ចរបាប់ Xi Thoai នៅខេត្ត Phu Yen - សម្រស់ប្រពៃណីនៃភូមិរបរសិប្បកម្ម

Chia sẻ
(VOVWORLD) - Xi Thoai គឺជាភូមិរបរតម្បាញចរបាប់ប្រពៃណីរបស់ជនជាតិ Ba Na នៅឃុំ Xuan Lanh ស្រុក Dong Xuan ខេត្ត Phu Yen ហើយក៏ជាភូមិរបរសិប្បកម្មប្រពៃណីដំបូងគេនៅតំបន់ជនជាតិភាគតិចផងដែរ។ មានដំណាក់កាលមួយ ដែលរបរតម្បាញនៅទីនេះត្រូវរលាយបាត់ទៅ។ ប៉ុន្តែថ្មីៗនេះ មុខរបរនេះបានរស់ឡើងវិញអាស្រ័យដោយមានគោលនយោបាយដែលលើកទឹកចិត្តដល់ការអភិរក្ស និងអភិវឌ្ឍភូមិសិប្បកម្មប្រពៃណីនៅតំបន់ជនជាតិភាគតិច។
ចរបាប់ Xi Thoai នៅខេត្ត Phu Yen - សម្រស់ប្រពៃណីនៃភូមិរបរសិប្បកម្ម - ảnh 1សិប្បការិនី So Thi Chuyen នៃភូមិរបរសិប្បកម្ម Xi Thoai។ (រូបថត៖ VOV)

ភូមិរបរតម្បាញចរបាប់នៃភូមិ Xi Thoai ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥។ នាគ្រាដំបូង បណ្ដាគ្រួសារ និងបុគ្គលបានផលិត និងលក់ផលិតផលដោយខ្លួនឯង ហើយជាបណ្ដើរៗ ទទួលបានការពេញនិយម ដូច្នេះការលក់ដូរត្រូវបានពង្រីកទៅកាន់ភូមិនានាក្នុងឃុំ Xuan Lanh និងស្រុក Son Hoa និង Song Hinh ហើយត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ។ អ្នកស្រី So Thi Chuyen សិប្បការិនីនៃភូមិរបរសិប្បកម្ម Xi Thoai ស្រុក Dong Xuan ខេត្ត Phu Yen បាននិយាយថា៖

“ចំណុចពិសេសជាងគេនោះ គឺការត្បាញដោយម៉ាស៊ីនមានមុខតែខាងមុខប៉ុណ្ណោះ ចំណែកឯការត្បាញដោយដៃនៅ Phu Yen មានមុខទាំងពីរ គឺខាងមុខ និងខាងក្រោយ ច្បាស់ណាស់។ សំលៀកបំពាក់បុរស និងស្ត្រីមានក្បូរក្បាច់រចនាស្រដៀងគ្នា ប៉ុន្តែចំណុចខុសគ្នាគឺ ខាងបុរសមានអាវខាងក្រៅដៃខ្លី ប៉ុន្តែស្ត្រីមានអាវដៃវែងតែប៉ុណ្ណោះ។ នៅពេលដែលមានពិធីបុណ្យម្ដងៗ យើងត្រូវតែស្លៀកសម្លៀកបំពាក់ទាំងនេះ ប្រហែលជាចំណាយពេលជាងមួយខែទើបត្បាញសម្លៀកបំពាក់មួយសម្រាប់រួចរាល់”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋសម្រាប់ការអភិវឌ្ឍសិប្បកម្មជនបទ របរតម្បាញចរបាប់នៅក្នុងភូមិ Xi Thoai មានការបោះជំហានថ្មីមួយ។ នៅពេលដែលវាទើបតែត្រូវបានស្ដារឡើងវិញនៅក្នុងឆ្នាំ ២០០០ ក្រុមតម្បាញចរបាប់មានបងប្អូនស្ត្រីចំនួន ១៦ នាក់ ដែលមានជំនាញពូកែ និងស្រឡាញ់ការងារ។ មកដល់ពេលនេះ មានស្ត្រីជាង ៤០នាក់បានចូលរួម។

ផ្ទះសហគមន៍នៅភូមិ Xi Thoai បច្ចុប្បន្ន ជាកន្លែងសម្រាប់បងប្អូនស្ត្រីក្នុងភូមិមកជុំគ្នា បន្ទាប់ពីម៉ោងធ្វើស្រែចម្ការ។ ស្ត្រីជាច្រើននៅក្នុងភូមិមិនអាចលាក់បាំងក្ដីរីករាយរបស់ពួកគេបានទេ នៅពេលដែលផលិតផលដ៏ជិតស្និទ្ធនៅគ្រប់គ្រួសារ ឥឡូវនេះស្ត្រីជាច្រើនបានចេះពីរបៀបត្បាញ លាយពណ៌ ហើយពួកគេលែងមានការព្រួយបារម្ភថា របរតម្បាញចរបាប់នៅក្នុងភូមិនឹងត្រូវរលាយបាត់ទៅទៀតឡើយ។ អ្នកស្រី La O Thi Tim នៅភូមិ Xi Thoai ចែករំលែកថា៖

