ជនរួមជាតិបណ្ដាជនជាតិនៅខេត្ត Dak Lak ផ្លាស់ប្តូរទម្លាប់ផលិតកសិកម្ម

Chia sẻ

(VOVWORLD) - Dak Lak ជាខេត្តមួយដែលមានផ្ទៃដីកសិកម្មធំទូលាយ និងសម្បូរជីជាតិ។ ជាមួយនឹងគុណសម្បត្តិនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនបណ្ដាជនជាតិក្នុងខេត្តបានផ្លាស់ប្ដូរ និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាយ៉ាងសកម្មក្នុងការផលិតកសិកម្ម បង្កើនប្រាក់ចំណូលជាជំហានៗ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាងជីវភាពរស់នៅឲ្យកាន់តែរីកចម្រើន។

ជនរួមជាតិបណ្ដាជនជាតិនៅខេត្ត Dak Lak ផ្លាស់ប្តូរទម្លាប់ផលិតកសិកម្ម - ảnh 1ចម្ការកាហ្វេដែលត្រូវបានអនុវត្តន៍ប្រព័ន្ធស្រោចស្រពតំណក់ទឹករបស់លោក Y Drin Nie។ (រូបថត៖ VOV)

គ្រួសារលោក Y Drin Nie នៅភូមិ Ko Tam ឃុំ Ea Tu ទីក្រុង Buon Ma Thuot កាលពី ៥ ឆ្នាំមុន បានដាំដំណាំកាហ្វេឡើងវិញ ហើយដំឡើងប្រព័ន្ធស្រោចស្រពតំណក់ទឹក ដែលជួយលើកកំពស់ទិន្នផលដំណាំ ប្រាក់ចំណូលក៏ខ្ពស់ជាងមុនដែរ។ អាស្រ័យហេតុនោះ គ្រួសារបានសាងសង់ផ្ទះធំទូលាយ ទិញមធ្យោបាយ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ហើយកូនៗក្នុងគ្រួសារទទួលបានការអប់រំពេញលេញ។ លោក Y Drin បាននិយាយយ៉ាងរំភើបថា៖

“នៅឆ្នាំ ២០១៨ គ្រួសារខ្ញុំបានដំឡើងប្រព័ន្ធស្រោចស្រពតំណក់ទឹក។ វាមានគុណសម្បត្តិគឺថា បានសន្សំកម្លាំងពលកម្ម អគ្គិសនី ជី ហើយបង្កើនផលិតភាព។ ការដំឡើងប្រព័ន្ធនេះអំណោយផលណាស់ ខ្ញុំអាចស្រោចទឹកបណ្ដើរ ទៅធ្វើការផ្សេងទៀតបណ្ដើរ។ ដោយមានប្រព័ន្ធស្រោចស្រពស្រក់តក់ៗនេះ ដើមកាហ្វេចេញផ្កាបានទៀងទាត់ ចេញផ្លែបានច្រើននិងធំ កាលពីមុនទិន្នផលជាធម្មតាគឺក្រោម ៤ តោន ប៉ុន្តែឥឡូវនេះបានកើនឡើង ៤ តោនកន្លះហើយ”។

គ្រួសាររបស់លោកស្រី H'Moan Eban រស់នៅភូមិ Krong B ឃុំ Ea Tu ទីក្រុង Buon Ma Thuot មានផ្ទៃដី ១,៥ ហិកតាបម្រើការដាំកាហ្វេនិងម្រេច។ កាលពីមុន គ្រួសារលោកស្រីធ្វើវប្បកម្មតាមវិធីចាស់ ដូច្នេះប្រសិទ្ធភាពមិនខ្ពស់ទេ ដំណាំមានទិន្នផលទាប។ នៅដើមឆ្នាំ ២០១៥ លោកស្រីបានចុះឈ្មោះចូលរួមវគ្គហ្វឹកហ្វឺនការផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការដាំដុះកាហ្វេ ម្រេច ធូរេន និងផ្លែបឺរ របស់សមាគមកសិករឃុំ Ea Tu… បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហ្វឺន លោកស្រីបានពិភាក្សាជាមួយប្តីអំពីការខ្ចីទុនពីធនាគារ ដើម្បីដាំដំណាំកាហ្វេឡើងវិញដោយវិធីសាស្ត្រប្រើពូជថ្មី; ដក
ចោលដំណាំម្រេចដែលមានប្រសិទ្ធភាពទាប ហើយជំនួសវិញដោយដើមធូរេនពូជ Dona ចំនួន ៨០ ដើម។ ទន្ទឹមនឹងនោះ អនុវត្តន៍វិធីសាស្រ្តវប្បកម្មទំនើប ដូចជាប្រព័ន្ធស្រោចស្រព Sponsored ប្រើប្រាស់ជីលាមកសត្វ និងប្រូបាយអូទីក (probiotic) ដើម្បីថែរក្សាសួនច្បារ… លោកស្រី H'Moan បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទាំងដំណាំកាហ្វេ ម្រេច និងធូរេន លូតលាស់បានល្អ ហើយផ្តល់ទិន្នផលដោយស្ថេរភាព៖

