ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៧២ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១២។ យើងក៏ទទួលបានរបាយការណ៍របស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច និងសំឡេងច្បាស់។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសជាតិនិងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបានទទួលសំបុត្ររបស់មិត្តអ្នកស្ដាប់ គឹម ចន្ធា និស្សិតម្នាក់ដែលកំពុងសិក្សានៅទីក្រុងហាណូយ បានចែករំលែកអំពីបទពិសោធន៍ជួលកង់សាធារណៈនៅទីក្រុងហាណូយ មិត្តបានសរសេរថា៖ “សេវាកម្មនេះមានភាពងាយស្រួលណាស់ តម្លៃក៏សមស្របសម្រាប់និស្សិតផងដែរ។ នេះគឺជាវិធានការការពារបរិស្ថានផង និងដើម្បីហាត់ប្រាណ ពង្រឹងសុខភាពផងដែរ។ ខ្ញុំនឹងប្រើប្រាស់សេវាកម្មនេះជាប្រចាំ”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ស្ថានីយ៍ជួលកង់មានទីតាំងស្ថិតនៅក្បែរចំណតឡានក្រុងនិងស្ថានីយ៍រថភ្លើងអគ្គិសនី ដើម្បីឲ្យប្រជាជនអាចបន្តធ្វើដំណើរដោយកង់សាធារណៈប្រសិនបើមានតម្រូវការ។

មិត្តអ្នកស្ដាប់ គឹម ចន្ធា និងប្រិយមិត្តជាទីមេត្រី!  ចាប់ពីថ្ងៃទី ១១ ខែសីហា សេវាជួលកង់សាធារណៈត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅទីក្រុងហាណូយ។ នេះជាគម្រោងធ្វើពិពិធកម្មការដឹកជញ្ជូនសាធារណៈ តភ្ជាប់ស្ថានីយ៍រថយន្តក្រុង ស្ថានីយ៍រថភ្លើងអគ្គិសនី តំបន់ទីក្រុង ដើម្បីជួយប្រជាជនអាចធ្វើដំណើរយ៉ាងងាយស្រួលក្នុងទីក្រុងហាណូយ។ ស្ថានីយ៍ជួលកង់មានទីតាំងស្ថិតនៅក្បែរចំណតឡានក្រុងនិងស្ថានីយ៍រថភ្លើងអគ្គិសនី ដើម្បីឲ្យប្រជាជនអាចបន្តធ្វើដំណើរដោយកង់សាធារណៈប្រសិនបើមានតម្រូវការ។

ដើម្បីប្រើប្រាស់កង់សាធារណៈ អ្នកត្រូវទាញយកកម្មវិធី TNGo នៅលើស្មាតហ្វូន ហើយចុះឈ្មោះដើម្បីបើកគណនីមួយ។ បន្ទាប់ពីស្កេនលេខកូដ QR នៅលើកងនិងបង់ប្រាក់រួចហើយ កងនឹងដោះសោដោយស្វ័យប្រវត្តិ។ តម្លៃជួលកង់ជារៀងរាល់ ៣០ នាទីម្តងគឺ ៥.០០០ដុង កង់អគ្គិសនីគឺ ១០.០០០ដុង អ្នកប្រើប្រាស់ក៏អាចទិញសំបុត្រប្រចាំថ្ងៃ ឬប្រចាំខែ អាស្រ័យទៅតាមតម្រូវការរបស់ខ្លួន។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានផ្តល់សេវាទូទាត់ដោយមិនប៉ះ - Apple Pay នៅវៀតណាម មិត្តអ្នកស្តាប់ជាច្រើនបានផ្ញើរសំបុត្រទៅកម្មវិធីដោយមានបំណងចង់ស្វែងយល់ពីវិធីសាស្រ្តទូទាត់នេះ។ ក្នុងនោះ មិត្តអ្នកស្ដាប់ Saroun នៅខេត្តតាកែវ បានសួរថា៖ តើខ្ញុំអាចភ្ជាប់ Apple Pay ជាមួយគណនីធនាគារនៅឯបរទេស ហើយប្រើប្រាស់សម្រាប់ទូទាត់នៅវៀតណាមបានទេ? តើមានវិធីទូទាត់ស្រដៀងគ្នានៅប្រទេសវៀតណាមដែរឬទេ?“។

