វុនលៀម - និស្សិតបរទេសដំបូងគេទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ

Ha Ngoc
Chia sẻ

(VOVWORLD) - សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ (HUST) ជាសាកលវិទ្យាល័យលំដាប់លេខ១ក្នុងវិស័យវិទ្យាសាស្ត្របច្ចេកទេសនៅវៀតណាម។ ក្រៅពីនិស្សិតក្នុងស្រុកចំនួនជាង៣ម៉ឺននាក់ ជារៀងរាល់ឆ្នាំ សាលាក៏ទទួលនិស្សិតបរទេសចូលរៀនប្រមាណ១០០០នាក់ផងដែរ។ នាពេលថ្មីៗនេះ និស្សិតកម្ពុជាដ៏ឆ្នើមម្នាក់បានក្លាយទៅជានិស្សិតបរទេសដំបូងគេដែលទទួលបានអាហារូបករណ៍លើកទឹកចិត្តការសិក្សារៀនសូត្ររបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ។ និស្សិតនោះឈ្មោះ វុន លៀម ជានិស្សិតឆ្នាំទី៤ ជំនាញបច្ចេកទេសមេកាត្រូនិក K26។ ក្នុងនាទីដំបូលអាស៊ានសប្ដាហ៍នេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមជាមួយអ្នកសារព័ត៌មាន VOV ជួបសំណេះសំណាលជាមួយនិស្សិតឆ្នើមរូបនេះផងណា!

 
វុនលៀម - និស្សិតបរទេសដំបូងគេទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ - ảnh 1វុន លៀមជានិស្សិតបរទេសដំបូងគេទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ។
"ក្នុងនាមជានិស្សិតបរទេសដំបូងបង្អស់ដែលទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យវិទ្យា សាស្រ្ត និងបច្ចេកវិទ្យាហាណូយ(HUST) ខ្ញុំពិតជាមានភាពសប្បាយរីករាយនិងមានមោទនភាពជាខ្លាំងចំពោះលទ្ធផលមួយនេះ។ ដើម្បីទទួលបានលទ្ធផលនៃការសិក្សាល្អដូច្នេះ ខ្ញុំត្រូវខិតខំប្រឹងប្រែងស្ដាប់គ្រូពន្យល់ បែងចែកពេលវេលាសម្រាប់ការស្វ័យសិក្សានិងស្រាវជ្រាវអោយបានសមស្របរវាងមុខវិទ្យាប្រភេទមេរៀនទ្រឹស្ដីនិងមុខវិទ្យាប្រភេទលំហាត់ បង្កើតទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូនិងមិត្តរួមថ្នាក់ ចូលរួមក្នុងការសិស្សាជាក្រុម បង្រៀននិងចែករំលែកគ្នាទៅវិញទៅមកជាមួយមិត្តរួមថ្នាក់។"
នោះគឺជាការចែករំលែករបស់ វុន លៀម ជាយុវជនតែម្នាក់គត់នៃស្រុកព្រំប្រទល់មង្គលបរ័យ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ប្រឡងជាប់ថ្នាក់ឧត្តមសិក្សា ហើយដណ្ដើមបានអាហា រូបករណ៍ទៅរៀននៅឯបរទេសផងដែរ។ ប្រសូត្រនិងធំដឹងក្ដីនៅក្នុងគ្រួសារមួយ មានកូន៤នាក់ ដោយសារតែលក្ខណៈគ្រួសារលំបាក បងៗក្នុងគ្រួសារត្រូវបញ្ឈប់ការសិក្សាដើម្បីជួយទំនុកបម្រុងគ្រួសារ។ ជាកូនពៅ វុន លៀមត្រូវបានផ្ដល់អាទិភាពបន្តការសិក្សាហើយក៏ជាក្ដីសង្ឃឹមនៃគ្រួសារទាំងមូលផងដែរ។ មិនទុកឲ្យក្រុមគ្រួសារខកបំណងទេ វុន លៀម ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ក្នុងអំឡុងពេល៣ឆ្នាំនៅថ្នាក់វិទ្យាល័យសុទ្ធតែមានលទ្ធផលជាប់ចំណាត់លេខ១។ កាលពីឆ្នាំ២០១៥ គាត់ប្រឡងជាប់ដោយទទួលបានអាហារូបករណ៍ ៥០% នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា