ពិធីដំឡើងទទឹករបស់ជនជាតិ Xo Dang

Chia sẻ

(VOVWORLD) - នៅខែវិច្ឆិកា និងខែធ្នូ ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen ក្នុងនោះមានជនជាតិ Xo Dang ក្នុងខេត្ត Kon Tum តែងតែធ្វើពិធីអរព្រះគុណ ដើម្បីបួងសួង
សុំភ័ពសំណាង និងសេចក្ដីសុខសម្រាប់ភូមិ និងក្រុមគ្រួសារទាំងអស់។ ពិធីដំឡើងទទឹក ឬបានគេស្គាល់ថា ពិធីសែនប្រភពទឹក ជាពិធីបុណ្យមួយដោយមានគោលបំណងបែបនេះ។

ពិធីដំឡើងទទឹករបស់ជនជាតិ Xo Dang - ảnh 1រកឃើញប្រភពទឹក អ្នកភូមិប្រមូលផ្តុំគ្នាដំឡើងទទឹក ដើម្បីនាំទឹកមកភូមិ។
(រូបថត៖ TTXVN)

ជនជាតិ Xo Dang គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចចំនួន ១២ នៅតំបន់ Tay Nguyen។ ពួកគេរស់នៅភាគច្រើននៅក្នុងស្រុក Dak To, Dak Ha, Kon Plong, Ngoc Hoi និង Dak Glei ។ ជីវភាពខាងវប្បធម៌របស់ជនជាតិ Xo Dang ជាទូទៅមានភាពសម្បូរបែប និងមានទម្រង់ជាច្រើន ចាប់ពីទំនៀមទម្លាប់ជំនឿ រហូតដល់ពិធីបុណ្យវប្បធម៌ប្រពៃណី។ ពួកគេតែងតែធ្វើពិធីនានាទាក់ទងនឹងវិស័យកសិកម្មយ៉ាងអធឹកអធម និងគោរពដើម្បីសម្ដែងការដឹងគុណចំពោះព្រះអាទិទេព។ ពិធីមួយក្នុងចំណោមពិធីនោះគឺពិធីដំឡើងទទឹក។

តាមទំនៀមទម្លាប់ ពិធីដំឡើងទទឹក គឺជាពិធីសែនមួយ ដែលត្រូវបានជនជាតិ Xo Dang ធ្វើឡើងនៅពេលដែលប្រភពទឹកប្រើប្រាស់ មិនធានាបាននូវគុណភាព និងបរិមាណទៀតហើយ ពេលដែលប្រជាជនទើបបង្កើតភូមិថ្មី ឬនៅចុងឆ្នាំដើម្បីអំណរស្រូវថ្មី។ យោងតាមសិប្បករ A Kenh ស្រុក Dak To ខេត្ត Kon Tum ដើម្បីធ្វើពិធីដំឡើងទទឹក អ្នកភូមិទាំងមូលរួមគ្នាទៅកាន់មាត់ទឹក សម្អាត និងត្រៀមរៀបចំការងារ។

“ពិធីនេះបានធ្វើឡើងមុនថ្ងៃបុណ្យតេត ដើម្បីត្រៀមរៀបចំ ស្វាគមន៍ឆ្នាំថ្មី ត្រូវតែដំឡើងទទឹកថ្មី។ តាំងពីមុនមក ជីដូនជីតាបានយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ការដំឡើងទទឹកពីប្រភពខាងលើហូរចុះខាងក្រោម”។

ជនជាតិ Xo Dang មានទស្សនៈទានថា ទឹកមានសារៈសំខាន់ជាងអ្វីៗទាំងអស់សូម្បីតែជាងម្ហូបអាហារ និងសម្លៀកបំពាក់។ ជីវភាពជួបសេចក្តីសុខចម្រុងចម្រើន ក៏អាស្រ័យដោយមានប្រភពទឹកល្អ ដូច្នេះការប្រារព្ធពិធីដំឡើងទទឹក គឺដើម្បីឲ្យព្រះទឹក ព្រះភ្នំ និងព្រះទន្លេដឹងថា មានអ្នកភូមិរស់នៅទីនោះ ហើយប្រទានពរជូនមនុស្សគ្រប់គ្នាមានសិរីមង្គល វិបុលសុខ រកស៊ីមានបាន។ ជាងនេះទៅទៀត បងប្អូនក្នុងភូមិចេះស្រឡាញ់សាមគ្គីនិងចែករំលែកជាមួយគ្នាទៅវិញទៅមកជានិច្ច។ លោក Phan Van Hoang នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kon Tum បានឲ្យដឹងថា សម្រាប់បងប្អូនជនជាតិ Xo Dang ប្រភពទឹកថ្មីត្រូវការយកចិត្តទុកដាក់ថែរក្សារៀងរាល់ឆ្នាំ ដូច្នេះទើបប្រភពទឹកថ្មី ស្អាតបរិសុទ្ធ។ ព្រះអាទិទេពក៏នឹងមិនបន្ទោសអ្នកភូមិទេ តែនឹងយកចិត្តទុកដាក់និងប្រទានពរជានិច្ច។ ហេតុដូច្នេះហើយបានជារៀងរាល់ឆ្នាំ ពួកគេតែងតែទៅកាន់ក្បាលហុងទឹកដើម្បីសម្អាត និងធ្វើពិធីដំឡើងទទឹក។

