ក្នុងចំណោមជនជាតិទាំង ៥៤ នៅវៀតណាម ជនជាតិ Co Tu គឺជាជនជាតិភាគតិចដែលរស់នៅតំបន់ភាគកណ្តាលតាមជួរភ្នំ Truong Son ដែលភាគច្រើននៅក្នុងខេត្តចំនួន ២ គឺ Thua Thien Hue និង Quang Nam។
"Gươl" របស់ជនជាតិ Co Tu នៅយភូមិ Por'ning ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam។ (រូបថត៖ Ngoc Anh) |
"Gươl" នៅក្នុងភាសា Co Tu មានន័យថាសហគមន៍។ នៅពេលស្ថាបនាភូមិ និងសាងសង់ផ្ទះ ជនជាតិ Co Tu តែងតែជ្រើសរើសដី ដើម្បីសាងសង់ផ្ទះ Gươl ជាដំបូងបង្អស់។ Gươl របស់ប្រជាជន Co Tu គឺជាសំណង់និមិត្តរូបរបស់ភូមិទាំងមូល។ ក្រឡែកមើលរូបភាពផ្ទះ Gươl ធំឬតូច គឺអាចដឹងពីអំណាចនិងកម្លាំងរបស់ភូមិនោះយ៉ាងដូចម្ដ៉េច។ លោក Briu Po ព្រឹទ្ធាចារ្យភូមិ Por'ning ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានរៀបរាប់ថា៖
“ភូមិណាក៏មាន Gươl ដែរ។ មនុស្សខាងក្រៅគ្រាន់តែមើល Gươl តើវាធំ មានរូបចម្លាក់ស្រស់ស្អាតដែរឬអត់ គឺដឹងភ្លាមថាភូមិនោះមានលក្ខណៈបែបណា។ Gươl មានអត្ថន័យសម្រាប់ភូមិទាំងមូល សូម្បីតែខាងវិញ្ញាណក៏ដោយ។ ទិសផ្ទះមិនសំខាន់ទេ ទិសណាដែលភ្នែកមើលឃើញបានឆ្ងាយៗ គឺដាក់ទ្វារតាមទិសនោះបានហើយ។ នៅក្នុង Gươl ឆ្លាក់វត្ថុកាន់តែច្រើន សត្វកាន់តែច្រើន រូបភាពកាន់តែច្រើន គឺកាន់តែល្អ។ អ្នកអាចឆ្លាក់រូបអ្វីដែលអ្នកចង់បាន ប៉ុន្តែត្រូវតែមានសត្វមួយចំនួនដូចតទៅ។ ទីមួយគឺ ក្បាលក្របី ព្រោះថាប្រជាជន Co Tu ចាត់ទុក ក្របីជាសត្វដ៏ពិសិដ្ឋ។ នោះគឺសត្វជើង ៤ ចំណែកឯសត្វជើង ២ ដែលមិនអាចខ្វះបានគឺសត្វមាន់ឈ្មោល ដែលជាធម្មតាគេដាក់នៅលើកំពូលទាំង ២ នៃដំបូល Gươl។ ចំពោះសត្វដែលគ្មានជើង ជនជាតិ Co Tu តែងតែឆ្លាក់សត្វពស់ថ្លាន់។ យោងតាមទស្សនៈទានរបស់ជនជាតិ Co Tu សត្វពស់ថ្លាន់ជាប្រភេទសត្វដ៏ខ្លាំងក្លា ស្លូតបូត រូបភាពពស់ថ្លាន់មានអត្ថន័យអប់រំសម្រាប់អ្នកភូមិ។ របាំងមុខក៏មិនអាចខ្វះបានដែរ ព្រោះជនជាតិ Co Tu មានជំនឿថា របាំងមុខអាចបណ្ដេញខ្មោចព្រាយបិសាចបានហើយ រូបចម្លាក់របាំងមុខកាន់តែអាក្រក់ ពួកខ្មោចព្រាយបិសាចកាន់តែភ័យខ្លាច”។