ដែលជាមូលដ្ឋានបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាដ៏ល្បីឈ្មោះក្នុងស្រុក។ ក៏ចាប់តាំងពីពេលនោះមក គាត់ចាប់ផ្ដើមស្វែងយល់ពីអាហារូបករណ៍បរទេស ហើយចិញ្ចឹមក្ដីសុបិន្តទៅសិក្សានៅឯបរទេសផងដែរ។ ចូលរួមវគ្គប្រឡងអាហារូបករណ៍ទៅរៀននៅវៀតណាមជាមួយនិស្សិតចំនួន៦០០នាក់ផ្សេងទៀត វុន លៀម បានដណ្ដើមអាហារូបករណ៍ពេញលេញ ហើយសម្រេចជ្រើសរើសសាកលវិទ្យាល័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយធ្វើជាកន្លែងពូនជ្រុំសម្រាប់អនាគតផ្ទាល់ខ្លួន។ វុន លៀម ចែករំលែកយ៉ាងដូច្នេះថា៖
"មូលហេតុដែលធ្វើឲ្យខ្ញុំសម្រេចជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយ( HUST)៖ ខ្ញុំជានិស្សិតមួយរូបដែលចូលចិត្តសិក្សានិងស្រាវជ្រាវលើផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត ម៉្យាងទៀត HUST គឺជាសាលកវិទ្យាល័យផ្នែកបច្ចេកវិទ្យាលំដាប់ថ្នាក់លេខមួយនៅប្រទេសវៀតណាម មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានកម្មវិធីសិក្សាស្តង់ដា ហើយនិស្សិតដែលសិក្សានូវទីនេះគឺមានឱកាសច្រើនក្នុងការប្រកួតប្រជែង ជាកន្លែងដែលសាកសមឲ្យខ្ញុំផ្ញើរនូវអនាគតទាំងមូល។"
វុនលៀម - និស្សិតបរទេសដំបូងគេទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ - ảnh 2វុន លៀម ចូលរួមព្រឹត្តិការណ៍មួយរបស់និស្សិតកម្ពុជានៅវៀតណាម។ 
ក៏ដូចជានិស្សិតកម្ពុជាទៅរៀននៅវៀតណាមផ្សេងៗទៀតដែរ វុន លៀមមានរយៈពេលមួយឆ្នាំដំបូងសម្រាប់សិក្សាភាសាវៀតណាមនៅសាលាមិត្តភាព ៨០ ទីរួមស្រុក Son Tay រដ្ឋធានីហាណូយ។ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៧ គាត់ចាប់ផ្ដើមចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ។ ថ្វីត្បិតតែមានទំនុកចិត្តលើភាសាវៀតណាមដែលខ្លួនក្រេបយកបានក៏ដោយ ប៉ុន្តែឆ្នាំសិក្សាដំបូងពិតជារយៈពេលពោរពេញទៅដោយការលំបាកសាកល្បង ពេលដែលវុន លៀមអាចយល់តែជាង៣០%នៃចំណេះដឹងនៅថ្នាក់រៀនប៉ុណ្ណោះ ពីព្រោះការបង្រៀនរបស់គ្រូលឿនជាងអ្វីៗដែលគាត់រំពឹងទុក។ លើសពីនេះទៅទៀត ការសម្របខ្លួនចូលក្នុងបរិស្ថានថ្មី ក៏បង្កឡើងសម្ពាធដ៏ធំទៅលើនិស្សិតកម្ពុជារូបនេះផងដែរ។ បញ្ចប់ឆមាសទី១ ឆ្នាំសិក្សាដំបូង គាត់សម្រេចបានលទ្ធផលមធ្យមតែ២.១៤/៤ ដែលជាចំណាត់មធ្យមប៉ុណ្ណោះ។ រំលឹកដល់ដំណាក់កាលលំបាកនោះ វុន លៀមចែករំលែកថា៖
"ក្នុងអំឡុងពេលសិក្សានៅទីនេះ ខ្ញុំបានជួបប្រទះនឹងការលំបាកជាច្រើនដូចជាផ្នែកភាសា ការសម្របខ្លួននឹងអាកាធាតុត្រជាក់ ភាពខុសគ្នានៃវប្បធម៌នៃការរស់នូវ ការប្រាស្រ័យទាក់ទង ជាពិសេសគឺបរិមាណមេរៀននិងការសិស្សាមានបរិមាណច្រើននិងសម្ពាធ។ ដើម្បីជំនះលើរាល់ការលំបាកទាំងនេះ ខ្ញុំត្រូវខិតខំប្រឹងមប្រែងរៀនសូត្រយ៉ាងខ្លាំង ពិសេសគឺត្រូវរៀនភាសាវៀតណាមអោយបានល្អ សម្របខ្លួននិងបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចូលរួមការងារស្មាគ្រចិត្តដើម្បីបង្កើនភាពក្លាហាននិងបំនិនជីវិត បែងចែកពេលវេលានៃការកម្សាន្តនិងការសិក្សាអោយបានសមស្រប។"
