ផ្ទះសហគមន៍នៅភូមិ Dok Rong |
រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន អ្នកភូមិក៏បានរួមដៃគ្នាចលនាមនុស្សគ្រប់រូបចូលរួមជួយជ្រោមជ្រែងផ្លាស់ប្ដូរមុខមាត់ស្រុកកំណើត។ អាស្រ័យហេតុនេះ ទេសភាព ភូមិកាន់តែធំទូលាយ និងស្អាតបាត រួមចំណែកនាំឃុំ Glar ឲ្យក្លាយទៅជាឃុំជាប់ស្តង់ដារជនបទថ្មីរបស់ស្រុក Dak Doa។
ផ្លូវថ្នល់ចូលក្នុងភូមិត្រូវបានចាក់បេតុងយ៉ាងស្រស់ស្អាត ដោយនាំទៅដល់ផ្ទះសម្បែងដ៏ស្រស់ស្អាត និងធំទូលាយជាមួយទីធ្លាបេតុងដ៏ធំទូលាយសម្រាប់ហាលគ្រាប់កាហ្វេគឺជាទិដ្ឋភាពដ៏ទូទៅនៅភូមិ Dok Rong ឃុំ Glar ខេត្ត Gia Lai ក្នុងរយៈពេលប៉ុន្នានឆ្នាំថ្មីៗនេះ។ ដើម្បីសម្រេចបានការអភិវឌ្ឍនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ អ្នកភូមិបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការដាំដុះដំណាំ ការចិញ្ចឹមសត្វ ការវិនិយោគលើគ្រឿងម៉ាស៊ីន និងមធ្យោបាយដើម្បីបម្រើផលិតកម្ម។ ចាប់តាំងពីពេលនោះមក ចំនួនគ្រួសារដែលមានប្រាក់ចំណូលខ្ពស់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រី Amye អ្នកភូមិ Dok Rong ម្នាក់បានឲ្យដឹងថា៖ “កាលពីមុនជីវភាពរស់នៅរបស់គ្រួសារនាងខ្ញុំពិតជាលំបាកខ្លាំងណាស់។ ចាប់តាំងពីពេលកសាងជនបទថ្មីមក នាងខ្ញុំទទួលបានពីរបៀបដាំកាហ្វេ ដោយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ គ្រួសារនាងខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ ២០០ លានដុងពីការដាំកាហ្វេក្រោយពេលដកការចំណាយចេញ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំក៏បានសាងសង់ផ្ទះដែលមានតម្លៃ ៧០០ លានដុងផងដែរ”។
លោក A Mien មេភូមិ Dok Rong បានរៀបរាប់ឡើងវិញថា កាលពីឆ្នាំ ២០១៣ អ្នកភូមិមានគំនិតផ្ដួចផ្ដើមប្រើប្រាស់មូលនិធិដីធ្លីរួមរបស់ភូមិចំនួន ១,៦ ហិកតា ដើម្បីដាំកាហ្វេ ដោយមានក្រុមសហករណ៍ទទួលបន្ទុកថែទាំចំនួន ១០ ក្រុម។ ជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផល អ្នកភូមិទទួលបានប្រាក់ចំណូលជាង ២០០ លានដុង ដើម្បីរួមចំណែកដល់មូលនិធិកសាងជនបទថ្មីរបស់ភូមិ ក៏ដូចជាបម្រើការងាររួមផងដែរ។ សំណង់ជាច្រើនត្រូវបានសាងសង់ឡើងពីមូលនិធិនេះ ក្នុងនោះតួរយ៉ាងគឺផ្ទះសហគមន៍របស់ភូមិ ជាមួយនឹងថវិកាជាង ៣០០ លានដុង។ ក្រៅពីមូលនិធិរួម អ្នកភូមិក៏បានរួមវិភាគទាន ជាង ៦០លានដុង ដោយស្ម័គ្រចិត្ត ដើម្បីសាងសង់របង និងខ្លោងទ្វារសម្រាប់ សាលាបឋមសិក្សានៅក្នុងភូមិផងដែរ។ លោក A Mien បានឲ្យដឹងថា