ប្រទេសថៃជំរុញសកម្មភាពតភ្ជាប់កិច្ចសហប្រតិបត្តិការអប់រំជាមួយវៀតណាម

Chia sẻ

(VOVWORLD) - ក្រោយពីលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម និងថៃបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលផងដែរ។ សកម្មភាពតភ្ជាប់វិស័យអប់រំរវាងប្រទេសទាំងពីរ ដូចជាការរៀបចំសិក្ខាសាលាអប់រំ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហគ្រាសថៃ និងសាកលវិទ្យាល័យវៀតណាម ការផ្តល់អាហា
រូបករណ៍ដល់និស្សិត ... បានរួមចំណែកទៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស បំពេញតម្រូវការនៃប្រទេសទាំងពីរ។

ប្រទេសថៃជំរុញសកម្មភាពតភ្ជាប់កិច្ចសហប្រតិបត្តិការអប់រំជាមួយវៀតណាម - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនសម្ភារសំណង់ស៊ីម៉ង SCG វៀតណាមជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ។ (រូបថត៖ tuoitrethudo.vn)

SCG - ១ ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនធំជាងគេរបស់ប្រទេសថៃ ដែលបច្ចុប្បន្នកំពុងវិនិយោគ ធ្វើអាជីវកម្មវិស័យសម្ភារសំណង់ និងគីមីឥន្ធនៈនៅវៀតណាម។ បច្ចុប្បន្ននេះ SCG - ១ កំពុងផ្តល់ការងារដល់កម្មករវៀតណាមរហូតដល់ ១៥ ពាន់នាក់នៅតាមរោងចក្រផលិត និងអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន។ ដូច្នេះ ការតភ្ជាប់ជាមួយសាកលវិទ្យាល័យ និងសាលាជាន់ខ្ពស់នានាក្នុងប្រទេសវៀតណាម ដើម្បីស្វែងរកប្រភពធនធានមនុស្ស គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់គេ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនសម្ភារសំណង់ស៊ីម៉ង SCG វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ អំពីកម្មវិធីសហប្រតិបត្តិការទ្វេភាគីរយៈពេល ៣ ឆ្នាំលើវិស័យជាច្រើន រួមមានគម្រោងស្រាវជ្រាវ អភិវឌ្ឍន៍បច្ចេកវិទ្យា និងអភិវឌ្ឍន៍ធនធានមនុស្ស។ លោកស្រី Napit Teparak នាយិកាផ្នែកបុគ្គលិកនៃក្រុមហ៊ុនគីមីឥន្ធន SCG វៀតណាម បានចែករំលែកថា៖

“យើងខ្ញុំមានបំណងចង់សហការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យ និងសាលាជាន់ខ្ពស់នៅវៀតណាម។ ជាមួយនឹងប្រតិបត្តិការអាជីវកម្មបច្ចុប្បន្នរបស់យើងខ្ញុំនៅក្នុងប្រទេសវៀតណាម យើងខ្ញុំនឹងត្រូវការពលករវៀតណាមបន្ថែមទៀត។ ចំណុចមួយទៀតគឺថា ពលករវៀតណាមមានប្រៀបខ្លាំងជាច្រើនដែលកម្រមាននៅតាមប្រទេសដទៃទៀតដូចជា ភាពឧស្សាហ៍ព្យាយាម និងការរៀនសូត្រឥតឈប់ឈរដើម្បីដុសខាត់ខ្លួនឯង ដែលអាចនិយាយបានថា ជាប្រភពកម្លាំងពលកម្មដ៏ល្អបំផុតនៅពេលដែលបរិយាកាសនិងនិន្នាការកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្ន”។

