ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។

ទាក់ទងនឹងព័ត៌មានដែលបានផ្សាយក្នុងសប្តាហ៍មុន មិត្តអ្នកស្ដាប់ បុប្ផា នៅខេត្តសៀមរាប បានផ្ញើសំបុត្រមួយច្បាប់ដោយសរសេរថា៖ “ខ្ញុំឃើញថាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជានិងវៀតណាម ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ក្រោយពីការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩។ ថ្មីៗនេះ ភ្ញៀវទេសចរវៀតណាមទៅកាន់ខេត្តសៀមរាបមានការស្ដារឡើងវិញ ហើយខ្ញុំដឹងថាចំនួនភ្ញៀវកម្ពុជាមកវៀតណាមក៏មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរទេ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជម្រាបជូនថា កម្ពុជាបច្ចុប្បន្នជាទីផ្សារមួយដែលមានចំនួនភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាម លើសពីកម្រិតមុនជំងឺកូវីដ ដោយកើនឡើងជាង៣ដងបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩។ ជាក់ស្តែង នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ វៀតណាមបានទទួលភ្ញៀវកម្ពុជាប្រហែល ១៩៨ ពាន់នាក់ កើនឡើង ៣៣៨% បើធៀបនឹងឆមាសទីមួយនៃឆ្នាំ ២០១៩។ ចំនួនភ្ញៀវទេសចរមកវៀតណាមពីប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត ក៏មានការកើនឡើងគួរឲ្យចាប់អារម្មណ៍នោះគឺ ប្រទេសឡាវ (១១៧%) ថៃ (១០៨%) និងសិង្ហបុរី (ជាង ១០៧%)។ ផ្ទុយទៅវិញ វៀតណាមក៏ជាប្រទេសមួយដែលមានចំនួនភ្ញៀវទេសចរទៅកាន់កម្ពុជាច្រើនបំផុតផងដែរ។ នៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមចំនួនជាង ៤៦៦.០០០នាក់ ស្មើនឹង ២១,៧% នៃចំនួនភ្ញៀវមកកម្ពុជាសរុប ហើយជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីភ្ញៀវបរទេសមកកម្ពុជា។ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរវៀតណាមទៅកម្ពុជាក៏ហួសពី២០ម៉ឺននាក់ផងដែរ។ ប្រទេសវៀតណាមនិងកម្ពុជា មានវប្បធម៌វិសេសវិសាលដូចគ្នា ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបេតិកភណ្ឌធម្មជាតិនិងប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ (UNESCO) ដូចជាប្រាសាទអង្គរវត្ត ឬឈូងសមុទ្រហាឡុង... នេះគឺជាសក្តានុពលដ៏ធំធេងសម្រាប់ប្រទេសទាំងពីរដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍-វប្បធម៌នាពេលអនាគត។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1ផ្នែកមួយនៃផ្ទាំងគំនូរលើជញ្ជាំងដែលបានបង្កើតកំណត់ត្រាវៀតណាមនៅ
ខេត្ត Ninh Thuan។

ក៏ទាក់ទងនឹងប្រធានបទទេសចរណ៍ដែរ មិត្តអ្នកស្តាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ បានផ្ញើសំបុត្រមកកម្មវិធីដោយបង្ហាញពីបំណងចង់ស្តាប់ការឧទ្ទេសនាមអំពីផ្ទាំងគំនូរជញ្ជាំងដែលបានបង្កើតកំណត់ត្រាវៀតណាម នៅខេត្ត Ninh Thuan។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! នាពេលថ្មីៗនេះ នៅឧទ្យានសមុទ្រ Ninh Chu ស្រុក Ninh Hai ខេត្ត Ninh Thuan អង្គការកំណត់ត្រាវៀតណាម សហការជាមួយខេត្ត Ninh Thuan បានរៀបចំពិធីប្រកាសផ្ទាំងគំនូរលើជញ្ជាំងដែលបានបង្កើតកំណត់ត្រាវៀតណាម។ ផ្ទាំងគំនូរជញ្ជាំងនេះត្រូវបានគូរតាមបណ្ដោយផ្លូវឆ្នេរសមុទ្រ Vinh Hy - Binh Tien ស្រុក Ninh Hai ដែលមានប្រវែងជិត ៩០០ ម៉ែត្រ កម្ពស់ ១,៧ ម៉ែត្រ ផ្ទាំងគំនូរមានកំពស់ ១,៥ ម៉ែត្រ។ នេះជាផលិតផលនៃការប្រឡងគូរគំនូរ “ការពារបរិស្ថាន កោះសមុទ្រ ស្រុកកំណើត Ninh Hai ក្នុងការកសាងជនបទថ្មី” ដែលស្រុក Ninh Hai បានបំផុងចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ ក្នុងគោលបំណងចង់ឃោសនា និងអប់រំកម្មាភិបាលនិងប្រជាជនអំពីសេចក្តីស្នេហាចំពោះមាតុភូមិ និងប្រទេសជាតិ។ ការប្រឡងនេះបានទាក់ទាញ "វិចិត្រករមិនអាជីព" ជិត ១០០ នាក់ ចូលរួមគូរគំនូរអំពីប្រធានបទផ្សេងៗគ្នាជាច្រើន។ លេចធ្លោបំផុតគឺ គំនូរទេសភាពធម្មជាតិ ព្រៃភ្នំ សមុទ្រ កន្លែងទេសចរណ៍ ទិដ្ឋភាពនេសាទនៅសមុទ្រ ទេសភាពភូមិនេសាទ របរសិប្បកម្មប្រពៃណីក្នុងស្រុក និងសកម្មភាពការពារបរិស្ថានតាមឆ្នេរសមុទ្រ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ការសម្ដែងតន្ត្រីព្រះរាជទ្រព្យ Hue នៅ Duyet Thi Duong។