សព្វថ្ងៃនេះ នៅពេលដែលទេសចរណ៍សហគមន៍មានការរីកចម្រើន Gươl បានក្លាយជាកន្លែងទស្សនា ហើយអាចធ្វើជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរនៅពេលមកទីនេះ អាចទទួលបានបទពិសោធន៍ ស្វែងយល់អំពីវប្បធម៌របស់ជនជាតិ Co Tu ដូចជា ការត្បាញចរបាប់ ការត្បាញឬស្សី ការធ្វើនិងលេងឧបករណ៍ភ្លេង ការសម្ដែងគងឃ្មោះ និងការច្រៀងរាំ។ Gươl ក៏ជាកន្លែងសម្រាប់រៀបចំពិធីបុណ្យប្រពៃណីជាច្រើនរបស់ភូមិ ដូចជា ពិធីអំណរស្រូវថ្មី ពិធីចងភាតរភាពរវាងភូមិ Co Tu ទាំងពីរ ជាដើម។ លោក Bhling Phat មេភូមិ Por’ning ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖
“Gươl ជាទីកន្លែងដែលអ្នកភូមិទាំងមូលប្រមូលផ្ដុំគ្នា រៀបចំពិធីបុណ្យទាន ឬជួបពិភាក្សាអំពីព្រឹត្តិការណ៍សំខាន់ៗរបស់ភូមិ។ ការងារណាមួយដែលទាក់ទងនឹងសហគមន៍ ត្រូវតែត្រូវពិភាក្សានៅក្នុង Gưol។ បើនិយាយអំពីការរចនាស្ថាបត្យកម្ម Gươl មើលពីលើដូចជាស្នូកអណ្តើកអញ្ចឹង។ ដំបូល Gươl ធ្វើពីសម្ភារៈធម្មជាតិនៅក្នុងព្រៃភ្នំ នោះគឺស្លឹកផ្តៅ ស្លឹកដូង។ សម្ភារៈសម្រាប់សាងសង់ Gươl ភាគច្រើនពីឈើ។ រូបចម្លាក់នៅក្នុង Goul ភាគច្រើនជាសត្វនៅក្នុងធម្មជាតិ ដើម្បីប្រៀនប្រដៅកូនចៅអំពីសារៈសំខាន់នៃការការពារសត្វព្រៃនិងធម្មជាតិ”។
Gươl នៅភូមិប្រពៃណី Co Tu ស្រុក Tay Giang ខេត្ត Quang Nam។ (រូបថត៖ Ngoc Anh) |
តាមទស្សនៈទានរបស់ជនជាតិ Co Tu ថា Gươl ជាកន្លែងសក្ការៈបូជា ជាទីលំនៅរបស់ពពួកទេវតា និងជីដូនជីតា។ ពេលមកដល់ Gưol មនុស្សគ្រប់រូបមិនត្រូវឈ្លោះប្រកែកគ្នាទេ ប៉ុន្តែត្រូវចេះរួបរួម ស្រឡាញ់ និងជួយគ្នាទៅវិញទៅមក។ លោក Poloong Plenh ពលរដ្ឋស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖
“នៅពេលចូលដល់ភូមិរបស់ជនជាតិ Co Tu ចំណាប់អារម្មណ៍ដំបូងគឺ Gươl។ Gươl ជាទីកន្លែងបង្ហាញពីសាមគ្គីភាពរបស់សហគមន៍ភូមិ ជាទីកន្លែងប្រជុំជីវភាពរបស់អ្នកភូមិ។ ពិធីបុណ្យទានទាំងធំនិងតូចរបស់ភូមិ សុទ្ធតែប្រព្រឹត្តទៅនៅក្នុង Gươl ទាំងស្រុង។ សម្រាប់ប្រជាជន Co Tu ភូមិដែលគ្មាន Gươl មិនមែនជាភូមិរបស់ជនជាតិ Co Tu ទេ”។
Gươl គឺជាលក្ខណៈពិសេសរបស់ជនជាតិ Co Tu ដែលត្រូវបានប្រៀបប្រដូចជាសារមន្ទីរវប្បធម៌របស់ជនជាតិ Co Tu អញ្ចឹង។ Gươl មានតួនាទីដ៏ពិសេសក្នុងជីវភាពរស់នៅនិងក្នុងព្រលឹងវិញ្ញាណរបស់ប្រជាជន Co Tu។ សម្រាប់ប្រជាជន Co Tu Gươl គឺជាអ្វីៗគ្រប់បែបយ៉ាង រក្សាបាន Gươl គឺរក្សាបានភូមិ៕