វិថីឫស្សីស្ថិតនៅក្នុងតំបន់វិថីបុរាណហាណូយ

Chia sẻ

(VOVWORLD) - ទីក្រុងហាណូយជាមួយនឹងវិថីចំនួន ៣៦ តាំងពីយូរយាមក បានក្លាយទៅ ជានិមិត្តរូបដ៏ពិសេសនៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់រដ្ឋធានី។ វិថីទាំងនេះភាគច្រើន ត្រូវបានដាក់ឈ្មោះតាមមុខរបរ និងមុខជំនួញស្នូលនៅតាមដងវិថីនោះ។ ទោះជាយ៉ាង ណាក៏ដោយ ក៏មានវិថី “Hang (ផលិតផល)” ពិសេសផងដែរ ដូចជាវិថី Hang Vai (ផលិតផលក្រណាត់)។ វិថីនេះមានចម្ងាយប្រហែល ៦០០ ម៉ែត្រពីភាគពាយព្យ បឹង Hoan Kiem ហើយត្រូវបានគេចាត់ទុកថា ជាវិថីឫស្សីដ៏ពិសេសនៅចំកណ្តាលតំបន់ វិថីបុរាណហាណូយអញ្ចឹង។

វិថីឫស្សីស្ថិតនៅក្នុងតំបន់វិថីបុរាណហាណូយ - ảnh 1វិថី Hang Vai ត្រូវបានគេចាត់ទុកថា ជាវិថីឫស្សីដ៏ពិសេសមួយនៅក្នុងតំបន់វិថីបុរាណរបស់ទីក្រុងហាណូយ។ (រូបថត៖ hanoimoi.vn)
នៅតាមសងខាងវិថី Hang Vai ប្រវែងប្រហែល ២៤០ ម៉ែត្រ បង្គោលឬស្សី និងជណ្ដើរឬស្សីខ្ពស់ៗ ត្រូវបានរៀបដាក់យ៉ាងរៀបរយ ត្រង់បញ្ឈរ បិទបាំងជញ្ជាំងផ្ទះ ដែលបង្កើតឡើងលក្ខណៈពិសេសសម្រាប់វិថី Hang Vai។ ដោយសារតែភាពពេញ និយមនៃផលិតផលឬស្សីនៅទីនេះ មនុស្សជាច្រើនបានយល់ច្រលំ វិថី Hang Vai ជាមួយវិថី Hang Tre (ផលិតផលឬស្សី) ដែលមានចម្ងាយជិត ២ គីឡូម៉ែត្រពីទីនោះ។ Hang Vai គឺជាវិថីមួយ ក្នុងចំណោមវិថីដែលនៅតែរក្សាបាននូវសោភ័ណភាពគួរ ឲ្យអាឡោះអាល័យនៃរដ្ឋធានីហាណូយ។
នៅពាក់កណ្តាលចុងសតវត្សទី ១៩ វិថី Hang Vai ជាវិថីមួយដែលស្ថិតនៅក្បែរផ្សារ Dong Thanh ស្រុក Tho Xuong ដែល សព្វថ្ងៃនេះស្ថិតក្នុងសង្កាត់ Hang Bo ខ័ណ្ឌ Hoan Kien ទីក្រុងហាណូយ។ វិថីនេះ ជាទីកន្លែងជួញដូរទំនិញប្រើប្រាស់គ្រប់ប្រភេទយ៉ាងមមាញឹក ប៉ុន្តែភាគច្រើនគឺលក់ ក្រណាត់។ ក្នុងសម័យអាណានិគមនិយមបារាំង ជនបារាំងបានហៅវិថី Hang Vai ថា “rue des Etoffes” ដែលបកប្រែពីឈ្មោះ Hang Vai។ នៅឆ្នាំ ១៩៤៥ វិថីនេះបានយកឈ្មោះ វៀតណាមមកវិញ គឺ Hang Vai ។ ជនបារាំងដែលមករស់នៅទីនេះ ក៏បានធ្វើឲ្យទំនិញដែលត្រូវបានជួញដូរនៅតាមដងវិថីនេះ កាន់តែសម្បូរបែបផងដែរ។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក គ្រួសារជាច្រើននៅតាមដងវិថីបានប្តូរទៅ ជួញដូរផលិតផលធ្វើពីឫស្សីវិញ ដូច្នេះហើយ ផលិតផលក្រណាត់ដែលធ្លាប់ត្រូវបាន ជួញដូរពីមុន បានបាត់បង់បន្តិចម្តងៗ ហើយគ្មានស្លាកស្នាមអ្វីនៅសល់ឡើយ ក្រៅពីឈ្មោះ វិថីនោះទេ។
វិថីឫស្សីស្ថិតនៅក្នុងតំបន់វិថីបុរាណហាណូយ - ảnh 2សម្រស់នៃជីវភាពប្រចាំថ្ងៃនៅវិថី Hang Vai។ (រូបថត៖ Hoang Chien)
អស់រយៈពេលរាប់សិបឆ្នាំមកហើយ ផលិតផលធ្វើពីឬស្សី ផ្ដៅ កាន់តែមានភាពចម្រុះ និងសម្បូរបែប ចាប់ពីឫស្សីក្នុងស្ថាបត្យកម្ម សំណង់ រហូតដល់ឫស្សី ក្នុងគ្រឿងសង្ហារិម និងការប្រើប្រាស់ប្រចាំថ្ងៃ សុទ្ធតែត្រូវបានជាងសិប្បកម្មកែច្នៃ និង រចនានៅហ្នឹងហាងតាមដងវិថីដែរ។ នៅតាមដងវិថី បច្ចុប្បន្ននេះមានហាងលក់ផលិត ផលធ្វើពីឬស្សីប្រហែល១០ហាង ដែលភាគច្រើនជាគ្រួសារដែលមានមុខរបរប្រពៃណី បន្សល់ទុកពីជំនាន់ដូនតា។ លោក Nguyen Dac Hai និងលោកស្រី Nguyen Huyen Linh ម្ចាស់ហាងចំនួន ២ នៅវិថី Hang Vai បានឲ្យដឹងថា៖
“គ្រួសាររបស់ខ្ញុំមានជំនាញក្នុងការធ្វើរបស់របរប្រពៃណីធ្វើពីឫស្សី ផ្ដៅ ក៏ដូចជា ផ្ទះបែបប្រពៃណីដូចជា ផ្ទះប្រក់ស្លឹកស្បូវ; ល្បែងប្រជាប្រិយ ដូចជា យោលទោង ជើង ទោម... មានមនុស្សជាច្រើនក្នុងគ្រួសាររបស់ខ្ញុំ ដែលប្រកបរបរនេះហើយ រួមទាំងឪពុក អ៊ុំ មីង និងពូរបស់ខ្ញុំ។ ហាងរបស់គ្រួសារខ្ញុំត្រូវបានជីដូនជីតាបន្សល់ទុកជាច្រើនជំនាន់មកហើយ”។
“គ្រួសារខ្ញុំមានជំនាញលក់របស់របរឬស្សី ដើមពិត ស្លឹកក្លែង សម្រាប់តុបតែង ក្នុងផ្ទះ បង្គោលសម្ងួតសម្លៀកបំពាក់ ឬអតិថិជនទិញឬស្សីសម្រាប់ស្រោបជញ្ជាំង។ ជាធម្មតា ភ្ញៀវទេសចរបរទេសមកដល់វិថី Hang Vai ដើម្បីបានឃើញរបស់របរសិប្បកម្មធ្វើ ពីឫស្សី។ ពួកគេក៏ចូលចិត្តទិញជណ្ដើរឫស្សីសម្រាប់តុបតែង ដូចជាជណ្ដើរសម្រាប់ដាក់តាំងកន្សែងជាដើម។ ឬខ្សៀគ្រក់ ពួកគេមិនយល់ថា ហេតុអ្វីបានជាគេអាចជក់បានពីបំពង់ឫស្សី។ អាស្រ័យលើចំនួនអតិថិជន គ្រួសារខ្ញុំផលិតបាននូវផលិតផលចន្លោះ ៣០ ទៅ ៥០ មុខក្នុងមួយថ្ងៃ”។
