ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួនជាង ៤០០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ យើងក៏ទទួលបានរបាយការណ៍របស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច និងសំឡេងច្បាស់។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។

ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍កន្លងទៅ គឺក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមនឹងចូលរួមការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ នៅនូវែលសេឡង់។ យើងបានទទួលសំបុត្រជាច្រើនអបអរសាទរក្រុមកីឡាបាល់ទាត់នារីវៀតណាមដែលដណ្ដើមបានសំបុត្រចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣។ ក្នុងនោះ មិត្ត Chinda នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានសរសេរថា “សូមជូនពរដល់ក្រុមបាល់ទាត់នារីវៀតណាម សូមឱ្យមានសុខភាពល្អ និងទទួលបានសមិទ្ធិផលខ្ពស់នៅ World Cup នារីឆ្នាំ ២០២៣ ។ ខ្ញុំជានិច្ចកាលគាំទ្រអ្នកយ៉ាងពេញទំហឹង”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ក្រុមបាល់ទាត់នារីវៀតណាមហ្វឹកហ្វឺនសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃWorld Cup នារីឆ្នាំ ២០២៣។ រូបថត៖ VFF

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!  នាព្រឹកថ្ងៃទី៥ ខែកក្កដា ក្រុមបាល់ទាត់នារីវៀតណាមបានចេញដំណើរទៅកាន់ប្រទេសនូវែលសេឡង់ជាផ្លូវការ ដើម្បីត្រៀមចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣។ កាលពីដើមឆ្នាំនេះ គ្រូបង្វឹក Mai Duc Chung និងកូនសិស្សបានធ្វើឱ្យអ្នកគាំទ្រកីឡាមានការភ្ញាក់ផ្អើល នៅពេលយកឈ្នះលើក្រុមបាល់ទាត់នារី ថៃ (២-០) និងតៃវ៉ាន់ (ចិន) (២-១) នៅវគ្គ Play-off ដើម្បីកត់ឈ្មោះជាផ្លូវការនៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup នារីឆ្នាំ ២០២៣ ។ នេះក៏ជាលើកដំបូងដែលក្រុមនារីវៀតណាមបានចូលរួម World Cup។

នៅ FIFA World Cup នារី ២០២៣ ក្រុមនារីវៀតណាមនឹងប្រកួតក្នុងពូលE ហើយនឹងជួបជាមួយគូប្រជែងគឺក្រុមនារីអាមេរិក (ថ្ងៃទី ២២ ក្កដា) ក្រុមនារីហូឡង់ (ថ្ងៃទី ២៧ ខែកក្កដា) និងក្រុមនារីព័រទុយហ្គាល់នៅថ្ងៃទី ១ ខែសីហា។ ក្រុមបាល់ទាត់អាស៊ីចំនួន ៥ ដែលឈ្នះសំបុត្រចូលរួម World Cup នារីឆ្នាំ ២០២៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន ហ្វីលីពីន វៀតណាម។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលសំបុត្ររបស់មិត្តអ្នកស្ដាប់ លាង រិទ្ធី និស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Hue ដែលបានចែករំលែកអំពីសកម្មភាពជិះកង់ដើរក្បួនដង្ហែរក្នុងក្របខ័ណ្ឌនៃសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ២០២៣។ នៅក្នុងសំបុត្រមិត្តអ្នកសរសេរថា“ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងភ្ញាក់ផ្អើលនៅពេលឃើញរូបភាពមនុស្សរាប់រយនាក់ ក្នុងសម្លៀកបំពាក់អាវផាយ ជិះកង់ដើរដង្ហែរតាមដងវិថីនៅទីក្រុង Hue ។ ជាមួយនឹងសម្លៀកបំពាក់អាវផាយប្រពៃណីដ៏ចម្រុះពណ៌ បានបង្កើតរូបភាពពិសេសនៅអតីតរាជធានី Hue។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2កម្មាភិបាល និយោជិក និយោជកនិងកម្មកររាប់រយនាក់ក្នុងសម្លៀកបំពាក់អាវផាយ បានជិះកង់ដើរដង្ហែរតាមដងវិថីនៅទីក្រុង Hue ។ 

