ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) -  ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៧៨ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ យើងក៏ទទួលបានរបាយមតិរបស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច និងសំឡេងច្បាស់។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសជាតិនិងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ យើងបានទទួលសំបុត្រពីមិត្តអ្នកស្តាប់ សុខឡាយ មកពីទីក្រុងភ្នំពេញ កម្ពុជា ដែលបច្ចុប្បន្នកំពុងសិក្សានៅសកលវិទ្យាល័យជាតិទីក្រុងហាណូយ បានចែករំលែកអំពីសកម្មភាពបរិច្ចាគសក់ដល់អ្នកជម្ងឺមហារីកជាកុមារ ដែលបានប្រព្រឹត្តិទៅកាលពីដើមខែតុលា នៅមន្ទីរពេទ្យលោហិតវិទ្យានិងចាក់បញ្ចូលឈាមមជ្ឈិម។ មិត្តបានចែករំលែកថា "ទោះបីជាខ្ញុំមានការសោកស្តាយដែលសក់របស់ខ្ញុំបានលូតលាស់អស់រយៈពេល ២ ឆ្នាំក៏ដោយ ខ្ញុំសង្ឃឹមថានឹងជួយកុមារឱ្យទទួលបានសក់ថ្មី ទទួលបានទំនុកចិត្តឡើងវិញ និងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ" ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ប្អូន Nguyen Khanh Ngoc អាយុ ១៣ឆ្នាំ ធ្លាប់មានជំងឺមហារីកឈាម បានបណ្តុះសក់កាលពីឆ្នាំ២០២០ ដើម្បីចូលរួមបរិច្ចាគសក់ នៅទិវាបរិច្ចាគសក់ឆ្នាំនេះ។

សូមអរគុណមិត្តអ្នកស្តាប់ សុខឡាយ ដែលបានចែករំលែកអំពីកម្មវិធីដ៏មានអត្ថន័យនេះ។ ហើយក៏សូមអរគុណផងដែរដែលមិត្តបានចូលរួមបរិច្ចាគសក់មួយផ្នែកដល់ខ្លួន ជូនដល់កុមារដែលមានជំងឺមហារីក។ កម្មវិធីមានឈ្មោះថា “ទិវាបរិច្ចាគសក់៖ ស្ថានីយ៍សក់ក្នុងក្តីស្រមៃ” ត្រូវបានរៀបចំឡើងដោយបណ្តាញដើម្បីកុមារដែលមានជំងឺមហារីក សហការជាមួយមន្ទីរពេទ្យលោហិតវិទ្យានិងចាក់បញ្ចូលឈាមមជ្ឈិម។ ចាប់តាំងពីការអនុវត្តជាលើកដំបូងក្នុងឆ្នាំ ២០២២ មក "ស្ថានីយ៍សក់ក្នុងក្តីស្រមៃ" បានទទួលឈុតសក់ដែលបានបរិច្ចាគចំនួន ៣.០៨៧ឈុត ដែលនឹងត្រូវបានត្បាញទៅជាសក់ពាក់ ហើយផ្តល់ជូនកុមារដែលមានជម្ងឺមហារីក។

ប្រសិនបើមិត្តអ្នកស្តាប់ មានបំណងចង់ចូលរួមបរិច្ចាគសក់ អ្នកអាចផ្ញើសក់របស់ខ្លួនទៅកាន់បណ្តាញដើម្បីកុមារដែលមានជំងឺមហារីក អាស័យដ្ឋាន៖  119 Tran Dang Ninh, Cau Giay, Hanoi ឬផ្ញើទៅកាន់មន្ទីរពេទ្យលោហិតវិទ្យានិងបញ្ចូនឈាមមជ្ឈិម អាស័យដ្ឋាន៖ ផ្លូវ Pham Van Bach, Yen Hoa, Cau Giay, ហាណូយ។ សក់ដែលបានបរិច្ចាគត្រូវមានប្រវែងយ៉ាងហោចណាស់ ២៥ សង់ទីម៉ែត្រ ជាសក់ធម្មជាតិមិនធ្លាប់បានប្រើប្រាស់សារធាតុគីមី។

ក្នុងសប្ដាហ៍កន្លងទៅ យើងក៏បានទទួលសំបុត្រពីមិត្តអ្នកស្តាប់ជាច្រើន ដែលមានបំណងចង់ស្វែងយល់អំពីក្រុម Sai Gon Xanh (ប្រែថា សៃហ្កនបែតង) ជាក្រុមយុវជនស្ម័គ្រចិត្តដែលបាន បោះសម្អាតប្រឡាយទឹកកខ្វក់នៅគ្រប់ទីកន្លែងក្នុងទីក្រុង HCM ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ប្រឡាយទឹកកខ្វក់ត្រូវបានក្រុម Sai Gon Xanh បោះសម្អាត។

