គិលានដ្ឋានយោធា-ស៊ីវិល Thong Pe៖ ដំបូលមិត្តភាពនៅតំបន់ព្រំដែនរួមឡាវ-វៀតណាម

Chia sẻ
(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! គិលានដ្ឋានយោធា-ស៊ីវិល គឺជាគំរូថែទាំសុខភាពបឋមនៅតាមតំបន់ព្រំដែន ដែលគ្រប់គ្រងដោយប៉ុស្តិ៍ការពារព្រំដែន។ គំរូនេះត្រូវបានកសាងឡើងក្នុងបំណងចង់ជួយប្រជាជនជាជនជាតិភាគតិច និងប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព។ មិនត្រឹមតែត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ គំរូនេះថែមទាំងត្រូវបានរីកសាយភាយ និង ពង្រីកប្រសិទ្ធភាពនៅតាមតំបន់ព្រំដែននៃប្រទេសដែលមានរបងភូមិផងជាប់ជាមួយវៀតណាមដូចជាឡាវ និងកម្ពុជាផងដែរ។ ដោយមានអត្ថន័យលើសពីកន្លែងពិនិត្យ និងព្យាបាលជំងឺ គិលានដ្ឋានយោធា-ស៊ីវិល Thong Pe នៅខេត្ត បូលីខេមសៃ ភាគកណ្តាលឡាវ ក៏ជាស្ពានមិត្តភាព ជាទីកន្លែងដ៏ពោរពេញទៅដោយនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវទៀតផង។
គិលានដ្ឋានយោធា-ស៊ីវិល Thong Pe៖ ដំបូលមិត្តភាពនៅតំបន់ព្រំដែនរួមឡាវ-វៀតណាម - ảnh 1គិលានដ្ឋានយោធា-ស៊ីវិល Thong Pe។ (រូបថត៖ baohatinh)

ពេលចុះពីរថយន្ត នៅចំពោះមុខយើងខ្ញុំ គឺផ្ទះល្វែងថ្នាក់ទី ៤ ដ៏ស្អាតបាត ដែលព្យួរទាំងទង់ជាតិវៀតណាមនិងឡាវ។ ប្រសិនបើគ្មានផ្លាកឈ្មោះ ឬមិនបោះជំហានចូលទេនោះ គឺមានមនុស្សតិចតួចណាស់ដែលគិតថា នេះជាកន្លែងសម្រាប់ពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជនឡាវរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ វេជ្ជបណ្ឌិត Nguyen Viet Duc ប្រធានគិលានដ្ឋានយោធា-ស៊ីវិល Thong Pe និងគិលានុដ្ឋាករ Toan បានស្វាគមន៍យ៉ាងកក់ក្តៅ ហើយនាំយើងខ្ញុំទៅទស្សនាបន្ទប់នីមួយៗ ដោយឧទ្ទេសនាមថា៖

“គិលានដ្ឋានយោធា-ស៊ីវិល Thong Pe ត្រូវបានសាងសង់នៅចុងឆ្នាំ ២០០៧ ហើយដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០០៨ ដើម្បីធានាការងារការពារព្រំដែនរវាងខេត្តទាំងពីរគឺខេត្ត បូលីខេមសៃ និងខេត្ត ហាទិញ។ គោលដៅសំខាន់គឺផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ប្រជាជនឡាវនៅតាមតំបន់ព្រំដែន។ ក្រៅពីនោះ ជួយប្រជាជនតាមតំបន់ព្រំដែនអភិវឌ្ឍន៍កសិកម្ម និងសេដ្ឋកិច្ច ដើម្បីធានាសន្តិសុខការពារជាតិនៅតាមតំបន់ព្រំដែន”។

គិលានដ្ឋានយោធា-ស៊ីវិល Thong Pe៖ ដំបូលមិត្តភាពនៅតំបន់ព្រំដែនរួមឡាវ-វៀតណាម - ảnh 2វេជ្ជបណ្ឌិត Nguyen Viet Duc ពិនិត្យសុខភាពសម្រាប់អ្នកជំងឺឡាវ។ (រូបថត៖ VOV)

