រួមដំណើរថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា

Van Do - Xuan Bach
Chia sẻ

(VOVWORLD) - មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្របសម្រួលជាមួយសហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងអង្គការសប្បុរសធម៌វៀតណាមមួយចំនួន រៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ និងជូនអំណោយជាច្រើន ដល់ប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរដែលមានស្ថានភាពលំបាកនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

រួមដំណើរថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា - ảnh 1ការពិនិត្យពិគ្រោះសុខភាពសម្រាប់ប្រជាពលរដ្ឋខេត្ត កំពង់ឆ្នាំង។

ក្នុងប៉ុន្មានថ្ងៃដើមខែមេសានេះ នៅខេត្តកំពង់ឆ្នាំង ប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរជាង ៦០០ នាក់ ត្រូវបានជួរគ្រូពេទ្យមកពីសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ក្លឹបចែករំលែកក្តីស្រឡាញ់ ក្រុមរួមកម្លាំងកាយចិត្ត គ្លីនិកហុព្យាបាល MED១១៥ និងមេគង្គគ្លីនិក ពិនិត្យពិគ្រោះ ស្កេនអ៊ុលត្រាសោនទូទៅ ធ្វើតេស្តឈាម វ៉ាស់ចង្វាក់បេះដូង និងថតកាំរស្មីអ៊ិច។ មុននោះ នៅចុងខែមីនា ក្រោមការដឹកនាំផ្ទាល់ពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang សកម្មភាពពិនិត្យសុខភាពមួយផ្សេងទៀតត្រូវបានដំណើរការនៅខេត្តក្រចេះ។ មន្ទីរពេទ្យជោរៃ-ភ្នំពេញ និងធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានចូលរួមឧបត្ថម្ភខាងបុគ្គលិក ថវិកាដើម្បីរៀបចំការពិនិត្យ ពិគ្រោះ ផ្ដល់ថ្នាំ និងអំណោយសប្បុរសធម៌ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរចំនួន ៥០០ នាក់ ដែលមានស្ថានភាពលំបាកក្នុងខេត្តក្រចេះ។ ប្រជាជនត្រូវបានពិនិត្យរកជំងឺលើ ៤ ក្រុម គឺ៖ សរសៃឈាមបេះដូង សម្ពាធឈាម ទឹកនោមផ្អែម និងឆ្អឹង។ ប្រជាជនក៏ទទួលបានការពិនិត្យធ្មេញ រោគស្ត្រី និងភ្នែកយ៉ាងលម្អិត ហើយត្រូវបានជូនវ៉ែនតាដោយឥតគិតថ្លៃផងដែរ។

សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជា Metfone AngkorMilk BIDC... សុទ្ធតែបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ខ្លួនចំពោះការងារសង្គមនៅក្នុងប្រទេសសាម៉ី។ ក្នុងនោះ មានការរួមវិភាគទានផ្នែកហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់និងអំណោយជាច្រើនដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យទាន ក៏ដូចជាក្នុងការពិនិត្យសុខភាពនិងចែកថ្នាំជាប្រចាំឆ្នាំផងដែរ។ អគ្គនាយកក្រុមហ៊ុន Metfone លោក Cao Manh Duc បានចែករំលែកថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ តម្លៃសរុបដែល Metfone បានឧបត្ថម្ភសម្រាប់ការងារសប្បុរសធម៌ និងគម្រោងសង្គមមានចំនួន ១២០លានដុល្លារអាមេរិក។ ជាមធ្យមក្នុងមួយឆ្នាំ Metfone ចំណាយប្រាក់ជាង ១០ លានដុល្លារសម្រាប់សកម្មភាពសង្គមនៅកម្ពុជា៖

“ក្នុងដំណើរការវិនិយោគនៅកម្ពុជាអស់រយៈពេល ១៥ ឆ្នាំកន្លងមក ក្រៅពីការរក្សាបានល្អនូវសកម្មភាពអាជីវកម្ម អង្គភាពយើងខ្ញុំបានរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកម្មវិធីសប្បុរសធម៌ជាច្រើន រួមចំណែកនាំមកនូវតម្លៃមនុស្សធម៌ និងសុភមង្គលដល់ប្រជាជន ជាពិសេសជនងាយរងគ្រោះក្នុងសង្គម”។

រួមដំណើរថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា - ảnh 2គ្រូពេទ្យនៃមន្ទីរពេទ្យជោរៃ-ភ្នំពេញ ពិនិត្យពិគ្រោះសុខភាពសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ។ (រូបថត៖ VOV)

លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានវាយតម្លៃថា នេះគឺជាកម្មវិធីដ៏មានអត្ថន័យ និងស្របតាមកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាថែទាំសុខភាពជាសកល ដល់ប្រជាពលរដ្ឋទាំងអស់ ឆ្ពោះទៅផ្ដល់សេវាថែទាំសុខភាពដល់គ្រួសារដែលងាយរងគ្រោះ។

លោក Tran Van Sach ប្រធានសាខាសមាគមខ្មែរ-វៀតណាមប្រចាំខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះស្ថានទូត និងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់ផ្នែកមួយនៃប្រជាជនដើមកំណើតវៀតណាម ក៏ដូចជាប្រជាជនខេត្តក្រចេះ មានឱកាសទទួលបានការពិនិត្យសុខភាព ថ្នាំឱសថ និងអំណោយ តាមនោះជួយបន្ធូរបន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសរួមចំណែកលើកកំពស់ស្មារតីសាមគ្គីជួយទំនុកបម្រុងគ្នារវាងប្រជាជនដើមកំណើតវៀតណាមនិងប្រជាជនខ្មែរក្នុងស្រុក៖

“ខ្ញុំគិតថា ការងារទាំងនេះមានអត្ថន័យខ្លាំងណាស់ ដែលបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម ក៏ដូចជារវាងខេត្តក្រចេះ ជាមួយស្ថានទូតយើង។ ប្រការនេះបង្ហាញពីចំណងមិត្តភាពដ៏ធំធេង ព្រោះថា ជនដើមកំណើតវៀតណាមមាន ២៥០នាក់ ជនខ្មែរមាន ២៥០ នាក់ សរុប ៥០០នាក់ ដែលពិតជាថ្លៃថ្នូរនិងមានន័យណាស់”។

ប្រព្រឹត្តទៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា ដូច្នេះហើយកម្មវិធីពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ និងអំណោយជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ ត្រូវបានសាធារណៈមតិស្វាគមន៍ និងកោតសរសើរ។ តាមនោះ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងសហគមន៍អាណិកជនវៀតណាមជាមួយប្រជាជនខ្មែរ ព្រមទាំងបង្ហាញពីទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