ការផ្លាស់ប្តូរឌីជីថលបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទីក្រុង Da Nang ទៅជាទីក្រុងឆ្លាតវៃនិងទំនើប

Chia sẻ
(VOVWORLD) - សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការកសាង និងអភិវឌ្ឍន៍ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កំណត់គោលដៅដល់ឆ្នាំ ២០៣០ ទីក្រុង Da Nang សម្រេចបានការសាងសង់ទីក្រុងឆ្លាតវៃ តភ្ជាប់បណ្តាញទីក្រុងឆ្លាតវៃទាំងក្នុងប្រទេសនិងក្នុងតំបន់អាស៊ាន។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងបានបង្កើតគម្រោងផ្លាស់ប្តូរឌីជីថលដល់ឆ្នាំ ២០២៥  ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដោយកំណត់ការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករក្នុងការបង្កើតចំណុចលោតផ្លោះលើគ្រប់វិស័យ ឆ្ពោះទៅការកសាងទីក្រុង Da Nang ទៅជាប្រព័ន្ធអេកូឡូស៊ីទំនើប ឆ្លាតវៃ និងជាទីតាំងគួរឲ្យចង់រស់នៅ។
ការផ្លាស់ប្តូរឌីជីថលបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទីក្រុង Da Nang ទៅជាទីក្រុងឆ្លាតវៃនិងទំនើប - ảnh 1Da Nang នាពេលរាត្រី (រូបថត៖  dangcongsan.vn)

ជោគជ័យដំបូងមួយក្នុងចំណោមជោគជ័យរបស់ទីក្រុង Da Nang ក្នុងការផ្លាស់ប្តូរឌីជីថល គឺការអនុវត្តកម្មវិធីជាច្រើន មានប្រយោជន៍ លើបណ្តាញជាច្រើនសម្រាប់ប្រជាជន និងអាជីវកម្មអាចចូលប្រើប្រាស់ផ្ទាល់។   តាមនោះ បង្កើតទំនាក់ទំនងរវាងរដ្ឋអំណាចនិងប្រជាជនក្នុងបរិយាកាសឌីជីថល។ កម្មវិធីជាច្រើននាំមកនូវប្រសិទ្ធភាពខ្ពស់ ដូចជាវេទិការួមបញ្ចូលពហុសេវាកម្ម ឧបករណ៍ប្រើប្រាស់ Danang Smart Cityវេទិកាពលរដ្ឋឌីជីថល MyPortal និងកម្មវិធីប្រើប្រាស់ Chatbot ដើម្បីណែនាំនីតិវិធីរដ្ឋបាល និងសេវាសាធារណៈដោយស្វ័យប្រវត្តិ។

លោកស្រី Nguyen Thi Lan ប្រជាជនម្នាក់នៅស្រុក Thanh Khe ទីក្រុង Da Nang បានឲ្យដឹងថា ការផ្លាស់ប្តូរឌីជីថលបានជួយប្រជាជន និងអាជ្ញាធរកាន់តែជិតស្និទ្ធ ហើយការដោះស្រាយបែបបទរដ្ឋបាលក៏កាន់តែងាយស្រួលជាងផងដែរ៖ “ប្រជាជនមានភាពងាយស្រួលក្នុងការទិញទំនិញ ក៏ដូចជាការអនុវត្តនីតិវិធីរដ្ឋបាល។ នីតិវិធីកាន់តែលឿន និងងាយស្រួលជាង  ហើយប្រជាជនមិនចាំបាច់ធ្វើដំណើរច្រើនដងនោះទេ”។

