ច្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ San Chi

GIANG-PHONG
Chia sẻ

(VOVWORLD) - នាចុងរដូវផ្ការីក នៅពេលដែល ការងារស្រែដល់ពេលដែលជនជាតិ San Chi នៅតំបន់ព្រៃភ្នំ Binh Lieu (Quang Ninh) រីករាយចូលរួមពិធីបុណ្យ Slam nhit hui (ពិធីបុណ្យខែមីនា ឬហៅម្យ៉ាងទៀតថាជាពិធីបុណ្យ Soong Co)។ ពិធីបុណ្យនេះមានតាំងពីរាប់រយឆ្នាំមុននេះ  ហើយឥឡូវនេះត្រូវបានអភិរក្ស និងផ្សព្វផ្សាយដើម្បី ឱ្យចម្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ បន្តផ្សព្វផ្សាយនូវតម្លៃស្មារតីដ៏វិសេសវិសាលនៅតាមព្រំដែននៃភូមិភាគឦសាន។

ច្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ San Chi - ảnh 1ចម្រៀង Soong Co របស់ប្រជាជន San Chi គឺជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ (រូបថត៖ dangcongsan.vn)

Soong co មានន័យថា "ច្រៀងចម្រៀង", "ច្រៀងសាសង" ដែលជាម្ហូបខាងស្មារតីដែលផ្សាភ្ជាប់ជាច្រើនជំនាន់ជាមួយជនជាតិ San Chi (អំបូរ Cao Lan នៃជនជាតិ San Chay) ដែលជាសហគមន៍ជនជាតិភាគតិចមួយក្នុងចំណោមសហគមន៍ជនជាតិភាគតិចនៅខេត្ត Quang Ninh ដោយប្រមូលផ្តុំភាគច្រើននៅស្រុកព្រៃភ្នំ Binh Lieu, Tien Yen, Ba Che...។ លោកកស្រី Sen Thi Ha ប្រជាជនឃុំ Huc Dong ជាកន្លែងមានប្រជាជនជាង ៨០% ជាជនជាតិ San Chi នៅ Binh Lieu បានរៀបរាប់អំពីទំនុកច្រៀងដែលដិតជាប់ក្នុងអារម្មណ៍របស់ជនជាតិខ្លួន៖

“ពេលកើតមក ខ្ញុំបានស្តាប់បទចម្រៀង Soong Co ហើយ។ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទៅពិធីមង្គលការ និងពិធីបុណ្យនានា តែងតែច្រៀងជុំគ្នា បុរស ស្រីច្រៀងសាសង់គ្នារហូតដល់ព្រឹកព្រលឹម។ ព្រឹកឡើងគេច្រៀងលាគ្នាម្ដងទៀត”។

នៅលើព្រៃភ្នំ នៅវាលជ្រៅ តាមមាត់អូរ សូរសំនៀងច្រៀងចម្រៀង Soong Co របស់បុរស នារីជនជាតិ San Chi  បានបន្តបន្ទរតាមខ្យល់។ គ្មានឧបករណ៍ភ្លេងកំដរទេ ប៉ុន្តែអត្ថន័យនៃបទចម្រៀងនៅតែស្រទន់ព្រោះសំឡេងពិរោះសណ្តំរបស់អ្នកចម្រៀង។ ពេលខ្លះ ប្រុសនារីច្រៀងសាសង់គ្នា ពេលខ្លះពួកគេបានច្រៀងតាមក្រុម។ ខ្លឹមសារនៃបទចម្រៀងមានភាពសម្បូរបែប   ឆ្លុះបញ្ចាំងពីជីវភាពផលិតកម្ម ធម្មជាតិ  និងប្រទេសជាតិ រួមទាំងកោតសរសើរពីមនុស្ស និងស្នេហារវាងគូស្នេហ៍ផងដែរ។

ច្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ San Chi - ảnh 2ជារៀងរាល់ឆ្នាំ ពិធីបុណ្យ Soong Co បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកកាន់ខេត្ត Quang Ninh (រូបថត៖ dangcongsan.vn)

