ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១១ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៤០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមភូមិស្រុកនានារបស់បងប្អូនជនជាតិខ្មែរ គឺត្រូវបានគ្របដណ្ដប់ដោយបរិយាកាសសប្បាយរីករាយ និងអ៊ូអរដោយការត្រៀមរៀបចំស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី។ នេះក៏ជាប្រធានបទដែលទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកអាននិងមិត្តអ្នកស្តាប់កម្ពុជាកាលពីសប្តាហ៍កន្លងទៅផងដែរ។ មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅភ្នំពេញ មានបំណងចង់ស្តាប់ការឧទ្ទេសនាមអំពីសកម្មភាពត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរនៅប្រទេសវៀតណាម។ ចំណែកមិត្តអ្នកស្តាប់ ចាន់ លីនដា នៅខេត្តសៀមរាប មានសំណួរថា តើជនជាតិខ្មែរបានឈប់សម្រាកពីការងារក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះដែរឬទេ?

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1វត្តខ្មែរនៅខេត្ត Bac Lieu ត្រូវបានតុបតែងដោយទង់និងផ្កា ត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី។ (រូបថត៖ VNA)

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! កាន់តែខិតជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី គឺបរិយាកាសអំណរបុណ្យតេតរបស់ប្រជាពលរដ្ឋខ្មែរនៅតាមខេត្តនានា ដូចជាខេត្តសុកត្រាំង ត្រាវិញ បាកលៀវ...កាន់តែសប្បាយអ៊ូអរ។ ក្រៅពីម៉ោងធ្វើការ និងផលិតកម្ម គ្រួសារបងប្អូនជនជាតិខ្មែរតែងតែឆ្លៀតពេលបោសសម្អាត និងតុបតែងផ្ទះឱ្យបានស្រស់ស្អាត។ សិប្បករផ្តោតលើការជួសជុលឧបករណ៍ភ្លេងពិណពាទ្យ។ យុវជន យុវនារី ចូលរួមហាត់រាំរបាំប្រពៃណី ដើម្បីត្រៀមបង្ហាញទេពកោសល្យក្នុងប៉ុន្មានថ្ងៃបុណ្យតេតខាងមុខ... វត្តខ្មែរក៏ត្រូវបានតុបតែងលម្អដោយទង់និងផ្កាចម្រុះពណ៌ ទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គោលនយោបាយ និងគម្រោងជាក់ស្ដែងរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាសម្រាប់ប្រជាពលរដ្ឋខ្មែរ ការផ្លាស់ប្តូរថ្មីនិងភាពសម្បូរធូធារនៅតាមភូមិស្រុក ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ។ ក្រុមការងាររបស់ថ្នាក់ដឹកនាំមជ្ឈិម មូលដ្ឋាន បណ្ដាស្ថាប័ននិងអង្គភាពអាជីវកម្ម តែងតែចុះសួរសុខទុក្ខ អបអរសាទរ និងប្រគល់អំណោយជូនប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរក្នុងឱកាសនេះ។ បណ្ដាមូលដ្ឋានរៀបចំផែនការឱ្យកម្មាភិបាល យុទ្ធជន មន្ត្រីរដ្ឋការ និយោជិត កម្មករ និងសិស្សានុសិស្សជនជាតិខ្មែរបានឈប់សម្រាកពីការងាររយៈពេល ៣-៤ ថ្ងៃដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2 Cheo តម្រូវឱ្យតារាសម្ដែងត្រូវចេះទាំងការច្រៀង រាំ និងសម្ដែងល្ខោន។ (រូបថត៖ VNA)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាពេលថ្មីៗនេះ វៀតណាមបានដាក់សំណុំឯកសារជាផ្លូវការទៅអង្គការយូណេស្កូ ដើម្បីពិចារណា និងដាក់បញ្ចូល “សិល្បៈ Cheo” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។ ដោយបង្ហាញការយកចិត្តទុកដាក់ដល់ប្រធានបទនេះ មិត្តអ្នកស្តាប់ ស៊ុន ផល់ អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយ បានចែករំលែកថា៖ “ខ្ញុំធ្លាប់បានទស្សនាការសំដែងការច្រៀង quan ho នៅពេលខ្ញុំរៀននៅវៀតណាម ប៉ុន្តែមិនទាន់មានឱកាសស្ដាប់ការច្រៀង Cheo នៅឡើយទេ។ តើអ្នកអាចឧទ្ទេសនាមបន្ថែមអំពីលក្ខណៈពិសេសនៃទម្រង់សិល្បៈនេះបានទេ?