ទីក្រុង Da Nang បានកំណត់ថា ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងផ្សព្វផ្សាយ គឺជាវិស័យស្នូលនៃសេដ្ឋកិច្ចឌីជីថល ដែលមានសមាមាត្ររួមចំណែកខ្ពស់ ដល់កំណើនទាំងមូលរបស់ទីក្រុង។ យោងតាមការវាយតម្លៃរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុង Da Nang ក្នុងឆ្នាំ ២០២១ បានរួមចំណែកជិត ១៣% នៃ GRDP ក្នុងស្រុក។ បច្ចុប្បន្ននេះ ទីក្រុង Da Nang បានសាងសង់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទដើម្បីជួយអាជីវកម្មណែនាំ ផ្សព្វផ្សាយផលិតផល និងធ្វើអាជីវកម្មក្នុងបរិយាកាសអនឡាញ។

មកទល់នឹងពេលនេះ មានអាជីវកម្មជាង ១.០០០អង្គភាព និងផលិតផល ២.៥០០ បានចូលរួមផ្សារពាណិជ្ជកម្ម ហើយអង្គភាពអាជីវកម្មចំនួន ១០០% នៅទីក្រុង Da Nang ប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក។ គំរូទីផ្សារ ៤.០ ដែលទូទាត់ដោយគ្មានសាច់ប្រាក់នៅទីផ្សារកម្រិតទីក្រុងចំនួន ៣ ដែលមានពាណិជ្ជករចូលរួមជាង ១.០០០ នាក់ រួមចំណែកដល់ការជំរុញការផ្លាស់ប្តូរឌីជីថល បង្កើតលក្ខខណ្ឌសម្រាប់អ្នកប្រើប្រាស់ក្នុងការទទួលបានវិធីសាស្ត្រទូទាត់ទំនើប។ លោកស្រី Ho Thi Nhu Nga ម្ចាស់សហគ្រាសឯកជន Thanh Dat បានឲ្យដឹងថា៖

“នៅក្នុងដំណើរការដោះស្រាយឯកសារ ជំនួសឱ្យសកម្មភាពដែលអាជីវកម្មនឹងធ្វើដំណើរឡើងចុះទៅទីតាំងច្រកចេញចូលតែមួយ  ជាច្រើនដងដើម្បីកែសម្រួល និងបញ្ជូនឯកសារ ហើយឥឡូវនេះអង្គភាពអាជីវកម្មអាចដាក់ឯកសារតាមអ៊ីនធឺណិត ក៏ដូចជាការកែសម្រួលឯកសារគ្រប់ដំណាក់កាល សុទ្ធតែត្រូវធ្វើនៅឯផ្ទះបានដែរ”។

ក្នុងវិស័យទេសចរណ៍ ទីក្រុង Da Nang បានអនុវត្តន៍យ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនបទពិសោធន៍ និងទាក់ទាញភ្ញៀវទេសចរ។ ទាំងនេះគឺជាកម្មវិធីទេសចរណ៍ Da Nang Fantasticity, កម្មវិធី Chatbot ទេសចរណ៍, កម្មវិធី Chatbot ជំនួយភ្ញៀវទេសចរ, ទីផ្សារពាណិជ្ជកម្មទេសចរណ៍អនឡាញ និងការធ្វើដំណើរនិម្មិតតាមអ៊ីនធឺណិត។ លោក Nguyen Xuan Binh អនុប្រធាននាយកដ្ឋានទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានវិនិយោគយ៉ាងក្លាំងក្លាសម្រាប់ការផ្លាស់ប្តូរឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មងាយស្រួល និងឆ្លាតវៃជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរ៖

“អង្គភាពអាជីវកម្មបានតភ្ជាប់ជាមួយអ្នកផ្តល់សេវាផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតបទពិសោធន៍ថ្មីៗ។ សកម្មភាពនេះបានរួមចំណែកបង្កើតសោភ័ណភាពមិនត្រឹមតែក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងវិស័យសេដ្ឋកិច្ចសង្គមផ្សេងទៀតនៃទីក្រុងផងដែរ។ ជាពិសេស សកម្មភាពក្នុងវិស័យសេដ្ឋកិច្ចនារាត្រី បានរួមចំណែកធ្វើឱ្យទីក្រុង Da Nang ក្លាយជាគោលដៅដ៏ត្រចេះត្រចង់និងគួរឲ្យទាក់ទាញ”។

