ពិធីអំណរសុខភាព - លក្ខណៈស្រស់ស្អាតក្នុង វប្បធម៌ នៃការគោរព មនុស្ស វ័យចំណាស់ របស់ជនជាតិ Ede

Chia sẻ
(VOVWORLD) - បងប្អូនជនជាតិភាគតិចនៅខេត្ត Tay Nguyen មានទំនៀមទម្លាប់វប្បធម៌ដ៏វិសេសវិសាលជាច្រើន ក្នុងនោះមានពិធីអំណរសុខភាពរបស់បងប្អូនជនជាតិ Ede។ ស្នូរសម្លេងគងឃ្មោះលាន់លឺរណ្ដំជាមួយក្លិនក្រអូបនៃស្រាពាង និង សម្លៀកបំពាក់ពណ៌ចម្រុះសម្រាប់មនុស្សវ័យចំណាស់។ នេះក៏ជាលក្ខណៈស្រស់ស្អាតក្នុងវប្បធម៌គោរពមនុស្សវ័យចំណាស់របស់ជនជាតិ Ede ផងដែរ។
ពិធីអំណរសុខភាព - លក្ខណៈស្រស់ស្អាតក្នុង វប្បធម៌ នៃការគោរព មនុស្ស វ័យចំណាស់ របស់ជនជាតិ Ede - ảnh 1 ពិធីប្រគល់កងដៃ (រូបថត៖ baodaklak.vn)

នាដើមខែតុលា នៅក្នុងផ្ទះវែងប្រពៃណីនៃភោជនីយដ្ឋាន Yang Sin នៅភូមិ Ako Dhong ទីក្រុង Buon Ma Thuot ខេត្ត Dak Lak នោះ ចង្វាក់គងឃ្មោះបានបន្លឺយ៉ាងរស់រវើក។ នេះជាចង្វាក់គងឃ្មោះដែលជាសញ្ញាបង្ហាញថា ពិធីអំណរសុខភាពសម្រាប់មនុស្សវ័យចំណាស់ក្នុងភូមិបានចាប់ផ្ដើមហើយ។

ម្ចាស់ពិធីអំណរសុខភាពគឺជាលោកតា លោកយាយចំនួន ៦ រូប ដែលមានអាយុចាប់ពី៧៦ ឆ្នាំដល់ ៨៤ ឆ្នាំ។ ពិធីអំណរសុខភាពត្រូវបានប្រារព្ធធ្វើឡើងមានលំដាប់លំដោយតាមរយៈស្នូរសម្លេងគងឃ្មោះចំនួន ៨ ចង្វាក់។ ។ ចង្វាក់គងឃ្មោះនីមួយៗបានបង្ហាញពីសកម្មភាពមួយដែលត្រូវអនុវត្តន៍។ ក្រោយពីអ្នកសម្របសម្រួលពិធីបានប្រកាសបើកនោះ អ្នកភូមិបានវាយគងឃ្មោះតាមបទ “ ជួបជុំគ្នា” ។ ក្រោយមក កូនចៅក្នុងគ្រួសារបានប្រគល់ការដូរ និងពាក់ខ្សែដៃសំរិទ្ធជូនលោកតា លោកយាយ។ បន្តពិធី អ្នកភូមិបានទទួលទានស្រាចំនួន ១២ ពាងតាមលំដាប់លំដោយ ហើយស្ដាប់ការសម្ដែងគងឃ្មោះ និងចម្រៀងប្រជាប្រិយ។

ក្នុងពិធីនេះ ប្រជាជននៅភូមិ Ako Dhong គ្រប់រូបមានអារម្មណ៍សប្បាយរីយរាយណាស់ ជាពិសេសគឺមនុស្សវ័យចំណាស់។ អ្នកភូមិហាក់ដូចជាបានវិលត្រឡប់មកអតីតកាលវិញ នៅពេលពួកគេនៅតែកាន់ជំនឿពហុទេវតាហើយពិធីបុណ្យនានាគឺជាផ្នែកមួយនៃជីវភាពរស់នៅ។ លោកយាយ Hu Arul អាយុ ៨១ ឆ្នាំ ដែលជាម្ចាស់ពីធីមួយរូបក្នុងចំណោមម្ចាស់ពិធីទាំង ៦ រូប បានសំណេះសំណាលថា៖ “នេះគឺជាពិធីអំណរសុខភាពសម្រាប់មនុស្សវ័យចំណាស់ ព្រោះថា កាលពីព្រេងនាយ នេះគឺជាឱកាសសម្រាប់កូនចៅសម្ដែងទឹកចិត្ត កតញ្ញូធម៌ចំពោះឪពុកម្តាយ។ នាបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋនោះ ថ្នាក់ដឹកនាំទីក្រុងបានចូលរួមអបអរសារទរចំពោះមនុស្សវ័យចំណាស់ក្នុងភូមិ Ako Dong។ ដូច្នេះហើយ អ្នកភូមិទាំងអស់គ្នាពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់”។

