ឱកាសថ្មីសម្រាប់ភូមិរបរកុលាលភាជន៍ចាមប្រពៃណី

Chia sẻ
(VOVWORLD) - សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាមទទួលបានវិញ្ញាបនបត្រកត់ត្រាកិត្តិនាមជា"បេតិកភណ្ឌវប្បធម៌អរូបីចាំបាច់ត្រូវការពារបន្ទាន់ជាផ្លូវការ" របស់គណៈកម្មការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ១៦ មិថុនា ក្នុងរាត្រីបើកពិធីបុណ្យទំពាំងបាយជូរ - ស្រាទំពាំងបាយជូរ Ninh Thuan  ឆ្នាំ ២០២៣។ ការទទួលកិត្តិនាមនេះ គឺជាឱកាសថ្មីសម្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនជនជាតិចាមនៅទីនេះអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ រក្សារបរប្រពៃណី និងបង្កើនប្រាក់ចំណូលពីការធ្វើទេសចរណ៍ ដោយផ្អែកលើកេរ្កិ៍ដំណែលសិល្បៈធ្វើកុលាលភាជន៍ផងដែរ។
ឱកាសថ្មីសម្រាប់ភូមិរបរកុលាលភាជន៍ចាមប្រពៃណី - ảnh 1ភូមិរបរកុលាលភាជន៍ចាមប្រពៃណី

ភូមិរបរកុលាលភាជន៍ Bau Truc ភូមិរបរធ្វើកុលាលភាជន៍ចានល្បីឈ្មោះនៅខេត្តNinh Thuan ហើយមានវត្តមានគង់វង្សរហូតដល់បច្ចុប្បន្ននេះ ដោយសារការរក្សាទុក និងបន្តរូបមន្តប្រពឹងធ្វើកុលាលភាពរវាងសមាជិកគ្រួសារពីជំនាន់មួយទៅជំនាន់មួយទៀត។ ឆ្នាំនេះ ថ្វីត្បិតតែមានអាយុជាង ៧០ ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែវិចិត្រការិនី Truong Thi Gach នៅភូមិកុលាលភាជន៍ Bau Truc នៅតែជក់ចិត្តជាមួយរបរប្រពៃណីរបស់ដូនតា។ ប្រការដែលលោលស្រី Gạch យកចិត្តទុកដាក់បំផុត គឺការបង្រៀនរបរដល់កូនចៅរបស់ខ្លួន៖

“នាងខ្ញុំមានគោលបំណងថា កូនចៅរបស់ខ្លួនស្រឡាញ់របរប្រពៃណី ហើយសិក្សារៀនសូត្រប្រកបមុខរបរនេះ។ នាងខ្ញុះខិតខំប្រឹងប្រែងបង្រៀនដល់កូនចៅរបស់ខ្លួន ដើម្បីថែរក្សារបរប្រពៃណីរបស់ដូនតាមរតកមក ពោលគឺបន្តប្រកបរបរនេះពីជំនាន់មួយទៅជំនាន់មួយទៀតផងដែរ”។

លក្ខណៈដ៏វិសេសវិសាលរបស់កុលាលភាជន៍ចាមគឺ គេមិនប្រើប្រាស់តុវិល ដើម្បីច្នៃរូបរាងគ្រឿងកុលាលភាជន៍ឡើយ ពោលគឺភាគច្រើនធ្វើដោយបាតដៃដ៏ប៉ិនប្រសបរបស់សិប្បករ ដើម្បីផ្លុំព្រលឹងចូលទៅក្នុងដី។ នេះគឺជាលក្ខណៈដ៏វិវេសវិសាលដែលបង្ហាញពីភាពប៉ិនប្រសប់ និងការខិតខំប្រឹងប្រែងរបស់នារីជនជាតិចាម។ លំនាំក្បូរក្បាច់ប្រពៃណីរបស់កុលាលភាជន៍ Bau Truc រួមមាន ខ្សែរាងរណា លំនាំរុក្ខជាតិ ដែលបានបំផុសគំនិតពីសំបកខ្យង និងឧបករណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិ។ ពីលក្ខណៈដ៏វិសេសវិសាលនោះ នាឆ្នាំ ២០១៧ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានទទួលស្គាល់សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាម គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នាឆ្នាំ ២០២២

សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាមត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជា "បេតិកភណ្ឌវប្បធម៌អរូបីដែលចាំបាច់ត្រូវការពារជាបន្ទាន់"។ ចាប់ពីពេលនោះមក បរិមាណភ្ញៀវទេសចរមកទស្សនាភូមិរបរកាន់តែកើនឡើង។ ក្នុងឱកាសពិធីបុណ្យទាននានា ផលិតផលកុលាលភាជន៍ចាមត្រូវបានបញ្ចេញលក់យ៉ាងច្រើនកុះករ។ លោក Van Quan Phu Doan នាយកសហករណ៍ផលិតពាណិជ្ជកម្ម និងសេវាកម្មកុលាលភាជន៍ចាម Bau Truc បានឲ្យដឹងថា៖ 

“ភ្ញៀវទេសចរមកពីគ្រប់ទិសទីចូលចិត្តកុលាកភាជន៍ Bau Truc ណាស់ ហើយពួកគេបានទិញផលិតផលយ៉ាងច្រើនណាស់។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរក៏បានទៅទស្សនាភូមិរបរចំនួន ២ និងទិញផលិតផលផ្ទាល់នៅភូមិរបរទៀតផង”។

នាបច្ចុប្បន្ន ភូមិកុលាលភាជន៍ Bau Truc កំពុងផ្តោតសំខាន់លើការអភិវឌ្ឍ ទេសចរណ៍សហគមន៍ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌អរូបី រួមចំណែកធានាជីវភាពរស់នៅដល់ប្រជាជនផង និងអភិរក្សលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិចាមនៅទីនេះទៀតផង។ ក្នុងនោះ គម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយផ្អែកលើបេតកភណ្ឌនៅភូមិកុលាលភាជន៍ Bau Truc ដែលត្រូវបានក្រុមប្រឹក្សាអង់គ្លេសជួយឧបត្ថម្ភធ្វើសាកពិសោធន៍ចាប់ពីឆ្នាំ ២០១៨ មក បាននាំមកនូវប្រសិទ្ធភាពវិជ្ជមានដល់ភូមិរបរ Bau Truc។ ចំនួនក្រុមភ្ញៀវទេសចរមកទស្សនាភូមិរបរកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់លាស់។ លោក Dang Chi Quyet ប្រធានគណៈគ្រប់គ្រងតំបន់វិថី Bau Truc ទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានឲ្យដឹងថា គណៈទេសចរណ៍សហគមន៍ភូមិកុលាលភាជន៍ Bau Truc ដែលមានសមាជិកចំនួន ១៥ នាក់ បានជួយឧបត្ថម្ភយ៉ាងសកម្មដល់ប្រជាជនធ្វើទេសចរណ៍៖

“ចាប់ពីឆ្នាំ ២០១៨ មក គណៈទេសចរណ៍សហគមន៍មានក្រុមដូចជា៖ ក្រុមធ្វើម្ហូបអាហារ ក្រុមសិប្បករ ក្រុមសិល្បៈករ ក្រុមសិក្សាស្រាវជ្រាវវប្បធម៌ចាមមិនត្រឹមតែធ្វើសកម្មភាពនៅតាមភូមិរបរប៉ុណ្ណោះទេ ក្រុមទាំងនេះក៏ទៅបម្រើភ្ញៀវទេសចរនៅទីក្រុង Phan Rang – Tháp Chàm ទៀតផង”។

ឱកាសថ្មីសម្រាប់ភូមិរបរកុលាលភាជន៍ចាមប្រពៃណី - ảnh 2ភូមិរបរកុលាលភាជន៍ចាមប្រពៃណី

ភាពទាក់ទាញរបស់កុលាលភាជន៍ចាមចំពោះភ្ញៀវទេសចរទាំងជិត និងឆ្ងាយនារយៈពេលកន្លងទៅបានសរឲ្យឃើញពីសញ្ញាសុទិដ្ឋិនិយមពីការផ្សារភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយនឹងភូមិរបរប្រពៃណី។ ការដែលសិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមបានក្លាយទៅជា "បេតិកភណ្ឌវប្បធម៌អរូបី ដែលចាំបាច់ត្រូវការពារជាបន្ទាន់" ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់នឹងបង្កើតបុព្វបទសម្រាប់ការអភិរក្ស ថែរក្សា និងពង្រីកតម្លៃបេតិកភណ្ឌប្រពៃណីរបស់បងប្អូនជនជាតិចាម តាមស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី៩ នីតិកាលទី XI ស្តីពីការកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌ និងមនុស្សវៀតណាមឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