ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជាង ៣៨០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។

ក្នុងសប្តាហ៍កន្លងទៅនេះ ព័ត៌មាននិងអត្ថបទអំពីសកម្មភាពអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកអាននិងមិត្តអ្នកស្តាប់កម្ពុជា។ កញ្ញា បុប្ផា មកពីខេត្តសៀមរាប បានផ្ញើសំបុត្រដោយសរសេរថា៖ “សូមអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពដែលផ្ទះទាំងអស់នៅវៀតណាមបានព្យួរទង់ជាតិ ហើយប្រជាជនតម្រង់ជួរចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ”។ ចំណែកឯមិត្តអ្នកស្តាប់ សម្បត្តិ នៅរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយថា៖ “ក្នុងនាមជាអ្នកស្ដាប់ VOV ក្នុងអំឡុងពេលច្រើនឆ្នាំ ខែ កញ្ញា នាំមកនូវនូវអារម្មណ៍ដ៏ពិសេសមួយជូនខ្ញុំ ជាមួយនឹងភាពស្រស់ស្អាតនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ ទិវាបុណ្យជាតិវៀតណាម និងទិវាបង្កើត VOV ផងដែរ។ តើ VOV បានរៀបចំសកម្មភាពរំលឹកខួបណាមួយនៅឆ្នាំនេះទេ?

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ប្រជាជនវៀតណាមនិងភ្ញៀវទេសចរអន្តរជាតិតម្រង់ជួរចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញនាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣។ (រូបថត៖ VOV)

មិត្តអ្នកស្ដាប់ជាទីមេត្រី! ទិវាបុណ្យជាតិ ជានិច្ចកាលជាទិវាដ៏ពិសិដ្ឋបំផុតរបស់ប្រជាជនវៀតណាមគ្រប់ជំនាន់។ វាបានក្លាយទៅជាប្រពៃណីហើយ ដែលនៅក្នុងឱកាសទិវាបុណ្យ ទី២ ខែកញ្ញាជារៀងរាល់ឆ្នាំ គ្រប់ផ្ទះ ការិយាល័យរដ្ឋការ រោងចក្រ សាលារៀន មន្ទីរពេទ្យ ... សុទ្ធតែព្យួរទង់ជាតិ; ផ្លូវថ្នល់ត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាតដោយទង់ជាតិនិងផ្កា។ សកម្មភាពវប្បធម៌ សិល្បៈ កម្សាន្ត និងទេសចរណ៍ ប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងលើទូទាំងប្រទេស។ ក្រៅពីទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ក៏ជាការរំលឹកខួបមរណភាពរបស់លោកប្រធានហូជីមិញផងដែរ ដូច្នេះហើយ ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់ជាមួយនឹងលោកអ៊ុំហូ តែងតែទាក់ទាញប្រជាជនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ។ ជាពិសេសក្នុងឱកាសថ្ងៃទី ២ ខែកញ្ញា ឆ្នាំនេះ ប្រាង្គតម្កល់សពលោកប្រធានហូជីមិញនៅរដ្ឋធានីហាណូយ និងតំបន់កេរ្តិ៍ដំណែល Kim Lien នៅខេត្ត Nghe An បានទទួលមនុស្សរាប់ម៉ឺននាក់មកទស្សនានិងគោរពវិញ្ញាណក្ខ័ន្ធលោកអ៊ុំហូ។

ត្រឹមតែ៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនោះ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ វិទ្យុសម្លេងវៀតណាម (VOV) ត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្នុងឱកាសនេះ ក្រៅពីការផលិតព័ត៌មាន អត្ថបទ និងកម្មវិធីពិសេសៗ ដើម្បីអបអរសាទរខួបទិវាបុណ្យជាតិ និងទិវាបង្កើតវិទ្យុ កម្មាភិបាលបុគ្គលិករបស់ VOV ក៏បានរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌សិល្បៈកីឡាជាច្រើនផងដែរ។ ឆ្នាំនេះ ផ្សារណាត់ VOV ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែកញ្ញាកន្លងទៅ បានទាក់ទាញការចូលរួមរបស់អង្គភាពទាំងអស់របស់ VOV។ បណ្ដាស្តង់ដាក់លក់ផលិតផលដ៏សម្បូរបែប ចាប់ពីម្ហូបអាហារ សៀវភៅ កាសែត រហូតដល់ផលិតផលវប្បធម៌ និងឧបករណ៍អេឡិចត្រូនិក… ស្តង់ទំនិញរបស់គណៈកម្មការផ្សាយជាភាសាបរទេស VOV5 បានដាក់លក់ផលិតផលដ៏ពិសេសដោយឡែកមួយចំនួនរបស់បណ្តាប្រទេសអាស៊ាន (កន្សែងក្រម៉ា ថង់ កាបូបចរបាប់ឥណ្ឌូនេស៊ី និងវត្ថុអនុស្សាវរីយ៍ឡាវ… ) ទទួលបានការចាប់អារម្មណ៍ជាច្រើន។ លើសពីនេះ VOV ក៏បានរៀបចំកម្មវិធីប្រគល់រង្វាន់ “ផ្កាយខែកញ្ញា” ក្នុងបំណងចង់បំផុសស្មារតីប្រឡងប្រណាំងនិងការច្នៃប្រឌិតក្នុងសកម្មភាពវិជ្ជាជីវៈ ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ VOV5 បានទទួលពានរង្វាន់ផ្កាយខែកញ្ញាសម្រាប់ពិធីករឆ្នើម។