“ឆ្នាំនេះ ដោយឡែកកាហ្វេ គ្រួសារយើងប្រមូលផលបានប្រហែល២ដល់២,២៥ តោន ស្មើនឹង ៨០ លានដុង (ជាង ៣០០០ ដុល្លារអាមេរិក)។ ម្រេចក៏ទទួលបានជាង១តោន ស្មើនឹង៧០លានដុង (៣០០០ដុល្លារ)។ ទាក់ទងនឹងធូរេន លើកនេះទទួលបាន ៦ តោន តម្លៃលក់ពី ៤៨-៥០លានដុងក្នុងមួយតោន ចំណូលសរុបប្រមាណ ៣០០លានដុង (ជាង ១៣០០០ដុល្លារ)”។

ជនរួមជាតិបណ្ដាជនជាតិនៅខេត្ត Dak Lak ផ្លាស់ប្តូរទម្លាប់ផលិតកសិកម្ម - ảnh 2ចម្ការកាហ្វេរបស់គ្រួសារជនជាតិ Ede នៅឃុំ Ea Tu ទីក្រុង Buon Ma Thuot នាំមកនូវប្រាក់ចំណូលខ្ពស់។ (រូបថត៖ VOV)

Ea Tu គឺជាឃុំកសិកម្មសុទ្ធសាធនៅជាយទីក្រុង Buon Ma Thuot ដែលមានប្រជាជនប្រហែល ២/៣ ជាជនជាតិភាគតិច។ យោងតាមលោក Nguyen Quang An ប្រធានសមាគមកសិករឃុំ ជារៀងរាល់ឆ្នាំ ឃុំតែងតែសហការជាមួយគ្រប់លំដាប់ថ្នាក់បើកវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីការផ្ទេរវិទ្យាសាស្ត្របច្ចេកទេស ផ្លាស់ប្តូរទំលាប់ធ្វើវប្បកម្មជាជំហានៗ ជួយបងប្អូនលើកកំពស់ប្រសិទ្ធភាពក្នុងការផលិ៖

“បច្ចុប្បន្ន ឃុំ Ea Tu ក៏កំពុងអនុវត្តន៍គំរូកាហ្វេ 4C ជាច្រើន ដែលដើរទន្ទឹមគ្នាជាមួយការការពារបរិស្ថាន។ សមាគមកសិករក៏អនុវត្តន៍វិធីសាស្ត្រស្រោចស្រពតំណក់ទឹក និងការស្រោចស្រពបង្វិល ៣៦០ ដឺក្រេផងដែរ។ លើសពីនេះ ឃោសនាដល់សមាជិកឲ្យចេះប្រើប្រាស់ជីសរីរាង្គដែលផលិតដោយខ្លួនឯង ពីសម្បកគ្រាប់កាហ្វេ និងសំណល់ផលិតផល”។

ខេត្ត Dak Lak ទាំងមូលមានប្រជាជនជិត ៣៦% ជាជនជាតិភាគតិច។ ការជួយប្រជាជនផ្លាស់ប្តូរទំលាប់វប្បកម្ម អនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេស គឺមានអត្ថន័យសំខាន់ចំពោះការងារកាត់បន្ថយភាពក្រីក្រ ក៏ដូចជាឆ្ពោះទៅកសាងខឿនផលិតកម្មទំនិញ៕

ប្រតិកម្មទៅវិញ