ភូមិ Tan Hoa ពីចំណុចកណ្ដាលនៃទឹកជំនន់ខេត្ត Quang Binh ទៅជា​ភូមិ​ទេសចរណ៍​​​ល្អ​បំផុត​នៅលើពិភពលោក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលាកន្លងទៅ ភូមិទេសចរណ៍ Tan Hoa (នៅស្រុក Minh Hoa ខេត្ត Quang Binh) បានឈ្នះពានរង្វាន់ភូមិទេសចរណ៍ដ៏ល្អបំផុតនៅលពិភពលោកឆ្នាំ ២០២៣ (Best Tourism Village) ដែលត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រគល់ជូន។ កិត្តិនាមនេះគឺជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន ក៏ដូចជាអង្គភាពទេសចរណ៍នានាក្នុងដំណើរការនាំភូមិ Tan Hoa ពីចំណុះស្នូលនៃទឹកជំនន់របស់ខេត្ត Quang Binh ទៅជាតំបន់ភ្លឺ នៃវិស័យទេសចរណ៍វៀតណាម។
ភូមិ Tan Hoa ពីចំណុចកណ្ដាលនៃទឹកជំនន់ខេត្ត Quang Binh ទៅជា​ភូមិ​ទេសចរណ៍​​​ល្អ​បំផុត​នៅលើពិភពលោក - ảnh 1ភូមិ Tan Hoa ខេត្ត Quang Binh (រូបថត៖ baochinhphu.vn)

ដោយសារទីតាំងភូមិសាស្ត្រ និងលក្ខណៈដ៏វិសេសវិសាលនៃរូបសណ្ឋានដី  ភូមិ Tan Hoa មានអាកាសធាតុក្តៅ និងសើមពេញមួយឆ្នាំនារដូវក្ដៅ និងរងារខ្លាំងនារដូវរងារ។ ភាពសម្បូរបែបអំពីអាកាសធាតុបានជួយសម្រួលដល់ប្រជាកសិករធ្វើកសិកម្មអភិវឌ្ឍន៍ដំណាំដាំដុះ។ ប៉ុន្តែជារៀងរាល់ឆ្នាំ ឃុំ Tan Hoa តែងតែកើតមានគ្រោះទឹកជំន់ចាប់ពីខែមិថុនាដល់ខែកញ្ញា (តាមច័ន្ទគតិ)។ គ្រោះទឹកជំនន់ជាប្រវត្តិសាស្រ្តក្នុងឆ្នាំ ២០១០ ជាមួយនឹងកម្រិតទឹក ១២ ម៉ែត្របានជន្លិចផ្ទះសម្បែងស្ទើតែទាំងអស់ ប្រជាជនត្រូវជម្លៀសខ្លួនទៅកាន់ភ្នំដើម្បីរង់ចាំទឹកស្រក ហើយចាប់តាំងពីពេលនោះមកភូមិ Tan Hoa ត្រូវមានរហស្សនាមជា "ចំណុចស្នូលទឹកជំនន់"។ ក្រោយពីគ្រោះទឹកជំនន់នោះ អ្នកភូមិ Tan Hoa មានគំនិតផ្តួចផ្តើមធ្វើបែ ដើម្បីរួមរស់ជាមួយគ្រោះទឹកជំនន់។ នាឆ្នាំ ២០១២ គេបានកែលម្អទៅជាផ្ទះបណ្តែតទឹក ជួយប្រជាជនមានជីវភាពរស់នៅប្រក្រតីភាពក្នុងទឹកជំនន់។ លោក Nguyen Chau A អគ្គនាយកក្រុមហ៊ុន Oxallis ដែលជាអង្គភាពប្រតិបត្តិករទេសចរណ៍នៅភូមិ Tan Hoa បានឲ្យដឹងថា៖

“នៅភូមិ Tan Hoa មានគ្រួសារប្រមាណ ៧០០ គ្រួបានសាងសង់ផ្ទះបណ្តែតទឹក ហើយអាចរួមរស់ជាមួយទឹកជំនន់បាន។ មានន័យថា មិនថាទឹកជំនន់ឡើងដល់កម្រិតណាឡើយ ពួកគេនៅតែមានសុវត្ថិភាព ហើយពួកគេរស់នៅបានសុខស្រួល និងមិនខ្វះខាតអ្វីទាំងអស់ ព្រោះពួកគេមានអាហារបម្រុង។ លើសពីនេះ ពួកគេក៏មានទូកដើម្បីធ្វើដំណើរផងដែរ”។

កាលពីមុន អ្នកភូមិ Tan Hoa ភាគច្រើនប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ ទោះជាយ៉ាងណាក៏ដោយ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានផ្លាស់ប្តូរជាច្រើនចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលខេត្ត Quang Binh បានចាប់ផ្តើមធ្វើការសិក្សា និងធ្វើតេស្តសាកល្បងទួរទេសចរណ៍ស្វែងយល់។ ដល់ឆ្នាំ ២០១៤ រូងភ្នំ Tu Lan ត្រូវបានបើកធ្វើអាជីវកម្មទេសចរណ៍ជាផ្លូវការ។ ខេត្តបានសហការជាមួយអង្គភាពទេសចរណ៍ ដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដ៏រឹងមាំសម្រាប់ Tan Hoa ជាជំហានៗ។ នាបច្ចុប្បន្ន ការអភិវឌ្ឍន៍គំរូទេសចរណ៍នៅភូមិ Tan Hoa បានបង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ពលករជាង ១០០ នាក់ក្នុងតំបន់។

