Khắp Thái (ខាប់ Thai) - ទំនុកចម្រៀងប្រពៃណីរបស់ជនជាតិ Thai

Chia sẻ
(VOVWORLD) - ខាប់ Thai ជាបទចម្រៀងប្រជាប្រិយដែលត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់ មួយទៀតដោយការបង្រៀនផ្ទាល់មាត់ឬការសរសេរ។ “ខាប់” មានប្រជាប្រិយភាព យ៉ាងខ្លាំង ហើយមិនអាចខ្វះបាននៅក្នុងជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិ Thai។
Khắp Thái (ខាប់ Thai) - ទំនុកចម្រៀងប្រពៃណីរបស់ជនជាតិ Thai - ảnh 1ក្រុមសិល្បការិនីជនជាតិ Thai នៅឃុំ Na Phon ស្រុក Mai Chau ខេត្ត Hoa Binh។

ខាប់ Thai ជារបៀបច្រៀងដែលប្រើសំនៀងនិងតន្ត្រីដើម្បីបង្ហាញពីខ្លឹមសារកំណាព្យ។ កំណាព្យមួយបទ រឿងកំណាព្យមួយភាគ ក៏ជាចម្រៀងមួយបទដែរ។ ខាប់ Thai មានច្រើនប្រភេទ អាស្រ័យលើខ្លឹមសារ និងប្រធានបទ នឹងមានឈ្មោះខុសៗគ្នា។

បងប្អូនជនជាតិ Thai អាចច្រៀង “ខាប់” នៅគ្រប់ទីកន្លែង ពីខាងក្នុងផ្ទះឬចេញទៅវាលស្រែ នៅពេលបំពេកូន ក្នុងពិធីបុណ្យ ច្រៀង “ខាប់” ដើម្បីអំណរនិទាឃរដូវ អបអរផ្ទះថ្មី អបអរពិធីចម្រើនជន្មាយុ ឬដើម្បីជូនដំណើរព្រលឹងអ្នកស្លាប់ត្រឡប់ទៅជាមួយជីដូនជីតាវិញ... ខ្លឹមសារនៃបទចម្រៀង “ខាប់” យកគំនិតពីរឿងរ៉ាវដ៏សាមញ្ញ ជិតស្និទ្ធ ដែលឆ្លុះបញ្ចាំងពីជីវភាពប្រចាំថ្ងៃ ការងារ ទម្លាប់ ជំនឿ ហើយបង្ហាញពីគំនិត និងអារម្មណ៍ដែលអ្នកច្រៀងចង់បង្ហាញ។ សិប្បការិនី Ha Thi Bich ជនជាតិ Thai នៅឃុំ Na Phon ស្រុក Mai Chau ខេត្ត Hoa Binh បានឲ្យដឹងថា៖

“ខាប់ Thai ដោយមានចង្វាក់ភ្លេងប្លែកពីគេរបស់ជនជាតិ Thai ត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយទៀត។ ការសម្តែង ខាប់ Thai មានអត្ថន័យលើកសរសើរស្រុកស្រែរបស់ជនជាតិ Thai ពិពណ៌នាវាលស្រែឬសម្រស់ភូមិឃុំ... កម្មវិធីវប្បធម៌សិល្បៈរបស់ភូមិ ក៏មានការសម្ដែង “ខាប់” ដែរ។ ជាពិសេសពិធីបុណ្យ Xen Muong ត្រូវតែមានការច្រៀង “ខាប់” Thai ទើបមានអត្ថន័យពេញលេញ។ យើងខ្ញុំបានបង្កើតក្លឹបខាប់ Thai ដោយមានសមាជិក ៣០នាក់ ទាំងបុរសនិងស្ត្រីគ្រប់វ័យអាយុ។ យើងខ្ញុំជ្រើសរើសអ្នកដែលមានទេពកោសល្យ និងមានចំណង់ចំណូលចិត្ត។ ក្លឹបខាប់ Thai តែងតែទៅសំដែងក្នុងពិធីបុណ្យ ឬពិធីមង្គលការ ពិធីអំណរផ្ទះថ្មី ឬពិធីអំណរទារកទើបកើត”។