ដោយមានឆន្ទៈមោះមុត ស្មារតីមិនចេះចុះចាញ់ វុន លៀមបន្តខិតខំព្យាយាមរៀនសូត្រឲ្យបានល្អដើម្បីមិនឲ្យក្រុមគ្រួសារខកបំណងឡើយ។ អាស្រ័យដោយមានលក្ខណៈសម្បត្តិឈ្លាសវៃ និងកម្លាំងចិត្តដែលមានស្រាប់ រួមជាមួយការជួយឧបត្ថម្ភពីលោកគ្រូអ្នកគ្រូនិងមិត្តភក្តិ វុន លៀមរៀនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំសិក្សាទី២និងទី៣ គាត់ជាប់ចំណាត់បង្គួរ។ ដល់ឆមាសទី២ ឆ្នាំសិក្សាទី៤ គាត់សម្រេចបានពិន្ទុ ៣.៨៤/៤ រួមជាមួយពិន្ទុហាត់ពត់លត់ដំចំនួន ៨៤/១០០ ដណ្ដើមបានអាហារូបករណ៍លើកទឹកចិត្តការសិក្សាកម្រិត B (លំដាប់ទី២)។ នេះជាស្នាដៃដែលមិនធ្លាប់មាននិស្សិតបរទេសណាមួយតាំងពីមុនមកសម្រេចបាន ហើយក៏ជាគោលដៅរបស់និស្សិតវៀតណាមពូកែជាច្រើនផ្សេងទៀត ពីព្រោះជារៀងរាល់ឆ្នាំ សាលាត្រឹមតែផ្ដល់អាហារូបករណ៍ប្រភេទនេះជាង១៥០០ កញ្ចប់ប៉ុណ្ណោះ។ ដើម្បីទទួលបានអាហារូបករណ៍នេះ ក្រៅពីស្នាដៃសិក្សាដ៏ល្អប្រសើរ នៅពិនិត្យមើលលើកកត្តាមួយចំនួនផ្សេងទៀតដូចជា មនសិកាវិន័យ សកម្មភាពសង្គម សហគមន៍ ជាដើម។ Nguyen Huu Quyen និស្សិតឆ្នាំទី៤ ជំនាញបច្ចេកទេសមេកាត្រូនិក នៃសាកលវិទ្យា ល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយ បានចែករំលែកពីមិត្តកម្ពុជារបស់ខ្លួនមួយនេះដោយមោទនភាពថា៖
“លៀមជានិស្សិតម្នាក់ដែលរៀនពូកែផង ហើយមានការឧស្សាហ៍ ព្យាយាមនិងការទទួលខុសត្រូវទៀតផង។ គាត់ជាប្រធានគណៈទំនាក់ទំនងនិស្សិតកម្ពុជានៅសាលា ដែលតែងតែទទួលបន្ទុករៀបចំកម្មវិធីអំណរបុណ្យចូលឆ្នាំថ្មីខ្មែរ យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់និស្សិតកម្ពុជា ហើយស្និទ្ធស្នាលជាមួយនិស្សិតវៀតណាមផងដែរ។ ក្រៅពីស្នាដៃសិក្សា ដើម្បីទទួលបានពិន្ទុហាត់ពត់លត់ដំខ្ពស់អញ្ចឹង គាត់បានចូលរួមយ៉ាងសកម្មក្នុងការប្រជុំជីវភាពសហគមន៍របស់សាលា សកម្មភាពស្ម័គ្រចិត្ត បរិច្ឆាគឈាម ប្រតិបត្តិល្អតាមច្បាប់សាមី។ ល។”
វុន លៀម ចែករំលែកថា អំឡុងពេលជិត៥ឆ្នាំស្នាក់នៅវៀតណាមបាននាំមកនូវ អនុស្សាវរីយ៍គួរឲ្យចងចាំជាច្រើន ជាពិសេសគឺដំណាក់កាលបច្ចុប្បន្ននេះ ស្របពេលដែលទីក្រុងហាណូយកំពុងរក្សាគម្លាតសង្គមដើម្បីបង្ការប្រឆាំង ជម្ងឺកូវីដ ១៩។ ទោះជាយូរៗហើយមិនបានជួបលោកគ្រូអ្នកគ្រូនិងមិត្តភក្តិក៏ដោយ ប៉ុន្តែ វុន លៀមនៅតែទទួលបានមនោសញ្ចេតនាដ៏កក់ក្ដៅរបស់មនុស្សគ្រប់គ្នា ដោយតែងតែយកចិត្តទុកដាក់ សាកសួរសុខទុក្ខជាប្រចាំ ហើយផ្ញើរអាហារ ឧបករណ៍ចាំបាច់ជូនចំពោះគាត់។ គោលដៅនាពេលខាងមុខនេះរបស់វុន លៀម គឺបន្តសិក្សារៀនសូត្រឲ្យបានល្អជាងទៀត ខិតខំបញ្ចប់ការសិក្សាមុនមួយឆមាស ហើយវិល ត្រឡប់ មកកម្ពុជាវិញ ចូលរួមចំណែកកសាងនិងអភិវឌ្ឍមាតុប្រទេស៕

ប្រតិកម្មទៅវិញ