ភូមិ Dong Ngac - តំបន់បណ្ឌិត |
(VOVworld) – ភូមិ Dong Ngac ឬហៅថាភូមិ Ve ចំណុះខ័ណ្ឌ Tu Liem ខាងជើង ទីក្រុងហាណូយ។ ភូមិ Dong Ngac មិនត្រឹមតែល្បីឈ្មោះដោយ សំណង់ស្ថាបត្យកម្មគំរូនៅតំបន់ដីសណ្ត Bac Bo ប៉ុណ្ណោះទេ ថែមទាំង មានមោទនភាពជាទីកន្លែងមានអ្នកប្រាជ្ញមន្ត្រីច្រើនបំផុតនៅបរមរាជវាំង Thang Long ទៀតផង។
ភូមិ Dong Ngac ជានិច្ចកាលមានមោទនភាពជាភូមិដែលមានបណ្ឌិត ច្រើននាក់ក្នុងប្រវត្តិសាស្ត្រ។ ក្រោមរជ្ជកាលស្តេច Ly (១០១០-១២២៥) ដល់ រជ្ជកាលស្តេច Nguyen (១៨០២-១៩៤៥) វៀតណាមបានមានភូមិចំនួន ២០ ដែល ត្រូវបានទទួលស្គាល់ជាភូមិបណ្ឌិត។ ទោះបីជាគ្មាន Trang Nguyen (បណ្ឌិតថ្នាក់ទី ១) ក្តីប៉ុន្តែ ភូមិ Dong Ngac នៅជាភូមិមួយក្នុងចំណោមភូមិបណ្ឌិតល្បីឈ្មោះដោយសារមានបណ្ឌិតចំនួន ២២ នាក់។ បណ្ដាវង្សត្រកូលក្នុងភូមិនេះ វង្សត្រកូលណាសក៏មានអ្នកជាប់បណ្ឌិតដែរក្នុងនោះ ត្រកូល Pham មានមនុស្សដែលបានជាប់បណ្ឌិតចំនួន ៩ រូប។ លោក Pham Quang Dai ជនចាស់ជរាមួយរូបក្នុងភូមិ បានរៀបរាប់ថា៖
«អ្នកជាប់បណ្ឌិតដំបូងក្នុងភូមិគឺលោក Phan Phu Tien នាឆ្នាំ ១៣៩៦។ នាឆ្នាំ ១៤២៩ រជ្ជកាលស្តេច Le បានរៀបចំការប្រឡងបណ្ឌិតពេលនោះ លោក Phan Phu Tien បានចូលរួមហើយជាប់បណ្ឌិតជាថ្មីម្តងទៀត។ ដូច្នេះ លោកតាបានជាប់បណ្ឌិត ២ ដង។ អ្នកភូមិហៅលោក Phan Phu Tien ជាបណ្ឌិត ក្នុងរជ្ជកាលទាំង ២ ព្រោះថាជាបណ្ឌិតរបស់រជ្ជកាលស្តេច Tran និងរជ្ជកាលស្តេច Le។ ភូមិបានមានបណ្ឌិតអក្សសាស្ត្រចំនួន ២១ រូប បណ្ឌិតក្បាច់គុនចំនួនមួយរូប ។ ភូមិ Ve បានឈរលំដាប់ថ្នាក់ទី ៣ ក្នុងទូទាំងប្រទេសនាសម័យកាលសក្ដិភូមិ ខាងភូមិមានអ្នកជាប់បណ្ឌិត ឈរនៅខាងក្រោយភូមិ Mo Trach ខេត្ត Hai Duong (បណ្ឌិតចំនួន ៣៦ នាក់) និងភូមិ Kim Doi ខេត្ត Bac Ninh - បណ្ឌិតចំនួន ២៥ នាក់។»
លោក Do The Giai បានជាមន្ត្រីរដ្ឋកាលនារជ្ជកាលស្តេច Le ដែលត្រូវបានប្រគល់កត្តិនាម Do Dai Vuong ។ |
ភូមិ Dong Ngac ជាស្រុកកំណើតរបស់អ្នកល្បីឈ្មោះវៀតណាមជាច្រើន ដែលរួមវិភាគទានដ៏ធំធេងលើច្រើនវិស័យរបស់ប្រទេសជាតិ។ ក្នុងនោះមាន លោក Do The Giai បានជាមន្ត្រីរដ្ឋកាលនារជ្ជកាលស្តេច Le ដែលត្រូវបានប្រគល់កត្តិនាម Do Dai Vuong ។ លោក Do Quoc Hien អ្នកប្រមុខត្រកូល Do នៅភូមិ Dong Ngac បានឲ្យដឹងថា៖
«លោកតា Do The Giai ជាប់បណ្ឌិត ហើយកាន់ដំណែងជាមន្ត្រីរដ្ឋកាល ក្រោមរជ្ជកាលរបស់ស្តេច Le Canh Hung នាឆ្នាំ ១៧៦០។ គឺជាអ្នកស្មោះត្រង់ ស្តេច Le Canh Hung បានប្រគល់ឲ្យលោកតាអក្សរចំនួន ៤ ដែលមានន័យថា៖ អ្នកមានចិត្តស្មោះត្រង់ថ្លៃថ្លា។លោកតាគឺជាមនុស្សតែមួយគត់ដែលត្រូវបានប្រគល់កិត្តនាម Vuong ពេលនៅរស់។»
ក្លោងទ្វារភាគច្រើននៅភូមិ Dong Ngac សុទ្ធតែត្រូវបានតុបតែងជារូប ចម្លាក់សៀវភៅនិងក្តាលើករាសីដើម្បីបង្ហាញនូវស្មារតីឧស្សាហ៍រៀនសូត្រ ពង្រីកប្រពៃណីរបស់គ្រួសារនិងត្រកូល។ លោក Pham Quang Dai បានឲ្យដឹងថា៖
«ភូមិទាំងមូលទៅរៀន។ គ្រួសារនេះប្រកួតប្រជែងជាមួយគ្រួសារនោះ។ ប្រពៃណីនេះត្រូវបានបន្សល់ទុកមកពីជំនាន់មួយទៅជំនាន់មួយ។ មានគំរូបឧស្សាហ៍រៀនសូត្រដូចជា លោក Pham Quang Trach លោក Pham Quang Man និង Pham Quoc Hoan។»
បន្តប្រពៃណីរបស់ជីដូនជីតា នាបច្ចុប្បន្ន ភូមិ Dong Ngac មានបណ្ឌិតចំនួន ១០០ នាក់។ មានអ្នកភូមិបានក្លាយទៅជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាល អ្នកស្នេហាជាតិ អ្នកនយោបាយ ដូជជា៖ បណ្ឌិត Phan Van Truong រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Hoang Minh Giam និងអតីតឧបនាយករដ្ឋមន្ត្រី លោក Pham Gia Khiem។
ប្រពៃណីឧស្សាហ៍រៀនសូត្រគឺជាអត្តសញ្ញាណវប្បធម៌នៃតំបន់ Thang Long - ហាណូយរាប់ពាន់ឆ្នាំ។ ទទួលបានស្នាដៃទាំងនោះអាស្រ័យដោយចរិតលក្ខណៈ ឧស្សាហ៍ព្យាយាមនិងការខំប្រឹងប្រែងរៀនសូត្ររបស់អ្នកភូមិ Dong Ngac ម្នាក់ៗ ។ ដោយហេតុនេះ អ្នកភូមិ Dong Ngac ជានិច្ចកាលមានមោទនភាពអំពីប្រពៃណី ឧស្សាហ៍រៀនសូត្ររបស់ខ្លួន៕