មិត្ត ស៊ុន ផល់ និងប្រិយមិត្តជាទីមេត្រី! កកើតនៅក្នុងសតវត្សទី១០ Cheo (ចែវ) ជាទម្រង់ល្ខោនបុរាណដែលពេញនិយមនៅគ្រប់ភូមិទាំងអស់នៅតំបន់ដីសណ្ដទន្លេក្រហម។ កាលពីមុន Cheo ច្រើនតែត្រូវបានសម្ដែងនៅទីធ្លាសាលាភូមិ វត្ត វិហារ និងទីធ្លាផ្ទះអ្នកមាន។ ឆាកសម្ដែង Cheo ជាធម្មតាគ្រាន់តែជាកន្ទេលមួយលាតនៅកណ្តាលទីធ្លា ដែលនៅខាងក្រោយមានវាំងននតូចមួយ។ ខុសពីទម្រង់សិល្បៈប្រជាប្រិយផ្សេងទៀត Cheo តម្រូវឱ្យតារាសម្ដែងត្រូវចេះទាំងការច្រៀង រាំ និងសម្ដែងល្ខោន ដែលអមដោយឧបករណ៍ភ្លេងជាច្រើនប្រភេទដូចជា ស្គរ ខ្លុយ ចាប៉ីខ្សែ ២ ឬចាប៉ីខ្សែ ៣៦។ ខ្លឹមសារនៃរឿង Cheo ច្រើនតែពណ៌នាអំពីជីវភាពដ៏សាមញ្ញរបស់ប្រជាកសិករ លើកសរសើរគុណសម្បត្ដិដ៏ថ្លៃថ្នូរបស់មនុស្ស រិះគន់ទម្លាប់និងអំពើអាក្រក់ ប្រឆាំងភាពអយុត្តិធម៌ បង្ហាញពីសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងការអត់ឱន។ ដូច្នេះហើយ ពេលទស្សនាការសម្ដែង Cheo មនុស្សម្នាមិនត្រឹមតែអាចសម្របខ្លួនក្នុងទំនុកច្រៀងដ៏ពិរោះរណ្ដំ រីករាយនឹងការសម្រាកលំហែកាយពោរពេញទៅដោយសំណើចប៉ុណ្ណោះទេ ថែមទាំងមានការសញ្ជឹងគិត និងឆ្លុះបញ្ចាំងពីជីវិតទៀតផង។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 3ទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នៅក្នុងសារមន្ទីរសេរ៉ាមិច Bat Trang។

បន្ទាប់មក នៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមជូនលោកអ្នកនាងនិងប្រិយមិត្តអំពីសារមន្ទីរសេរ៉ាមិច Bat Trang នៅទីក្រុងហាណូយ តាមសំណើរបស់មិត្តអ្នកស្តាប់ លឹម មករា ដែលបានផ្ញើមកកាន់កម្មវិធី។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដោយត្រូវបានបំផុសគំនិតពីរូបភាពនៃបាទដៃស្មូនសេរ៉ាមិច សារមន្ទីរសេរ៉ាមិច Bat Trang ត្រូវបានសាងសង់ឡើងនៅភូមិបុរាណ Bat Trang ខ័ណ្ឌ Gia Lam ទីក្រុងហាណូយ ដោយមានផ្ទៃដី ៣៣០០ ម៉ែត្រការ៉េ។ គម្រោងនេះត្រូវបានសាងសង់ឡើងដើម្បីលើកតម្កើងគុណតម្លៃនៃភូមិសិប្បកម្ម Bat Trang និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាព និងម៉ាកយីហោគ្រឿងសេរ៉ាមិច និងផលិតផលសិប្បកម្មផ្សេងទៀតរបស់វៀតណាម។ ជាពិសេស សម្ភារៈប្រើប្រាស់សម្រាប់សារមន្ទីរសេរ៉ាមិច Bat Trang សុទ្ធតែជាឥដ្ឋ និងក្បឿងដែលបានផលិតនៅហ្នឹងមូលដ្ឋាន។ នៅខាងក្នុងសារមន្ទីរសេរ៉ាមិច Bat Trang ត្រូវបានបែងចែកទៅជា ៦ ជាន់ ដែលនាំមកនូវបទពិសោធន៍ផ្សេងៗគ្នាចំនួន ៦។ ជាន់ទីមួយមានហាងលក់ផលិតផលសេរ៉ាមិចជាច្រើន ដើម្បីឲ្យអ្នកទស្សនាអាចទិញជាកាដូអនុស្សាវរីយ៍។ ជាន់ទី ២ គឺជាតំបន់ដែលបានរចនានិងរៀបចំយ៉ាងពិសេស ដោយដាក់តាំងបង្ហាញផលិតផលសេរ៉ាមិចលេចធ្លោរបស់សិប្បករភូមិសិប្បកម្ម Bat Trang ក៏ដូចជាប្រវត្តិនៃការបង្កើត និងអភិវឌ្ឍភូមិសិប្បកម្មផងដែរ។ ជាន់ទី ៣ គឺជាមជ្ឈមណ្ឌលសិល្បៈសហសម័យ ដែលដាក់តាំងបង្ហាញផលិតផលសេរ៉ាមិចដ៏ប្លែក និងប្រកបដោយភាពច្នៃប្រឌិត។ ជាន់ទី ៤ និងទី ៥ ជាតំបន់ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងពិសារតែ កន្លែងរៀបចំព្រឹត្តិការណ៍ សកម្មភាពសិល្បៈប្រជាប្រិយ និងសកម្មភាពវប្បធម៌សិល្បៈតាមកាលកំណត់។ ជាន់ក្រោមដីគឺជាកន្លែងដែលអ្នកទស្សនាអាចទទួលបានបទពិសោធន៍ជាក់ស្ដែងតាមរយៈដំណើរការធ្វើគ្រឿងសេរ៉ាមិចជាមួយបណ្ដាសិប្បករ។ នេះក៏ជាកន្លែងតាំងបង្ហាញដោយឡែកសម្រាប់សិប្បករ និងសិល្បៈករផងដែរ៕

ប្រតិកម្មទៅវិញ