យដឹងថា៖ ពីផលិតផលប៉ាក់របស់ខ្លួន អ្នកស្រី និងបងប្អូននារីជាច្រើននាក់ទៀតនៅក្នុងឃុំមានប្រាក់ចំណូលដោយស្ថិរភាព ក្នុងមួយខែចាប់ពី ៥០ម៉ឺនដល់ ៣ លាន៥០ម៉ឺនដុងឡើងទៅ។ “មុនពេលចូលរួមក្រុមប៉ាក់ចរបាប់ ចំណូលរបស់គ្រួសារខ្ញុំត្រឹមតែពឹងផ្អែកលើការធ្វើស្រែចម្ការប៉ុណ្ណោះ។ បន្ទាប់ពីចូលរួមក្រុមប៉ាក់មក ខ្ញុំមានប្រាក់ចំណូលបន្ថែម ដើម្បីលើកស្ទួយជីវភាពគ្រួសារ ហើយចេះប៉ាក់ និងធ្វើផលិតផលជាច្រើនទៀត”។
ការអភិរក្សនិងអភិវឌ្ឍន៍របរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang - ảnh 2ផលិតផលចរបាប់ដ៏សម្បូរបែបរបស់ក្រុមប៉ាក់ភូមិ Na Chan។
បច្ចុប្បន្ននេះ ក្រៅពីសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន សមាជិកាក្នុង ក្រុមប៉ាក់ Na Chan បានផលិតនូវមុខទំនិញចំនួន២០ប្រភេទទៀត ដូចជា បន្តោងសោរ ស្រោមខ្នើយ ស្រោមភួយ កម្រាលតុ កាបូបស្ពាយ កាបូបដាក់ទូរស័ព្ទ… និងផលិត ផលចរបាប់អនុស្សាវរីយ៍មួយចំនួនទៀត។ ផលិតផលត្រូវបានប៉ាក់ដោយដៃទាំង ស្រុង ឧទ្ទេសនាម និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមដូចជា facebook, zalo ដូច្នេះហើយផលិតផល ត្រូវបានស្គាល់ដល់កាន់តែច្រើនឡើងៗ ត្រូវបានទីផ្សារ និងភ្ញៀវទេសចរណ៍ពេញនិយមបញ្ជាទិញ នាំមកនូវប្រាក់ចំណូលសម្រាប់ ថែរក្សា របរប្រពៃណី។ អ្នកស្រី Trieu Thi Nhim ប្រធានក្រុមប៉ាក់ Na Chan មានឲ្យដឹងថា៖
“ការបង្កើតក្រុមប៉ាក់ Na Chan គឺដើម្បីថែរក្សារបរប្រពៃណី និងអត្តសញ្ញាណ វប្បធម៌ជនជាតិ ដោយបង្កើតប្រាក់ចំណូលសម្រាប់នារី។ ផលិតផលទទួលបានការពេញនិយមខ្លាំងពីភ្ញៀវទេសចរ។ ក្នុងឆ្នាំនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ការលក់ផលិតផល។ យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងយកចិត្តទុកដាក់ជួយឧបត្ថម្ភក្រុមដើម្បីថែរក្សាប្រតិបត្តិការឲ្យបានយូរអង្វែង”។
លោក Hoang Ton Sao ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Tham បាន ឲ្យដឹងថា៖ សកម្មភាពរបស់ក្រុមប៉ាក់នៅភូមិ Na Chan បានជួយនារីជាច្រើនមាន ប្រាក់ចំណូល ហើយសំខាន់ជាងនេះទៅទៀតគឺរីកសាយភាយបាននូវស្មារតីទទួល ខុសត្រូវរបស់បងប្អូនក្នុងការថែរក្សារបរប្រពៃណី។ អាស្រ័យហេតុនេះ ឃុំបាននិង កំពុងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីបងប្អូននារីនឹងនរ ចិត្ត ប្រកបរបរប៉ាក់ចរបាប់នេះ។ “ឃុំបានតភ្ជាប់ជាមួយមជ្ឈមណ្ឌលមួយចំនួនដើម្បីបញ្ជូនបងប្អូននារីទៅ ផ្សព្វផ្សាយផលិតផលនៅកន្លែងជាច្រើន។ ក្រៅពីនោះ គណៈកម្មាធិការប្រជាជន ឃុំក៏បានជួយឧបត្ថម្ភ កសាងផែនការសកម្មភាពសម្រាប់ក្រុម ហើយតម្រង់ទិស សម្រាប់កន្លែងលក់ផលិតផល។ គម្រោងអភិវឌ្ឍន៍សមាគមកសិកម្មខេត្ត Cao Bang CFP បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុដល់ក្រុម ប៉ាក់ចរបាប់ Na Chan ដើម្បីអភិវឌ្ឍ។ តាមរយៈដំណើរការអនុវត្ត ផលិតផលមាន កន្លែងបញ្ជាទិញជាច្រើន ហើយប្រភពចំណូលសម្រាប់ប្រជាជនត្រូវបានលើកកម្ពស់ ផងដែរ”។
 ពីបាតដៃដ៏ប៉ិនប្រសប់ និងល្អិតល្អន់ របរប៉ាក់ប្រពៃណីនៅភូមិ Na Chan ឃុំ Hoa Tham ស្រុក Nguyen Binh ខេត្ត Cao Bang ជានិច្ចកាលត្រូវបានប្រជាជននៅទីនេះ ថែរក្សា និងផ្សព្វផ្សាយ។ មិនត្រឹមតែប៉ុណ្ណោះទេ របរប៉ាក់ក៏នាំមកនូវប្រភពចំណូលដ៏ សំខាន់ លើកកំពស់ជីវភាពរបស់គ្រួសារជនជាតិ Dao នៅទីនេះទៀតផង៕

ប្រតិកម្មទៅវិញ