ការបង្ហើយផ្ទះមហាសាមគ្គីចំនួន ៥.០០០ក្បាល បង្ហាញពីការប្តេជ្ញាចិត្តជាឯកច្ឆ័ន្ទរបស់រដ្ឋាភិបាល និងប្រជាជនទីក្រុង Dien Bien (រូបថត៖ VOV) |
គ្រួសាររបស់លោក Lo Van Long នៅឃុំ Na Sang ស្រុក Muong Cha ខេត្ត Dien Bien មានសមាជិកច្រើន ប៉ុន្តែត្រូវរស់នៅក្នុងផ្ទះចង្អៀត និងទ្រុឌទ្រោម។ បន្ទាប់ពីទទួលបានការឧបត្ថម្ភសាងសង់ផ្ទះឈើប្រណិតថ្មីស្រឡាង តាមស្ថាបត្យកម្មប្រពៃណីជនជាតិ Thai មក គ្រួសាររបស់លោក Long លែងមានទុក្ខកង្វល់រាល់ពេលមានភ្លៀងធ្លាក់ទៀតហើយ៖
“គ្រួសារខ្ញុំជាគ្រួសារក្រីក្រ ពេលរដ្ឋជួយឧបត្ថម្ភសង់ផ្ទះ គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណស់! គ្រួសារសូមថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋ”។
ចំណែកឯគ្រួសារលោក Lo Van Hien នៅក្រុង Dien Bien Dong ស្រុក Dien Bien Dong ពេលដែលផ្ទះថ្មីត្រូវបានសាងសង់រួចរាល់ និងប្រគល់មុនកាលកំណត់ គ្រប់គ្នាក្នុងគ្រួសារសប្បាយចិត្តយ៉ាងអនេក។ លោក Hien ខ្លួនឯងមានជំងឺរំារ៉ៃ ប្រភពចំណូលរបស់គ្រួសារភាគច្រើនបានមកពីប្រពន្ធរបស់គាត់ ដែលធ្វើការជាកម្មករកសិកម្ម។ ដោយទទួលបានជំនួយឧបត្ថម្ភកសាងផ្ទះសាមគ្គីធំមួយខ្នង ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅក្នុងភូមិនោះ ក្រុមគ្រួសារមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង៖
“ពិតណាស់ថា គ្រួសាររបស់ខ្ញុំនឹងខុសពីមុនដែរ ព្រោះយើងនឹងមានផ្ទះរឹងមាំ ដើម្បីការពារយើងពីភ្លៀង និងពន្លឺព្រះអាទិត្យ។ គ្រួសារមានសុភមង្គល និងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ព្រោះមានផ្ទះធំទូលាយសម្រាប់ស្នាក់នៅ”។
គម្រោងកៀងគរការជួយកសាងផ្ទះមហាសាមគ្គីសម្រាប់គ្រួសារក្រីក្រក្នុងឱកាសខួបលើកទី៧០នៃជ័យជំនះ Dien Bien Phu មានសារៈសំខាន់សង្គមនិងមនុស្សធម៌ជាក់ស្តែងយ៉ាងជ្រាលជ្រៅ (រូបថត៖ VOV) |
ដើម្បីមានភាពសប្បាយរីករាយក្នុងការតាំងលំនៅ និងប្រកបរបរដោយសុខសាន្តសម្រាប់គ្រួសារក្រីក្រជាច្រើន គឺជាដំណើរអូសបន្លាយរយៈពេលជាង ២០០ ថ្ងៃទាំងយប់ ដោយមានចំណង់សាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien។ ក្នុងដំណើរការសាងសង់ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ បានរៃអង្គាសប្រាក់និងចល័តកម្លាំងប្រមាណជាង ១០ម៉ឺនថ្ងៃធ្វើការ ដើម្បីជួយគ្រួសារក្រីក្រ រុះរើផ្ទះចាស់ សង់ផ្ទះថ្មី ដឹកជញ្ជូនសម្ភារៈសាងសង់ផ្ទះ...