“ខ្ញុំសប្បាយចិត្តណាស់ ដែលរបរតម្បាញបានរស់ឡើងវិញ។ របរនេះ ជីដូន និងម្តាយបានបង្រៀនជូនខ្ញុំនិងបងប្អូន... ក្រោយមកខ្ញុំក៏នឹងបង្រៀនជូនកូនចៅរបស់ខ្ញុំផងដែរ”។

ចរបាប់ Xi Thoai នៅខេត្ត Phu Yen - សម្រស់ប្រពៃណីនៃភូមិរបរសិប្បកម្ម - ảnh 2ផលិតផលតម្បាញចរបាប់នៃភូមិ Xi Thoai។

កាលពីឆ្នាំមុន គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានចេញសេចក្តីសម្រេចទទួលស្គាល់ភូមិរបរតម្បាញចរបាប់ Xi Thoai ជាភូមិសិប្បកម្ម។ ស្រុកក៏បានជំរុញខ្លាំងការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការការពារបរិស្ថាន និងលើកកំពស់គុណភាពផលិតផលនៃភូមិរបរសិប្បកម្ម ដើម្បីផលិតប្រកបដោយនិរន្តរភាព។ អាស្រ័យហេតុនេះ ជួយប្រជាជនក្នុងការអភិរក្ស និងអភិវឌ្ឍរបរប្រពៃណី ដែលជីដូនជីតាបន្សល់ទុកមក។ លោក Tran Quoc Huy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dong Xuan បានឲ្យដឹងថា៖

“ស្រុកបានណែនាំសិប្បករជាច្រើនឲ្យទៅសិក្សានៅមូលដ្ឋានផ្សេងទៀត។ ទន្ទឹមនឹងនោះ បន្តស្វែងរកការវិនិយោគដើម្បីជួយប្រជាជនក្នុងការលក់ផលិតផលចេញ តាមនោះជួយប្រជាជនបង្កើនប្រាក់ចំណូល ដើម្បីរក្សាភូមិសិប្បកម្ម”។

ស្ថិតនៅក្នុងចំណោមសកម្មភាពផ្សព្វផ្សាយអំពីភូមិតម្បាញចរបាប់ Xi Thoai នាថ្ងៃទី ១៥ មេសា កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយ បានសម្របសម្រួលជាមួយអង្គភាពទេសចរណ៍ខេត្ត Phu Yen ដើម្បីរៀបចំនិងឧទ្ទេសនាមអំពិភូមិរបរតម្បាញចរបាប់ Xi Thoai នៅមជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវិថីបុរាណហាណូយ។ មកដល់ព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទស្សនាការត្បាញចរបាប់របស់បណ្ដាសិប្បការិនីភូមិ Xi Thoai ត្រូវបានណែនាំឱ្យស្លៀកសំលៀកបំពាក់របស់ជនជាតិ Ba Na និងស្វែងយល់ពីអត្ថន័យនៃក្បូរក្បាច់រចនា ក៏ដូចជាគ្រឿងបន្លាស់លើសំលៀកបំពាក់ផងដែរ។ អ្នកជំនាញវប្បធម៌ Tran Doan Lam និងលោក Ta Van Quang នៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ បានឲ្យដឹងថា៖

“សំលៀកបំពាក់របស់បណ្ដាជនជាតិគឺជាបេតិកភណ្ឌវប្បធម៌អរូបី ហើយទន្ទឹមនឹងនោះ ប្រៀបដូចជាសញ្ញាសម្គាល់នៃជនជាតិមួយ បើក្រឡែកមើលសំលៀកបំពាក់ គេនឹងដឹងភ្លាមថា សំពត់របស់ជនជាតិ Ba Na នឹងខុសពីសំពត់របស់ជនជាតិ H Mong យ៉ាងណា ឬការគួបផ្សំរវាងគ្រឿងបន្លាស់ គ្រឿងអលង្ការ ហើយរបៀបស្លៀកពាក់ទៀតផង”។

“ខ្ញុំយល់ថា វាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលអ្នកទស្សនាអាចស្លៀកសម្លៀកបំពាក់ចរបាប់ Xi Thoai របស់ប្រជាជន Bana វាមានអារម្មណ៍ល្អណាស់។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ មិនត្រឹមតែអ្វីដែលភ្នែកមើលឃើញប៉ុណ្ណោះទេ ថែមទាំងបានស្លៀក ហើយស្វែងយល់ពីរបៀបត្បាញ អត្ថន័យនៃគំនូរសិល្បៈ អត្ថន័យ និងនិមិត្តសញ្ញានៅលើសរសៃក្រណាត់ ពីពណ៌ទៅរូបភាព បានជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពី សារៈសំខាន់នៃការថែរក្សាតម្លៃនៃតម្បាញចរបាប់”។

នាពេលខាងមុខ ខេត្ត Phu Yen នឹងឆ្ពោះទៅការកសាង Xi Thoai ទៅជាគោលដៅទេសចរណ៍
សហគមន៍ ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីរបរតម្បាញចរបាប់របស់ជនជាតិ Ba Na ព្រមទាំងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជននៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