ក្នុងចំណោមបទចម្រៀង ខាប់ Thai ប្រហែលជា “ខាប់” សាសងគ្នារវាងបុរសនិងស្ត្រី “ខាប់” បំពេកូន “ខាប់” អំណរនិទាឃរដូវ និង “ខាប់” សូតកំណាព្យ គឺមានប្រជាប្រិយភាពបំផុត។ ទំនុកច្រៀង “ខាប់” ត្រូវបានយកគំនិតពីរឿងកំណាព្យរបស់ជនជាតិ Thai ដោយគួបផ្សំជាមួយនឹង ចង្វាក់ និងពាក្យចាប់ចុងចួន ដើម្បីនាំអារម្មណ៍ទៅក្នុងបទចម្រៀង។ចម្រៀង “ខាប់” ច្រើនតែមានសាច់ភ្លេងទន់ភ្លន់ ទាក់ទាញ ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ “ខាប់” Thai ច្រើនតែអមជាមួយ ខ្លុយឬស្សី និង គែន។ ការច្រៀងដ៏ពិរោះរណ្តំអមដោយសំឡេងខ្លុយ និងគែន បង្កើតជាសំឡេងដ៏ប្លែកពីគេ និងងាយស្រូបជាប់បេះដូងអ្នកស្ដាប់។ លោក Ha Van Xem ជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh បានឲ្យដឹងថា៖

“ “ខាប់” Thai ជាការច្រៀង អមដោយសំឡេងគែន។ “ខាប់”  Thai ក្នុងពិធីមង្គលការជាការច្រៀងដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក។ ក៏មានការច្រៀងឆ្លើយឆ្លងគ្នាដែររវាងបុរសនិងស្ត្រី ឬបុរសជាមួយបុរស ស្ត្រីជាមួយស្ត្រី។ “ខាប់” មាននៅកន្លែងជាច្រើន ហើយ “ខាប់” Thai នៅស្រុក Mai Chau ខុសពី “ខាប់” Thai នៅខេត្ត Son La”។

សព្វថ្ងៃនេះ បណ្តាស្រុកដែលមានជនជាតិ Thai រស់នៅ បានយកចិត្តទុកដាក់ដល់ការថែរក្សា និងលើកកម្ពស់តម្លៃនៃប្រភេទតន្ត្រីនេះ។ លោក Ha Van Ngan លេខារង ប្រធានគណៈកម្មាធិការប្រជាជនឃុំ Na Phon ស្រុក Mai Chau ខេត្ត Hoa Binh បានឲ្យដឹងថា៖

“ឃុំ Na Phon តែងតែយកចិត្តទុកដាក់ដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនប្រចាំតំបន់។ ឆ្នាំនេះ កម្មវិធីគម្រោងទី៨ ចំណុះកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ បានជួយឧបត្ថម្ភឃុំក្នុងការអនុវត្តគម្រោងអភិរក្សអត្តសញ្ញាណវប្បធម៌។ យើងខ្ញុំបានបង្កើតក្លឹបចំនួន ២ ក្នុងនោះមានក្លឹប “ខាប់” Thai ១ ដើម្បីថែរក្សានូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai”។

ប្រសិនបើសិល្បៈរបស់ជនជាតិ Mong ត្រូវបានគេស្គាល់ដល់ជាមួយនឹងក្បាច់របាំគែន ជនជាតិ Tay ជាមួយនឹងចម្រៀង Then នោះ គឺ “ខាប់” Thai ជាទម្រង់តន្ត្រីដ៏ពិសេសដោយឡែករបស់ជនជាតិ Thai។ សម្រាប់បងប្អូនជនជាតិ Thai  ចម្រៀង“ខាប់”  ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងវប្បធម៌ប្រពៃណី ហើយមានអត្ថន័យដ៏ធំធេងក្នុងជីវភាពខាងស្មារតីរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