“សម្រាប់ប្រជាជននៅទីនេះ ព្រៃឈើជាកន្លែងស័ក្តិសិទ្ធណាស់ គេខ្លាចមិនហ៊ានចូលទេ។ ដូច្នេះ ប្រភពទឹកនៅទីនោះ ហើយដើមឈើនៅទីនោះ ល្អណាស់។ ហេតុនេះហើយបានជា ព្រឹទ្ធាចារ្យភូមិនឹងជ្រើសរើសថ្ងៃល្អមួយដើម្បីធ្វើពិធីសែន បន្ទាប់មកប្រជាជនចូលព្រៃជួសជុលទទឹក”។

ទទឹកស្អាតជាមួយនឹងប្រភពទឹកបរិសុទ្ធ មានសារៈសំខាន់ពិសេសសម្រាប់ភូមិ។ ដូច្នេះហើយ កំលោះនិងអ្នកដែលមានកិត្យានុភាព នឹងត្រូវបានជ្រើសរើសដើម្បីទៅរកសម្ភារៈមកធ្វើទទឹក ដែលជាធម្មតាគឺដើមឬស្សី។ លោក Phan Van Hoang នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kon Tum បានចែករំលែកថា៖

“បំពង់ឬស្សីត្រូវបានបំបែកជាពីរ ហើយដំឡើងជាទទឹកដើម្បីនាំលំហូរទឹកហូរចេញពីព្រៃស័ក្តិសិទ្ធមកដល់ភូមិ។ ពីនោះ អ្នកភូមិនឹងប្រើប្រាស់ទឹកសម្រាប់ការហូកចុកនិងជីវភាពប្រចាំថ្ងៃ”។

ពិធីដំឡើងទទឹករបស់ជនជាតិ Xo Dang - ảnh 2អ្នកភូមិច្រៀងរាំដើម្បីអបអរប្រភពទឹកថ្មី។ (រូបថត៖ TTXVN)

អ្នកដែលធ្វើពិធីត្រូវបិទប្រភពទឹកឱ្យតឹង និងកុំឱ្យទឹកហូរចូលបំពង់ ដរាបណាពិធីសែនមិនទាន់បញ្ចប់។ បន្ទាប់ពីបន់ស្រន់រួច ព្រឹទ្ធាចារ្យភូមិនឹងបើកលំហូរទឹកឲ្យហូរចូលទ ហើយណែនាំកូនចៅ ត្រូវចេះថែរក្សាប្រភពទឹកឱ្យស្អាត និងបរិបូរណ៍ ដើម្បីឱ្យជីវភាពរបស់អ្នកភូមិមានសុខភាពល្អ និងចម្រុងចម្រើនជានិច្ច។

ក្នុងថ្ងៃធ្វើពិធីដំឡើងទទឹក គ្រួសារនីមួយៗក្នុងភូមិ តែងតែត្រៀមរៀបចំបំពង់ឬស្សីធំៗដើម្បីយកទឹកមកផ្ទះប្រើប្រាស់បន្ទាប់ពីពិធី។ ពួកគេក៏យកប្រភពទឹកថ្មីនោះមកចាក់ចូលក្នុងពាងស្រា លុះត្រាមានពិធីបុណ្យ នឹងយកពាងស្រាចេញបរិភោគយ៉ាងសប្បាយរីករាយនៅក្នុងផ្ទះ Rong ជាមួយគ្នា។ សិប្បករ Y Sinh នៅស្រុក Dak To បាននិយាយថា៖

“គ្រួសារនីមួយៗត្រូវយកបំពង់ឬស្សីធំមួយដើម្បីយកទឹកមកផ្ទះ បួងសួងសុំឲ្យឆ្នាំក្រោយមានសុខភាពល្អ រដូវអំណោយផល ហើយប្រជាជននឹងមានអង្ករ ស្រូវ និងស្រូវសាលីច្រើនជាងឆ្នាំមុន”។

ក្នុងឱកាសនេះផងដែរ ភ្ញៀវមកលេងភូមិ នឹងត្រូវបានអ្នកភូមិអញ្ជើញបរិភោគស្រាពាងដ៏ក្រអូប រួមគ្នាវាយគងឃ្មោះ និងច្រៀងរាំដើម្បីអបអរប្រភពទឹកថ្មីរបស់ភូមិ៕

ប្រតិកម្មទៅវិញ