ក្លឹប "មីកញ្ចប់បៃតង" ផ្សព្វផ្សាយរបៀបរស់នៅបៃតងនៅក្នុងសហគមន៍

Chia sẻ

(VOVWORLD) - រៀងរាល់ថ្ងៃពុធ និងថ្ងៃសុក្របានក្លាយទៅជាទម្លាប់ទៅហើយបន្ទាប់ពីសមាជិកនៃក្លឹប "មីកញ្ចប់បៃតង" បានប្រមូលផ្តុំគ្នានៅក្នុងការិយាល័យ ដើម្បីរួមគ្នាផលិតចេញផលិតផលយ៉ាងស្រស់ស្អាត ធ្វើពីសំបកមីកញ្ចប់។ ក្លឹបនេះត្រូវបានបង្កើតឡើងជិត ៤ ឆ្នាំមកហើយ ប៉ុន្តែប្រសិទ្ធភាពក្នុងការរួមចំណែកការពារបរិស្ថាន គឺមើលឃើញយ៉ាងច្បាស់ណាស់។ ដូច្នេះហើយ ក្លឹបបានទាក់ទាញការយកចិត្តទុកដាក់ ចំណាប់អារម្មណ៍ និងការចែករំលែករបស់អ្នកស្ម័គ្រចិត្ត រួមទាំងសហការីនៅគ្រប់តំបន់ទូទាំងប្រទេស។

ក្លឹប "មីកញ្ចប់បៃតង" ផ្សព្វផ្សាយរបៀបរស់នៅបៃតងនៅក្នុងសហគមន៍ - ảnh 1នៅក្លឹបនេះសមាជិកម្នាក់ៗមានការងាររៀងៗខ្លួន៖ អ្នកខ្លះតម្រៀប អ្នកខ្លះកាត់ អ្នកខ្លះបង្វិលសំបកមីកញ្ចប់ អ្នកខ្លះគូរ អ្នកខ្លះប៉ាក់ (រូបថត៖ Pham Minh)

ក្លឹប "មីកញ្ចប់បៃតង" ដោយអ្នកគ្រូ Vu Thi Thao ជាគ្រូបង្រៀននៅវិទ្យាល័យ Vinschool (ទីក្រុងហាណូយ) បង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ២០២០។ រហូតមកដល់បច្ចុប្បន្ននេះ ក្លឹប "មីកញ្ចប់បែតង" បានប្រមូលផ្តុំសមាជិករាប់រយនាក់ ហើយសមាជិកទាំងនោះគឺជាសិស្សមកពីវិទ្យាល័យ Vinschool    និងវិទ្យាល័យផ្សេងទៀតនៅទីក្រុងហាណូយ ក៏ដូចជា សហការីរាប់រយនាក់នៅទូទាំងប្រទេស”។

នៅក្លឹប មនុស្សម្នាក់ៗ មានបំពេញការងាររៀងៗខ្លួន៖ អ្នកខ្លះបែងចែកសំបក់មី អ្នកខ្លះកាត់ អ្នកខ្លះគូររូបហើយអ្នកខ្លះប៉ាក់...។ មិត្ត Tran Ngoc Hien សមាជិកគណៈកម្មាធិការទីផ្សាររបស់ក្លឹប “មីកញ្ចប់បៃតង” បានឲ្យដឹងថា៖

“កញ្ចប់មីបន្ទាប់ពីប្រមូលបាន នឹងត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន។ បន្ទាប់មកត្រូវកាត់ជំវិញ ហើយជូតសម្អាតដោយកន្សែងស្ងួត។ បន្ទាប់មកវាត្រូវបានមូរចូលទៅក្នុងខ្សែដែករឹង។ សរសៃកាត់ពីសំបកមីកញ្ចប់ទាំងនេះនឹងត្រូវបានភ្ជាប់ជាមួយកាវទៀន។ បន្ទាប់ពីសរសៃវែងត្រូវប្រើរូបមន្តត្បាញផ្តៅ និងឫស្សីបែបប្រពៃណី ដើម្បីបង្កើតផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន”។

ថ្វីត្បិតតែ កញ្ចប់មីជាសំរាមដែលគេបោះចោល ប៉ុន្តែដោយបាទដៃដ៏ប៉ិនប្រសប់របស់សមាជិកនៃក្រុមមីកញ្ចប់បៃតង វត្ថុទាំងនេះក្លាយជាផលិតផលធ្វើដោយដៃដ៏ស្រស់ស្អាត។ ផលិតផលកែច្នៃរបស់ក្លឹបគឺមានភាពចម្រុះណាស់ រួមមានប្រអប់ប៊ិច ប្រអប់ទុកក្រដាស កាបូបយួរដៃ កន្ត្រកផ្លែឈើ...។  វាហាក់បីដូចជានៅក្រោមបាទដៃដ៏ប៉ិនប្រសប់របស់អ្នកគ្រូ Thao និងសមាជិកក្លឹប មីកញ្ចប់លែងជា "កាកសំណល់" ទៀតហើយ ប៉ុន្តែបានក្លាយជា សម្ភារៈដ៏មានអត្ថប្រយោជន៍សម្រាប់បរិស្ថាន។ លោកស្រី Thanh Nga ប្រធានក្រុមផលិតផលនៃក្លឹប "មីកញ្ចប់បៃតង" បានឲ្យដឹងថា៖ “ខ្ញុំបង្កើតផលិតផលសាមញ្ញ។ វាចំណាយពេលត្រឹមតែ ១៥ ទៅ ៣០ នាទីប៉ុណ្ណោះ ដើម្បីបង្កើតផលិតផល ១ៗ ដែរ។ ផលិតផលស្មុគស្មាញត្រូវការពេលវេលាច្រើនជាង។ អាស្រ័យលើទំហំនៃផលិតផលនីមួយៗ វាត្រូវការពេលវេលាធ្វើខុសៗគ្នា។ ពោលគឺ អាចចំណាយពេល ១០ ទៅ ១២ ម៉ោង ដើម្បីបង្កើតផលិតផលដូចជា កន្ត្រក ដបផ្កា ឬ ពាង”។

