យុវជនអាស៊ានជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃសហគមន៍នាពេលអនាគត

Nguyen Yen
Chia sẻ
(VOVWORLD) - ដោយមានចំនួនជិត ២១៥ លាននាក់ យុវជនស្រូបយកជាងមួយភាគបីនៃចំនួនប្រជាជនអាស៊ានសរុប ហើយជាប្រភពធនធានដ៏សំខាន់ដែលរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ និងការរីកចម្រើនដោយឥតឈប់ឈរនៃសហគមន៍អាស៊ាន។ តាមការព្យាករណ៍ថា សមាមាត្រនៃយុវជននឹងឡើងដល់កំពូលនៅឆ្នាំ ២០៣៨ ដែលជាសញ្ញាបង្ហាញពីសក្តានុពលដ៏ធំធេងនៃស្រទាប់វណ្ណៈនេះ ក្នុងការបង្កើតរូបរាងសម្រាប់ស្ថានភាពសេដ្ឋកិច្ចសង្គម និងកំណើនជាបន្តបន្ទាប់នៃតំបន់អាស៊ាន។ នេះជាការចែករំលែករបស់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅក្នុងកិច្ចសន្ទនារវាងអគ្គលេខាធិការអាស៊ាន ជាមួយយុវជនអាស៊ាន ក្រោមប្រធានបទ “យុវជនអាស៊ាន - អនាគតអាស៊ាន៖ តួនាទីរបស់យុវជនក្នុងការបង្កើតរូបរាងសម្រាប់អនាគតអាស៊ាន” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ឆ្នាំ ២០២៤ នៅទីក្រុងហាណូយ។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤” របស់វៀតណាម។
យុវជនអាស៊ានជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃសហគមន៍នាពេលអនាគត - ảnh 1តំណាងយុវជនវៀតណាមនិងអគ្គលេខាធិការអាស៊ានចូលរួមកិច្ចសន្ទនា។

យោងតាមលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចាត់ទុកថា សំឡេងនិងទស្សនៈរបស់យុវជនអាស៊ានមិនត្រឹមតែមានតម្លៃប៉ុណ្ណោះទេ ថែមទាំងមិនអាចខ្វះបានក្នុងការបង្កើតរូបរាងសម្រាប់អនាគតតំបន់។ យុវជនគឺជាមនុស្សដែលមានព័ត៌មាន និងចំណេះដឹងទាន់សម័យបំផុត ដោយចាប់យកបាននូវនិន្នាការថ្មីថ្មោង។ ដូច្នេះ ការដែលវៀតណាមរៀបចំកិច្ចសន្ទនាជាមួយយុវជនគឺមានសារៈសំខាន់ខ្លាំងណាស់។

“សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីឆ្នាំយុវជនអាស៊ាន សំដៅបង្កើនតួនាទីយុវជនក្នុងការកសាងសហគមន៍អាស៊ាន ក៏បានទទួលស្គាល់តួនាទីសំខាន់របស់យុវជនជាកម្លាំងចលករស្នូលសម្រាប់កំណើន។ ដោយឈរលើស្មារតីនោះ ខ្ញុំវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានម្ចាស់ការដឹកនាំវេទិកាយុវជនស្ម័គ្រចិត្តអាស៊ានបូក និងពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបូក។ គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ណាស់ក្នុងការជំរុញសកម្មភាពស្ម័គ្រចិត្ដក្នុងមជ្ឈដ្ឋានយុវជន ពីព្រោះយើងទទួលស្គាល់អ្នកស្ម័គ្រចិត្តជាបុគ្គល និងអង្គការយុវជនឆ្នើមៗ ដែលមានការរួមវិភាគទានយ៉ាងសកម្មសម្រាប់សហគមន៍”។

លោក កៅ គឹមហួន ក៏បានសម្តែងនូវក្ដីរីករាយផងដែរ ដោយសារវៀតណាមបានផ្តល់ការគាំទ្រដ៏ធំធេង ដល់ដំណើរការអនុវត្តសកម្មភាពស្ម័គ្រចិត្តរបស់អាស៊ាននៅខេត្ត Tuyen Quang (ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ ២០២៣) ដោយផ្តោតលើការគ្រប់គ្រងហានិភ័យធម្មជាតិ។