គិលានដ្ឋានយោធា-ស៊ីវិល Thong Pe មានគ្រែពេទ្យចំនួន ៨ បន្ទប់ពិនិត្យ និងចែកថ្នាំចំនួន ១ បន្ទប់អ៊ុលត្រាសោន ១ បន្ទប់ព្យាបាល ១ និងឧបករណ៍មូលដ្ឋាន។ ថ្វីត្បិតតែធនធានមនុស្សមិនសូវមានច្រើន មានតែវេជ្ជបណ្ឌិតម្នាក់ និងគិលានុដ្ឋាករម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានសមត្ថភាពវិជ្ជាជីវៈដ៏រឹងមាំ និងការលះបង់ដោយអស់ពីចិត្តរបស់គ្រូពេទ្យទាំង ២ ទីកន្លែងនេះអាចបំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺនៃអង្គភាពសុខាភិបាលថ្នាក់មូលដ្ឋាន។ គិលានដ្ឋាន Thong Pe បានក្លាយជាទីកន្លែងពិនិត្យនិងព្យាបាលជំងឺគួរឲ្យទុកចិត្តសម្រាប់ប្រជាពលរដ្ឋនៅតាមភូមិ ចំនួន៩ ក្នុងខេត្តបូលីខេមសៃ។ ថ្ងៃខ្លះ ចំនួនអ្នកជំងឺមកពិនិត្យសុខភាពអាចឡើងទៅ ៤០ ដល់ ៥០នាក់។ វេជ្ជបណ្ឌិត Duc បានឲ្យដឹងថែមទៀតថា៖

“ទាក់ទងនឹងការងារវិជ្ជាជីវៈ យើងខ្ញុំផ្តល់សេវាពិនិត្យព្យាបាលជំងឺដ៏សម្បូរបែប រួមទាំងជំងឺទាំងអស់ពីជំងឺបេះដូង សរសៃឈាម ផ្លូវដង្ហើម សើស្បែក ជំងឺរ៉ាំរ៉ៃរបស់មនុស្សចាស់ ឬទារក។ ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះនៅតែមានកម្រិត ប៉ុន្តែមានឧបករណ៍បរិក្ខារគ្រប់គ្រាន់ ដើម្បីបម្រើការពិនិត្យ និងព្យាបាលបឋម។ អាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ យើងខ្ញុំនឹងមានវិធីសាស្ត្រព្យាបាល ឬសង្គ្រោះបឋម ហើយណែនាំឲ្យផ្ទេរអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់ ឬទៅពិនិត្យ និងព្យាបាលនៅប្រទេសវៀតណាម”។

ក្រៅពីការពិនិត្យ ព្យាបាលជំងឺនៅគិលានដ្ឋាន លោកវេជ្ជបណ្ឌិត Duc និងគិលានុដ្ឋាករ Toan ក៏មិនក្រែងរអែងចុះទៅភូមិដើម្បីសាកសួរសុខទុក្ខ ពិនិត្យសុខភាពសម្រាប់ប្រជាពលរដ្ឋនៅហ្នឹងផ្ទះ មិនថាពេលយប់ឬថ្ងៃនោះឡើយ។ ជារៀងរាល់ឆ្នាំ គិលានដ្ឋានបានពិនិត្យ និងចែកថ្នាំដោយឥតគិតថ្លៃដល់មនុស្សរាប់រយនាក់ តម្លៃថ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បានឡើងដល់រាប់រយលានដុង។ ប្រជាជននៅទីនេះជានិច្ចកាលជឿជាក់ និងគោរពមនោសញ្ចេតនា ការលះបង់ ទំនួលខុសត្រូវ និងសមត្ថភាពរបស់បណ្ដាវេជ្ជបណ្ឌិតដែលពាក់ស័ក្តពណ៌បៃតងវៀតណាម។