បច្ចុប្បន្ននេះ សេវារដ្ឋបាលសាធារណៈ ទាំង ១០០% របស់ទីក្រុង Da Nang មានគ្រប់លក្ខណៈសម្រាប់ការដាក់ពង្រាយតាមអ៊ីនធឺណិតកម្រិតទី ៤។ ទីក្រុង Da Nang បានបញ្ចប់ការដែល ប្រជាពលរដ្ឋពេញវ័យម្នាក់ៗមានគណនីប្រតិបត្តិការអេឡិចត្រូនិកមួយ និងមានកំណត់ត្រាសុខភាពអេឡិចត្រូនិក; សិស្សានុសិស្សម្នាក់ៗ មានលេខសម្គាល់តែមួយគត់ដែលទាក់ទងនឹងកំណត់ត្រាអេឡិចត្រូនិក។ ក្នុងឆ្នាំ ២០២១ ទីក្រុង Da Nang បានឈ្នះពានរង្វាន់ "ទីក្រុងឆ្លាតវៃវៀតណាម" ជាលើកទីពីរជាប់ៗគ្នា ហើយលើកទី ២ ជាប់ៗគ្នាបានឈ្នះពានរង្វាន់ ស្ថាប័នរដ្ឋផ្លាស់ប្តូរឌីជីថលឆ្នើមរបស់វៀតណាម។ នៅខែកក្កដា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនទីក្រុងបានឈ្នះពានរង្វាន់ទីភ្នាក់ងាររដ្ឋសម្រាប់ការផ្លាស់ប្តូរឌីជីថលដ៏ល្អឆ្នើមបំផុត។ លោក Tran Phuoc Son អនុប្រធានគណៈកម្មាធិការប្រជាជន Da Nang បានអះអាងថា៖

“ក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់ភាពជាសហគ្រិន ការច្នៃប្រឌិត   ទេសចរណ៍ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ទីក្រុង Da Nang ចាំបាច់ត្រូវបញ្ចប់ការសាងសង់ទីក្រុងឆ្លាតវៃ ដែលតភ្ជាប់ស្របគ្នាជាមួយបណ្តាញទីក្រុងឆ្លាតវៃក្នុងបណ្តាប្រទេស និងតំបន់អាស៊ាន។ ទីក្រុង Da Nang បានចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល ដែលក្នុងនោះ គម្រោងផ្លាស់ប្តូរឌីជីថលក្នុងទីក្រុងរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ត្រូវបានចាត់ទុកថាជាគម្រោងមួយក្នុងចំណោមគម្រោងដែលនាំមកនូវការផ្លាស់ប្តូរឌីជីថល។

សេចក្តីសម្រេចចិត្តលើកទី ២២ របស់គណៈកម្មាធិការបក្សទីក្រុង Da Nang (អាណត្តិឆ្នាំ ២០២០-២០២៥) បានកំណត់នូវភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗចំនួនបីគឺ៖ ផ្លាស់ប្តូរយ៉ាងរឹងមាំនូវគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្តោតលើការអភិវឌ្ឍខ្លាំង ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាព័ត៌មានដែលពាក់ព័ន្ធ ការចាប់ផ្តើមអាជីវកម្ម ការច្នៃប្រឌិត ទីក្រុងឆ្លាតវៃ បង្កើតមូលដ្ឋានគ្រឹះមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃឧស្សាហកម្ម និងវិស័យថ្មីៗ ជាពិសេសសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ទីក្រុងបាននិងកំពុងប្រើប្រាស់ធនធានច្រើនបំផុត សហគមន៍អាជីវកម្ម ក៏ដូចជាការចូលរួមនៃប្រព័ន្ធនយោបាយ និងសង្គមទាំងមូលក្នុងដំណើរការផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