ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៦១៦ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១២។ យើងក៏ទទួលបានរបាយការណ៍របស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច និងសំឡេងច្បាស់។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសជាតិនិងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ ព្រឹត្តិការណ៍មួយដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តអ្នកស្ដាប់ជាច្រើន គឺដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នៅវៀតណាមក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា។ មិត្តអ្នកស្ដាប់ Lay Chanda បានសរសេរថា៖ “អបអរសាទរទំនាក់ទំនងវៀតណាម-អាមេរិក កាន់តែមាននិរន្តរភាពនិងអភិវឌ្ឍន៍!”។ រីឯមិត្តអ្នកស្ដាប់ Soklay បានអត្ថាធិប្បាយថា៖ “ព្រឹត្តិការណ៍នេះបានអះអាងនូវឋានៈរបស់វៀតណាមចំពោះមហាអំណាចលេខ១លើពិភពលោកគឺអាមេរិក។ សូមជូនពរឲ្យទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែរីកចម្រើននិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីភាពសម្បូររុងរឿងនិងការអភិវឌ្ឍរួមរបស់តំបន់។”

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!  ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នាពេលថ្មីៗនេះ ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីសាធារណមតិអន្តរជាតិ ដោយចាត់ទុកនេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានអះអាងពីឋានៈរបស់វៀតណាមនៅក្នុងតំបន់។ អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap Newsis និង Asiatoday សុទ្ធតែបានសង្កត់ធ្ងន់ថា វៀតណាមនិងអាមេរិកបានដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់បំផុតនៃ“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ក្នុងពេលជាមួយគ្នានោះ កាសែត Asahi និង Mainchi របស់ជប៉ុនបានចាត់ទុកថា ដោយការដំឡើងទំនាក់ទំនងលើកនេះ វៀតណាមនិងអាមេរិកបានកំណត់គោលដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខ។ កាសែត Wall Street Journal របស់អាមេរិក និងកាសែត The Economist របស់អង់គ្លេសបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Biden គឺជា "ដំណើរគួរឱ្យចាប់អារម្មណ៍បំផុតចាប់តាំងពីប្រធានាធិបតី Bill Clinton មកដល់ប្រទេសវៀតណាមនៅឆ្នាំ ២០០០" ។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្ររបស់មិត្តអ្នកស្ដាប់ Socheat នៅទីក្រុងភ្នំពេញ ដែលមានបំណងស្វែងយល់អំពីផ្នែកគំនូរជីវចលនៅវៀតណាម។ នៅក្នុងសំបុត្រ មិត្តបានសួរថា“នៅវៀតណាមមានអ្នកនិពន្ធគំនូរជីវចលច្រើនឬទេ? តើមានស្នាដៃអ្វីដែលលេចធ្លោបំផុត?”

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1“Son, Goal!” គំនូរជីវចលដែលបានផលិតដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong សហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយ Kadokawa។ 

មិត្តអ្នកស្ដាប់ Socheat និងប្រិយមិត្តជាទីមេត្រី! ទីផ្សារវៀតណាមមិនមានប្រៀបខ្លាំងក្នុងវិស័យគំនូរជីវចលនោះទេ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្នាដៃជាច្រើនបានលេចឡើងបង្កើតរលកថ្មីមួយ ដោយមានអ្នកនិពន្ធវ័យក្មេងមានទេពកោសល្យ និងស្នាដៃគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលត្រូវបានសហគមន៍អន្តរជាតិនិយមចូលចិត្ត។ អាចនិយាយដល់រឿង “រដូវក្តៅគ្មានទីបញ្ចប់” របស់អ្នកនិពន្ធ Lam Hoang Truc ដែលត្រូវបានគ្រឹះស្ថានបោះពុម្ពផ្សាយ Toshokan (អ៊ីតាលី) ទិញនិពន្ធសិទ្ធនិងចេញផ្សាយនៅប្រទេសអ៊ីតាលី។ នៅដើមឆ្នាំ ២០២៣ គម្រោង “Son, Goal!” ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong (វៀតណាម) សហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយ Kadokawa (ជប៉ុន) ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅពេលដែលលក់បាន ២០.០០០ច្បាប់។

