ពាងស្រានៅក្នុងជីវភាពរបស់បណ្ដាជនជាតិនៅតំបន់ Tay Nguyen

Chia sẻ

(VOVWORLD) - នៅក្នុងជីវភាពខាងស្មារតីរបស់បងប្អូនបណ្ដាជនជាតិនៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្ដាល) ពាងមានតួនាទីសំខាន់ណាស់។ ពាងមិនត្រឹមតែជារបស់របរ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ក្នុងពិធីសែនព្រះអាទិទេព ជាគ្រឿងបណ្ណាការក្នុងពិធីមង្គលការ និងជានិមិត្តសញ្ញាសម្រាប់ទ្រព្យសម្បត្តិ វណ្ណៈ និងឋានៈរបស់គ្រួសារនីមួយៗទៀតផង។

ពាងស្រានៅក្នុងជីវភាពរបស់បណ្ដាជនជាតិនៅតំបន់ Tay Nguyen - ảnh 1ពាងស្រាត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Kon Tum។ (រូបថត៖ baodaklak.vn)
ពាងស្រា (che) មានប្រភេទជាច្រើន ហើយប្រភេទនីមួយៗមានឈ្មោះរៀងៗ ខ្លួន។ ឈ្មោះរបស់ពាងអាចផ្អែកលើពណ៌ ក្បូរក្បាច់រចនា រូបរាង ឬរូបសត្វដែលបាន តុបតែងនៅលើពាង។ ពាងដ៏មានតម្លៃ ជួនកាលត្រូវបានដាក់ឈ្មោះតាមឈ្មោះ ម្ចាស់ ឬវង្សត្រកូល ឬព្រឹត្តិការណ៍ដែលពាក់ព័ន្ធ... ពាងច្រើនតែមានមាត់មូល ដងខ្លួន ប៉ោងធំ ហើយតូចបណ្ដើរៗដល់បាតពាង ធ្វើពីដីឥដ្ឋ ដុតនៅសីតុណ្ហភាពខ្ពស់ ហើយ ជ្រលក់កាចាឬទុកដដែល។
សម្រាប់បណ្ដាជនជាតិនៅ Tay Nguyen ពាងត្រូវបានចាត់ទុកថា ជាទ្រព្យ សម្បត្តិដ៏មានតម្លៃបំផុត។ ដូច្នេះហើយ ប្រជាជនតែងតែទុកនៅក្នុងផ្ទះជាទ្រព្យសម្បត្តិ កាន់តែច្រើន កាន់តែល្អ។ គ្រួសារឬវង្សត្រកូលណាមួយ មានពាងកាន់តែច្រើន បង្ហាញ កាន់តែច្បាស់ពីទ្រព្យសម្បត្តិ និងឋានៈរបស់ខ្លួន សូម្បីតែគ្រួសារខ្លះមានពាងរាប់រយ គ្រឿង... លោកបណ្ឌិត Bui Ngoc Quang នាយករងនៃសារមន្ទីរជនជាតិវិជ្ជាវៀតណាម បានឲ្យដឹងថា ពាងគឺជាវត្ថុដែលបង្កើតឡើងការគោរព និងទ្រព្យសម្បត្តិសម្រាប់គ្រប់ គ្រួសារនៅ Tay Nguyen៖
“កាលពីអតីតកាល ពាងស្រាមានតម្លៃខ្លាំងណាស់ ដូច្នេះពួកគេការពារ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ក្នុងផ្ទះ។ ពាងត្រូវបានដាក់នៅជ្រុងផ្ទះដោយចង ភ្ជាប់គ្នាយ៉ាងប្រុងប្រយ័ត្ន”។
ប្រភេទពាងដែលប្រជាជន Tay Nguyen ប្រើប្រាស់ជារៀងរាល់ថ្ងៃភាគច្រើន មិនត្រូវបានផលិតដោយខ្លួនឯងទេ ប៉ុន្តែទាំងអស់មកពីដំណើរការជួញដូរជាមួយជន ជាតិផ្សេងៗក្នុងតំបន់ជិតខាង។ ដូច្នេះហើយ ពាងមានរូបរាងនិងរបៀបតុបតែងដ៏សម្បូរ បែប និងមានប្រភពពីកន្លែងជាច្រើន បែងចែកជាច្រើនប្រភេទ។ មានប្រភេទខ្លះដែល ធ្វើឡើងយ៉ាងស្រស់ស្អាត ហើយមានតម្លៃខ្ពស់ និងកម្រ។
ពាងស្រានៅក្នុងជីវភាពរបស់បណ្ដាជនជាតិនៅតំបន់ Tay Nguyen - ảnh 2ពាងសេរ៉ាមិច គឺជាវត្ថុដែលមិនអាចខ្វះបានក្នុងពិធីសាសនារបស់ជនជាតិ Mnong។