ក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede ពិធីសែនសុខភាពគឺជាពិធីមួយដ៏សំខាន់ណាស់។ តាមទំនៀមទម្លាប់ នៅពេលម្ចាស់ផ្ទះមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ គឺកូនចៅក្នុងគ្រួសារបានរៀបចំពិធីអំណរសុខភាព។ នេះគឺជាសកម្មភាពដែលមានអត្ថន័យ សំដៅបង្ហាញពីទឹកចិត្ត កតញ្ញូតាធម៌របស់កូនចៅចំពោះអ្នកផ្ដល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សាខ្លួន។

ចំពោះមនុស្សវ័យក្មេងវិញ នេះគឺជាឱកាសពិសេសសម្រាប់ពួកគេ ដើម្បីស្វែងយល់អំពីលំហរវប្បធម៌របស់ជនជាតិខ្លួន។ ក្នុងពិធីនេះ កូនកំលោះ និងកូនក្រមុំ ដែលជាកូនចៅជំនាន់ក្រោយក៏បានចូលរួមអំណរសុខភាពជូនចំពោះលោកតា លោកយាយផងដែរ។ លោកស្រី H Zu Ni Nie ចៅស្រីរបស់លោកយាយ  H Goc Nie បានឲ្យដឹងថា៖ “ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយ និងសុភមង្គលណាស់ ខណៈដែលបានចូលរួមពិធីអំណរសុខភាពរបស់លោកយាយ។ សូមជូនពរលោកយាយឲ្យមានសុខភាពល្អបរិបូរ ដើម្បីរស់នៅជាមួយកូនចៅយ៉ាងកក់ក្ដៅ និងសុភមង្គលផងដែរ”។

ដើម្បីអភិរក្សនិងពង្រីកលក្ខណៈស្រស់ស្អាតនៃវប្បធម៌ប្រពៃណីនេះ ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានរៀបចំបង្ហាញពិធីអំណរសុខភាពសម្រាប់លោកតា លោកយាយវ័យចំណាស់នៅភូមិ Ako Dhong។ ពិធីនេះត្រូវបានអនុវត្តន៍ ដែលមានការរួមបញ្ចូលគ្នារវាងលក្ខណៈសម័យ និងប្រពៃណី។ ជាក់ស្ដែងគ្រឿងដង្វាយ និងពិធីសែនត្រូវបានលុបចោល ហើយសកម្មភាពសម្ដែងគងឃ្មោះ ប្រគល់កងសំរិទ្ធអំញរសុខភាព ទទួលទានស្រាព្រាងត្រូវបានរក្សាដដែល។ លោកតា Y Blad Eban ព្រឹទ្ធាចារ្យភូមិបានឲ្យដឹងថា៖ “កាលពីយូរណាស់មកហើយ អ្នកភូមិបានរៀបចំគ្រឿងដង្វាយជាសត្វក្របីនិងគោ ហើយគ្រួសារនីមួយៗបានរៀបចំពិធីអំណរសុខភាពដាច់ដោយឡែកពីគ្នា ពោលគឺអ្នកភូមិមិនដែលធ្វើពិធីនេះតាមបែបសហគមន៍ ដោយអញ្ជើញមនុស្សវ័យចំណាស់ ដែលមានអាយុចាប់ពី ៧០ ទៅ ៨០ ឆ្នាំ ដើម្បីរៀបចំពិធីរួមគ្នាឡើយ។ ខ្ញុំសង្ឃឹមថា សកម្មភាពដូច្នេះនឹងត្រូវបានរៀបចំឡើងជាប្រចាំផងដែរ”។

ពិធីអំណរសុខភាពនេះមិនត្រឹមតែជាឱកាសសម្រាប់កូនចៅបង្ហាញទឹកចិត្ត កតញ្ញូតាធម៌ជូនចំពោះជីដូន ជីតា និងឪពុកម្តាយ បង្ហាញសាមគ្គីភាពរវាងឪពុកម្តាយ កូនចៅ ៗ សាច់ញាតិក្នុងវង្យត្រកូល និងអ្នកភូមិប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសអបរំប្រពៃណី ក៏ដូចជាលើកត្រដែតគុណតម្លៃល្អប្រពៃក្នុងជីវភាពរស់នៅសហគមន៍ទៀតផង៕

ប្រតិកម្មទៅវិញ