គួរឱ្យកត់សម្គាល់ថា អ្នកនិពន្ធជាច្រើនបានខិតខំប្រឹងប្រែងនាំយកវប្បធម៌និងជីវភាពរស់នៅរបស់វៀតណាមបញ្ចូលទៅក្នុងស្នាដៃ“វៀតណាមសុទ្ធសាទ”របស់ខ្លួន ឬបានគូរតាមរឿងព្រេងល្បីៗនៅវៀតណាមផងដែរ។ ស្នាដៃទាំងនេះជួយអ្នកអានអាចកំសាន្តផង និងស្វែងយល់អំពីតម្លៃវប្បធម៌ប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិទៀតផង។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2“នំបញ្ចុកខ្យងត្រជាក់” នៅទីក្រុងហាណូយ។

ជាបន្ដតាមកម្មវិធី គឺសំបុត្ររបស់មិត្តអ្នកស្ដាប់ Chea Sokim ភ្ញៀវទេសចរកម្ពុជាម្នាក់ ដែលចង់ឲ្យកម្មវិធីឧទ្ទេសនាមបន្ថែមអំពីមុខម្ហូប “នំបញ្ចុកខ្យងត្រជាក់” នៅទីក្រុងហាណូយ។ មិត្តបានចែករំលែកថា ខ្លួនលោកផ្ទាល់ធ្លាប់បានសាកល្បងម្តងនៅពេលធ្វើដំណើរទេសចរណ៍នៅទីក្រុងហាណូយ ហើយមិនអាចបំភ្លេចបាននូវរសជាតិពិសេសនៃម្ហូបនេះទេ។

មិត្ត Chea Sokim និងប្រិយមិត្តជាទីមាត្រី! នំបញ្ចុកខ្យងត្រជាក់គឺជាមុខម្ហូបដែលធ្លាប់ស្គាល់ជិតស្និទ្ធរបស់ប្រជាជនហាណូយ ក៏ជាមុខម្ហូបដែលត្រូវបានភ្ញៀវទេសចរជាច្រើនទទួលទានដោយមានរសជាតិឈ្ងុយឆ្ងាញ់ពិសារ។ នំបញ្ចុកខ្យងត្រជាក់គឺជាម្ហូបដែលត្រូវបាននិយមចូលចិត្តបរិភោគនៅរដូវក្តៅ ឬថ្ងៃត្រជាក់ស្រួល។ សាច់ខ្យងស្រួយៗ ញាំជាមួយនឹងទឹកជ្រលក់ដែលត្រូវបានកែច្នៃពីទឹកស្ងោរខ្យង ជាមួយនឹងទឹកស៊ុបស្ងោរឆ្អឹងនិងទឹកខ្មេះ។ ទោះបីជាវាត្រូវបានទុកឱ្យត្រជាក់ក៏ដោយ ក៏ទឹកជ្រលក់នៅតែមានក្លិនក្រអូប ដែលបង្កើតរសជាតិឈ្ងុយឆ្ងាញ់គួរឱ្យទាក់ទាញ។

បច្ចុប្បន្ននេះ នៅទីក្រុងហាណូយនៅមានហាងតិចតួចណាស់ដែលលក់នំបញ្ចុកខ្យងត្រជាក់។ ដើម្បីទទួលទានអាហារនេះ ភ្ញៀវអាចស្វែងរកកន្លែងលក់នំបញ្ចុកខ្យងត្រជាក់នៅក្នុងច្រកល្ហកតូចៗនៅក្នុងទីក្រុង Ha Noi ដែលនៅតែរក្សារសជាតិប្រពៃណីតាំងពីមុនមក។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com ។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