រូបថត៖ baodantoc.vn
យោងតាមលោក Dinh Ply ប្រធានក្រុមជនជាតិ Ba Na ភូមិវប្បធម៌ និងទេស ចរណ៍បណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា កាលពីអតីតកាល ប្រជាជននៅ Tay Nguyen បានធ្វើពាងស្រាយ៉ាងច្រើន។ ដើម្បីធ្វើពាងស្រាមួយ គេត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់តាំងពីការរើសដី រៀបឡដុត រហូតដល់ការធ្វើពិធីសែនព្រះ។ ដំណាក់កាលនីមួយៗត្រូវបានសិប្បករអនុវត្តន៍យ៉ាងល្អិតល្អន់ដើម្បីអាចផលិតចេញ ផលិតផលប្រកបដោយគុណភាពល្អបំផុត៖
“កាលពីមុន ប្រជាជនធ្វើដោយខ្លួនឯងពីដី។ តើមានដីប្រភេទណា គេធ្វើតាមប្រភេទនោះ ហើយយកមកដុតធ្វើពាង។ អាស្រ័យលើស្ថានភាពគ្រួសារ នឹងធ្វើពាងធំ ឬតូច។ បច្ចុប្បន្ននេះ ប្រជាជនមិនធ្វើពាងទៀតទេ ប៉ុន្តែពួកគេទៅទិញភាគច្រើន”។
ក្រៅពីពាងដែលមានទំហំ និងរាងខុសៗគ្នាអាស្រ័យលើជនជាតិនីមួយៗ ជនរួម ជាតិនៅ Tay Nguyen ក៏មានពាងមួយប្រភេទដ៏ពិសេសបំផុត ដែលបានហៅថាពាង ម្តាយពកូន។ នេះជាប្រភេទពាងដ៏មានតម្លៃដោយមានការរចនាដ៏ពិសេស ត្រូវបាន ជនរួមជាតិ Tay Nguyen និយមចូលចិត្តយ៉ាងខ្លាំង។ សម្ភារៈធ្វើពាងម្ដាយពកូន គឺសេរ៉ាមិចដើម ពណ៌ស្បែកអន្ទង់ មិនជ្រលក់កាចាទេ។ លោកបណ្ឌិត Bui Ngoc Quang នាយករងសារមន្ទីរជនជាតិវិជ្ជាវៀតណាមបានចែករំលែកថា៖
“ពាងនោះជាពាងធម្មតាដែលផ្ទុកពាងតូចៗនៅលើស្មា។ ក្រឡែកទៅមើល វាមានអារម្មណ៍ថា ដូចអ្នកម្ដាយកំពុងពកូនអញ្ចឹង”។
ពាងម្ដាយពកូន មានច្រើនប្រភេទ ចាប់ពីកូន១ដល់កូន៤ ជុំវិញស្មាពាង មាន ត្រចៀកសម្រាប់ភ្ជាប់ទុយោបឺតពេលប្រើប្រាស់។ លោកបណ្ឌិត Bui Ngoc Quang បានឲ្យដឹងថា៖
“ពាងម្ដាយពកូន តាមទស្សនៈទានថា បង្ហាញពីសុភមង្គលគ្រួសារ។ ពាងនេះ សម្រាប់តែស្ត្រីប៉ុណ្ណោះ ហើយប្រសិនបើគ្រួសារមានសេចក្តីសុខ ពាងនេះមិនដែលត្រូវ បានប្រើប្រាស់ទេ មិនទុកក្នុងផ្ទះប៉ុន្តែទុកចោលនៅជ្រុងវាលស្រែ ឬព្រៃ ដែលមាន តែស្ត្រីជាមេគ្រួសារទើបដឹង”។
ដូចពាងប្រភេទផ្សេងៗទៀតនៅក្នុងសហគមន៍ ពាងម្ដាយពកូនគឺជាវត្ថុបុរមាណ ដ៏មានតម្លៃរបស់បងប្អូនបណ្ដាជនជាតិនៅ Tay Nguyen ដែលភាគច្រើនជាផលិតផល បន្សល់ទុកដោយជីដូនជីតាសសម្រាប់កូនចៅជំនាន់ក្រោយ។ ជារៀងរាល់ឆ្នាំ ប្រជាជនត្រូវតែធ្វើពិធីសែនសម្រាប់ពាងដ៏មានតម្លៃតាមគ្រួសារនីមួយៗ។ ប្រជាជនធ្វើគ្រឿង តង្វាយដែលអាចជាស្រា សាច់ ឬបាយក្រឡាន ដាក់នៅមុខពាង ហើយអានពាក្យបន់ ស្រន់ រួចចាក់ស្រាលើដងខ្លួនពាង ជាការស្រោចទឹក បួងសួងសុំសេចក្តីសុខ និង សុភមង្គលដល់ក្រុមគ្រួសារ និងសហគមន៍៕

ប្រតិកម្មទៅវិញ