ក្រៅពីការបង្កើនការតភ្ជាប់រវាងសហគ្រាសថៃ និងសាកលវិទ្យាល័យវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រទេសថៃបន្តផ្ដល់អាហារូបករណ៍ជូននិស្សិតវៀតណាមទៅសិក្សានៅសាកលវិទ្យាល័យរបស់ថៃ។ ជារៀងរាល់ឆ្នាំ ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ក៏ដូចជាសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសនេះ តែងតែផ្តល់អាហារូបករណ៍មួយចំនួនដល់និស្សិតវៀតណាម ដោយគោលបំណងចង់ទាក់ទាញនិស្សិតឆ្នើមៗមកសិក្សានៅថៃ។ នាចុងខែកុម្ភៈកន្លងទៅ សកម្មភាពសហប្រតិបត្តិការដ៏លេចធ្លោមួយលើវិស័យអប់រំ រវាងប្រទេសទាំងពីរគឺសិក្ខាសាលាតភ្ជាប់ការអប់រំវៀតណាម-ថៃ រៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅថៃ សហការជាមួយសភាពាណិជ្ជកម្មថៃ។ ថ្លែងនៅទីនេះ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានសង្កត់ធ្ងន់ថា៖

“ការរៀបចំសិក្ខាសាលាតភ្ជាប់ការអប់រំវៀតណាម-ថៃ គឺជាឱកាសដ៏ល្អមួយ ហើយក៏ជាពេលវេលាដ៏អស្ចារ្យមួយដើម្បីតភ្ជាប់ជាមួយបណ្ដាសហគ្រាស។ ប្រការនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងសហគមន៍ធុរកិច្ច និងគ្រឹះស្ថានបណ្តុះបណ្តាល។ កិច្ចសហប្រតិបត្តិការរបស់យើងប្រាកដថា បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ ហើយខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា យើងនឹងអាចបន្តឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីការអភិវឌ្ឍរបស់ប្រជាជននៃប្រទេសទាំងពីរ”។

ប្រទេសថៃជំរុញសកម្មភាពតភ្ជាប់កិច្ចសហប្រតិបត្តិការអប់រំជាមួយវៀតណាម - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Phan Chi Thanh។ (រូបថត៖ VOV)

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ថៃ និងវៀតណាម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាផ្នែកមួយនៃផែនការកំណែទម្រង់ និងការអភិវឌ្ឍវិស័យអប់រំនៅប្រទេសនីមួយៗនាពេលបច្ចុប្បន្ន។ គោលដៅគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការដើម្បីសិក្សាពីចំណេះដឹង និងបទពិសោធន៍របស់គ្នាទៅវិញទៅមក សម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព ក៏ដូចជាប្រើប្រាស់ការអប់រំជាឧបករណ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ វាយតំលៃអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងវៀតណាម និងថៃ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Phan Chi Thanh បានអះអាងថា៖

“ខ្ញុំចាត់ទុកថា មនុស្សគឺជាកូនសោរនៃភាពជោគជ័យក្នុងគ្រប់ទម្រង់នៃកិច្ចសហប្រតិបត្តិការ។ នោះគឺជាមូលហេតុដែលយើងចាំបាច់ត្រូវពិភាក្សាអំពីវិធីជំរុញប្រជាជនឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងវិធីបណ្តុះបណ្តាលប្រជាជនដើម្បីរួមវិភាគទានបន្ថែមទៀតទៅក្នុងការអភិវឌ្ឍរបស់ប្រទេសទាំងពីរនាពេលអនាគត។ យើងខ្ញុំចាត់ទុកថា វិស័យអប់រំ និងបណ្តុះបណ្តាលគឺជាកូនសោរសម្រាប់អនាគតនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ថៃ”។

យោងតាមទិន្នន័យរបស់ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងនវានុវត្តន៍ថៃ ចំនួននិស្សិតវៀតណាមនៅថៃនាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ ៥ បន្ទាប់ពីប្រទេសចិន មីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ សាកលវិទ្យាល័យថៃជាច្រើនក៏មានកិច្ចសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរ ជាមួយសាកលវិទ្យាល័យវៀតណាមផងដែរ។ នោះក៏ជាមូលដ្ឋានដើម្បីឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលបន្ថែមទៀត ឆ្ពោះទៅរកគោលដៅបង្កើនចំនួននិស្សិតវៀតណាមទៅសិក្សានៅ ថៃឡើងដល់ ៥០០០ នាក់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