គយគន់ទេសភាពស្រស់បំព្រងនៃបេតិកភណ្ឌពិភពលោកឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba

Chia sẻ
(VOVWORLD) - ដោយមានទីតាំងស្ថិតនៅខេត្ត Quang Ninh និងទីក្រុង Hai Phong បេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba មានសម្រស់អច្ឆរិយៈប្រៀបប្រដូចជា "ក្តារអុកធ្វើពីថ្មដ៏មានតម្លៃ" លើផ្ទៃសមុទ្រភ្លឺថ្លា។  

ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba (ស្ថិតនៅខេត្ត Quang Ninh និងទីក្រុង Hai Phong) ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌធម្មជាតិពិភពលោកនាថ្ងៃទី ១៦ ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

តម្លៃពិសេសនៃឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba បានបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ នេះជា បេតិកភណ្ឌពិភពលោកអន្តរខេត្ត និងទីក្រុងដំបូងបង្អស់នៅប្រទេសវៀតណាម។

ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba គឺជាតំបន់ពីរដែលមានទីតាំងនៅជាប់គ្នា ដែលមានកោះថ្មកំបោរចំនួន ១១៣៣ ដែលមានរាង និងទម្រង់ផ្សេងៗគ្នា។ កោះថ្មទាំងនេះគ្របដណ្តប់ដោយរុក្ខជាតិខៀវស្រងាត់។

ទេសភាពដ៏អស្ចារ្យត្រូវបានតុបតែងដោយកំពូលភ្នំថ្មកំបោរ និងច្រាំងថ្មចោតដែលមើលទៅដូចជា "កំពេង" ពីលើសមុទ្រ។

ដោយមានព្រៃឈើដ៏ធំបំផុតនៅលើសមុទ្រក្នុងប្រទេសវៀតណាមដែលមានផ្ទៃដីជាង ១៧០០០ ហិកតា នេះគឺជាគោលដៅដែលភ្ញៀវទេសចរអាច "ឡើងព្រៃ - ចុះសមុទ្រ" ដោយត្រឹមតែពីរបីជំហានប៉ុណ្ណោះ។

ប្រព័ន្ធអេកូឡូស៊ីកោះសមុទ្រ ត្រូពិច ជួយឱ្យឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ក្លាយទៅជាជម្រកនៃរុក្ខជាតិ និងសត្វចំនួន ៤៩១០ ប្រភេទនៅលើដី និងក្នុងសមុទ្រ។

ប្រសិនបើឈូងសមុទ្រ Ha Long (Quang Ninh) ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌធម្មជាតិពិភពលោកពីរដងគឺនាឆ្នាំ ១៩៩៤ និងឆ្នាំ២០០០ នោះ ប្រជុំកោះ Cat Ba ជាមួយឧទ្យានជាតិ Cat Ba ក៏ត្រូវបានអង្គការយូណេស្កូចុះ បញ្ជីបេតិកភណ្ឌជីវសាស្ត្រពិភពលោក នាឆ្នាំ ២០០៤។

ឈូងសមុទ្រ Ha Long និងប្រជុំកោះ Cat Ba គឺជាគោលដៅទាក់ទាញកំពូលនៅក្នុងតំបន់ភាគខាងជើង និងប្រទេសទាំងមូល ដោយទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។

នៅរដូវក្ដៅ ផ្ទៃទឹកពណ៌ខៀវគ្មានទីបញ្ចប់ ក្រោមពន្លឺព្រះអាទិទ្យ សាកសមសម្រាប់អ្នកទេសចរទស្សនាឈូងសមុទ្រ រូងភ្នំ ហែលទឹក ចែវទូកកាយ៉ាក...

នៅរដូវស្លឹកឈើជ្រុះ ជាមួយនឹងពេលព្រឹកដែលមានអ័ព្ទ ព្រះអាទិត្យលិច និងផ្ទៃមេឃពេលយប់មានផ្កាយ នឹងក្លាយជាពេលវេលាដ៏ល្អសម្រាប់សម្រាកនៅលើទូកកម្សាន្ត។

អាស័យដ្ឋានល្បីៗនៅឈូងសមុទ្រ Ha Long គឺកោះ Trong Mai, កោះ Dinh Huong, កោះ Ti Top, Soi Sim, Bo Hon...

ប្រជុំកោះ Cat Ba មានឆ្នេរសមុទ្រជិត ១៤០ នៅជើងកោះថ្ម ដែលមានខ្សាច់ស និងទឹកថ្លា ដូចជា Ang Vem, Cat Dua, Cat Co, Ben Beo, Co Tien, Van Boi... ជាពិសេសភ្ញៀវទេសចរអន្តរជាតិចូលចិត្តដំណើរកម្សាន្តជិះ trekking ឆ្លងឧទ្យានជាតិ Cat Ba ស្វែងយល់ពីសណ្ឋានដី រុក្ខជាតិ និងសត្វនៅទីនេះ។

Ha Long - Cat Ba ក៏មានភាពទាក់ទាញដោយសារលក្ខណៈវប្បធម៌របស់ប្រជានេសាទ

ក្រៅពីទៅទស្សនាទីក្រុងHa Long (Quang Ninh) ឬកោះ Cat Ba (ទីក្រុង Hai Phong) សម្រាប់ដំណើរកម្សាន្តដាច់ដោយឡែក ភ្ញៀវទេសចរណ៍អាច "ធ្វើដំណើរឆ្លងកាត់" តំបន់បេតិកភណ្ឌដោយសាឡាងតភ្ជាប់រវាង Tuan Chau (Ha Long) និង Gia Luan (Cat Ba)៕

Truong Giang- VOV

ប្រតិកម្មទៅវិញ