“នៅពេលមិនទាន់មានគិលានដ្ឋាន ប្រជាជនជួបការលំបាកខ្លាំងណាស់។ មន្ទីរពេទ្យស្រុកនៅឆ្ងាយ។ គ្រួសារជាច្រើនមិនមានយានជំនិះ មិនមានលទ្ធភានាំសមាជិកគ្រួសារទៅព្យាបាលនោះទេ។ ចាប់តាំងពីមានគិលានដ្ឋានមក ទោះបីវាជាគិលានដ្ឋានតូចក៏ដោយ ប៉ុន្តែគ្រូពេទ្យទាំងអស់សុទ្ធតែមានទំនួលខុសត្រូវខ្ពស់ ធ្វើរោគវិនិច្ឆ័យជំងឺបានត្រឹមត្រូវ ហើយព្យាបាលប្រកបដោយប្រសិទ្ធភាពផងដែរ។ ពេលខ្លះ មានអ្នកជំងឺច្រើន គ្រែមិនគ្រប់ គ្រូពេទ្យនៅទីនេះត្រៀមខ្លួនជាស្រេចទុកបន្ទប់របស់ខ្លួន សម្រាប់អ្នកជំងឺមកសម្រាកព្យាបាល។ យើងខ្ញុំចាត់ទុកគ្នាដូចគ្រួសារអញ្ចឹង។ អ្នកជំងឺជាច្រើននៅ ថាខែត វៀងចន្ទន៍ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ក៏មកសម្រាកព្យាបាលនៅទីនេះ”។

“ចាប់តាំងពីមានគិលានដ្ឋានមក ពេលដែលប្រជាជនឈឺ គេត្រូវបានពិនិត្យ ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះបណ្ដាគ្រូពេទ្យនៅគិលានដ្ឋានយោធា-ស៊ីវិល Thong Pe របស់កងទ័ពវៀតណាម”។

គិលានដ្ឋានយោធា-ស៊ីវិល Thong Pe៖ ដំបូលមិត្តភាពនៅតំបន់ព្រំដែនរួមឡាវ-វៀតណាម - ảnh 3វេជ្ជបណ្ឌិតដែលពាក់ស័ក្តពណ៌បៃតងវៀតណាមវេចនំជាមួយប្រជាពលរដ្ឋឡាវ។ (រូបថត៖ baohatinh)

ទិដ្ឋភាពនៅគិលានដ្ឋាន Thong Pe ក៏ស្រដៀងទៅនឹងទិដ្ឋភាពនៃគ្រួសារវៀតណាមនៅតំបន់ជនបទអញ្ចឹង ដែលគ្រូពេទ្យវៀតណាមពាក់ស័ក្តពណ៌បៃតង និងអ្នកជំងឺឡាវថែទាំនិងស្រឡាញ់គ្នាទៅវិញទៅមក។ រូបភាពសមាជិកគ្រួសារអ្នកជំងឺដែលនាំអង្ករ បន្លែ និងត្រីមកគិលានដ្ឋាន ដើម្បីដាំបាយជាមួយគ្រូពេទ្យ គឺជារូបភាពដែលយើងងាយប្រទះឃើញនៅទីនេះ។ វេជ្ជបណ្ឌិតក៏មានឱកាសដើម្បីស្វែងយល់អំពីប្រជាជន ភាសា និងទំនៀមទម្លាប់ប្រចាំមូលដ្ឋាន ហើយតាមនោះ ឃោសនាអំពីការថែទាំសុខភាពនិងព្យាបាលជំងឺដោយវិធីសាស្ត្រទំនើប ជំនួសឲ្យទំនៀមទម្លាប់ហួសសម័យ។ អាស្រ័យហេតុនេះ សុខភាពរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកាន់តែប្រសើរឡើងៗ ដើម្បីនឹងនរចិត្តធ្វើផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច និងកសាងភូមិឃុំឲ្យកាន់តែស្អាត និងស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