។ លោក Mua A Vang លេខាគណៈកម្មាធិការបក្សស្រុក Dien Bien Dong ដែលជាមូលដ្ឋានបានបញ្ចប់ការសាងសង់ផ្ទះមហាសាមគ្គីជូនជនក្រីក្រយ៉ាងឆាប់មុនគេ បានឲ្យដឹងថា៖ “យើងកំណត់ថា អ្វីៗទាំងអស់ ត្រូវតែមានការចូលរួមពីប្រជាជនដែរ។ ប្រសិនបើផ្ទះចំនួន ៥៧៤ ខ្នងនៅ Dien Bien Dong ត្រូវបានរៀបចំដូចពីមុន ទំនងជានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗបានទេ។ ជាមួយគ្នានោះ ត្រូវមានការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនយល់ថានេះជាផ្ទះសំខាន់របស់ប្រជាជន ហើយប្រជាជនជាអ្នកចូលរួមដោយផ្ទាល់ និងប្រើប្រាស់ផ្ទះនេះ ដូច្នេះ ប្រជាជនបានចូលរួមយ៉ាងសកម្ម និងឆ្លើយតបតាំងពីដើមរៀងមក។ ផ្ទះចំនួន ៥៧៤ខ្នង គឺជាគ្រួសារចំនួនទាំង ៥៧៤ ដែលអនុវត្តរួមគ្នា ដូច្នេះវាលឿនជាងដែរ”។
ដោយប្រធានបទ “ដួងចិត្តស្រឡាញ់រាប់អានរាប់លាន - ផ្ទះសុភមង្គលរាប់ពាន់ខ្នង” គម្រោងសាងសង់ផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងសម្រាប់គ្រួសារក្រីក្រក្នុងខេត្ត Dien Bien ត្រូវបានអនុវត្តន៍ស្របគ្នា និងទូលំទូលាយនៅទូទាំងខេត្ត។ ផ្ទះមហាសាមគ្គីចំនួន៥.០០០ខ្នងសម្រាប់គ្រួសារក្រីក្ររួមមាន៖ ផ្ទះថ្មី ១.៨០០ខ្នង ផ្ទះឈើ ១.៩០០ខ្នង ផ្ទះដែក១.៣០០ខ្នង ។ លោក Tran Quoc Cuong លេខាគណៈកម្មាធិការបក្សខេត្ត Dien Bien បានឲ្យដឹងថា៖ “យើងរំជួលចិត្តខ្លាំងណាស់នៅពេលយើងទៅមើលផ្ទះមហាសាមគ្គីដែលទើបនឹងបានបង្ហើយថ្មីៗនេះ។ ប្រជាជនព្យួទង់ជាតិ និងរូបថតលោកប្រធានហូជីមិញនៅចំកណ្តាលផ្ទះ។ ពេលគណៈប្រតិភូខេត្តទៅសួរសុខទុក្ខ ប្រជាជនបាននិយាយថា នេះជាអាសនៈប្រពៃណី មានទង់ជាតិ និងរូបថតលោកប្រធានហូជីមិញ ប្រការនេះបង្ហាញពីការជឿជាក់របស់ប្រជាជនចំពោះរដ្ឋាភិបាល”។
ដំណើរទៅបំពេញគម្រោងជួយសាងសង់ផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងសម្រាប់គ្រួសារក្រីក្រក្នុងខេត្ត Dien Bien បានសម្រេចក្តីសុបិនរបស់គ្រួសារក្រីក្រ ដែលមានផ្ទះរឹងមាំដើម្បីតាំងលំនៅ និងប្រកបរបរចិញ្ចឹមជីវិត។ ដំណើរនេះបង្ហាញពីកម្លាំងចិត្តនៃសាមគ្គីភាពដ៏ធំធេងរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien ប្រកបដោយអត្ថន័យមនុស្សធម៌ និងជាក់ស្តែងក្នុងការថែរក្សាជីវភាពរស់នៅរបស់ប្រជាជនជនក្រីក្រ៕