មិត្តអ្នកស្ដាប់ លាង រិទ្ធី និងប្រិយមិត្តជាទីមេត្រី! សប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦-១២ ខែកក្កដា ដោយមានសកម្មភាពដូចជាការតាំងបង្ហាញ ការសម្តែងអាវផាយ Hue និងការសម្តែងសិល្បៈ សំដៅផ្សព្វផ្សាយនិងលើកតម្កើងរូបភាពអាវផាយប្រពៃណីវៀតណាម។ នេះគឺជាសកម្មភាពវប្បធម៌ដែលរួមចំណែកដល់ការអភិរក្សនិងពង្រីកតម្លៃអាវផាយប្រពៃណី Hue បង្កើតផលិតផលទេសចរណ៍វប្បធម៌ពិសេសសម្រាប់សហគមន៍នៅពេលមកដល់ទីក្រុង Hue។ កម្មាភិបាល បុគ្គលិក សិស្ស និស្សិត អាជីវករតូចឬធំ និងសហគមន៍ត្រូវបានលើកទឹកចិត្តឲ្យពាក់អាវផាយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។

ភ្លាមៗបន្ទាប់ពីពិធីបំផុសសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២៣នោះ កម្មាភិបាល និយោជិក និយោជកនិងកម្មកររាប់រយនាក់ក្នុងសម្លៀកបំពាក់អាវផាយ បានជិះកង់ដើរតាមដងវិថីជាច្រើននៅក្នុងទីក្រុង Hue ឆ្លងកាត់កេរ្តិ៍តំណែលបុរាណសំខាន់ៗ។

ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តទៅទស្សនា និងស្វែងយល់អំពី ស្ពានកញ្ចក់ Bach Long នៅស្រុក Moc Chau ខេត្ត Son La ដែលជាស្ពានកញ្ចក់វែងជាងគេបំផុតនៅលើពិភពលោក ហើយត្រូវបានអង្គការឯកទគ្គកម្ម Guinness ពិភពលោកទទួលស្គាល់ផងដែរ។ នេះក៏ជាទិសដៅដែលមិត្តអ្នកស្ដាប់ សូធីតា នៅរាជធានីភ្នំពេញមានបំណងចង់ស្វែងយល់ផងដែរ។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3ស្ពានកញ្ចក់ Bach Long មានប្រវែង ៦០០ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រពីដី។

មិត្ត សូធីតា និងប្រិយមិត្តជាទីមាត្រី! ស្ពានកញ្ចក់ Bach Long គឺជាស្ពានកញ្ចក់ទី ៣ នៅវៀតណាម ដែលមានទីតាំងស្ថិតនៅឃុំ Muong Sang ស្រុក Moc Chau។ ជាមួយនឹងប្រវែងរហូតដល់ ៦០០ម៉ែត្រ នេះគឺជាស្ពានកញ្ចក់ដែលវែងជាងគេបំផុតនៅលើពិភពលោករហូតមកដល់ពេលនេះ។ ស្ពានកញ្ចក់នេះ មានការរចនាដ៏គួរឱ្យចាប់អារម្មណ៍ ស្ថិតនៅចន្លោះថ្មរដិបរដុបនិងព្រៃភ្នំដ៏ធំសម្បើម។ ជាមួយនឹងកម្ពស់ ១៥០ម៉ែត្រពីដី អ្នកអាចក្រឡែកមើលពីចម្ងាយដើម្បីគយគន់ទេសភាពព្រៃភ្នំភាគពាយ័ព្យទាំងមូល។

ថ្ងៃដែលមានពន្លឺព្រះអាទិត្យគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដើម្បីទស្សនាស្ពានកញ្ចក់ Bach Long។ មិនត្រឹមតែនាំមករូបភាព check-in ស្អាតៗប៉ុណ្ណោះទេ អាកាសធាតុស្រស់បំព្រង់ក៏ជាលក្ខខណ្ឌអំណោយផលសម្រាប់អ្នកដើម្បីគយគន់ទេសភាពនៃតំបន់ខ្ពង់រាប Moc Chau ផងដែរ។ ប្រសិនបើអ្នកមកទីនេះនៅថ្ងៃដែលមានពពកច្រើន អ្នកនឹងមានអារម្មណ៍ថាខ្លួនកំពុងដើរលើពពកដើម្បីឆ្លងកាត់ច្រាំងថ្មចោទ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕ 

ប្រតិកម្មទៅវិញ