វិថីឫស្សីស្ថិតនៅក្នុងតំបន់វិថីបុរាណហាណូយ - ảnh 3ជាងសិប្បកម្មផ្តោតការយកចិត្តទុកដាក់លើការងាររបស់គាត់។ (រូបថត៖ Kinhtedothi.vn)
គ្រួសារលោក Nguyen Trong Duc ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលប្រកបរបរជាប្រពៃណីនៅលើវិថី Hang Vai ជាយូរមកហើយ។ ហាងរបស់គ្រួសារ លោក មានជំនាញច្នៃផលិតផលស្ថាបត្យកម្ម និងគ្រឿងសង្ហារឹមពីឫស្សី។
“ខ្ញុំច្រើនតែធ្វើជញ្ជាំងឬស្សី ទូ ធ្នើរ និងតុ កៅអីឬស្សី។ ខ្ញុំតែងតែចាប់ផ្ដើមការងារពី ម៉ោង ៦ កន្លះ ឬម៉ោង ៧ ព្រឹក។ ជាធម្មតា ខ្ញុំនឹងណាត់ថ្ងៃមកផ្ទះអតិថិជនដើម្បីដំឡើងឲ្យគេ មុននោះខ្ញុំនឹងធ្វើការកែច្នៃនៅផ្ទះ។ ផលិតផលនេះមានកាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ប៉ុន្តែមានប្រជាប្រិយភាពជាចម្បងនៅតំបន់ជាយក្រុង។ នៅក្នុងទីក្រុង ភាគ ច្រើនគេប្រើវាដើម្បីតុបតែងទេសភាពតូចៗ ធ្វើជ្រុងបែបប្រជាប្រិយ...”
នៅតាមដងវិថីជួញដូរដ៏មមាញឹក ជាងសិប្បកម្មជំនាញ នៅតែផ្តោតការយកចិត្ត ទុកដាក់លើការងារ ជាមួយនឹងបាតដៃវាស់វែងយ៉ាងរហ័សរហួន ចោះដាប់បង្កើតរូបរាង ឲ្យឬស្សី ដើម្បីធ្វើឡើងផលិតកម្មធ្វើដោយដៃដ៏វិសេសវិសាល។ លោក Nguyen Quang Thao អតិថិជនម្នាក់ កំពុងតាមដានយ៉ាងយកចិត្តទុកចិត្តលើសកម្មភាពរបស់ ជាងសិប្បកម្ម។
“ខ្ញុំចូលចិត្តវត្ថុបែបសុភាព មានលក្ខណៈបរមបុរាណ និងសិល្បៈ ដូច្នេះខ្ញុំនឹងទៅកាន់ វិថី Hang Vai។ ពេលអង្គុយមើល ខ្ញុំក៏បានរៀនបច្ចេកទេសមួយចំនួនពីម្ចាស់ហាង។ ក្រៅពីនោះ ក៏អាចទស្សនាវិថីបុរាណនេះផងដែរ។ សម្រាប់ខ្ញុំ នោះគឺជារឿងដ៏អស្ចារ្យមួយ”។
ជីវភាពនៅលើវិថីឬស្សី ក្នុងតំបន់វីថីបុរាណហាណូយ នៅតែដដែលអស់រយៈ ពេលជាច្រើនឆ្នាំមក។ អ្វីដែលខុសគ្នានោះគឺថា ឥឡូវនេះយុវជនជំនាន់ក្រោយបានទទួលមរតកពីដូនតាជំនាន់មុន ដោយបន្តថែរក្សានិងអភិវឌ្ឍន៍មុខរបរប្រពៃណីតាម ដងវិថី។ នោះក៏ជាភាពស្រស់ស្អាតដែលបានរក្សាទុកជាច្រើនជំនាន់នៅតាមវិថីសិប្បកម្មបុរាណនៃទឹកដីរដ្ឋធានីផងដែរ៕

ប្រតិកម្មទៅវិញ