ខែកញ្ញានៅមានប្រការពិសេសផ្សេងទៀត តើប្រិយមិត្តអាចទាយបានថាជាអ្វីទេ? មែនហើយ នោះគឺជាថ្ងៃទី ៥ ខែកញ្ញា ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សវៀតណាមរាប់លាននាក់។ ប៉ុន្តែហេតុអ្វីបានជាថ្ងៃទី ៥ ខែកញ្ញា? នេះគឺជាសំណួរដែល ចាន់ លីនដា មកពីខេត្តតាកែវ បានផ្ញើមកកម្មវិធី។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2សិស្សានុសិស្សវៀតណាមចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នាព្រឹកថ្ងៃទី ៥ ខែកញ្ញា។

មិត្ត លីនដា និងមិត្តអ្នកស្តាប់ជាទីមេត្រី! នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៤៥ ត្រឹមតែបីថ្ងៃបន្ទាប់ពីអានសេចក្តីប្រកាសឯករាជ្យ លោកប្រធានហូជីមិញបានសរសេរ "សំបុត្រជូនសិស្សានុសិស្ស" ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដើមដំបូងរបស់ប្រទេសវៀតណាមឯករាជ្យ។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់លោកអ៊ុំហូចំពោះការអប់រំ និងអនាគតរបស់ជំនាន់វ័យក្មេងវៀតណាម។ ចាប់តាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នោះមក ថ្ងៃទី ៥ ខែកញ្ញាបានក្លាយជាថ្ងៃបើកឆ្នាំបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់សិស្សានុសិស្សលើទូទាំងប្រទេស។ ថ្ងៃនេះមិនត្រឹមតែជាការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីលើកតម្កើងសេចក្ដីស្នេហាជាតិ និងសេចក្ដីប្រាថ្នាសិក្សារៀនសូត្រ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រជាជនវៀតណាមទៀតផង។ នាថ្ងៃទី ៥ កញ្ញា ឆ្នាំនេះ សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងបិរយាកាសសប្បាយរីករាយ។

ទិវាបុណ្យផ្សេងមួយទៀតដែលច្រើនតែប្រព្រឹត្តទៅនៅក្នុងខែកញ្ញាគឺបុណ្យតេតព្រះច័ន្ទពេញបូណ៌មី (ថ្ងៃទី ១៥ ខែទី ៨ តាមច័ន្ទគតិ)។ នៅក្នុងផ្នែកចុងក្រោយនៃកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីពិធីដង្ហែរភ្លើងគោមយក្សអំណរបុណ្យតេតព្រះច័ន្ទពេញបូណ៌មីនៅខេត្ត Tuyen Quang តាមការស្នើសុំរបស់មិត្តអ្នកស្ដាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3ពិធីដង្ហែភ្លើងគោមយក្សអំណរពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីនៅខេត្ត Tuyen Quang។ (រូបថត៖ VOV2)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! តាំងពីយូរណាស់មកហើយ ភ្លើងគោមយក្ស ដែលត្រូវបានប្រជាជនដង្ហែក្នុងអំឡុងពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីបានក្លាយទៅជា "លក្ខណៈពិសេស" របស់ខេត្ត Tuyen Quang។ ឆ្នាំនេះ ពិធីដង្ហែភ្លើងគោមយក្ស ដែលត្រូវបានប្រារព្ធឡើង ក្នុងឱកាសទិវាបុណ្យជាតិ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ មកទស្សនា។ គំរូចង្កៀងគោមយក្សចម្រុះពណ៌រាប់រយ ដែលត្រូវបានធ្វើតាមរូបសត្វក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាតួអង្គក្នុងរឿងប្រវត្តិសាស្ត្រ រឿងនិទានប្រជាប្រិយ... ត្រូវបានជ្រើសរើសពីស្រុកនានាក្នុងខេត្ត។ ក្រៅពីនោះ ឆ្នាំនេះក៏មានការចូលរួមពីគំរូភ្លើងគោមនៃខេត្ត Xieng Khouang (ឡាវ) និងទីក្រុង Anseong ខេត្ត Gyeonggi (កូរ៉េខាងត្បូង) ទៀតផង។ ការចំណាយសម្រាប់ធ្វើភ្លើងគោមយក្សនីមួយៗគឺប្រហែលពី៨០ដល់១៥០
លានដុងដែលត្រូវបានប្រជាជននៅមូលដ្ឋានរៃអង្គាសដោយស្ម័គ្រចិត្ត។ គំរូភ្លើងគោមនេះមានទំហំដ៏ធំ ដោយកំពស់លើសពី ៣ ម៉ែត្រ ប្រវែងជាង ១២ ម៉ែត្រ ដែលបំពាក់ដោយប្រព័ន្ធភ្លឺចែងចាំងយ៉ាងចិញ្ចែងចិញ្ចាចនៅពេលយប់។ ពិធីដង្ហែភ្លើងគោមយក្សគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Thanh Tuyen ដែលប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៤ លើកកម្រិតជាថ្នាក់ខេត្តក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏វិសេសវិសាលរបស់ខេត្ត Tuyen Quang។ ពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុង Tuyen Quang រួមជាមួយនឹងកម្មវិធីទេសចរណ៍ "ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac" លើកទី ១៤៕

ប្រតិកម្មទៅវិញ