ប្រជាជនទទួលបានការបណ្តុះបណ្តាល ដើម្បីធ្វើការងារភស្តុភារ និងបម្រើភ្ញៀវទេសចរក្នុងដំណើរទេសចរណ៍ស្វែងយល់ភូមិ Tu Lan។ លោក Cao Van Thanh អ្នកឃុំ Tan Hoa ស្រុក Minh Hoa បានឲ្យដឹងថា៖

“កាលពីមុនខ្ញុំប្រកបរបរកសិកម្ម ហើយទៅធ្វើការនៅទីក្រុងហូជីមិញ។ ប៉ុន្តែក្រោយពីពេលដឹងថា មានក្រុមហ៊ុនទេសចរណ៍បើកនៅស្រុកកំណើត ខ្ញុំបានដាក់ពាក្យចូលធ្វើការ ហើយបច្ចុប្បន្ននេះគឺបាន ៥ ឆ្នាំហើយ។ ខ្ញុំធ្វើការផ្នែកផ្គត់ផ្គង់សំភារៈ បម្រើម្ហូបអាហារ និងបម្រើតង់សម្រាប់ភ្ញៀវទេសចរផងដែរ”។

ភូមិ Tan Hoa ពីចំណុចកណ្ដាលនៃទឹកជំនន់ខេត្ត Quang Binh ទៅជា​ភូមិ​ទេសចរណ៍​​​ល្អ​បំផុត​នៅលើពិភពលោក - ảnh 2
ភូមិ Tan Hoa ខេត្ត Quang Binh (រូបថត៖ baochinhphu.vn)

ជាមួយនឹងប្រាក់ចំណូលពី៦ ទៅ ៨ លានដុងសម្រាប់ថ្ងៃធ្វើការពី ១៤ ទី ១៦ ថ្ងៃជារៀងរាល់ខែ ប្រជាជនអាចសហការជាមួយសហគ្រាស ដើម្បីបម្រើភ្ញៀវទេសចរ ហើយថែមទាំងមានពេលវេលាធ្វើការងារស្រែចម្ការដើម្បីបង្កើនប្រាក់ចំណូល។

ភូមិ Tan Hoa ត្រូវបានតម្រង់ទិសដៅអភិវឌ្ឍន៍តាមគំរូភូមិទេសចរណ៍ដែលសម្របខ្លួនតាមអាកាសធាតុ ហើយផ្តផ្ដល់សេវាកម្មសម្បូរបែបលើវិស័យទេសចរណ៍ពី homestay ឆ្លងបទពិសោធន៍ធ្វើកសិកម្ម ទទួលទានអាហារនៅផ្ទះប្រជាពលរដ្ឋ តូបលក់វត្ថុអនុស្សាវរីយ៍ និងសេវាកម្មចម្រុះផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរ។ យោងតាមលោក Ho An Phong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានឲ្យដឹងថា ភូមិទេសចរណ៍ Tan Hoa ត្រូវបានលើកតម្កើងជាភូមិទេសចរណ៍មួយក្នុងចំណោមភូមិទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោក បង្កើតមូលដ្ឋានដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅភូមិ Tan Hoa ជាជំហានដំបូង៖

“ចំពោះភូមិ Tan Hoa ប្រសិនបើអនុវត្តន៍ល្អការងារផ្សព្វផ្សាយ ពន្លឿន ឧទ្ទេសនាមទេសចរណ៍នោះ នឹងទាក់ទាញភ្ញៀវទេសចរ ហើយតាមនោះ នាំមកនូវផលប្រយោជន៍ដល់ប្រជាជន។ នាពេលខាងមុខ យើងខ្ញុំនឹងខិតខំប្រឹងប្រែងកសាងភូមិ Tan Hoa ឲ្យក្លាយទៅជាចំណុចភ្លឺអំពីទេសចរណ៍។ យើងខ្ញុំនឹងបន្តអប់រំ លើកកម្ពស់ការយល់ដឹងដល់ប្រជាជនក្នុងការថែរក្សាបរិស្ថាន ការពារធម្មជាតិ សម្របខ្លួនជាមួយបរិស្ថាន ហើយខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផង និងថែរក្សាសម្រស់រហោស្ថាន សាមញ្ញា សុខសាន្តរបស់តំបន់ដីនេះផងដែរ”។

ពីតំបន់ជនបទមួយដែលពីមុនរងការលំបាកជាច្រើនពីគ្រោះទឹកជំនន់ ហើយជីវភាពរស់នៅរបស់ប្រជាជនជួបប្រទះកង្វះខាតជាច្រើន ប៉ុន្តែបច្ចុប្បន្ននេះ ភូមិ Tan Hoa មានការផ្លាស់ប្តូរច្បាស់លាស់ជាច្រើន។ ចំពោះខេត្ត Quang Binh ការដែលភូមិ Tan Hoa ត្រូវបានលើកតម្កើងកិត្តិនាមនឹងបើកឱកាសអភិវឌ្ឍន៍ទេសចរណ៍ជាច្រើន ដើម្បី ក្លាយទៅចំណុចភ្លឺទេសចរណ៍ក្នុងតំបន់ ធ្វើជាបុព្វបទ និងជួយឧបត្ថម្ភគោលដៅទេសចរណ៍ជិតខាងក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរនាពេលអនាគត៕


ប្រតិកម្មទៅវិញ