ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៨១ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ យើងក៏ទទួលបានសារលិខិតរបស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងមនុស្សវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ យើងបានទទួលសំបុត្រពីមិត្តអ្នកស្តាប់ជាច្រើន ដែលចែករំលែកអំពី សកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនជនដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជាដែលជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។ មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ បានចែករំលែកថា៖ «នេះជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យណាស់។ ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ មិនត្រឹមតែសម្រាប់ជនដើមកំណើតវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រជាជនកម្ពុជាទៀតផង គឺជាភស្តុតាងនៃទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គីភាពរវាងសហគមន៍ប្រជាជននៃប្រទេសទាំងពីរ»។

លោកអ្នកនាងជាទីមេត្រី។ នាថ្ងៃទី ៧ មេសា សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) សហការជាមួយក្រុមហ៊ុន Viettel Cambodia (Metfone) ដោយមានការគាំទ្ររបស់អង្គភាពអាជីវកម្មនិងអង្គការសប្បុរសធម៌វៀតណាមមួយចំនួន បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំ និងផ្តល់អំណោយដល់ប្រជាជនជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង(កម្ពុជា)។ ក្នុងជួរកម្មវិធីនេះ បុគ្គលិកពេទ្យមកពីអង្គភាពដែលចូលរួមកម្មវិធីនេះ បានពិនិត្យសុខភាព និងពិគ្រោះជំងឺជូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ជាង៦០០នាក់ ក្នុងនោះមានជនដើមកំណើតវៀតណាម ៣០០នាក់ និងប្រជាជនកម្ពុជា ៣០០នាក់។ អាស្រ័យលើស្ថានភាពសុខភាព និងជំងឺរបស់អ្នកចូលរួម ក្រុមគ្រូពេទ្យបានចែកថ្នាំក្នុងកម្រិតសមស្រប។ ចំពោះករណីរ៉ាំរ៉ៃ ក្រុមគ្រូពេទ្យនឹងណែនាំឲ្យអ្នកជំងឺស្វែងរកសេវាវេជ្ជសាស្រ្តសមរម្យសម្រាប់ការព្យាបាល។

ក្នុងសប្ដាហ៍កន្លងទៅ យើងក៏បានទទួលសំបុត្រពីមិត្តអ្នកស្តាប់ សុខម៉េង មកពីកម្ពុជា ដែលចង់ឱ្យកម្មវិធីឧទ្ទេសនាមអំពីគំរូទេសចរណ៍ឆ្លងបទពិសោធន៍ធ្វើជាកសិករនៅភូមិបុរាណ Duong Lam ទីក្រុងហាណូយ។ នេះជាបទពិសោធដ៏ពិសេស និងគួរឲ្យទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនមកពិសោធន៍។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ភ្ញៀវទេសចរណ៍អន្តរជាតិរីករាយសាកពិសោធន៍សកម្មភាពដាំស្រូវនៅភូមិបុរាណ Duong Lam។ (រូបថត៖ TTXVN)

មិត្តអ្នកស្ដាប់ សុខម៉េង និងប្រិយមិត្តជាទីមេត្រី! ការសាកពិសោធន៍ធ្វើជាកសិករ១ថ្ងៃ គឺជាផលិតផលទេសចរណ៍មួយដែលទាក់ទាញភ្ញៀវអន្តរជាតិជាច្រើនមកកាន់ភូមិបុរាណ Duong Lam ទីក្រុងហាណូយ។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាបេតិកភណ្ឌភូមិបុរាណ រួមផ្សំនឹងបទពិសោធន៍កសិកម្ម រីករាយជាមួយមុខម្ហូបពិសេស ស្វែងយល់ពីតម្លៃបេតិកភណ្ឌវប្បធម៌ និងពិសោធន៍កសិកម្មនៅក្នុងភូមិបុរាណ។

ដំណើរកម្សាន្តអូសបន្លាយរយៈពេលពីរថ្ងៃ ភ្ញៀវទេសចរណ៍នឹងទៅទស្សនាភូមិបុរាណនៅពេលព្រឹក ទទួលបទពិសោធន៍ធ្វើជាកសិករនៅពេលរសៀល ចូលរួមចម្អិនអាហារប្រពៃណី និងរីករាយជាមួយអាហារប្រពៃណីរបស់ភូមិ Duong Lam នៅក្នុងផ្ទះបុរាណ ឬអាគារជីវភាពវប្បធម៌ភូមិ។ នៅពេលយប់ ភ្ញៀវទេសចរណ៍អាចចូលរួមក្នុងសកម្មភាពវប្បធម៌និងសិល្បៈនៅក្នុងភូមិ។ នៅព្រឹកថ្ងៃបន្ទាប់ អ្នកទស្សនាអាចចូលមើលប្រជាជនធ្វើសាច់អាំងនិងទៅផ្សារជនបទ។ ដំណើរកម្សាន្តនេះជួយបង្កើនបទពិសោធន៍សម្រាប់ភ្ញៀវតេសចរណ៍ ហើយធ្វើឱ្យពួកគេស្នាក់ភូមិបុរាណ Duong Lam បានយូរ។

ជាបន្ដតាមកម្មវិធី សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តទៅទស្សនាវត្ត Keo Hanh Thien នៅខេត្ត Nam Dinh ជាវត្តពិសេសមួយ ដោយគ្មានព្រះសង្ឃគង់នៅ។ នេះក៏ជាកន្លែងដែលមិត្តអ្នកស្តាប់ ផល ផានិត មានបំណងចង់ស្វែងយល់ផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2វត្ត Keo Hanh Thien នៅខេត្ត Nam Dinh មិនមានព្រះសង្ឃគង់នៅចាប់តាំងពីត្រូវបានសាងសង់ឡើង។ រូបថត៖ hanhthien.net

មិត្ត ផល ផានិត និងប្រិយមិត្តជាទីមេត្រី។ មានទីតាំងស្ថិតនៅកន្លែងប្រសព្វគ្នានៃទន្លេបីគឺ Hong, Thai Binh និង Ninh Co នោះ វត្ត Keo Hanh Thien ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១០៦១។ នៅឆ្នាំ ១៦១១ ដោយសារទឹកជំនន់ វត្តនេះត្រូវបម្លាស់ទី មកសាងសង់ឡើងវិញនៅភូមិ Hanh Thien ឃុំ Xuan Hong ស្រុក Xuan Truong ខេត្ត Nam Dinh ហើយត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ។ ដោយមានរចនាបថស្ថាបត្យកម្មពិសេស កេរ្តិ៍ដំណែលជាតិពិសេសនេះមានតម្លៃស្ថាបត្យកម្ម សិល្បៈ និងទេសភាពធម្មជាតិ ហើយនៅតែរក្សាបាននូវវត្ថុបុរាណប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។ ក្រៅពីនេះ វត្តក៏ជាមូលដ្ឋានសម្រាប់សកម្មភាពបដិវត្តន៍ក្នុងអំឡុងពេលសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំងផងដែរ។

ជាពិសេស វត្តបុរាណដ៏ល្បីល្បាញនេះមិនមានអាចារ្យ ឬព្រះសង្ឃគង់នៅនោះទេ ចាប់តាំងពីត្រូវបានសាងសង់ឡើងមក។ អ្នកភូមិបានឲ្យដឹងថា  ដោយសារតែគ្មានព្រះសង្ឃ ទើបអ្នកភូមិជ្រើសរើសអ្នកថែទាំវត្ត ដោយប្តូរវេនគ្នា ដើម្បីថែរក្សាវត្ត និងណែនាំភ្ញៀវដែលចូលវត្ត៕

ប្រតិកម្មទៅវិញ