ក្លឹប "មីកញ្ចប់បៃតង" ផ្សព្វផ្សាយរបៀបរស់នៅបៃតងនៅក្នុងសហគមន៍ - ảnh 2ផលិតផលដែលផលិតដោយសមាជិកនៃក្លឹបមីកញ្ចប់បៃតង (រូបថត៖ Pham Minh)

ចំណុចពិសេសមួយគឺថា សម្ភារៈលើសក្នុងដំណើរការបង្កើតផលិតផលត្រូវបានផ្ទេរទៅគម្រោង "សំរាមគឺជាមាស" (គម្រោងប្រើប្រាស់បច្ចេកវិទ្យា ៤.០ ដើម្បីបង្កើតបដិវត្តន៍កាកសំណល់របស់បណ្ឌិត Vuong Thi Lan Anh  សាកលវិទ្យាល័យឧស្សាហ៍កម្ម) ដើម្បីផលិតសម្ភារៈសំណង់ពីប្លាស្ទិកកែច្នៃ។ មានន័យថា កាកសំណល់ទាំងអស់ត្រូវបានកែច្នៃជាជាងបញ្ចេញចោលទៅក្នុងបរិស្ថាន។ លោក Nguyen Cong Duy Anh អនុប្រធានក្លឹប “មីកញ្ចប់បៃតង” បានចែករំលែកថា៖ “ដោយសារមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ  យើងទទួលបានសំបកមីកញ្ចប់ជាច្រើនពីសមាជិកក្នុងក្លឹប ពីក្រុមគ្រួសារ និងមិត្តភក្តិ។ ជាងនេះទៅទៀត សហការីទូទាំងប្រទេសក៏បានខ្ចប់សំបកមីកញ្ចប់ជាប្រចាំ ហើយផ្ញើមកកាន់ក្លឹបដើម្បីឲ្យយើងប៉ាក់ និងប្រើប្រាស់។ សម្រាប់សិស្សានុសិស្ស ឬយុវវ័យ យើងបង្រៀនជំនាញដល់ពួគគេ ដើម្បីអាចកែច្នៃផលិតផលនៅផ្ទះបាន។ ក្លឹបផ្សព្វផ្សាយនូវវប្បធម៌មួយចំណែកដើម្បីរក្សាតម្លៃប្រពៃណីជាតិ”។

នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២០ គោលគំនិតកែច្នៃសំបកមីកញ្ចប់របស់ក្លឹបមីកញ្ចប់បៃតង ដណ្តើមបានរង្វាន់លេខ ៣ ក្នុងការប្រឡង គោលគំនិតរបស់យុវជន សងពណ៌បៃតងជូនសមុទ្រវិញ (To blue the blue) ដែលរៀបចំឡើងដោយមូលនិធិអាស៊ាន សម្រាប់បេក្ខជនអាយុចាប់ពី ១៦ ដល់ ២៥ ឆ្នាំទូទាំងប្រទេស។ ឥឡូវនេះ ផលិតផលកែច្នៃរបស់អ្នកគ្រូ Thao ត្រូវបានអតិថិជនជាច្រើនកុម្ម៉ង់ដោយបរិមាណច្រើន។ ប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់ផលិតផលរាប់ពាន់មុខត្រូវបានក្លឹបបរិច្ចាគទៅមូលនិធិសប្បុរសធម៌។ ផលិតផលកែច្នៃរបស់ក្លឹប "កញ្ចប់មីបៃតង" មិនត្រឹមតែការពារបរិស្ថាន អប់រំរបៀបរស់នៅបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងសម្រាប់សប្បុរសធម៌ផងដែរ។ អ្នកគ្រូ Vu Thi Thao គ្រូបង្រៀននៅវិទ្យាល័យ Vinschool បានឲ្យដឹងថា៖ “ខ្ញុំសប្បាយចិត្តណាស់ពេលខ្ញុំអាចធ្វើការងារដ៏មានន័យក្នុងជីវិត។ កញ្ចប់មីគឺប្រើប្រាស់បានយូរ និងមានពន្លឺចែងចាំងស្រស់ស្អាត។ យើងអាចប្រមូលវត្ថុធាតុដើមទាំងនោះដោយមិនគិតថ្លៃ។ នៅពេលយើងបញ្ចប់ការផលិត យើងនឹងជូនដំណឹងដល់អ្នកទិញ ហើយពួកគេនឹងផ្ទេរប្រាក់បរិច្ចាគទៅឱ្យកុមារក្នុងស្ថានភាពលំបាក”។

ក្លឹប "មីកញ្ចប់បៃតង" មានគោលបំណងសម្រាប់ការកែច្នៃប្រកបដោយនិរន្តរភាព ដោយការកែច្នៃឡើងវិញនូវប្រភេទកាកសំណល់ផ្សេងៗ។ ដើម្បីបន្តផ្សព្វផ្សាយសកម្មភាព “បៃតង” ទៅកាន់មនុស្សកាន់តែច្រើន នាពេលខាងមុខ ក្លឹប “មីកញ្ចប់បៃតង” នឹងនាំយកគំរូនេះទៅកាន់សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលគាំពារសង្គមក្នុងទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