ជនជាតិ San Chi ច្រៀងចម្រៀង Soong Co ពេញមួយឆ្នាំ។ ពិធីបុណ្យច្រៀង  Soong co ប្រចាំឆ្នាំនៅថ្ងៃទី ១៦ ខែមាឃ (តាមច័ន្ទគតិ) បានក្លាយជាពិធីបុណ្យពិសេសដោយឡែករបស់ជនជាតិ San Chi។ លោក Trac Van Thin ដែលជាអ្នកច្រៀងចម្រៀង Soong Co ដ៏ស៊ីសង្វាក់បំផុតក្នុងរដូវបុណ្យទាន  បានចែករំលែកថា លោកបានរក្សាទុក និងទន្ទេញបទចម្រៀង Soong Co បុរាណរាប់រយបទ ថែមទាំងនិពន្ធបទថ្មី ដើម្បីបង្រៀនដល់កូនចៅជំនាន់ក្រោយ៖

“ខ្ញុំចេះច្រៀង Soong Co តាំងពីនៅជាយុវជន ចាប់ពីពេលនោះ រហូតមកដល់ពេលនេះ ស្ទើរតែរៀងរាល់ឆ្នាំតែងតែមានកម្មវិធី បុណ្យទាននានា ខ្ញុំសុទ្ធតែចូលរួមដែរ។  ការចេះច្រៀង និងយល់ពីខ្លឹមសារនៃបទចម្រៀងគឺមានអត្ថន័យ និងជ្រាលជ្រៅណាស់។ ខ្ញុំនឹងរួមគ្នាជាមួយសមាជិកនៃក្លឹបខិតខំរៀនសូត្រ អភិរក្ស និងបង្រៀនសិស្សឲ្យថែរក្សាការចង្វាក់ចម្រៀងរបស់ជនជាតិ San Chi ផងដែរ”។

ចាប់ពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ស្រុក Binh Lieu បានស្តារឡើងវិញ និងថែរក្សាពិធីបុណ្យច្រៀងចម្រៀង Soong Co  ជាទ្រង់ទ្រាយធំ។ មិនត្រឹមតែមានបទចម្រៀងប្រពៃណីប៉ុណ្ណោះទេ ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ជនជាតិនានាបានប្រាស្រ័យទាក់ទងគ្នា និងប្រកួតប្រជែងក្នុងល្បែងប្រជាប្រិយ។
ជារៀងរាល់ឆ្នាំ ពិធីបុណ្យច្រៀងចម្រៀង  Soong Co បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកកាន់ខេត្ត Quang Ninh។ ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជាជនក្នុងតំបន់ណែនាំអំពីតម្លៃវប្បធម៌ពិសេស របស់ជនជាតិ San Chi។ ចូលរួមពិធីបុណ្យនេះ លោក Ngo Huy Thai ភ្ញៀវទេសចរមកពីខេត្ត Bac Ninh បានឲ្យដឹងថា៖ “នេះជាលើកទី២ហើយដែលខ្ញុំបានមកចូលរួមពិធីបុណ្យច្រៀងចម្រៀង Soong Co របស់ស្រុក Binh Lieu។ ពិធីបុណ្យនេះ បានបង្ហាញជាទូទៅអំពីវប្បធម៌ របៀបរស់នៅ និងប្រជាជននៃក្រុមជនជាតិនៅទីនេះ ដែលជួយឱ្យខ្ញុំទទួលនូវក្តីស្រលាញ់ ភាពសប្បុរស និងការរាក់ទាក់របស់អ្នកស្រុក”។

កាលពីចុងឆ្នាំមុន សិល្បៈសម្តែងប្រជាប្រិយ ច្រៀងចម្រៀង Soong Co របស់ជនជាតិ San Chi នៅបណ្តាស្រុក Binh Lieu, Ba Che, Dam Ha, Tien Yen និងទីក្រុង Mong Cai ខេត្ត Quang Ninh ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះជាឱកាសសម្រាប់តំបន់នានា ក្នុងនោះមានខេត្ត Binh Lieu បន្តអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌ។  Soong Co មិនត្រឹមតែជាមុខម្ហូបខាងស្មារតីរបស់ជនជាតិ San Chi ប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាវប្បធម៌ពិសេសក្នុងតំបន់ ដែលរួមចំណែកបង្កើតឡើងពណ៌ដោយឡែករបស់តំបន់ព្រៃភ្នំព្រំដែនភាគឦសាន។ នេះក៏ជាមូលដ្ឋានសម្រាប់ស្រុក Binh Lieu ខេត្ត Quang Ninh បន្តអភិរក្ស ធ្វើអាជីវកម្ម និងជួយបេតិកភណ្ឌមានភាពរស់រវើកយូរអង្វែងក្នុងចង្វាក់នៃជីវិភាពសហសម័យ៕

 

 

ប្រតិកម្មទៅវិញ