ចូលរួមកិច្ចសន្ទនានេះ ក្រៅពីអគ្គលេខាធិការអាស៊ាន ក៏មានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ អង្គការអន្តរជាតិ តំណាងក្រសួង ស្ថាប័ន រួមជាមួយនិស្សិតវៀតណាមយ៉ាងច្រើនកុះករផងដែរ។ បរវកញ្ញា Nguyen Thuc Thuy Tien - យុវជនវៀតណាមគំរូឆ្នាំ ២០២១ បានតាងនាមយុវជនវៀតណាមថ្លែងនៅក្នុងកម្មវិធី។ នាងបានចែករំលែកអំពីបញ្ហាដែលជំនាន់វ័យក្មេងកំពុងបាត់បង់ការតភ្ជាប់ជាមួយតម្លៃប្រពៃណី។

“យើងមិនអាចបដិសេធបានថា តម្លៃវប្បធម៌ប្រពៃណីគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗនិងតំបន់អាស៊ានជាទូទៅ។ ដោយអះអាងនូវសារៈសំខាន់នៃវប្បធម៌ អគ្គមគ្គុទេសវៀតណាម លោកប្រធានហូជីមិញ វរជនវប្បធម៌ពិភពលោកបានមានប្រសាសន៍ថា “វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រជាជនដើរ”។ ការថែរក្សា និងពង្រីកតម្លៃប្រពៃណីទាំងនោះ មិនត្រឹមតែដើម្បីលើកតម្កើងអតីតកាលប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសថ្មីសម្រាប់បច្ចុប្បន្ន និងអនាគត ក៏ដូចជាបង្កើតធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមងផងដែរ”។

ចំណែកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato' Tan Yang Thai បានសម្តែងថា៖

“ការដែលវៀតណាមរៀបចំកិច្ចសន្ទនាលើកនេះ គឺមានសារសំខាន់ណាស់ពីព្រោះយុវជនវៀតណាមត្រូវបានចាត់ទុកថា មានចំនួនច្រើនជាងគេក្នុងអាស៊ាន។ យុវជនវៀតណាមកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីស្ថាបនាអនាគត ហើយនឹងក្លាយជាកំពែងរបស់អាស៊ានក្នុងការដោះស្រាយបញ្ហារបស់អាស៊ាន ក៏ដូចជាពិភពលោកនាពេលអនាគត”។

យុវជនអាស៊ានជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃសហគមន៍នាពេលអនាគត - ảnh 2កិច្ចសន្ទនាធ្វើឡើងតាមទម្រង់ផ្ទាល់ផងនិងប្រព័ន្ធវីដេអូផង។

លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Tuong Lam បានលើកឡើងដំណោះស្រាយមួយចំនួនសម្រាប់យុវជនអាស៊ាន ដើម្បីអាចពង្រីកតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាអ្នកត្រួសត្រាយ និងអនាគតរបស់សហគមន៍អាស៊ាន៖

“សម្រាប់យុវជន អ្នកក៏ត្រូវដឹងយ៉ាងច្បាស់អំពីតួនាទីរបស់ខ្លួន ម្ចាស់ការរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍតំបន់តាមរយៈការលើកកំពស់ចំណេះដឹងនិងជំនាញ; ស្វែងយល់ពីឱកាសសិក្សា និងធ្វើការក្នុងតំបន់អាស៊ាន; ចូលរួមក្នុងព្រឹត្តិការណ៍យុវជន សិក្ខាសាលា វេទិកា និងសកម្មភាពនានាដើម្បីផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ តាមនោះ អាចកសាងបណ្តាញ និងបង្កើតទំនាក់ទំនងជាមួយយុវជនដទៃទៀតក្នុងតំបន់អាស៊ាន”។

សហគមន៍អាស៊ានដោយមានភាពស្អិតរមួតផ្នែកនយោបាយ ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងការជួយទំនុកបម្រុង ចែករំលែកគ្នាទៅវិញទៅមករវាងបណ្ដាប្រទេស នឹងរួមចំណែកនាំអាស៊ានកាន់តែរីកចម្រើន និងរក្សាបាននូវឋានៈដ៏សំខាន់លើឆាកអន្តរជាតិ។ នោះមិនត្រឹមតែជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នារួមរបស់យុវជនអាស៊ានទៀតផង។ លទ្ធផលនៃការផ្លាស់ប្តូរ និងការពិភាក្សាក្នុងកិច្ចសន្ទនានេះ នឹងត្រូវបានលោកអគ្គលេខាធិការ និងថ្នាក់ដឹកនាំអាស៊ានយកចិត្តទុកដាក់ លើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន និងប្រកបដោយជោគជ័យនាពេលខាងមុខ ដើម្បីការអភិវឌ្ឍរបស់យុវជនក្នុងតំបន់អាស៊ាន៕

ប្រតិកម្មទៅវិញ