មិត្តអ្នកស្ដាប់ Saroun និងប្រិយមិត្តជាទីមេត្រី! ចាប់ពីព្រឹកថ្ងៃទី ៨ ខែសីហា សេវាទូទាត់ប្រាក់តាមទូរស័ព្ទ Apple Pay មានវត្តមាននៅប្រទេសវៀតណាមហើយ។ ដូចនឹង Samsung Pay និង Google Pay ដែលត្រូវបានគាំទ្រនៅវៀតណាមកាលពីមុននោះ Apple Pay បានអនុញ្ញាតឲ្យភ្ជាប់កាតធនាគារទៅក្នុងឧបករណ៍ Apple ដូចជា Iphone និង Apple Watch ជាដើម។ រាល់ពេលដែលអ្នកបង់ប្រាក់ ជំនួសឱ្យការផ្តល់កាតរបស់ធនាគារ អ្នកគ្រាន់តែដាក់ទូរស័ព្ទរបស់ខ្លួននៅក្បែរម៉ាស៊ីនឆូតកាត (POS) គឺអាចធ្វើការទូទាត់បានហើយ។

នៅតាមហាងលក់ទំនិញ និងទីតាំងសេវាកម្មទាំងអស់នៅក្នុងប្រទេសណាមួយក៏អាចប្រើប្រាស់ Apple Pay ដើម្បីទូទាត់បាន ប្រសិនបើពួកគេប្រើប្រាស់ម៉ាស៊ីនឆូតកាតដែលគាំទ្រការទូទាត់ដោយមិនប៉ះ(NFC)។ ទោះជាយ៉ាងណាក៏ដោយ ទាំង Apple Pay, Samsung Pay ឬ Google Pay បានគាំទ្រការភ្ជាប់កាតរបស់ធនាគារនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។ អាស្រ័យលើប្រទេស និងគណនីធនាគារក៏ដូចជាឧបករណ៍ចល័តរបស់ខ្លួន អ្នកអាចជ្រើសរើសរវាង Apple Pay Samsung Pay និង Google Pay ដើម្បីប្រើប្រាស់សេវាកម្មនេះតាមរបៀបដែលងាយស្រួលបំផុត។

ជាបន្តកម្មវិធី គឺសំណួររបស់មិត្តអ្នកស្តាប់ ហេ សុគីម ដែលបានសួរថា តើមានដំណើរទេសចរណ៍ផ្លូវទឹកពីទីក្រុងហូជីមិញទៅកាន់ប្រទេសកម្ពុជាដែរឬអត់?

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2នាវាទេសចរណ៍លំដាប់ផ្កាយ ៤ Victoria Mekong ដែលកំពុងធ្វើអាជីវកម្មដំណើរទេសចរណ៍ Can Tho - ភ្នំពេញ។ 

មិត្ត ហេ សុគីម និងប្រិយមិត្តជាទីមាត្រី! ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យទន្លេទីក្រុងហូជីមិញ នាថ្ងៃទី ៥ ខែសីហា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឧទ្ទេសនាមដំណើរទេសចរណ៍ផ្លូវទឹកថ្មីចំនួន ៥ ដែលត្រូវបានរំពឹងថានឹងមានសក្តានុពលដើម្បីក្លាយជាផលិតផលពិសេសនិងទាក់ទាញភ្ញៀវទេសចរ។ ក្នុងនោះ ទីក្រុងហូជីមិញនឹងសម្របសម្រួលជាមួយសហគ្រាសមួយចំនួននៅកម្ពុជា ដើម្បីកសាងដំណើរទេសចរណ៍ផ្លូវទឹកពីហូជីមិញទៅប្រទេសកម្ពុជាតាមទន្លេមេគង្គ ទៅកាន់កន្លែងទេសចរណ៍ល្បីៗដូចជា ភ្នំពេញ និងប្រាសាទអង្គរ ជាដើម។ ផលិតផលនេះនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ដ៏អស្ចារ្យអំពីទេសភាព - ស្ថាបត្យកម្ម វប្បធម៌ - ប្រវត្តិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ីនៅតាមបណ្តោយឆ្នេរទន្លេទាំងសងខាង។

លើសពីនេះទៅទៀត មន្ទីរទេសចរណ៍ទីក្រុងហូជីមិញក៏បានឧទ្ទេសនាមដំណើរទេសចរណ៍ផ្លូវទឹកថ្មីមួយចំនួនដូចជា Nhieu Loc - Thi Nghe ; Binh Quoi; ផ្លូវទេសចរណ៍ Cu Chi, Can Gio; ដំណើរទៅកាន់បណ្តាខេត្តភាគអាគ្នេយ៍។ ទាំងនេះនឹងជាផលិតផលទេសចរណ៍ដែលមានសក្តានុពល បង្កើតឱកាសបន្ថែមសម្រាប់ឆ្លងបទពិសោធន៍និងស្វែងយល់អំពីទីក្រុងហូជីមិញសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។

ប្រតិកម្មទៅវិញ