ភូមិមានប្រជាជនចំនួន ២៣០ គ្រួសារ ក្នុងនោះគ្រួសារក្រីក្រមានត្រឹមតែ ១០ គ្រួប៉ុណ្ណោះ ហើយប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់កាលពីឆ្នាំមុនសម្រេចបាន ៤១ លានដុង៖ “ដើម្បីសម្រេចបានសមិទ្ធិផលមានជីវភាពរស់នៅសម្បូរធូធារ និងភាពសុខសន្តដូចបច្ចុប្បន្ននេះ បងប្អូនអ្នកភូមិបានខិតខំប្រឹងប្រែងរកស៊ី និងសាមគ្គីគ្នាណាស់។ ក្នុងបរិបទកូវីដ ១៩ បច្ចុប្បន្ននេះ បងប្អូនប្រជាជនកាន់តែត្រូវខិតខំប្រឹងប្រែងថែមទៀត។ចាប់ពីការបរិច្ចាកដីធ្លីដើម្បីកសាងផ្លូវថ្នល់ដ៏ធំទូលាយ ហើយជីវភាពរស់នៅកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនោះ បងប្អូនអ្នកភូមិកាន់តែរួមសាមគ្គីគ្នាថែមទៀតផងដែរ”។
ប្រជាជននៅក្នុងភូមិ Dok Rong ក្លាយជាអ្នកមានដោយសារការខិតខំប្រឹងប្រែងធ្វើការ |
ដោយបានត្រិះរិះថា ប្រសិនបើមានបំណងចង់ឲ្យភូមិស្រុកសម្បូរធូធារ និងស្រស់បំព្រង គឺដំបូងឡើយត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារជាមុនសិន បងប្អូនអ្នកភូមិ Dok Rong ជានិច្ចកាលបានរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងរកស៊ី។ អ្នកភូមិបានបង្កើតក្រុមការងារជួយឧបត្ថម្ភគ្នាអំពីទុន បច្ចេកទេស និងថ្ងៃធ្វើពលកម្ម ដើម្បីអភិវឌ្ឍន៍ផលិតកម្ម។ ដូច្នេះហើយ ជីវភាពទាំងខាងសំភារៈ និងស្មារតីកាន់តែត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកភូមិគ្រប់រូបសុទ្ធតែបានត្រៀមខ្លួនជាស្រេចដើម្បីបរិច្ចាគប្រាក់កាកទ្រព្យសម្បត្តិ ដើម្បីកសាងជនបទថ្មី។
លោក Bui Quang Thoai អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Glar បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនស្រុកបានទទួលស្គាល់ភូមិ Dok Rong ជាភូមិជាប់ស្តង់ដារជនបទថ្មី។ អ្នកភូមិមានការយល់ដឹងអំពីសារៈសំខាន់ក្នុងការកសាងជនបទថ្មី ដែលធ្វើឱ្យមុខមាត់ជនបទកាន់តែរីកចម្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់អភិវឌ្ឍន៍ជាងមុនផងដែរ”។
នៅពេលដែលជីវភាពខាងសម្ភារៈកាន់តែមានស្ថិរភាពនោះ ជីវភាពខាងស្មារតីរបស់បងប្អូនអ្នកភូមិក៏ត្រូវបានលើកកម្ពស់ ហើយតាមនោះរាល់តម្លៃវប្បធម៌ និងលក្ខណៈស្រស់ស្អាតប្រពៃណីក៏ត្រូវពង្រីកផងដែរ។ នេះគឺជាសមិទ្ធិផលដ៏សក្តិសមសម្រាប់ប្រជាកសិករ ដែលហ៊ានគិត ហ៊ានធ្វើ ហើយតាមនោះ ពួកគេកាន់តែមានកម្លាំងចលករថែមទៀត ដើម្បីបន្តឈានឡើងកសាងជីវភាពរស់នៅកាន់តែសម្បូរធូធារនៅលើស្រុកកំណើតរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