ក្រៅពីរមណីយដ្ឋានទេសចរណ៍ មិត្តអ្នកស្តាប់មួយចំនួនក៏បានសម្ដែងបំណងចង់ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់វៀតណាមផងដែរ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តចាន់ លីនដា និស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh បានសួរថា៖ “ខ្ញុំបានអានព័ត៌មានជាច្រើនអំពីតន្ត្រីព្រះរាជទ្រព្យ Hue ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់វៀតណាម ប៉ុន្តែមិនទាន់បានស្ដាប់ដោយផ្ទាល់នៅឡើយទេ។ ក្រៅពីទីក្រុង Hue តើមានកន្លែងណាផ្សេងទៀតដែលសម្ដែងទម្រង់សិល្បៈនេះទេ? តើសំបុត្រចូលទស្សនាថ្លៃពេកទេ?”

មិត្ត លីនដា និងប្រិយមិត្តជាទីមេត្រី! តន្ត្រីព្រះរាជទ្រព្យ Hue (Nha nhac) គឺជាទ្រព្យសម្បត្តិអរូបីដែលមិនអាចកាត់ថ្លៃបាន ជាមោទនភាពរបស់ប្រជាជាតិវៀតណាម និងប្រជាជននៃអតីតរាជធានី Hue។ ដោយសារតែមានការលំបាកមួយចំនួនក្នុងការអភិរក្ស និងការបង្រៀន ដូច្នេះនាបច្ចុប្បន្ននេះក្រៅពីទីក្រុង Hue មិនមានតំបន់ផ្សេងណាមួយដែលមានលក្ខខ័ណ្ដគ្រប់គ្រាន់ដើម្បីរៀបចំការសម្ដែងប្រភេទសិល្បៈនេះជាប្រចាំទេ។ ប្រសិនបើអ្នកមានឱកាសមកដល់អតីតរាជធានី Hue អ្នកអាចរីករាយនឹង Nha nhac តាមទម្រង់មួយចំនួន។ ទម្រង់ពេញនិយមបំផុតគឺការរីករាយនឹង Nha nhac នៅលើទន្លេ Huong។ ភ្ញៀវទេសចរនឹងទិញសំបុត្រឡើងទូកនាគ ជិះទូកជុំវិញទន្លេ Huong ដ៏រ៉ូម៉ង់ទិក ហើយរីករាយនឹងតន្ត្រីព្រះរាជទ្រព្យ Hue និងប្រភេទតន្ត្រីផ្សេងទៀតដែលបានសម្ដែងដោយអ្នកចម្រៀង។ ក្រៅពីនោះ ភ្ញៀវទេសចរអាចទៅកាន់ Duyet Thi Duong ជារោងល្ខោនសម្ដែង Nha nhac ដំបូងគេ ដែលកសាងឡើងក្នុងរាជកាល Nguyen កាលពីជិត ២០០ ឆ្នាំមុន។ មកដល់ Duyet Thi Duong ភ្ញៀវទេសចរពិតជាមានការចាប់អារម្មណ៍ចំពោះបរិយាកាសដ៏ឱឡារិកនិងពិសិដ្ឋនេះ។ តម្លៃសំបុត្រសម្រាប់កន្លែងទាំងពីរគឺត្រឹមតែ ១០ម៉ឺនដុង/ម្នាក់ប៉ុណ្ណោះ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