ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng

Chia sẻ

(VOVWORLD) - ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀង គឺជាសកម្មភាពប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីជីវភាពជំនឿតាំងពីយូរលង់មក របស់ជនជាតិ X'tieng នៅស្រុក Bu Dang ខេត្ត Binh Phuoc។ ជារៀងរាល់ឆ្នាំ ពេលរដូវវស្សាជិតមកដល់ បងប្អូនជនជាតិ X'tieng តែងតែរៀបចំពិធីបុណ្យនេះ ដើម្បីបួងសួងសុំឲ្យមានអាកាសធាតុអំណោយផល សត្វនិងរុក្ខជាតិរីកលូតលាស់បានយ៉ាងល្អ ហើយប្រជាជនទទួលបានភោគផល។

ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng - ảnh 1ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng។ (រូបថត៖ dangcongsan.vn)

នៅគ្រប់ទីកន្លែងតាមភូមិរបស់ជនជាតិ X'Tieng ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃខែមីនាជារៀងរាល់ឆ្នាំ តែងតែពោរពេញទៅដោយបរិយាកាសដ៏សប្បាយអ៊ូអរ នៅពេលដែលប្រជាជនត្រៀមរៀបចំសម្រាប់ពិធីបុណ្យដ៏សំខាន់បំផុតមួយក្នុងឆ្នាំនោះគឺពិធីបួងសួងបន់ស្រន់សុំទឹកភ្លៀង។ តាមជំនឿរបស់ជនជាតិ X’tieng ពិធីបុណ្យនេះធ្វើឡើងនៅដើមរដូវបង្កបង្កើនផលថ្មី ក្នុងបំណងអរព្រះវិរុណាដែលបានផ្តល់ទឹកភ្លៀង ជួយអ្នកភូមិសាបព្រួសដាំដំណាំដោយទាន់ពេលវេលា។ ព្រឹទ្ធាចារ្យភូមិ Dieu Be ឃុំ Binh Minh ស្រុក Bu Dang បានឲ្យដឹងថា៖

“ពេលរដូវវស្សាមកដល់ យើងតែងតែរៀបចំពិធីបុណ្យ ជួនកាល២ឆ្នាំម្តង ប្រជាជនក្នុងភុមិបានស្រុះស្រួលមូលមតិគ្នាធ្វើបុណ្យបន់ស្រន់បួងសួងសុំទឹកភ្លៀង។ នៅថ្ងៃនេះដែរ ប្រជាកសិករធ្វើពិធីសែន ហើយត្រៀមទៅភ្ជួររាស់ដីសាបព្រួសស្រូវ”។

ទោះបីជាប្រព្រឹត្តទៅត្រឹមតែមួយថ្ងៃក៏ដោយ ប៉ុន្តែពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'Tieng ត្រូវបានត្រៀមរៀបចំតាំងពីមួយខែមុន ចាប់ពីការបោសសម្អាតផ្លូវថ្នល់ ជួសជុលនិងតុបតែងកន្លែងប្រារព្វពិធី រហូតដល់ការត្រៀមរៀបចំសំលៀកបំពាក់ និងគ្រឿងសំណែន។ ក្រៅពីនោះ ជនជាតិ X'Tieng ក៏ត្រៀមស្រូវដំណើបដ៏ឈ្ងុយឆ្ងាញ់បំផុតសម្រាប់ធ្វើបាយក្រឡាន សាច់ជ្រូក សាច់មាន់ និងអាហារមួយចំនួនទៀតដើម្បីសែនព្រះអាទិទេពផងដែរ។ លោក Dieu Sroi អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ X'Tieng នៅស្រុក Bu Dang បានឲ្យដឹងថា៖

“គ្រឿងសំណែនក្នុងពិធីបួងសួងសុំទឹកភ្លៀងមិនពិបាករកទេ។ របស់ទាំងអស់សុទ្ធតែជាផលិតផលប្រចាំស្រុកដូចជា៖ ជ្រូក មាន់ ផ្កានិងផ្លែឈើ។ បងប្អូនញាតិមិត្តក្នុងភូមិបានអញ្ជើញភ្ញៀវមកចូលរួមដែរ”។

មុនពិធីបុណ្យនេះ ស្ត្រីត្រៀមរៀបចំអុស ទឹក អង្ករដំណើប និងបំពង់ឬស្សីសម្រាប់ធ្វើបាយក្រឡាន និងស្រាពាងមួយសម្រាប់សែនព្រះអាទិទេព។ ព្រឹទ្ធាចារ្យភូមិ Dieu Be បានឲ្យដឹងបន្ថែមទៀតថា៖

“ស្ពុកសែនអាស្រ័យទៅតាមឆ្នាំនីមួយៗ ឆ្នាំណាដែលអ្នកភូមិបង្កបង្កើនផលបានល្អ ស្ពុកសែននឹងកាន់តែសម្បូរ។ ទោះជាយ៉ាងណាក៏ដោយ ស្ពុកសែន មិនអាចខ្វះក្បាលជ្រូកបានទេ។ ក្រៅពីនោះ អាចមានឬមិនមានសាច់មាន់និងផ្លែឈើ”។

ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng - ảnh 2ពិធីបួងសួងសុំទឹកភ្លៀង តែងតែធ្វើឡើងនៅពេលព្រឹក ហើយចាប់ផ្តើមនៅពេលដែលយុវជនក្នុងភូមិលេងបទភ្លេងគងឃ្មោះប្រពៃណី ដែលជាការអញ្ជើញព្រះអាទិទេពមកចូលរួមពិធីដ៏ពិសិដ្ឋជាមួយប្រជាជន។ (រូបថត៖ dangcongsan.vn)

នៅពេលដែលគ្រឿងសំណែនត្រូវបានរៀបចំរួចរាល់ហើយ ប្រជាជននឹងធ្វើកិច្ចការសំខាន់បំផុត គឺការដំឡើងដើម Neu (នេវ)។ ជនជាតិ X'Tieng មានទស្សនៈទានថា ដើម នេវ គឺជាអ្នកនាំសារតភ្ជាប់មនុស្ស និងព្រះអាទិទេព រវាងព្រះធរនីនិងមេឃ។ តាមរយៈដើម នេវ គ្រូសែននឹងពាំនាំនូវបំណងប្រាថ្នារបស់ប្រជាជនទៅជូនព្រះអាទិទេពឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងជាទីគោរពបំផុត។ លោក Dieu Sroi អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ X'Tieng នៅស្រុក Bu Dang បានឲ្យដឹងថា៖ នៅឫសដើម នេវ ជនជាតិ X'Tieng ដាក់តុតូចមួយ ដើម្បីរៀបចំគ្រឿងសំណែនសម្រាប់គ្រូសែនធ្វើពិធីសែនព្រះអាទិទេព។

“ដើម នេវ មានការតភ្ជាប់ជាមួយព្រះអាទិទេព។ ផ្កានៃដើម នេវ តំណាងឱ្យព្រះអាទិទេព។ ដើម នេវ របស់ជនជាតិ X'Tieng មាន២ជាន់ ចំណែកដើម នេវ នៃពិធីបុណ្យមាន៣ជាន់”។

ពិធីបួងសួងសុំទឹកភ្លៀង តែងតែធ្វើឡើងនៅពេលព្រឹក ហើយចាប់ផ្តើមនៅពេលដែលយុវជនក្នុងភូមិលេងបទភ្លេងគងឃ្មោះប្រពៃណី ដែលជាការអញ្ជើញព្រះអាទិទេពមកចូលរួមពិធីដ៏ពិសិដ្ឋជាមួយប្រជាជន។ ធ្វើជាអធិបតីក្នុងពិធីនេះគឺព្រឹទ្ធាចារ្យភូមិ ជាអ្នកដែលមានការយល់ដឹងអំពីទំនៀមទំលាប់ប្រពៃណី ហើយតាងនាមបងប្អូនជនរួមជាតិ ដើម្បីពាំនាំបំណងប្រាថ្នាដល់ព្រះអាទិទេព។ ខ្លឹមសារនៃពាក្យបន់ស្រន់ មានឃ្លាថា៖ “ថ្ងៃនេះ ជាថ្ងៃជាវេលាល្អ ប្រជាជនដំឡើងដើម នេវ កាប់មាន់ និងជ្រូក ថ្វាយបង្គំព្រះអាទិទេព។ ជាដំបូង សូមអរព្រះគុណដល់ព្រះអាទិទេពដែលបានការពារ ប្រទានពរជ័យដល់បងប្អូនទាំងអស់ ឲ្យមានសុខភាពល្អដើម្បីប្រកបការងារ ជីវភាពរស់នៅមានហូបចុកគ្រប់គ្រាន់ បន្ទាប់មកសូមព្រះអាទិទេពប្រទានពរឲ្យមានភ្លៀងធ្លាក់ ដើម្បីសត្វចិញ្ចឹមឡើងធំធាត់ ភូមិឃុំមានរដូវអំណោយផល ប្រជាជនជួបតែក្ដីសប្បាយរីករាយ”។ ព្រឹទ្ធាចារ្យភូមិ Dieu Be បាននិយាយថា៖

“ប្រជាជនរៀបចំពិធីបួងសួងសុំឲ្យភ្លៀងធ្លាក់ក្នុងពេលឆាប់ៗ ដើម្បីច្រូតកាត់ស្រូវ ដាំដំណាំឲ្យបានភោគផលល្អ ជីវភាពប្រចាំថ្ងៃមានហូបចុកគ្រប់គ្រាន់ និងសុភមង្គល”។

បន្ទាប់ពីការបួងសួងរបស់ព្រឹទ្ធាចារ្យភូមិ ស្ត្រីក្នុងភូមិនឹងយកទឹកមកប្រោះព្រំលើដើម នេវ ទៅលើមេឃ និងលើមនុស្សគ្រប់ៗគ្នា ដើម្បីបួងសួងសុំភាពស្រស់ស្រាយ ត្រជាក់ត្រជុំ ដល់មនុស្សនិងសត្វរុក្ខជាតិ។ ចាប់ពីពេលនោះមក មានទឹកភ្លៀងធ្លាក់ ប្រជាជនសាបព្រួសគ្រាប់ពូជដុះពន្លក ដាំដំណាំបានយ៉ាងល្អ មាន់ជ្រូកពេញទីធ្លា ស្រូវពោតពេញឃ្លាំង៕

ប្រតិកម្មទៅវិញ