ប្រិយមិត្តជាទីមេត្រី ក្រុម Sai Gon Xanh ត្រូវបានបង្កើតឡើងជាមួយយុវជនដែលមានចំណុចរួមនៃសេចក្តីស្រឡាញ់ចំពោះទីក្រុងនិងទំនួលខុសត្រូវក្នុងការការពារបរិស្ថាន។ សមាជិកជាង ១០០ នាក់នៃក្រុម Sai Gon Xanh តែងតែស្វែងរកប្រឡាយទឹកកខ្វក់នៅក្នុងទីក្រុងដើម្បីបោះសម្អាត។ ការងារតូចៗទាំងនេះកំពុងត្រូវបានគាំទ្រនិងរីកសាយភាយទៅក្នុងសហគមន៍ ដោយជួយមនុស្សគ្រប់គ្នាផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន និងធ្វើការរួមគ្នាដើម្បីការពារបរិស្ថាននៅកន្លែងរស់នៅ។ ទោះបីជួបការលំបាកយ៉ាងណាក្តី ក៏ពួកគេមិនបោះបង់ឡើយ រាល់ពេលបោះសម្អាតសំរាម តែងបង្ហោះរូបភាព និងឃ្លីបទៅលើបណ្តាញសង្គមនានា ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីដំណើរការបានរយៈពេលជាងបីខែ Saigon Xanh បានបង្កើតរលកថ្មីនៃការការពារបរិស្ថាននៅលើបណ្តាញសង្គម។ សកម្មភាពរបស់ក្រុមបានរីកសាយភាយដល់ក្រុមអ្នកស្ម័គ្រចិត្ដនៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេស ឲ្យមានសកម្មភាពស្ម័គ្រចិត្តស្រដៀងគ្នា រួមចំណែកការពារបរិស្ថានបៃតងនិងស្អាតនៅក្នុងទីក្រុងដែលពួកគេរស់នៅ។

បន្ទាប់ពីបានសម្អាតប្រឡាយទឹកកខ្វក់រួចមក យុវជនក៏បានចូលរួមផ្សព្វផ្សាយ និងកៀងគរប្រជាជនឱ្យបោះសំរាមនៅកន្លែងត្រឹមត្រូវ និងមិនចោលសំរាមទៅក្នុងទន្លេ និងព្រែក។

ជាបន្ដតាមកម្មវិធីថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងទៅទស្សនាតំបន់អភិរក្សជាតិ Ta Dung ដែលជាទេសភាពដ៏ល្បីល្បាញមួយនៅក្នុងឃុំ Dak P'lao និងឃុំ Dak Som ស្រុក Dak Glong ខេត្ត Dak Nong ។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្តាប់ ខៀវ សុផាត មកពីខេត្តមណ្ឌលគិរី ចង់ស្វែងយល់ផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3តំបន់អភិរក្សជាតិ Ta Dung ស្ថិតនៅក្នុងឃុំ Dak P'lao និងឃុំ Dak Som ស្រុក Dak Glong ខេត្ត Dak Nong ។

មិត្ត ខៀវ សុផាត និងប្រិយមិត្តជាទីមេត្រី សួនឧទ្យានជាតិ Ta Dung ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានផ្ទៃដីជាង ២៦.០០០ហិកតា អត្រាគ្របដណ្តប់ព្រៃឈើឈានដល់ ៨៥% ក្នុងនោះព្រៃឈើធម្មជាតិមានជាង ៤៨% ជាមួយប្រព័ន្ធអេកូឡូស៊ីចម្រុះ។ ដោយមានទេសភាពធម្មជាតិដូចនៅក្នុងកំណាព្យ ទីនេះត្រូវបានគេចាត់ទុកថាជារតនវត្ថុនៃតំបន់ខ្ពង់រាបកណ្តាលTay Nguyen ទាំងខាងសេដ្ឋកិច្ច និងធម្មជាតិ។ Ta Dung មានភាពស្រស់ស្អាតដូចគំនូរ ជាមួយផ្ទៃទឹកពណ៌ខៀវស្រងាត់ ឆ្លុះរូបភាពផ្ទៃមេឃដ៏ធំល្វឹងល្វើយ មានកោះតូចៗជាង ៤០ លេចចេញពីផ្ទៃទឹក បង្កើតឡើងទេសភាពដ៏គួរឱ្យចាប់អារម្មណ៍។ មិនត្រឹមតែមានសម្រស់នៃបឹងនិងព្រៃភ្នំដ៏មហិមាប៉ុណ្ណោះទេ ឧទ្យានជាតិ Ta Dung ក៏ជាទីជម្រករបស់សត្វជាង ១.០០០ប្រភេទ ដែលក្នុងនោះមានប្រភេទសត្វកម្រចំនួន ៣៧/៨៨ ប្រភេទដែលត្រូវការការពារ។

ដោយសារនេះជាទីតាំងថ្មី និងមិនទាន់មានសកម្មភាពទេសចរណ៍ច្រើននៅឡើយទេ Ta Dung នៅតែរក្សាបាននូវសម្រស់ធម្មជាតិ ទេសភាពព្រៃភ្នំ និងទន្លេពពកដ៏ស្អាតឆើតឆាយ។

ប្រតិកម្មទៅវិញ